ភ្លៀងបង្អោចុះមកនៅដើមរដូវវស្សាឆ្នាំនេះ បងស្រីថាច់ធីហ្វែ (កើតឆ្នាំ ១៩៧៦ នៅភូមិសាប៊ិញ សង្កាត់ឡុងឌឹក ខេត្តវិញឡុង) គ្មានក្តីបារម្ភអំពីផ្ទះលេចរហុយដូចជាប៉ុន្មានឆ្នាំមុនទៀតឡើយ។ ពីព្រោះបានឧបត្ថម្ភសង់ផ្ទះមហាសាមគ្គីនៅដើមឆ្នាំ ២០២៦ គ្រួសារបងស្រីមានកន្លែងស្នាក់នៅរឹងមាំ ផ្តល់នូវក្តីសង្ឃឹមពីជីវភាពមួយមានស្ថិរភាព និងឈានឡើងចាកផុតពីភាពក្រីក្របន្តិចម្តងៗ។

បងស្រី ថាច់ធីហ្វែ មានក្តីត្រេកអរពេលបានឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី។
បងស្រី ថាច់ធីហ្វែ គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារខ្មែរក្រីក្រនៅសង្កាត់ឡុងឌឹក ខេត្តវិញឡុង។ ប្តីស្លាប់ចោយូរហើយ គាត់នៅម្នាក់ឯងចិញ្ចឹមកូន ២ នាក់ធំដឹងក្តី។ ដោយសារគ្មានដីផលិត គាត់តែងទៅធ្វើការឈ្នួលដើម្បីមានប្រាក់គិតគូរជីវភាពប្រចាំថ្ងៃ។ ប្រាក់ចំណូលដែលរកបានមិនទៀតទាត់ គ្រាន់តែគិតគូរការហូបចុក ស្លៀកពាក់ឱ្យបានគ្រប់គ្រាន់គឺជាការលំបាកណាស់ទៅហើយ រីឯក្តីស្រមៃចង់មានផ្ទះរឹងមាំដើម្បីបាំងភ្លៀង បាំងក្តៅចំពោះគ្រួសារគាត់គឺជាប្រការដែលពិបាកសម្រេចបាន។ ផ្ទះចាស់ដែលសង់បណ្ដោះអាសន្ននោះមានភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ពេលដល់រដូវភ្លៀងម្តងៗ ដំបូលផ្ទះលេចទឹកភ្លៀងគ្រប់ទីកន្លែង ទឹកភ្លៀងសាចចូលធ្វើឱ្យសើមអីវ៉ាន់ក្នុងផ្ទះ ជីវភាពជួបការលំបាកច្រើន។ បើយប់ណាដែលមានភ្លៀងធំ ម្តាយនិងកូនទាំង៣នាក់មិនដេកពេញមួយយប់ ដើម្បីបិទបាំង ត្រងទឹក និងបារម្ភពីសុវត្ថិភាពទៀតផង។
ដើមឆ្នាំ ២០២៦ ផ្តើមពីប្រភពឧបត្ថម្ភរបស់រដ្ឋ ព្រមជាមួយនឹងការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ និងសប្បុរសជន បងស្រីថាច់ធីហ្វែ បានឧបត្ថម្ភប្រាក់ ១០០ លានដុង ដើម្បីសង់ផ្ទះ មហាសាមគ្គី។ ក្រៅពីនោះ គ្រួសារបងស្រីប្រិតសំចៃប្រាក់បាន ៨០ លានដុងទៀត រួមបញ្ចូលសង់បានផ្ទះថ្មីមួយខ្នងមានតម្លៃ ១៨០ លានដុង។ ឈរក្នុងផ្ទះថ្មី បងស្រីថាច់ធីហ្វែ ឱ្យដឹងដោយក្តីរំភើប៖ "ពីមុន ពេលដល់រដូវភ្លៀងម្តងៗ ខ្ញុំនិងកូនៗមានក្តីបារម្ភណាស់ ពីព្រោះផ្ទះលេចរហុយគ្រប់ទីកន្លែង។ តាំងពីមានផ្ទះថ្មីនេះមក ខ្ញុំស្ងប់អារម្មណ៍ទៅធ្វើការ មិនបារម្ភពីភ្លៀងខ្យល់ដូចមុនទៀត។ បានរដ្ឋឧបត្ថម្ភសង់ផ្ទះគឺជាសុភមង្គលដ៏ធំធេង ច្រើនឆ្នាំកន្លងគ្រួសារខ្ញុំមិននឹកស្មានថាបានរស់នៅក្នុងផ្ទះដ៏សមរម្យដូច្នេះសោះ។ ខ្ញុំសូមថ្លែងអំណរគុណ និងដឹងគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ និងសប្បុរសជន"។ មិនត្រឹមតែគ្រួសារបងស្រីហ្វែនោះទេ តាំងពីអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់ ក្រោយពីរួមបញ្ចូលអង្គភាពរដ្ឋបាល ការគិតគូរជីវភាពប្រជាជន បំផុតគឺគ្រួសារក្រីក្រ ក្បែរក្រ និងគ្រួសារជនរួមជាតិខ្មែរនៅសង្កាត់ឡុងឌឹក បន្តបានយកចិត្តទុកដាក់។ ភូមិភាគបានចលនាប្រភពកម្លាំងជាច្រើនដើម្បីឧបត្ថម្ភសង់ផ្ទះ ជួយប្រជាជនលំនឹងជីវភាព ស្ងប់អារម្មណ៍ពលកម្មផលិត។
លោក ហឿវុាំងកឹង ប្រធានសមាគមកសិករសង្កាត់ឡុងឌឹក មានប្រសាសន៍៖ គ្រួសារបងស្រីថាច់ធីហ្វែ គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារខ្មែរក្រីក្រមានស្ថានភាពលំបាកខ្លាំង។ ដោយមានការឧបត្ថម្ភរបស់ភូមិភាគ និងសប្បុរសជន ទើបគ្រួសារគាត់សង់បានផ្ទះមហាសាមគ្គីមួយខ្នងយ៉ាងសមរម្យ។ "មានកន្លែងស្នាក់នៅលំនឹង នឹងជួយឱ្យគ្រួសារគាត់ស្ងប់អារម្មណ៍ពលកម្មផលិត បង្កើនប្រាក់ចំណូលបន្តិចម្តងៗ និងឈានឡើងចាកផុតពីភាពក្រីក្រ" លោកហឿវុាំង កឹង បានឱ្យដឹងដូច្នេះ។
តាមការវាយតម្លៃរបស់ថ្នាក់ដឹកនាំសមាគមកសិករសង្កាត់ឡុងឌឹក គោលនយោបាយឧបត្ថម្ភសង់ផ្ទះ មិនត្រឹមតែជួយប្រជាជនមានកន្លែងស្នាក់នៅត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងជំរុញអភិវឌ្ឍរកស៊ីចិញ្ចឹមជីវិតទៀតផង។ គ្រួសារបងស្រីហ្វែ គឺជាភស្តុតាំងយ៉ាងច្បាស់ ពេលកូនប្រុសច្បងរបស់គាត់មានការងារធ្វើលំនឹងនៅមណ្ឌលឧស្សាហកម្ម និងចូលរួមក្នុងកងប្រជាស្វ័យត្រាណអនុសង្កាត់សាប៊ិញ; កូនប្រុសពៅរបស់គាត់បានបណ្តុះបណ្តាលរបរជួសជុលទូរស័ព្ទដោយឥតគិតថ្លៃ បច្ចុប្បន្នមានការងារធ្វើ។ អាស្រ័យហេតុនោះ ទើបជីវភាពគ្រួសារគាត់បានលំនឹងជាបណ្តើរៗ មានប្រាក់ចំណូលបន្ថែម និងឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព៕
ទីទុយ - វិមាន