06/08/2026 - 07:59

ដំ​ណាក់​សុខា​ភិបាល​ឃុំ​យ៉ា​ហ្វា អនុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ 

កង​ជួរ​គ្រូ​ពេទ្យ​នៃ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​យ៉ា​ហ្វា ទី​ក្រុង​កឹង​ធើ បាន​អនុ​វត្ត​យ៉ាង​សកម្ម​និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​ការ​ងារ​ពិ​និត្យ ព្យា​បាល​ជំងឺ រួម​ចំ​ណែក​ជា​បណ្តើរៗ​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​សេ​វា​សុខា​ភិ​បាល ដើម្បី​ឆ្លើយ​តប​កាន់​តែ​ល្អ​ចំ​ពោះ​ភារ​កិច្ច​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។

កម្មា​ភិបាល​ពេទ្យ​នៃ​ដំ​ណាក់​សុខា​ភិបាល​ឃុំ​យ៉ា​ហ្វា​ពិ​និត្យ​ជំងឺ​ជូន​ប្រ​ជា​ជន។

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​១ ទ្រឿង​ផាង​ថាយ​វិញ នា​យក​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​យ៉ា​ហ្វា ឱ្យ​ដឹង៖ “បច្ចុប្បន្ន ចាត់​តាំង​ពិ​និត្យ​ជំងឺ​នៅ​មូល​ដ្ឋាន​ចំ​នួន​ទាំង​ពីរ គឺ​នៅ​ទី​តាំង​ដំ​ណាក់​សុខា​ភិបាល​ផ្ទាល់ និង​នៅ​ទី​តាំង​សាខា​មួយ​កន្លែង​ទៀត ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ដំ​ណាក់​ពិ​និត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​ជិត ១០០ នាក់ មាន​ដូច​ជា​ជំងឺ៖ ក្អក​ផ្តា​សាយ គ្រុន​ក្តៅ ហៀរ​សំ​បោរ ជំងឺ​លើស​ឈាម ឈឺ​ចុក​ចាប់​សន្លាក់​ដៃ​-ជើង​ជា​ដើម​។ ពិ​សេស ក្នុង​ឆ្នាំ​២០២៤ ដំ​ណាក់​បាន​ធ្វើ​ការ​ជួស​ជុល បំ​ពាក់​បន្ថែម​សម្ភារៈ​បរិក្ខារ​ពេទ្យ​ដើម្បី​បម្រើ​ដល់​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​ជូន​ប្រ​ជា​ជន។ បច្ចុប្បន្ន​ ដំ​ណាក់​បាន​បញ្ជូន​បុគ្គ​លិក​ពេទ្យ ២ រូប ទៅ​សិក្សា​ថ្នាក់ វេជ្ជ​បណ្ឌិត ដើម្បី​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ឯក​ទេស​កម្រិត​ខ្ពស់ ឆ្លើយ​តប​តម្រូវ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ។ បុគ្គ​លិក​ពេទ្យ​នៃ​ដំ​ណាក់​តែង​ទទួល​អ្នក​ជំងឺ​ដោយ​រាក់​ទាក់​ជិត​ស្និទ្ធ​និង​ពិ​គ្រោះ​ដោយ​អស់​ពី​ចិត្ត​ជូន​ប្រ​ជា​ជន​នៅ​ពេល​មក​ពិ​និត្យ​ជំងឺ។ ក្រៅ​ពី​នោះ ជា​រៀង​រាល់​ឆ្នាំ អត្រា​កុមារ​អា​យុ​ក្រោម ១ ឆ្នាំ​ត្រូវ​បាន​ចាក់​វ៉ា​ក់សាំង​សម្រេច​ទាំង ១០០% តាម​ការ​កំ​ណត់ កុមារ​អាយុ​ក្រោម​៣​ឆ្នាំ​ទាំង ១០០% បាន​ផឹក​វី​តា​មីន A និង​ទទួល​ការ​ពិ​គ្រោះ​យោ​បល់​អំ​ពី​អា​ហា​រូប​ត្ថម្ភ ស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​បាន​ពិ​និត្យ​ផ្ទៃ​ពោះ តាម​កាល​កំ​ណត់ ចាក់​ថ្នាំ​បង្ការ​ជំងឺ​តេ​តា​ណូស​ដល់​ទា​រក​ទើប​កើត និង​ផឹក​ថ្នាំ​បន្ថែម​ជាតិ​ដែក​ដើម្បី​ការ ពារ​ជំងឺ​ខ្វះ​ឈាម”។

បច្ចុប្បន្ន ដើម្បី​បម្រើ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ឱ្យ​បាន​ល្អ នៅ​ម៉ោង​៧ព្រឹក គឺ​កម្មា​ភិបាល​ពេទ្យ​មាន​វត្ត​មាន​ពិ​និត្យ ព្យា​បាល​ជំងឺ។ ទោះ​បី​ចំ​នួន​អ្នក​ជំងឺ​មក​ពិ​និត្យ​មាន​ចំ​នួន​ច្រើន ប៉ុន្តែ​ដំ​ណាក់​សុខា​ភិបាល​បាន​រៀប​ចំ​កៅ​អី​និង​ចាប់​លេខ​រៀង​តាម​លំ​ដាប់​លំ​ដោយ​ហេ​តុ​នេះ​ការ​ពិ​និត្យ​ជំងឺ​ក៏​មាន​ភាព​ងាយ​ស្រួល​ផង​ដែរ។ វេជ្ជ​បណ្ឌិត និង​បុគ្គ​លិក​ពេទ្យ មាន​ទឹក​មុខ​រីក​រាយ ព្រម​ទាំង​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ដល់​អ្នក​ជំងឺ​ឱ្យ​ចេះ​ថែ​ទាំ​សុខ​ភាព​ខ្លួន​ឯង។ អ្នក​មីង​ស៊ើង​ធី​វែន ភូមិ​ដៃ​អំ​ពូ ឱ្យ​ដឹង៖ “ខ្ញុំ​ឈឺ​ចុក​ចាប់​សន្លាក់​ដៃ សន្លាក់​ជើង​ពិ​បាក​ដើរ​ណាស់ ដោយ​សារ មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ដែល​រដ្ឋ​ផ្តល់​ជូន ទើប​ពេល​មក​ព្យា​បាល​នៅ​ដំ​ណាក់​មិន​បង់​ប្រាក់​ទេ។ វេជ្ជ​បណ្ឌិត​បាន​ពិ​គ្រោះ ពិ​និត្យ​ជំងឺ និង​ឱ្យ​ថ្នាំ​ផឹក​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍។ ក្រោយ​ពេល​ព្យា​បាល​បាន ជាង​មួយ​ខែ ខ្ញុំ​អាច​ដើរ​បាន​ជា​ធម្ម​តា។ ហេតុ​នេះ ខ្ញុំ​មាន​ជំ​នឿ​ទុក​ចិត្ត​និង​ស្ងប់​អា​រម្មណ៍​ក្នុង​ការ​សម្រាក​ព្យា​បាល​នៅ​ដំ​ណាក់​សុខា​ភិបាល​នេះ”។

ចំ​ណុច​គួរ​ឱ្យ​កត់​សម្គាល់​របស់​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​យ៉ា​ហ្វា គឺ​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេ​វា​បច្ចេក​ទេស​តាម​កម្រិត​បច្ចេក​ទេស និង​បញ្ជី​បច្ចេក​ទេស​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំងឺ ធា​នា​អនុ​វត្ត​ការ​សង្គ្រោះ​ដំ​បូង​ធម្ម​តា។ លើក​កម្ពស់​យ៉ាង​សកម្ម​នូវ​ការ​ងារ​ពិ​និត្យ និង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន ពិ​សេស គឺ​អ្នក​ក្រី​ក្រ ចាស់​ជរា ចាស់​គ្មាន​ទី​ពឹង និង​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ។ ទន្ទឹម​នឹង​នោះ កម្មា​ភិបាល​និង​បុគ្គ​លិក​ម្នាក់ៗ​តែង​លើក​កម្ពស់​ស្មារតី​ក្រម​សីល​ធម៌​គ្រូ​ពេទ្យ ណែ​នាំ​អ្នក​ជំងឺ​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​អនុ​វត្ត​បាន​ល្អ​នូវ​ការ​ទំ​នាក់​ទំនង​ចំ​ពោះ​អ្នក​ជំងឺ​។ អា​ស្រ័យ​ហេតុ​នេះ ដំ​ណាក់​បាន​ក្លាយ​ជា​អា​ស័យ​ដ្ឋាន​គួរ​ទុក​ចិត្ត​សម្រាប់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​មក​ពិ​និត្យ​ជំងឺ និង​តាម​ដាន​សុខ​ភាព​ជា​ប្រ​ចាំ។

មិន​ត្រឹម​តែ​អនុ​វត្ត​ល្អ​ការ​ងារ​ពិ​និត្យ និង​ព្យា​បាល​ជំងឺ​ប៉ុណ្ណោះ​ទេ ដំ​ណាក់​សុខា​ភិបាល​ក៏​បាន​អនុ​វត្ត​ល្អ​ការ​ងារ​ឃោស​នា ដើម្បី​ឱ្យ​ប្រ​ជា​ជន​មាន​ចំ​ណេះ​ដឹង​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព និង​បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រប់​ប្រ​ភេទ។ ក្រៅ​ពី​នេះ ជា​រៀង​រាល់​ឆ្នាំ ក៏​មាន​កម្ម​វិធី​សុខា​ភិបាល​ជាតិ ដូច​៖ចាក់​វ៉ាក់​សាំង​ឱ្យ​កុមារ​ក្នុង​វ័យ​កំ​ណត់ ឱ្យ​កុមារ​ផឹក​វី​តា​មីន​A ស្ត្រី​មាន​ផ្ទៃ​ពោះ​ទាំង​អស់​បាន​ទទួល​ការ​ចាក់​វ៉ាក់​សាំង និង​ពិ​និត្យ​ផ្ទៃ​ពោះ​តាម​កាល​កំ​ណត់... សុទ្ធ​សឹង​អនុ​វត្ត​សម្រេច​និង​សម្រេច​លើ​សភាគ​កម្រិត៕

                                                ដា​លី​ន

ចែករំលែកអត្ថបទ