បច្ចុប្បន្ន នៅភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ខេត្តកាម៉ាវ ជីវភាពថ្មីកំពុងបង្ហាញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្តូរដោយចីរភាព។ ផ្លូវចរាចរណ៍បានបើកទូលាយ បណ្ដាញអគ្គិសនីជាតិបានគ្របដណ្តប់ខ្វាត់ខ្វែង សាលារៀន និងមណ្ឌលសុខាភិបាលបានវិនិយោគយ៉ាងទូលំទូលាយ; ដំបូលផ្ទះថ្មីៗបានសាងសង់ឡើងជាបន្តបន្ទាប់លាយឡំនឹងវាលស្រែពណ៌ខៀវខ្ចីនិងស្រះចិញ្ចឹមបង្គា...។

ជីវភាពថ្មីនៅតំបន់ជនរួមជាតិខ្មែរខេត្តកាម៉ាវនាពេលបច្ចុប្បន្ន។
តាមប្រសាសន៍លោក លឿងវ៉ាំងផ អនុប្រធានមន្ទីរជនជាតិនិងសាសនាខេត្តកាម៉ាវ ដើម្បីឱ្យភូមិស្រុករបស់ជនរួមជាតិខ្មែរមានទិដ្ឋភាព និងជីវភាពថ្មីដូចសព្វថ្ងៃ គឺជាដំណើរការយ៉ាងវែងឆ្ងាយអំពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ដែលវិនិយោគនូវគោលនយោបាយជនជាតិ។ ពិសេសគឺកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ កម្មវិធីបន្ថយភាពក្រីក្រដោយចីរភាព បានជួយដល់គ្រួសារប្រជាជនរាប់ពាន់លើកទទួលបានការឧបត្ថម្ភផ្ទះសម្បែង បុលទុនអនុគ្រោះ ផ្ទេរបច្ចេកវិទ្យា បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍ជីវភាព។ គិតត្រឹមចុងឆ្នាំ ២០២៥ អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចថយចុះនៅត្រឹម ៥៥០ គ្រួសារ ស្រូបអត្រា ២,០៥%; គ្រួសារក្បែរក្រនៅសល់ ៨៥០ គ្រួសារ ស្រូបអត្រា ៣,១៧% ។ នេះគឺជាភស្តុតាងជាក់ស្តែងសម្រាប់ប្រសិទ្ធភាពនៃគោលនយោបាយជនជាតិនានា ដែលបានផ្សព្វផ្សាយអនុវត្តនៅលើភូមិឋានខេត្តនាពេលកន្លង។
បច្ចុប្បន្ន នៅទូទាំងជនបទតំបន់ជនរួមជាតិខ្មែររបស់ខេត្ត ផ្ទះទ្រុឌទ្រោមទាំងអស់កំពុងបានជំនួស ដោយផ្ទះរឹងមាំជាបណ្តើរៗ។ លោកថាច់វ៉ាំងវូយ នៅភូមិដុងតឹម ឃុំដឹមយ៉ើយ បានទទួលស្វាគមន៍យើង ខ្ញុំដោយរួសរាយរាក់ទាក់ និងមោទនភាពនៅពេលរៀបរាប់អំពីផ្ទះធំទូលាយរបស់ខ្លួន។ លោកវូយ រៀបរាប់៖ កាលពីមុន ជីវភាពគ្រួសារក្រលំបាកណាស់ ផ្ទៃដីចិញ្ចឹមបង្គាជិត ១ ហិកតាតែងបរាជ័យ ចំណូល មិនគ្រប់ផ្គត់ផ្គង់ជីវភាពឡើយ។ ឆ្នាំ ២០០៨ ពីរនាក់ ប្តីប្រពន្ធនាំគ្នាទៅខេត្តប៊ិញយឿងធ្វើកម្មករ ផ្ញើកូនឱ្យជីដូនចិញ្ចឹម។ ក្រោយពេលធ្វើការអស់រយៈពេលជិត ១០ ឆ្នាំ ខ្ញុំសន្សំបានប្រាក់មួយចំនួនក៏ត្រឡប់មកស្រុកកំណើតវិញ រួចវិនិយោគចិញ្ចឹមបង្គាលើផ្ទៃដីជិត ១ ហិកតា។ ពេលនោះ បានភូមិភាគឧបត្ថម្ភបុលទុនចំនួន ៥០ លានដុង និងណែនាំបច្ចេកទេសចិញ្ចឹមបង្គា ទើបខ្ញុំហានវិនិយោគ។ ស្រះធំចិញ្ចឹមបង្គា ក្តាមនិងគ្រែងរីឯលើភ្លឺខ្ញុំដាំបន្លែគ្រប់ប្រភេទដើម្បីលក់រកចំណូលបន្ថែម។ ដោយសារចេះគិតគូរ ប្រឹងប្រែងធ្វើការ និងអនុវត្តបច្ចេកទេសទៅក្នុងការផលិត ជីវភាពគ្រួសារក៏បានលំនឹងជាបណ្តើរៗ។ ឥឡូវនេះ ខ្ញុំសង់បានផ្ទះយ៉ាងធំទូលាយ និងមានទំនុកចិត្តនៅស្រុកប្រកបរបរដើម្បីធ្វើមាន។ ចំណែកលោកហឿថាំង នៅភូមិធីត្រឹង B ឃុំហ្វាប៊ិញ ក៏ជាគ្រួសារមួយបានពុះពារឈានឡើងចាកផុតភាពក្រីក្រ ដោយប្រភពដើមទុនអនុគ្រោះពីធនាគារគោលនយោបាយសង្គម។ លោកថាំង ឱ្យដឹង៖ “ឆ្នាំ ២០២៤ រដ្ឋបានសង់ផ្ទះជូននិងឧបត្ថម្ភដើមទុន ៣០ លានដុង ខ្ញុំបានវិនិយោគដាំល្ហុងចំនួន ២ កុង។ ដោយសារដើមល្ហុងងាយដាំ មិនសូវចំណាយកម្លាំងថែទាំ និងដើមទុនវិនិយោគតិច ប៉ុន្តែដល់ពេលប្រមូលផលថ្ងៃ ណាក៏មានផ្លែបេះយកទៅលក់ឯផ្សារដែរ ហើយតម្លៃក៏លំនឹងទៀតផង។ អាស្រ័យហេតុនោះ ខ្ញុំមានចំណូលជុំឆ្នាំ ម៉្លោះហើយជីវភាពក៏កាន់តែលំនឹងជាបណ្តើរៗ”។
លោកលឿងវ៉ាំងផ បញ្ជាក់៖ ការពុះពារឈានឡើងរបស់លោកថាច់វ៉ាំងវូយ និងលោកហឿថាំង គឺជាភស្តុតាងបង្ហាញឱ្យឃើញថា នៅពេលបានឧបត្ថម្ភប្រភពដើមទុន មាមីងខ្មែរម្ចាស់ការស្វែងរកទិសដៅធ្វើការរកស៊ី ជ្រើសរើសទម្រង់សមស្របដើម្បីគ្រួសារបានចាកផុតពីភាពក្រីក្រនិងឈានឡើងធូរធារ។ នៅពេលដែលគោលនយោបាយវិនិយោគត្រឹមត្រូវនិងទាន់ពេល បានបំផុសស្មារតីម្ចាស់ការនិងក្តីប្រាថ្នាឈានឡើងធ្វើមានរបស់មាមីងខ្មែរ រួមចំណែកធ្វើឱ្យជីវភាពនៅតំបន់ជនរួមជាតិខ្មែរខេត្តកាម៉ាវនាពេលបច្ចុប្បន្ន កាន់តែសម្បូរសប្បាយ សុខដុមរមនា និងសុភមង្គល៕
យ្វីអាញ-មេងលី