បរិច្ចាគឈាមស្ម័គ្រចិត្ត គឺជាសកម្មភាពប្រកបដោយអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញយ៉ាងច្បាស់ពីប្រពៃណី "ជួយគ្នាទៅវិញទៅមក" របស់ប្រជាជាតិវៀតណាម។ ក្នុងឆ្នាំ ២០២៦ ឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានជំរុញការឃោសនា ចលនាកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក និងប្រជាជនឱ្យចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួមចំណែកធានាប្រភពឈាមសម្រាប់សង្គ្រោះបន្ទាន់និងការព្យាបាល។

ទិដ្ឋភាពទូទៅនៃពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅឃុំថាញ់ថើយអាង ឆ្នាំ ២០២៦។
តាមផែនការរបស់គណៈចង្អុលការចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តឃុំថាញ់ថើយអាង ក្នុងឆ្នាំ ២០២៦ ភូមិភាគបានចាត់តាំងការបរិច្ចាគឈាមចំនួន ៣ លើក ដោយមានភាគកម្រិតចលនាចុះឈ្មោះសរុបគឺ ២៦៦ ឯកតាឈាម។ តាមនោះ ការបរិច្ចាគឈាមលើកទី ១ បានចាត់តាំងឡើងនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ទទួលបាន ១១៩ ឯកតាឈាម។ បន្តភាពជោគជ័យនោះ នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៦ គណៈចង្អុលការចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តឃុំថាញ់ថើយអាង បានបន្តរៀបចំបរិច្ចាគឈាមលើកទី ២ ដោយទទួលបានការចូលរួមយ៉ាងកុះករពីកងកម្លាំងនានា ចាប់ពីផែនស្ថាប័នបក្ស រដ្ឋអំណាច នគរបាល យោធា សុខាភិបាល រហូតដល់បណ្តាសាលារៀន និងប្រជាជនលើភូមិឋាន។ លទ្ធផល លើកទី ២ ទទួលបាន ១២៩ ឯកតាឈាម រួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានភាគកម្រិតរួមនៃឆ្នាំ។ លទ្ធផលសម្រេចបានទាំងនេះ បង្ហាញពីការរៀបចំយ៉ាងហ្មត់ចត់ក្នុងការចាត់តាំង ក៏ដូចជាស្មារតីគាំទ្រយ៉ាងសកម្មពីបណ្តាស្ថាប័ន អង្គភាព និងប្រជាជន។ តាមការរំពឹងទុក ការរិច្ចាគឈាមលើកទី ៣ នឹងចាត់តាំងឡើងនៅខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយបន្តអំពាវនាវឱ្យមានការចូលរួមពីសង្គមទាំងមូល ដើម្បីសម្រេចនិងសម្រេចលើសភាគកម្រិតដែលបានដាក់ចេញ។
លោកថាច់ង៉ុកហ៊ុង លេខាសាខាបក្សភូមិអាងហ្វា ២ បានចែករំលែក៖ "ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមបរិច្ចាគឈាមសង្គ្រោះជីវិតមនុស្ស។ នៅពេលកម្មាភិបាលធ្វើជាគំរូនាំមុខ គឺប្រជាជនជឿនិងចូលរួមគាំទ្រ។ ឈាមមួយដំណក់ដែលផ្តល់ឱ្យ គឺបន្ថែមក្តីសង្ឃឹមរស់រានមានជីវិតដល់អ្នកជំងឺ នោះជាប្រការដែលមានអត្ថន័យបំផុត"។ ក្រៅពីនោះ កងកម្លាំងសមាជិកយុវជនក៏ដើរតួនាទីជាស្នូលក្នុងការងារជួយឧបត្ថម្ភ និងឃោសនាផងដែរ។ យុវជន ឡេវ៉ាំងត្វង សមាជិកសម្ព័ន្ធយុវជនភូមិអាងហ្វា ១ បានឱ្យដឹង៖ "ពេលចូលរួមជួយក្នុងការបរិច្ចាគឈាម ខ្ញុំឃើញខ្លួនឯងមានការវិវឌ្ឍន៍ជាងនិងយល់កាន់តែច្បាស់ពីការទទួលខុសត្រូវរបស់យុវជនចំពោះសហគមន៍។ ទោះបីជាការងារតូចតាចក៏ដោយ ប៉ុន្តែខ្ញុំសប្បាយចិត្តណាស់ដែលបានរួមចំណែកកម្លាំងកាយចិត្តដល់សកម្មភាពដ៏មានអត្ថន័យនេះ"។

ថ្នាក់ដឹកនាំ កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន និងប្រជាជនឃុំថាញ់ថើយអាង ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
តាមលោក កាវមិញតឹង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ បានឱ្យដឹងថា ដើម្បីឱ្យចលនាបរិច្ចាគឈាមកាន់តែរីកសាយភាយ ក្រៅពីចង្អុលការបណ្តាអង្គការឃោសនាចលនា អ្នកដឹកនាំក៏ជាអ្នកស្រួចស្រាវចូលរួមបរិច្ចាគឈាមដោយផ្ទាល់ផងដែរ។ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាសកម្មភាពជាក់ស្តែង បង្ហាញពីស្មារតីទទួលខុសត្រូវចំពោះសហគមន៍។ ឈាមមួយដំណក់ដែលផ្តល់ឱ្យ រួមចំណែកនាំមកនូវសេចក្តីរីករាយ និងក្តីសង្ឃឹមរស់រានមានជីវិតរបស់អ្នកជំងឺដែលកំពុងត្រូវការឈាម។ ហេតុដូច្នេះ ពួកយើងគួរចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត រួមចំណែកជាមួយសង្គមជាតិព្រួតដៃគ្នាសង្គ្រោះ ជួយអ្នកជំងឺដែលកំពុងត្រូវការឈាម និងកសាងសង្គមឱ្យកាន់តែល្អប្រសើរឡើង។
អាចឃើញថា ភាពជោគជ័យនៃចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅឃុំថាញ់ថើយអាង គឺជាលទ្ធផលនៃការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ការសហការយ៉ាងជិតស្និទ្ធរវាងបណ្តាគណៈ ផ្នែក អង្គការមហាជន និងជាពិសេសគឺស្មារតីស្ម័គ្រចិត្ត ស្មារតីទទួលខុសត្រូវរបស់ប្រជាជនម្នាក់ៗ។ លោក កាវមិញតឹង បានឱ្យដឹង៖ "នាពេលខាងមុខ គណៈចង្អុលការចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តឃុំ នឹងបន្តជំរុញការឃោសនាដោយរូបភាពយ៉ាងសម្បូរបែប សមស្របជាមួយមុខសញ្ញានីមួយៗ; ពង្រីកបណ្តាទម្រង់ល្អៗ វិធីធ្វើមានប្រសិទ្ធភាព; ស្ងើចសរសើរនិងជូនរង្វាន់ទាន់ពេលវេលាដល់បណ្តាសមូហភាព និងបុគ្គលឆ្នើម។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់លើកកម្ពស់គុណភាពចាត់តាំងបណ្តាលើកបរិច្ចាគឈាម ធានាសុវត្ថិភាព ងាយស្រួល និងបង្កលក្ខណៈល្អបំផុតសម្រាប់អ្នកចូលរួម"។
ជាមួយនឹងសារ "បរិច្ចាគឈាមសង្គ្រោះមនុស្ស - ទង្វើដ៏ប្រពៃថ្លៃថ្លា" ចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅឃុំថាញ់ថើយអាង កំពុងតែរីកសាយភាយយ៉ាងទូលំទូលាយ ក្លាយជាលក្ខណៈល្អប្រពៃក្នុងជីវភាពសហគមន៍។ ឈាមមួយដំណក់ដែលផ្តល់ឱ្យ មិនត្រឹមតែនាំមកនូវជីវិតដល់អ្នកជំងឺប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពូនជ្រុំតម្លៃមនុស្សធម៌ កសាងសង្គមមួយមានសាមគ្គីភាព គុណធម៌ និងអភិវឌ្ឍន៍ចីរភាព៕
ហុងទើ - សុផន