បន្ទាប់ពីការខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេលមួយឆ្នាំ រដូវវិស្សមកាលគឺជាពេលវេលាដែលកុមារជាច្រើនទន្ទឹងរង់ចាំ។ នេះមិនត្រឹមតែជាឱកាសសម្រាប់កុមារបានសម្រាកនិងលេងកម្សាន្តប៉ុណ្ណោះទេ នៅទាំងជាឱកាសដើម្បីប្អូនៗលត់ដំបំណិនជីវិត អភិវឌ្ឍកាយសម្បទា ផ្លូវចិត្ត និងចរិតលក្ខណៈ ព្រមទាំងធ្វើឱ្យប្អូនៗទទួលបានរដូវវិស្សមកាលមួយដែលមានប្រយោជន៍ សុវត្ថិភាពនិងមានអត្ថន័យ។

ថ្នាក់រៀនអក្សរខ្មែរនៅរដូវវិស្សមកាលក្នុងវត្តសំរោង សង្កាត់សុកត្រាំង ទីក្រុងកឹងធើ។
រៀងរាល់រដូវវិស្សមកាល ប្អូនៗកុមារជនជាតិខ្មែរជាច្រើននៅតំបន់ជនបទ មិនចំណាយពេលមើលទូរទស្សន៍ ឬលេងទូរស័ព្ទដៃនោះទេ ប៉ុន្តែពួកគេនាំគ្នាទៅរៀនអក្សរខ្មែរនៅវត្ត។ ការបង្រៀនអក្សរខ្មែរនៅតាមវត្តអារាមក្នុងទីក្រុងកឹងធើ នៅរដូវវិស្សមកាលបានក្លាយជាប្រពៃណីដ៏ល្អមួយ និងបានបន្តរក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កុមារី លីខាញ់ង៉ុក កំពុងរៀនអក្សរខ្មែរនៅវត្តចន្ទសោភណព្រែកអណ្ដើក ឃុំញូយ៉ា ទីក្រុងកឹងធើ លើកឡើង៖ "រៀងរាល់រដូវវិស្សមកាល ប្អូនតែងសុំឪពុកម្តាយទៅវត្តរៀនអក្សរខ្មែរ ហើយឆ្នាំនេះជាឆ្នាំទី៥ ដែលប្អូនបានមករៀន។ ប្អូនចូលចិត្តការរៀននៅរដូវវិស្សមកាលណាស់ ពីព្រោះក្រៅពីរៀន ប្អូននិងមិត្តភក្តិបានលេងសប្បាយជាមួយគ្នា។ នៅចុងវគ្គ បើប្រឡងបានពិន្ទុខ្ពស់ក៏ទទួលបានរង្វាន់ទៀតផង។ ដោយសារបានរៀននៅវត្ត ប្អូនចេះអាននិងសរសេរអក្សរខ្មែរបានស្ទាត់ជំនាញ ជួយឱ្យប្អូនរៀនបានល្អក្នុងម៉ោងរៀនសិក្សាភាសាខ្មែរពេលចូលរៀនសាលាសាកល"។ ចំណែកកុមារ លីគីង្វៀន នៅសង្កាត់សុកត្រាំង រៀបរាប់៖ "រៀងរាល់ឆ្នាំ ដល់រដូវវិស្សមកាល ប្អូនតែងចូលវត្តសំរោងដើម្បីរៀនអក្សរខ្មែរ។ ឥឡូវនេះ ប្អូនចេះអាន ចេះះសរសេរនិងនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ។ ការរៀននៅវត្តពិតជាសប្បាយណាស់ បញ្ចប់វគ្គសិក្សាព្រះសង្ឃនាំសិស្សទៅទស្សនាកម្សាន្តនៅតាមតំបន់ទេសចរណ៍ល្បីៗមួយចំនួនក្នុងទីក្រុងកឹងធើ។ សិស្សដែលរៀនពូកែក៏ទទួលបានរង្វាន់ ដូចជា សៀវភៅ សម្ភារសិក្សា និងថវិកាលើកទឹកចិត្ត។ ដូច្នេះ ខ្ញុំចូលចិត្តមករៀននៅវត្តជារៀងរាល់ឆ្នាំ"។
ក្រៅពីការរៀនអក្សរខ្មែរនៅវត្ត កុមារជាច្រើនរស់នៅលើភូមិឋានទីក្រុងកឹងធើ ក៏ជ្រើសរើសចូលរៀនជំនាញផ្សេងៗទៀត ដូចជា គំនូរ តន្ត្រី ហាត់សរសេរអក្សរ របាំ ហែលទឹកនិងបាល់បោះជាដើម ដើម្បីអភិវឌ្ឍន៍សមត្ថភាពនិងកាយសម្បទា ព្រមទាំងធ្វើឱ្យរដូវវិស្សមកាលកាន់តែសប្បាយរីករាយ មានប្រយោជន៍និងបានបំពេញនូវចំណង់ចំណូលចិត្តរបស់ខ្លួន។ ប្អូនឡេហ្វាងធៀនអឹង នៅសង្កាត់ភូឡើយ រៀបរាប់៖ "ប្អូនចូលចិត្តរៀនហែលទឹកនិងហាត់ក្បាច់គុនណាស់ ដូច្នេះរាល់ថ្ងៃ ឪពុកតែងជូនទៅអគារកុមារសុកត្រាំងដើម្បីចូលរៀន។ ជារៀងរាល់ថ្ងៃ វេលាម៉ោង ៣ រសៀល ប្អូនរៀនហែលទឹក ហើយពេលល្ងាច ប្អូនហាត់ក្បាច់គុនដើម្បីការពារខ្លួន។ ប្អូនគិតថា បើចេះហែលទឹកពេលធ្លាក់ចុះទឹកនឹងមិនងាយលិចទឹកទេ ហើយការរៀនក្បាច់គុនក៏ជួយការពារខ្លួនបានកាន់តែល្អ។ ដូច្នេះ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ រាល់ពេលដល់រដូវវិស្សមកាល ប្អូនតែងសុំឪពុកម្តាយឱ្យទៅរៀន"។

នៅរដូវវិស្សមកាលសិស្សានុសិស្សជាច្រើនជ្រើសរើសរៀនហែលទឹក ដើម្បីសុខភាពនិងកាយសម្បទាមាំមួន។
ជាក់ស្តែងបង្ហាញឱ្យឃើញថា រដូវវិស្សមកាលមានអត្ថន័យនោះ មិនចាំបាច់ជាវគ្គសិក្សាដែលមានតម្លៃថ្លៃ ឬដំណើរកម្សាន្តឆ្ងាយនោះទេ។ អ្វីដែលសំខាន់ គឺប្អូនៗកុមារមានឱកាសរៀនសូត្រចំណេះដឹងថ្មីៗ លេងកម្សាន្តសមស្របតាមវ័យ និងអភិវឌ្ឍខ្លួនបានយ៉ាងពេញលេញទាំងផ្នែកបញ្ញា កាយសម្បទានិងស្មារតី។ មិនថាជាការរៀនអក្សរខ្មែរនៅសាលាវត្តក្នុងតំបន់ជនបទ ឬការចូលរួមថ្នាក់ហែលទឹក និងថ្នាក់ក្បាច់គុននៅទីក្រុងនោះទេ សកម្មភាពទាំងអស់នេះ សុទ្ធតែរួមចំណែកជួយឱ្យប្អូនៗកុមារមានការយល់ដឹងនិងរីកចម្រើនជាងមុន បន្ទាប់ពីរដូវវិស្សមកាលម្ដងៗ។ ហើយរៀងរាល់រដូវវិស្សមកាល នឹងក្លាយជាពេលវេលាដ៏មានអត្ថន័យ ដែលជួយឱ្យសិស្សានុសិស្សត្រៀមលក្ខណៈនិងមានទំនុកចិត្តដើម្បីឈានចូលឆ្នាំសិក្សាថ្មី៕
យ៉ីអាញ - ពេជ្រសឿន