ផ្តើមពីឫស្សីប៉ុន្មានគុម្ភដាំសាកល្បងដំបូង ឥឡូវ ពូថាច់ឡេ នៅសង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានកសាងទម្រង់ដាំឫស្សីទំពាំងផ្អែមសម្រេចជោគជ័យនៅលើផ្ទៃដី ១.៥០០ ម៉ែត្រការ៉េ។ ដោយសារតម្លៃវិនិយោគទាប ងាយស្រួលថែទាំ មានច្រកចេញលំនឹង ទម្រង់នេះមិនត្រឹមតែនាំមកនូវប្រភពចំណូលជាប្រចាំដល់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបានកសិករជាច្រើននៅភូមិភាគមករៀនសូត្រ និងពង្រីកទម្រង់ទៀតផង។
ឆ្លៀតប្រើប្រាស់ឱ្យអស់ផ្ទៃដីចម្ការដែលមានស្រាប់ ពូថាច់ឡេ (កើតឆ្នាំ ១៩៥៣) សមាជិកគណៈប្រតិបត្តិការសាខាសមាគមកសិករ ប្រធានក្រុមប្រិតសំចៃ នៅអនុសង្កាត់ ៥ សង្កាត់ង្វៀកហ្វា បានបង្វែរមកដាំឫស្សីទំពាំងផ្អែម។ អស់រយៈកាលជាច្រើនឆ្នាំផ្សារភ្ជាប់ជាមួយនឹងការផលិតកសិកម្ម គាត់សង្កេតឃើញនេះជាប្រភេទដំណាំសមស្របជាមួយនឹងលក្ខណៈដីធ្លីនៅភូមិភាគ មិនសូវបង់កម្លាំងថែទាំ ប៉ុន្តែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចលំនឹងបង្គួរ។

ទម្រង់ដាំឫស្សីទំពាំងផ្អែមរបស់ពូ ថាច់ឡេ នាំមកនូវប្រភពចំណូលលំនឹងដល់គ្រួសារ។
ពូថាច់ឡេ ឱ្យដឹង៖ ដំបូងតាមរយៈការឧទ្ទេសនាមរបស់អ្នកស្គាល់ គាត់ទិញឫស្សីទំពាំងផ្អែម ១០ ដើមមកដាំសាកល្បង។ ក្រោយពីដាំបានមួយរយៈ ឫស្សីលូតលាស់ល្អ មិនសូវមានសត្វល្អិតបំផ្លាញ មានសមត្ថភាពបន្សាំខ្ពស់ ហើយទំពាំងងាយស្រួលលក់ចេញទីផ្សារ។ សង្កេតឃើញសក្តានុភាពរបស់ទម្រង់នេះ គាត់សម្រេចចិត្តពង្រីកទម្រង់ផលិត។ ផ្តើមពីនោះ គាត់បានបុលទុន ៥០ លានដុងពីធនាគារគោលនយោបាយសង្គម វិនិយោគពង្រីកផ្ទៃដី និងគុណកម្មពូជបន្ថែម។ បច្ចុប្បន្ន នៅលើផ្ទៃដីប្រមាណ ១.៥០០ ម៉ែត្រការ៉េ គាត់ដាំឫស្សីទំពាំងផ្អែម ៦០ គុម្ភ។ តាមប្រសាសន៍ពូឡេ ក្រោយពីថែទាំជាងមួយឆ្នាំ ឫស្សីចាប់ផ្តើមចេញទំពាំង អាចប្រមូលផលបាន។ ដោយសារគុម្ភឫស្សីលូតលាស់មិនស្មើគ្នា ហេតុនោះទើបមានទំពាំងដុះឆ្លាស់គ្នា ហាក់ដូចជាគ្រួសារគាត់មានទំពាំងលក់ស្ទើររាល់ថ្ងៃ។ ទំពាំងមានឈ្មួញមកទិញដល់ចម្ការដោយតម្លៃពី ១៥.០០០ – ២០.០០០ ដុង/គីឡូក្រាម អាស្រ័យទៅតាមដំណាក់កាលនីមួយៗក្នុងឆ្នាំ។ ក្រៅពីនោះ គ្រួសារក៏លក់រាយខ្លះ ដូច្នេះតម្លៃសេដ្ឋកិច្ចក៏បានកើនដែរ។

ពូថាច់ឡេ ប្រមូលផលទំពាំងឫស្សីនៅចម្ការ។
មិនត្រឹមតែមានប្រភពចំណូលពីទំពាំងឫស្សីប៉ុណ្ណោះទេ ពូថាច់ឡេ នៅទាំងគុណកម្មពូជឫស្សីដើម្បីលក់ដល់គ្រួសារដែលមានតម្រូវការអភិវឌ្ឍទម្រង់ដោយតម្លៃប្រមាណ ៥០.០០០ ដុងក្នុងមួយដើមទៀតផង។ នេះក៏ជាប្រភពចំណូលគួរឱ្យកត់សម្គាល់ ព្រមទាំងរួមចំណែកពង្រីកផ្ទៃដីដាំឫស្សីទំពាំងផ្អែមនៅលើភូមិឋានផងដែរ។ តាមបទពិសោធន៍របស់គាត់ ឫស្សីជាប្រភេទដំណាំងាយស្រួលដាំ និងមិនទាមទារបច្ចេកទេសថែទាំស្មុគស្មាញនោះទេ។ រាល់ឆ្នាំគ្រាន់តែដាក់ជីលាមកសត្វពីរដងនៅដើម និងចុងរដូវភ្លៀង ដើម្បីកែលម្អដី គួបផ្សំនឹងដាក់ជី NPK តាមកាលកំណត់រៀងរាល់ខែ ដើម្បីបំពេញសារធាតុចិញ្ចឹមឱ្យដើមឫស្សី។ ក្នុងរដូវប្រាំង គប្បីម្ចាស់ការស្រោចទឹកដើម្បីរក្សាសំណើម ជួយឱ្យឫស្សីចេញទំពាំងបន្ត ឆ្លើយតបនឹងតម្រូវការទីផ្សារពេញមួយឆ្នាំ។ "ឫស្សីទំពាំងផ្អែមសមស្របនឹងលក្ខណៈរបស់គ្រួសារកសិករជាច្រើន ពីព្រោះទុនវិនិយោគតិច មិនសូវបង់កម្លាំងថែទាំ រយៈពេលប្រមូលផលលឿនបង្គួរ។ ជាសំខាន់គឺត្រូវថែទាំត្រឹមត្រូវតាមបច្ចេកទេស និងរក្សាសំណើមគ្រប់គ្រាន់ ដើម្បីឱ្យឫស្សីផ្តល់ទំពាំងជាបន្តបន្ទាប់" ពូថាច់ឡេបានអោយដឹងដូច្នេះ។
ដោយមានស្មារតីត្រៀមចែករំលែកបទពិសោធន៍ គាត់មិនត្រឹមតែលក់កូនពូជប៉ុណ្ណោះទេ ថែមទាំងណែនាំបច្ចេកទេសដាំ និងថែទាំដោយផ្ទាល់ដល់គ្រួសារដែលមានតម្រូវការទៀតផង។ អាស្រ័យហេតុនោះ កសិករជាច្រើនក្នុងតំបន់បានវិនិយោគអភិវឌ្ឍទម្រង់។ បងស៊ើងរិន នៅសង្កាត់ង្វៀកហ្វា គឺជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលបានពូថាច់ឡេ ណែនាំបច្ចេកទេស។ បន្ទាប់ពីទិញឫស្សីទំពាំងផ្អែម ៨០ ដើម ដើម្បីដាំលើផ្ទៃដីប្រមាណ ២.០០០ ម៉ែត្រការ៉េ មកដល់ពេលនេះឫស្សីរបស់គ្រួសារបងលូតលាស់ល្អ មានគុម្ភខ្លះបានផ្តល់ទំពាំង។ តាមប្រសាសន៍របស់បងប្រុស ដោយសារបានណែនាំលម្អិតតាំងពីផ្នែកជ្រើសពូជ ដាក់ជី រហូតដល់ការថែទាំ ទើបដើមឫស្សីឆាប់លូតលាស់ល្អ កាត់បន្ថយហានិភ័យច្រើនក្នុងការផលិត។
ផ្តើមពីប្រសិទ្ធភាពជាក់ស្តែងរបស់ទម្រង់ ម៉្លោះហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានគ្រួសារជាច្រើននៅសង្កាត់ង្វៀកហ្វា មកទស្សនា រៀនសូត្របទពិសោធន៍ និងសន្សឹមៗពង្រីកផ្ទៃដីដាំឫស្សីទំពាំងផ្អែម។ មិនត្រឹមតែរួមចំណែកប្រើប្រាស់ឱ្យអស់ផ្ទៃដីចម្ការមានប្រសិទ្ធភាពប៉ុណ្ណោះទេ ទម្រង់នេះនៅទាំងជាទិសដៅបង្វែររចនាសម្ព័ន្ធពូជដំណាំសមស្របនឹងលក្ខណៈផលិតរបស់ភូមិភាគទៀតផង។
ក្នុងបរិការណ៍ដែលដំណាំប្រពៃណីជាច្រើនប្រភេទជួបការលំបាកអំពីច្រកចេញ ឬតម្លៃផលិតកើនឡើង ទម្រង់ដាំឫស្សីទំពាំងផ្អែមរបស់ពូថាច់ឡេ ជាទិសដៅដែលអាចអនុវត្តបាន ដោយសារទុនវិនិយោគទាប បច្ចេកទេសសាមញ្ញ និងមានលទ្ធភាពបង្កប្រភពចំណូលពេញមួយឆ្នាំ។ នេះបានចាត់ទុកជាទម្រង់សេដ្ឋកិច្ចគ្រួសារមានសក្តានុពល រួមចំណែកធ្វើពិពិធកម្មការផលិត លើកកម្ពស់ប្រាក់ចំណូលដល់កសិករ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទតាមទិសដៅចីរភាព៕
ទីទុយ - វិមាន