ព្រឹកថ្ងៃទី ២៤ ខែសីហា នៅសង្កាត់បាកលីវ ខេត្តកាម៉ាវ បានសហការជាមួយសមាគមវិចិត្រសិល្បៈវៀតណាម ចាត់តាំងពិធីបើកតាំងពិព័រណ៍វិចិត្រសិល្បៈតំបន់ VIII – វាលរាបទន្លេគីវឡុង លើកទី ៣០ - ឆ្នាំ ២០២៦។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌ សិល្បៈដែលមានអត្ថន័យយ៉ាងសំខាន់ ជាឱកាសដើម្បីវិចិត្រករ អ្នកចម្លាក់ និងសិល្បករទាំងឡាយនៅក្នុងតំបន់បានជួបជុំ ឧទ្ទេសនាមស្នាដៃនិពន្ធថ្មីៗ ទន្ទឹមនឹងនោះរួមចំណែកធ្វើឱ្យជីវភាពស្មារតីរបស់ប្រជាជនកាន់តែមានភាពសម្បូរបែបថែមទៀត។
ពិធីតាំងពិព័រណ៍នេះបានតាំងបង្ហាញចំនួន ១១៥ វណ្ណកម្មរបស់អ្នកនិពន្ធចំនួន ១០៣ រូប ដែលអញ្ជើញមកពីខេត្ត ក្រុងចំនួន ៥ គឺ៖ អាងយ៉ាង កាម៉ាវ ទីក្រុងកឹងធើ ដុងថាប និងវិញឡុង។ វណ្ណកម្មទាំងនេះបានបង្ហាញពីភាពដ៏សម្បូរបែបអំពីស្រុកភូមិ ប្រទេសជាតិ និងមនុស្សនៅតំបន់វាលរាបទន្លេគីវឡុង ព្រមទាំងបង្ហាញឱ្យឃើញពីការស្រាវជ្រាវប្រកបដោយភាពច្នៃប្រតិដ្ឋរបស់សិល្បករនានា ក្នុងដំណើរការនិពន្ធ។

គណៈចាត់តាំងជូនរង្វាន់ដល់អ្នកនិពន្ធទាំងឡាយដែលមានវណ្ណកម្មឆ្នើម។
ថ្លែងបើកពិធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ង៉ោ វ៉ូវថាំង បានឱ្យដឹង៖ វាលរាបទន្លេគីវឡុងគឺជាតំបន់ដែលសម្បូរដោយប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌ ជាមួយនឹងតម្លៃដ៏វិសេសអំពីធម្មជាតិ និងមនុស្ស តាំងពីយូរយារណាស់មកហើយបានក្លាយជាប្រភពបំផុសគំនិតដ៏បរិបូរណ៍សម្រាប់ការច្នៃប្រតិដ្ឋអក្សរសិល្ប៍ និងសិល្បៈ។ ឆ្លងតាមរយៈកាលពិព័រណ៍ វិចិត្រសិល្បៈតំបន់ជាជំហានបានបញ្ជាក់នូវអត្តសញ្ញាណដោយឡែក ឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវសម្រស់ភូមិស្រុក ប្រទេសជាតិ និងការសញ្ជឹងគិតរបស់សិល្បករចំពោះមុខនឹងការប្រែប្រួលនៃជីវភាពសម័យទំនើប។ ចំពោះខេត្តកាម៉ាវ តំបន់ចុងប៉ូចខាងត្បូងបំផុតនៃមាតុភូមិ ជាមួយនឹងប្រព័ន្ធជីវចម្រុះព្រៃលិចទឹកប្រៃ ព្រៃស្មាច់ កោះសមុទ្រ និងព្រែកទន្លេ ជាមួយនឹងជីវភាពវប្បធម៌សហគមន៍ដ៏សម្បូរបែប គឺជាប្រភពវត្ថុធាតុដ៏មានតម្លៃសម្រាប់ការច្នៃប្រតិដ្ឋសិល្បៈ។ ការដែលបានសមាគមវិចិត្រសិល្បៈវៀតណាម ទុកចិត្តជ្រើសធ្វើជាម្ចាស់ផ្ទះរៀបចំតាំងពិព័រណ៍លើកទី ៣០ គឺជាកិត្តិយសដ៏ធំធេងរបស់ខេត្ត ទន្ទឹមនឹងនោះក៏ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពតំបន់ និងមនុស្សកាម៉ាវ ជាមួយតំបន់វាលរាបទន្លេគីវឡុង ជូនដល់សាធារណជនយ៉ាងច្រើនដែរ។
វិចិត្រករ ង្វៀង ទ្រុងទឹន អនុប្រធានសមាគមវិចិត្រសិល្បៈវៀតណាម ទទួលបន្ទុកតំបន់ភាគខាងត្បូង បានឱ្យដឹង៖ ការតាំងពិព័រណ៍គឺជាសញ្ញាកំណត់ត្រានូវរយៈពេល ៣០ ឆ្នាំនៃការអភិវឌ្ឍវិចិត្រសិល្បៈតំបន់។ ឆ្លងតាមរយៈកាលតាំងពិព័រណ៍ កងជួរវិចិត្រករកាន់តែរីកចម្រើនឡើង បណ្តាវណ្ណកម្មកាន់តែមានភាពសម្បូរបែបអំពីខ្លឹមសារ ចម្រុះពណ៌អំពីវត្ថុធាតុ និងជាជំហានៗឆ្ពោះដល់ការធ្វើសមាហរណកម្មជាមួយនឹងចរន្តវិចិត្រសិល្បៈទូទាំងប្រទេស។ វិចិត្រករ ង្វៀង ទ្រុងទឹន ចាត់ទុកថា៖ តាំងពិព័រណ៍ឆ្នាំនេះ មានវណ្ណកម្មជាច្រើនបានវិនិយោគយ៉ាងម៉ត់ចត់ បង្ហាញពីការស្វែងយល់ ភាពច្នៃប្រតិដ្ឋ និងឆន្ទៈរបស់អ្នកនិពន្ធទាំងឡាយ។ លោកមានបំណងថាសិល្បករទាំងអស់បន្តចំណាយពេលវេលា កម្លាំងកាយចិត្តថែមទៀតសម្រាប់ការច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរថ្មីដោយឥតឈប់ឈរ ដើម្បីមានបន្ថែមនូវវណ្ណកម្មប្រកបដោយគុណភាព តម្លៃសិល្បៈ និងលក្ខណៈមនុស្សធម៌។

អ្នកតំណាងកាត់ខ្សែបូបើកពិធីតាំងពិព័រណ៍វិចិត្រសិល្បៈតំបន់ VIII – វាលរាបទន្លេគីវឡុង លើកទី ៣០ - ឆ្នាំ ២០២៦។
នៅក្នុងពិធី គណៈចាត់តាំងបានប្រកាស និងជូនរង្វាន់ដល់អ្នកនិពន្ធទាំងឡាយដែលមានស្នាដៃឆ្នើម។ ក្នុងនោះ អ្នកនិពន្ធ ឡាយឡឹមទុង (កាម៉ាវ) ជាមួយនឹងវណ្ណកម្ម ជ្រុងមួយនៃព្រៃអ៊ូមិញ និងអ្នកនិពន្ធ ផាង វ៉ាំងទៀង (វិញឡុង) ជាមួយនឹងវណ្ណកម្ម បូជនីយដ្ឋានអ៊ំហូនៅឡុងឌឹក រួមទទួលរង្វាន់ B; គ្មានរង្វាន់ A ទេ។ ក្រៅពីនោះ គណៈចាត់តាំងក៏បានជូនរង្វាន់ C ជាច្រើន និងរង្វាន់លើកទឹកចិត្ត ជូនអ្នកនិពន្ធទាំងឡាយនៅក្នុងតំបន់ផងដែរ។
ក្នុងឱកាសនេះដែរ សមាគមវិចិត្រសិល្បៈវៀតណាម ជូនប័ណ្ណសរសើរដល់សមូហភាពចំនួន ០២ និងប្រគល់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ដល់បុគ្គលដែលមានការរួមចំណែកក្នុងបុព្វហេតុវិចិត្រសិល្បៈវៀតណាម៕
យ្វីអាញ-មេងលី