យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បណ្តាសាលាចំណេះទូទៅជនជាតិអន្តេវាសិកលើភូមិឋានទីក្រុង បានរៀបចំរួចរាល់ដើម្បីត្រៀមលក្ខណៈឈានចូលឆ្នាំសិក្សាថ្មី ២០២៦-២០២៧។
សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ទើបតែចាត់តាំងជំនួបនិងពិគ្រោះយោបល់ជូនសិស្ស ២១០ នាក់ ដែលជាប់ជម្រើសចូលរៀនថ្នាក់ទី ១០ ឆ្នាំសិក្សា ២០២៦-២០២៧។ ក្នុងពិធីជំនួប ថ្នាក់ដឹកនាំសាលាបានប្រកាសលក្ខន្តិកៈសាលាពេលប្អូនៗចូលរៀនស្នាក់នៅក្នុងសាលា។ ពិសេសគឺការពិគ្រោះយោបល់ជូយប្អូនៗក្នុងការជ្រើសរើសក្រុមមុខវិជ្ជាដើម្បីរៀបចំថ្នាក់រៀន។ ឱកាសនេះ សាលាក៏បានបង្កលក្ខណៈឱ្យឪពុកម្ដាយសិស្សបានទស្សនាកន្លែងស្នាក់នៅ បន្ទប់មុខងារ ពហុកីឡាដ្ឋាន អាហារដ្ឋានជាដើម។ លោកដាំងថាញវ៉ូវ ចាងហ្វាងរងសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង មានប្រសាសន៍៖ “នេះជាសកម្មភាពជាប្រចាំរបស់សាលា ជួយឱ្យឪពុកម្ដាយសិស្សក្តាប់បាននូវសកម្មភាពប្រចាំថ្ងៃ ដើម្បីរួមជាមួយសាលាចូលរួមគ្រប់គ្រងសិស្សអន្តេវាសិកឱ្យបានល្អ”។


សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ទើបតែរៀបចំជំនួបនិងពិគ្រោះយោបល់ជូនសិស្សថ្នាក់ទី ១០។
សកម្មភាពជំនួបនិងពិគ្រោះយោបល់របស់សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង មានអត្ថន័យយ៉ាងធំធេងចំពោះឪពុកម្ដាយសិស្ស។ អ្នកមីងថាច់ធី មានចៅស្រីទើបតែជាប់ជម្រើសចូលថ្នាក់ទី ១០ បានចែករំលែក៖ “ក្រោយពេលបានទស្សនាសាលា ខ្ញុំមានអារម្មណ៍ទំនុកចិត្តខណៈពេលចៅស្រីខ្ញុំស្នាក់នៅក្នុងសាលា។ ពិសេសនៅពេលទស្សនាអន្តេវាសិកដ្ឋាន ខ្ញុំឃើញជួរបន្ទប់ទាំងអស់សុទ្ធតែស្អាតបាត ធំទូលាយ ដោយឡែកនៅមណ្ឌល C ទើបតែសង់ដាក់ឱ្យប្រើប្រាស់គឺស្អាតណាស់”។ តាមប្រសាសន៍លោក ដាំងថាញវ៉ូវ ឈានចូលឆ្នាំសិក្សាថ្មី សាលាមានសិស្សសរុប ៦២៣ នាក់ ហើយសិស្សទាំងអស់សុទ្ធតែស្នាក់នៅក្នុងសាលា។ បច្ចុប្បន្ន កិច្ចការត្រៀមលក្ខណៈបានរួចរាល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង បានត្រៀមលក្ខណៈរួចរាល់សម្រាប់ឈានចូលឆ្នាំសិក្សា ២០២៦-២០២៧។
លោកស្រី ង្វៀងធីភូគ្វី ប្រធានការិយាល័យមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានឱ្យដឹងថា ក្រោយពេលរួមបញ្ចូល ទីក្រុងទាំងមូលមានសាលាចំណេះទូទៅជនជាតិអន្តេវាសិកចំនួន ១៣ ក្នុងនោះមានសាលាចំនួន ៦ ចំណុះមន្ទីរ។ ផ្នែកអប់រំបានយកចិត្តទុកដាក់ចង្អុលការក្នុងការជម្រើសសិស្សជនជាតិអន្តេវាសិក និងរៀបចំមូលដ្ឋានសម្ភារៈជូនបណ្តាសាលា មុនពេលឈានចូលឆ្នាំសិក្សាថ្មី។ ដោយសារលក្ខណៈពិសេសរបស់បណ្តាសាលា គឺមានផ្នែកអន្តេវាសិក ដូច្នេះកិច្ចការយកចិត្តទុកដាក់កសាង កែសម្រួល បង្កើនកម្រិតអន្តេវាសិកដ្ឋាន ត្រូវបានផ្នែកអប់រំនិងរដ្ឋអំណាចភូមិភាគត្រៀមលក្ខណៈយ៉ាងហ្មត់ចត់។ លោកង្វៀងហ៊ឺវឌិញ ចាងហ្វាងសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីក្រុងកឹងធើ បានចែករំលែក៖ “ក្រោយពេលបានកែលម្អ បង្កើនកម្រិត បច្ចុប្បន្នសាលាមានបន្ទប់រៀនរឹងមាំ ១៨ បន្ទប់ អាហារដ្ឋាន ពហុកីឡាដ្ឋាន អន្តេវាសិកដ្ឋានយ៉ាងសមរម្យ ឆ្លើយតបតាមតម្រូវការសិក្សារបស់សិស្សជនជាតិភាគតិចលើភូមិឋាន។ ចំពោះថ្នាក់ដែលនៅខ្វះសិស្ស សាលាកំពុងសុំយោបល់ពីមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង ដើម្បីជម្រើសចូលបន្ថែម។ ជាទូទៅ កិច្ចការត្រៀមលក្ខណៈសម្រាប់ឆ្នាំសិក្សាថ្មីរបស់សាលាមានភាពងាយស្រួល កម្មាភិបាលគ្រប់គ្រង និងគ្រូបង្រៀនក៏បានចូលរួមវគ្គបំប៉ន ហ្វឹកហាត់អំពីសៀវភៅសិក្សារួចរាល់”។
នៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកហ៊ីមឡាម កិច្ចការត្រៀមលក្ខណៈឆ្នាំសិក្សាថ្មីរបស់សាលាក៏បានសម្រេចទាំងស្រុង។ តាមប្រសាសន៍លោកឡឹមវ៉ាំងកង ចាងហ្វាងរងរបស់សាលា តាមផែនការ ឆ្នាំសិក្សាខាងមុខ សាលាបន្តចាត់តាំងឱ្យសិស្សស្នាក់នៅក្នុងសាលា។ ចំពោះប្អូនៗដែលមានផ្ទះនៅជិតសាលា ក្រោយពេលពិភាក្សាយោបល់ ឪពុកម្ដាយសិស្សបានស្នើសុំមិនឱ្យប្អូនៗស្នាក់នៅក្នុងសាលា ដោយធានាជូននិងទទួលប្អូនៗទៅមករៀនដោយខ្លួនឯង។ ដូច្នេះ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកហ៊ីមឡាម បានត្រៀមលក្ខណៈរួចរាល់ ដើម្បីទទួលសិស្សានុសិស្សមកចូលរៀន។
មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ផ្តល់ព័ត៌មានថា កិច្ចការត្រៀមលក្ខណៈឆ្នាំសិក្សា ២០២៦-២០២៧ ត្រូវបានសាលាជនជាតិអន្តេវាសិកទាំងអស់ ត្រៀមលក្ខណៈយ៉ាងហ្មត់ចត់ ចាប់ពីកិច្ចការជម្រើសសិស្ស បន្ទប់រៀន អាហារដ្ឋាន អន្តេវាសិកដ្ឋាន រហូតដល់ការហ្វឹកហាត់ បំប៉នមុខវិជ្ជាជូនគ្រូបង្រៀន។ មកដល់ពេលនេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបណ្តាសាលាជនជាតិអន្តេវាសិក លើភូមិឋានទីក្រុងកឹងធើ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីឈានចូលឆ្នាំសិក្សាថ្មី៕
ហាថាញ - ថាច់ធី