រយៈពេលកន្លង ការអនុវត្តកម្មវិធីទិសដៅជាតិបន្ថយភាពក្រីក្រដោយចីរភាពនៅលើភូមិឋាន ទីក្រុងកឹងធើ បាននាំមកនូវភាពវិវឌ្ឍន៍ជាវិជ្ជមាន ក្នុងនោះ មានគោលនយោបាយឧបត្ថម្ភបុលទុនអនុគ្រោះ បានចាត់ទុកជា "គំនាស់ដ៏សំខាន់ជួយប្រជាជននៅតំបន់ជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។

ផ្តើមពីប្រភពទុនអនុគ្រោះ គ្រួសារជាច្រើនបានបង្កើតទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព។
ដំណាក់កាល ២០២១-២០២៥ គោលនយោបាយឥណទានអនុគ្រោះនៅទីក្រុងកឹងធើ នៅតែបន្តពង្រីកប្រសិទ្ធភាព ដោយឧបត្ថម្ភដល់ ៥០.០០០គ្រួសារបានបុលទុន ក្នុងនោះ មានគ្រួសារជនជាតិភាគតិចជាង ១៣.០០០ គ្រួសារ គិតជាទឹកប្រាក់សរុបជាង ១.០០០ ពាន់លានដុង ដើម្បីវិនិយោគក្នុងការផលិត ទិញកូនពូជ និងចំណីសត្វ។ ទន្ទឹមនឹងនោះ មានកម្មវិធីឱ្យបុលដោះស្រាយការងារធ្វើ បានឧបត្ថម្ភប្រជាជនជាង ៨.០០០ គ្រួសារ ក្នុងនោះ មានគ្រួសារជនជាតិភាគតិចជិត ២.០០០ គ្រួសារ ដោយប្រភពទុនសរុបជាង ៣៤០ ពាន់លានដុង រួមចំណែកបង្កការងារធ្វើ បង្កើនប្រាក់ចំណូល និងលំនឹងជីវភាពរបស់ប្រជាជន។
នៅឃុំថើយឡាយ ការងារបន្ថយភាពក្រីក្រផ្សារភ្ជាប់នឹងកសាងជនបទថ្មីបានអនុវត្តមានប្រសិទ្ធភាព។ តាមរយៈកម្មវិធីឥណទានរបស់ធនាគារគោលនយោបាយសង្គម និងប្រភពទុនដែលបានប្រគល់ពីគណៈកម្មាធិការរណសិរ្សមាតុភូមិ និងអង្គការមហាជននានា មានគ្រួសារជនជាតិភាគតិច ២៧១ គ្រួសារ បានបុលទុនវិនិយោគក្នុងការផលិត និងធ្វើអាជីវកម្ម គិតជាទឹកប្រាក់សរុបជិត ៦ ពាន់លានដុង។ ផ្តើមពីប្រភពទុននេះ មានទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពជាច្រើនបានបង្កើតនិងពង្រីក។ តួយ៉ាងដូចគ្រួសារ បងស្រីដាវធីមីនឿង នៅភូមិថើយភឿក ឃុំថើយឡាយ។ ពីមុនដោយសារតែខ្វះដើមទុន ការចិញ្ចឹមសត្វរបស់គ្រួសារគាត់ជួបការលំបាកច្រើន។ បន្ទាប់ពីបានបុលទុន ៥០ លានដុងពីប្រភពទុនអនុគ្រោះ គាត់បានពង្រីកទម្រង់ចិញ្ចឹមជ្រូក។ មកដល់ពេលនេះ គ្រួសារគាត់ចិញ្ចឹមជ្រូកឡើងដល់ជាង ១០ ក្បាលរួមទាំងជ្រូកមេ ក្នុងមួយឆ្នាំគាត់លក់២ល្បាស់ រកបានប្រាក់ចំណេញជាង ៥០ លានដុងក្នុងមួយល្បាស់។ បងស្រី ដាវធីមីនឿង ឱ្យដឹង៖ “ដោយសារបានបុលទុន និងចូលរួមវគ្គហ្វឹកហ្វឺនចិញ្ចឹមសត្វដែលភូមិភាគចាត់តាំងឡើង ទើបខ្ញុំមានចំណេះដឹង និងបទពិសោធន៍បន្ថែមក្នុងការថែទាំជ្រូកកាន់តែមានប្រសិទ្ធភាព។ ឥឡូវសេដ្ឋកិច្ចគ្រួសារខ្ញុំលំនឹងជាងមុន មានលក្ខណៈ ឱ្យកូនរៀនសូត្រ និងសង់ផ្ទះសម្បែងបានសមរម្យ”។
ចំណុចគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងការផ្តល់ផ្ទេរប្រភពទុន ផ្នែកសមត្ថកិច្ចនិងអង្គការមហាជននៅទាំងបង្កើនការណែនាំប្រជាជនប្រើប្រាស់ប្រភពទុន មានប្រសិទ្ធភាពទៀតផង។ វគ្គហ្វឹកហ្វឺនអំពីវិទ្យាសាស្ត្របច្ចេកទេស បទពិសោធន៍ផលិត និងគ្រប់គ្រងហិរញ្ញវត្ថុបានចាត់តាំងឡើងជាប្រចាំ ជួយអ្នកបុលទុនបង្កើនចំណេះដឹង កាត់បន្ថយហានិភ័យក្នុងការវិនិយោគ។
តាមប្រសាសន៍លោក ហ្វិញថាញភឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយឡាយ គោលនយោបាយឥណទានអនុគ្រោះ បានបង្កលក្ខណៈដើម្បីប្រជាជនមោះមុតវិនិយោគក្នុងការផលិត និងផ្លាស់ប្តូរមុខរបរសមស្រប។ ពេលខាងមុខ ភូមិភាគនឹងបន្តសហការជាមួយផ្នែកសមត្ថកិច្ច ជំរុញការផ្សព្វផ្សាយ បង្កលក្ខណៈដើម្បីប្រជាជនកៀកជិតនឹងប្រភពទុន ទន្ទឹមនឹងនោះ បង្កើនការហ្វឹកហ្វឺនបច្ចេកទេស ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រភពទុនមានប្រសិទ្ធភាព រួមចំណែកបន្ថយភាពក្រីក្រដោយចីរភាព៕
ហុងទើ - វិមាន