ក្លាហានហ៊ានផ្លាស់ប្តូរដីផលិតស្រូវផ្តល់ទិន្នផលទាបមកដាំបន្លែម្អមវិញ បងថាច់ស្ម័គ្រ កើតឆ្នាំ ១៩៨២ នៅភូមិកំពង់ស្រា ឃុំហ៊ុងហ្វា ខេត្តវិញឡុង រកបានប្រាក់ចំណូលលំនឹង ដោយសារផលិតផលបានឈ្មួញប្រមូលទិញ។ ជាមួយដីស្រែ ១២ កុង ក្នុងមួយខែគ្រួសារបងប្រមូលផលបន្លែម្អមជិត ១០ តោន រកបានប្រាក់ចំណេញរាប់សិបលានដុង។
កាលពីមុន គ្រួសារបងថាច់ស្ម័គ្រ សំខាន់គឺធ្វើស្រែ ប៉ុន្តែប្រាក់ចំណូលទាប ដោយសារតម្លៃជី ថ្នាំការពាររុក្ខជាតិកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្តើមពីនោះ បងចាប់ផ្តើមស្វែងយល់ ស្រាវជ្រាវនិងរកទិសដៅផ្លាស់ប្តូរដំណាំឱ្យសមស្រប។ ក្នុងដំណាក់កាលស្វែងយល់ បងបានទិញបន្លែម្អមពីអ្នកលក់នៅឯផ្សារមកដាំពិសោធន៍លើដីស្រែ។ ក្រោយពីថែទាំមួយរយៈ ឃើញថាដំណាំលូតលាស់ល្អ សមស្របនឹងលក្ខណៈដីធ្លី ហើយពិសេសមានច្រកចេញលំនឹងបង្គួរ បងក៏សម្រេចចិត្តបើកទូលាយផ្ទៃដី។

បងថាច់ស្ម័គ្រ មើលថែ ដកស្មៅបន្លែម្អម។
បើតាមបងថាច់ស្ម័គ្រ រហូតមកដល់ពេលនេះ គ្រួសារបានពង្រីកផ្ទៃដីដាំបន្លែម្អមដល់ទៅ ១២ កុង។ ផលិតផលទាំងអស់បានឈ្មួញប្រមូលទិញក្នុងតម្លៃ ៧.០០០ ដុង/គីឡូក្រាម។ មធ្យមក្នុងមួយខែ គ្រួសារប្រមូលផលបន្លែម្អមប្រហែល ១០ តោន។ បន្ទាប់ពីប្រមូលផល បន្លែបានលាងសម្អាត រៀបចងជាបាច់ចាប់ពី ១ ដល់ ៣ គីឡូក្រាម ហើយប្រគល់ឱ្យឈ្មួញ។ ដោយសារច្រកចេញលំនឹង គ្រួសារម្ចាស់ការរៀបផែនការផលិត បន្ថយស្ថានភាពបានផលច្រើនតែពិបាកលក់។ លើសពីនេះ បន្លែម្អមមានរយៈពេលលូតលាស់ខ្លី តិចមានសត្វល្អិតស៊ីបំផ្លាញ មិនទាមទារជីច្រើន ម្ល៉ោះហើយចំណាយលើការថែមានកម្រិតទាប។ មុនពេលចុះពូជ គ្រួសារបានរៀបចំដី ដាក់ជីទ្រាប់បាត និងបាញ់ថ្នាំរំញោចឬសម្តងមុនពេលដាំ។ ក្រោយមក ដំណាំលូតលាស់បែបធម្មជាតិ; ការងារថែទាំសំខាន់គឺជម្រះស្មៅ តាមដានដំណាក់កាលលូតលាស់ និងប្រមូលផល។ ប្រសិនបើថែទាំបានល្អ បន្លែអាចនឹងផ្តល់ផលច្រើនលើកបន្តបន្ទាប់គ្នា ជួយឱ្យគ្រួសាររក្សាការផលិត និងផ្គត់ផ្គង់បន្លែជាប្រចាំដល់ឈ្មួញ។
បើតាមបង ចំណុចពិសេសរបស់ដំណាំម្អមគឺមានរយៈពេលលូតលាស់ខ្លី ប្រហែល ៣០ ថ្ងៃអាចនឹងចាប់ផ្តើមប្រមូលផលបាន ហើយប្រសិនបើមើលថែបានល្អ អាចនឹងបន្តប្រមូលផលបានច្រើនលើកទៀត។ ទន្ទឹមនឹងនោះ ផលិតផលបានឈ្មួញប្រមូលទិញក្នុងតម្លៃលំនឹងបង្គួរ ធ្វើឱ្យគ្រួសារស្ងប់ចិត្តក្នុងការដាំ។ ជាមួយផ្ទៃដី ១២ កុង ក្នុងមួយខែគ្រួសារបងប្រមូលផលបន្លែប្រហែល ១០ តោន ចំណេញបានរាប់សិបលានដុង។ បើប្រៀបធៀបនឹងការធ្វើស្រែកាលពីមុន ទម្រង់ដាំបន្លែម្អមនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាង ជួយគ្រួសាររកបានប្រាក់ចំណូលលំនឹង និងលើកស្ទួយជីវភាព។
លោកស្រី ត្រឹងធីដែប ប្រធានការិយាល័យសេដ្ឋកិច្ចឃុំហ៊ុងហ្វា ឱ្យដឹង៖ បង ថាច់ស្ម័គ្រ ជាអ្នកដំបូងគេនៅភូមិភាគដែលហ៊ានផ្លាស់ប្តូរដីស្រែផលិតស្រូវផ្តល់ទិន្នផលទាបមកដាំបន្លែម្អម ហើយនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ តាមប្រសាសន៍លោកស្រីដែប បងជាកសិករស្វាហាប់ ហ៊ានស្វែងយល់ ជ្រើសរើសដំណាំសមស្របនឹងលក្ខណៈផលិត តាមរយៈនោះបង្កើនប្រាក់ចំណូល និងលំនឹងជីវភាពគ្រួសារ។ ទម្រង់ដាំបន្លែម្អមរបស់បង ថាច់ស្ម័គ្រ មិនត្រឹមតែនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបើកពង្រីកទិសដៅផ្លាស់ប្តូរការផលិតសមស្របចំពោះផ្ទៃដីដែលធ្វើស្រែផ្តល់ទិន្នផលទាបទៀតផង។ នេះគឺជាទម្រង់អាចនឹងផ្សព្វផ្សាយទូលាយ រួមចំណែកជួយកសិករលើកកម្ពស់តម្លៃផលិតលើផ្ទៃដីតែមួយ។
ផ្តើមចេញពីប្រសិទ្ធភាពជាក់ស្តែង ទម្រង់ដាំបន្លែម្អមរបស់បងថាច់ស្ម័គ្រ បានបង្ហាញថា ការហ៊ានផ្លាស់ប្តូរមុខដំណាំ ផ្សារភ្ជាប់ការផលិតជាមួយតម្រូវការទីផ្សារ និងស្វែងរកច្រកចេញលំនឹង គឺជាកត្តាដ៏សំខាន់ជួយលើកកម្ពស់ប្រាក់ចំណូលដល់កសិករ។ នេះក៏ជាទិសដៅសមស្របក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំ រួមចំណែកលើកកម្ពស់តម្លៃសេដ្ឋកិច្ចលើផ្ទៃដីកសិកម្មតែមួយ៕
ទីទុយ - លីសៀ