08/08/2026 - 21:07

ទី​ក្រុង​កឹង​ធើ បង្ក​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ឈាន​ចូល​ថ្នាក់​ទី​១ 

ជា​ច្រើន​ឆ្នាំ​មក​នេះ​ ទី​ក្រុង​កឹង​ធើ បាន​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ចំ​ពោះ​ការ​ត្រៀម​ភា​សា​វៀត​សម្រាប់​កុមារ​ជន​ជាតិ​ភាគ​តិច​ មុន​ពេល​ឈាន​ចូល​រៀន​ថ្នាក់​ទី​១។ ការ​ពង្រឹង​សមត្ថ​ភាព​ភា​សា​វៀត​ មុន​ចូល​ថ្នាក់​ទី​១ មិន​ត្រឹម​តែ​ជួយ​ឱ្យ​កុមារ​មាន​ទំនុក​ចិត្ត​ជាង​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ បង្ក​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ 

សិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ ចូល​រួម​ថ្នាក់​រៀន​ត្រៀម​ភា​សា​វៀត​ មុន​ពេល​ឈាន​ចូល​ថ្នាក់​ទី​១។

ជាក់​ស្តែង​ សម្រាប់​កុមារ​ជន​ជាតិ​ភាគ​តិច​ ឧប​សគ្គ​ដ៏​ធំ​បំ​ផុត​នៅ​ពេល​ឈាន​ចូល​ថ្នាក់​ទី​១ គឺ​សមត្ថ​ភាព​ប្រើ​ប្រាស់​ភា​សា​វៀត​។ ការ​មិន​ទាន់​ស្ទាត់​ជំ​នាញ​ភា​សា​សកល​ធ្វើ​ឱ្យ​កុមារ​ជួប​លំ​បាក​ក្នុង​ការ​យល់​និង​ទទួល​យក​មេ​រៀន​ ការ​ប្រា​ស្រ័យ​ទាក់​ទង​ជា​មួយ​គ្រូ​និង​មិត្ត​ភក្តិ ផ្ដើម​ពី​នោះ​ អាច​នឹង​ជះ​ឥទ្ធិ​ពល​ដោយ​ផ្ទាល់​ដល់​លទ្ធ​ផល​សិក្សា​ ព្រម​ទាំង​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​កុមារ​នៅ​ពេល​ទៅ​សា​លា​រៀន​។ អា​ស្រ័យ​ហេ​តុ​នេះ​ ការ​រៀប​ចំ​ថ្នាក់​រៀន​ត្រៀម​ភា​សា​វៀត​មុន​ពេល​ចូល​ថ្នាក់​ទី​១ បាន​ចាត់​ទុក​ថា​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់​និង​ជា​មូល​ដ្ឋាន​គ្រឹះ​ ដើម្បី​ជួយ​ឱ្យ​កុមារ​ត្រៀម​លក្ខ​ណៈបាន​ល្អ​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​សិក្សា​ថ្មី​។

យោង​តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ឆ្នាំ​សិក្សា​ ២០២៥-២០២៦ ទូ​ទាំង​ទី​ក្រុង​មាន​សិស្ស​ជាង​ ៥១.០០០ នាក់​ចូល​រៀន​ថ្នាក់​ទី​១ ក្នុង​នោះ​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ជិត​ ១១.​០០០ នាក់​។ តាម​ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ មាន​កុមារ​ជាង​ ៨.០០០ នាក់​ប្រា​ស្រ័យ​ទាក់​ទង​ជា​ភា​សា​វៀត​នៅ​មាន​កម្រិត​ និង​មាន​តម្រូវ​ការ​ចូល​រួម​ថ្នាក់​រៀន​ត្រៀម​មុន​ពេល​ចូល​ថ្នាក់​ទី​១ ស្រូប​អត្រា​ជាង​ ៧៤% នៃ​ចំ​នួន​សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​ត្រៀម​ចូល​រៀន​នៅ​កម្រិត​បឋម​សិក្សា​។ ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង​នេះ​ នៅ​ថ្ងៃ​ទី​ ៣០ ខែក​ក្កដា​ ឆ្នាំ​២០២៦ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចេញ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៤៥/២០២៦/NQ-HĐND កំ​ណត់​អំ​ពី​បុគ្គលិក​និង​ថវិកា​ សម្រាប់​អនុ​វត្ត​ការ​បង្រៀន​និង​រៀន​ភា​សា​វៀត​ ចំ​ពោះ​កុមារ​ដែល​ជា​ជន​ជាតិ​ភាគ​តិច​មុន​ពេល​ចូល​រៀន​ថ្នាក់​ទី​១ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ។ នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​មូល​ដ្ឋាន​គតិ​យុត្តិ​ដ៏​សំ​ខាន់​មួយ​ សំ​ដៅ​ធា​នា​ឱ្យ​ការ​អនុ​វត្ត​កម្ម​វិធី​បង្រៀន​និង​រៀន​ភា​សា​វៀត​ ប្រ​ព្រឹត្ត​ទៅ​មាន​របៀប​រៀប​រយ​ ប្រ​សិទ្ធ​ភាព​និង​មាន​និរន្តរ​ភាព​ ព្រម​ជា​មួយ​គ្នា​នេះ​ ក៏​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​របស់​ទី​ក្រុង​កឹង​ធើ ចំ​ពោះ​ការ​ងារ​អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

តាម​ការ​គ្រោង​ទុក​ ឆ្នាំ​សិក្សា​ ២០២៦-២០២៧ ដោយ​ថវិកា​ជាង​ ៤,២ ពាន់​លាន​ដុង​ពី​ថវិកា​រដ្ឋ​ ទី​ក្រុង​កឹង​ធើនឹង​បន្ត​រៀប​ចំ​បង្រៀន​ភា​សា​វៀត​ដល់​កុមារ​ជន​ជាតិ​ភាគ​តិច​ប្រ​មា​ណ​ ៨.០៥៩ នាក់​ ដោយ​មាន​គ្រូ​បង្រៀន​ចូល​រួម​ ៣១៩ នាក់​ ជា​មធ្យម​គ្រូ​ម្នាក់​ទទួល​បន្ទុក​មួយ​បន្ទប់​។ ការ​ងារ​នេះ​នឹង​ជួយ​ឱ្យ​សិស្ស​បាន​ស្គាល់​និង​សម្រប​ខ្លួន​ជា​មួយ​ភា​សា​សកល​។ លោក​ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​ ការ​រៀប​ចំ​បង្រៀន​ភា​សា​វៀត​មុន​ពេល​ចូល​ថ្នាក់​ទី​១ នឹង​ជួយ​ឱ្យ​កុមារ​ជន​ជាតិ​ភាគ​តិច​ត្រៀម​លក្ខ​ណៈបាន​ល្អ​ ទាំង​ផ្នែក​ស្មារតី​និង​ជំ​នាញ​ភា​សា​ មុន​ពេល​ឈាន​ចូល​បរិយាកាស​សិក្សា​ជា​ផ្លូវ​ការ​។ តាម​រយៈ​នោះ​ កុមារ​នឹង​បង្កើន​សមត្ថ​ភាព​ប្រា​ស្រ័យ​ទាក់​ទង​ជា​ភា​សា​វៀត​ អាច​ចូល​ទៅ​សិក្សា​តាម​កម្ម​វិធី​អប់​រំ​ចំ​ណេះ​ទូ​ទៅ​កាន់​តែ​ងាយ​ស្រួល​ ទន្ទឹម​នឹង​នោះ​ បង្ក​លក្ខ​ណៈក្នុង​ការ​សម្រប​ខ្លួន​និង​អភិវឌ្ឍ​ខ្លួន​ក្នុង​ឆ្នាំ​សិក្សា​បន្ត​បន្ទាប់​។

ម៉ោង​រៀន​ផាត់​ពណ៌​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​នៅ​សា​លា​បឋម​សិក្សា​លីវ​ទូ​ B ។

តាំង​ពី​គោល​ការណ៍​របស់​ទី​ក្រុង​ ភូមិ​ភាគ​នា​នា​បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ជា​ច្រើន​សម​ស្រប​ទៅ​នឹង​លក្ខ​ណៈជាក់​ស្តែង​។ ក្នុង​នោះ​ ឃុំ​លីវ​ទូ​គឺ​ជា​តំ​បន់​មួយ​ក្នុង​ចំ​ណោម​តំ​បន់​ទាំង​ឡាយ​ដែល​មាន​ចំ​ណុច​លេច​ធ្លោ​ ប្រ​កប​ដោយ​ភាព​បត់​បែន​និង​មាន​ប្រ​សិទ្ធ​ភាព​។ ឆ្នាំ​សិក្សា​ ២០២៦-២០២៧ ភូមិ​ភាគ​គ្រោង​នឹង​រៀប​ចំ​ថ្នាក់​រៀន​ចំ​នួន​ ១៧ បន្ទប់​ ដោយ​មាន​សិស្ស​ជិត​ ៤០០ នាក់​ចូល​រួម​។ ដោយ​មាន​ការ​ឯក​ភាព​របស់​រដ្ឋ​អំ​ណាច​ សា​លា​រៀន​និង​អា​ណា​ព្យា​បាល​ ថ្នាក់​រៀន​បាន​បន្ត​រក្សា​ដំ​ណើរ​ការ​មាន​របៀប​រៀប​រយ​ ធា​នា​ខ្លឹម​សា​រនិង​ម៉ោង​សិក្សា​ បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​សិស្ស​ហ្វឹក​ហាត់​ជំ​នាញ​ប្រា​ស្រ័យ​ទាក់​ទង​ជា​ភា​សា​វៀត​។ លោក​ឡឹម​សល់​ ប្រ​ធាន​សមា​គម​អា​ណា​ព្យា​បាល​សិស្ស​នៃ​សា​លា​បឋម​សិក្សា​លីវ​ទូ​ B ចែក​រំលែក​៖ "កាល​ពី​មុន​ កុមារ​ជា​ច្រើន​នៅ​ពេល​ចូល​ថ្នាក់​ទី​១ មាន​ភាព​ញញើត​ញញើម​ និង​មិន​សូវ​យល់​ពាក្យ​ដែល​គ្រូ​និយាយ​។ ប៉ុន្តែ​ឥ​ឡូវ​នេះ​ ពួក​គេ​បាន​រៀន​ត្រៀម​ជា​មុន​ ដូច្នេះ​មាន​ភាព​ក្លា​ហាន​ជាង​មុន​ ហើយ​អា​ណា​ព្យា​បាល​ក៏​មាន​ភាព​កក់​ក្តៅ​និង​ស្ងប់​អា​រម្មណ៍​ផង​ដែរ​"។

លោក​ឡឹម​ហ្វាង​ណាម​ ចាង​ហ្វាង​សា​លា​បឋម​សិក្សា​លីវ​ទូ​ B ឱ្យ​ដឹង​៖ "ឆ្នាំ​សិក្សា​នេះ​ សា​លា​បាន​ចាប់​ផ្ដើម​ បើក​រៀន​នៅ​ថ្ងៃ​ទី​៣ ខែ​សី​ហា​ ឆ្នាំ​២០២៦ ដោយ​មាន​ចំ​នួន​ ៣ បន្ទប់​និង​មាន​សិស្ស​ជាង​ ៦០ នាក់​ចូល​រួម​។ កម្ម​វិធី​សិក្សា​នេះ​ មិន​ត្រឹម​តែ​ផ្តោត​លើ​ការ​ហ្វឹក​ហាត់​ភា​សា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ឱ្យ​កុមារ​ស្គាល់​និង​សម្រប​ខ្លួន​ជា​មួយ​បរិយាកាស​សិក្សា​នៅ​កម្រិត​បឋម​សិក្សា​ ដូច​ជា​ បន្ទប់​រៀន​ បណ្ណាល័យ​ និង​កន្លែង​លេង​កម្សាន្ត​ជា​ដើម​។ តាម​រយៈ​សកម្ម​ភាព​សិក្សា​និង​ឆ្លង​បទ​ពិសោធន៍​ កុមារ​ចាប់​ផ្តើម​បង្ក​ជំ​នាញ​មូល​ដ្ឋាន​មួយ​ចំ​នួន​ ដូច​ជា​ ឥរិយា​បថ​អង្គុយ​រៀន​ឱ្យ​បាន​ត្រឹម​ត្រូវ​ របៀប​កាន់​ប៊ិក​ ការ​សរ​សេរ​អក្សរ​ ការ​ផាត់​ពណ៌​និង​ការ​គូរ​តាម​លេខ​។ ជា​មួយ​គ្នា​នេះ​ កុមារ​ក៏​បាន​ណែ​នាំ​ឱ្យ​ប្រើ​ប្រាស់​ភា​សា​វៀត​ក្នុង​ស្ថាន​ភាព​ប្រា​ស្រ័យ​ទាក់​ទង​ធម្ម​តា​ៗ ដូច​ជា​ ការ​សួរ​សុខ​ទុក្ខ​ ការ​អរ​គុណ​និង​ការ​សុំ​ទោស​។ ការ​បាន​អនុ​វត្ត​ជា​ប្រ​ចាំ​ ជួយ​ឱ្យ​កុមារ​មាន​ភាព​ក្លា​ហាន​ក្នុង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ ចេះ​ស្តាប់​និង​យល់​ពី​ការ​ណែ​នាំ​សា​មញ្ញ​ៗ​របស់​គ្រូ​បង្រៀន​។ អា​ស្រ័យ​ហេ​តុ​នេះ​ អា​រម្មណ៍​ស្ទាក់​ស្ទើរ​និង​ភាព​ថ្មី​ថ្មោង​ដំ​បូង​ ក៏​បាន​កាត់​បន្ថយ​ជា​បណ្តើ​រៗ"។

អាច​សង្កេត​ឃើញ​ថា​ ផ្ដើម​ពី​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​ រហូត​ដល់​ការ​អនុ​វត្ត​ជាក់​ស្តែង​និង​មាន​ប្រ​សិទ្ធ​ភាព​នៅ​មូល​ដ្ឋាន​ ទី​ក្រុង​កឹង​ធើកំ​ពុង​បោះ​ជំ​ហាន​ជា​បន្ត​បន្ទាប់​បង្ក​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​មាន​ទំនុក​ចិត្ត​ និង​ត្រៀម​លក្ខ​ណៈបាន​ល្អ​នៅ​ពេល​ឈាន​ចូល​ថ្នាក់​ទី​១។ នេះ​មិន​ត្រឹម​តែ​ជា​ការវិ​និយោគ​លើ​វិស័យ​អប់​រំ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ការវិ​និយោគ​សម្រាប់​អនាគត​ រួម​ចំ​ណែក​កសាង​ធន​ធាន​មនុស្ស​មាន​គុណ​ភាព​ និង​ជំ​រុញ​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​របស់​ភូមិ​ភាគ​៕ 

ហុង​ទើ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ