មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/07/2026 - 08:50

គ្រូ​បង្រៀន​ស្រ​ឡាញ់​អា​ជីព​ 

ដោយ​បោះ​បង់​ចោល​វិស្វករ​វា​រី​វប្ប​កម្ម​ ដើម្បី​ចាប់​យក​ក្តី​ស្រមៃ​ក្លាយ​ជា​គ្រូ​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​ លោក​គ្រូ​ លី​ហៀង​ បាន​ធ្វើ​ឱ្យ​សិស្សា​នុសិស្ស​និង​មិត្ត​រួម​អា​ជីព​នៃ​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទី​ក្រុង​កឹង​ធើ គោរព​រាប់​អាន​។ អស់​រយៈ​ពេល​ជាង​ ១៦ ឆ្នាំ​បង្រៀន​ លោក​គ្រូ​តែង​មាន​វិធី​សាស្រ្ត​បង្រៀន​សម​ស្រប​ ជួយ​ឱ្យ​សិស្ស​នឹង​នរចិត្ត​រៀន​សូ​ត្រ​។

លោក​គ្រូ​លី​ហៀង​ ក្នុង​ម៉ោង​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​។

ឆ្នាំ​ ២០១៣ បន្ទាប់​ពី​លា​លែង​ពី​ការ​ងារ​ជា​វិស្វករ​វា​រី​វប្ប​កម្ម​ លោក​គ្រូ​ ហៀង​ បាន​ចុះ​កិច្ច​សន្យា​ចូល​បង្រៀន​មុខ​វិជ្ជា​ភា​សា​ខ្មែរ​នៅ​សា​លា​។ គ្រូ​បង្រៀន​ គឺ​ជា​វិជ្ជា​ជី​វៈ​ដែល​លោក​គ្រូ​ពេញ​ចិត្ត​តាំង​ពី​យូរ​ណាស់​មក​ហើយ​ ពិ​សេស​គឺ​បង្រៀន​ភា​សា​ខ្មែរ​។ លោក​គ្រូ​ ហៀង​ ឱ្យ​ដឹង​៖ “ខ្ញុំ​បាន​បួស​រៀន​ជាង​ ១០ ឆ្នាំ​ និង​បាន​សិក្សា​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​ ម្ល៉ោះហើយ​ភា​សា​ខ្មែរ​បាន​ដក់​ជាប់​ក្នុង​បេះ​ដូង​។ ហេ​តុ​ដូច្នោះ​ ខ្ញុំ​ចង់​យក​ចំ​ណេះ​ដឹង​អំ​ពី​អក្សរ​ខ្មែរ​ ទៅ​បង្រៀន​ដល់​កូន​ចៅ​ជន​ជាតិ​ខ្មែរ​នៅ​តំ​បន់​ជន​បទ​អូរ​ម៉ូង​”។ ជា​មួយ​ប្តេជ្ញា​ចិត្ត​នោះ​ លោក​គ្រូ​ ហៀង​ បាន​បន្ត​ការ​សិក្សា​ផ្នែក​គរុកោសល្យ​អក្សរ​សាស្រ្ត​ខ្មែរ​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ហើយ​បាន​ក្លាយ​ជា​គ្រូ​បង្រៀន​ភា​សា​ខ្មែរ​ជា​ផ្លូវ​ការ​របស់​សា​លា​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ​ លោក​គ្រូ​ ហៀង​ បាន​សា​លា​ប្រ​គល់​ភារ​កិច្ច​បង្រៀន​ភា​សា​ខ្មែរ​ដល់​សិស្ស​ថ្នាក់​វិទ្យា​ល័យ​ និង​បំប៉ន​សិស្ស​ពូ​កែ​ដើម្បី​ចូល​រួម​ប្រ​ឡ​ងថ្នាក់​ទី​ក្រុង​ និង​ប្រឡង​វោ​ហារ​កោស​ល្យនៅ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ និង​អាង​យ៉ាង​។ តាម​ប្រ​សាសន៍​លោក​គ្រូ​ ហៀង​ ដើម្បី​ឱ្យ​មាន​ចំ​ណេះ​ដឹង​ជ្រៅ​ជ្រះ​អំ​ពី​អក្សរ​ខ្មែរ​ ចាំ​បាច់​គឺ​ត្រូវ​អាន​សៀវ​ភៅ​ កាសែត​ ឱ្យ​បាន​ច្រើន​ និង​ស្រាវ​ជ្រាវ​វចនានុក្រម​ខ្មែរ​ - វៀត​; វៀត​-ខ្មែរ​។ លោក​គ្រូ​ ហៀង​ ចែក​រំលែក​៖ “ក្នុង​នាម​ជា​គ្រូ​បង្រៀន​ ត្រូវ​តែ​រៀន​សូ​ត្រ​ជា​និច្ច​ ទើប​មាន​ចំ​ណេះ​ដឹង​ទូ​លំ​ទូ​លាយ​និង​វិធី​សាស្រ្ត​បង្រៀន​ល្អ​ៗដល់​សិស្ស​។ ភារ​កិច្ច​របស់​ខ្ញុំ​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​សិស្ស​រៀន​ដល់​ថ្នាក់​ទី​ ១២ មាន​គ្រប់​លក្ខ​ណៈប្រឡង​យក​វិញ្ញាបន​បត្រ​បញ្ចប់​ថ្នាក់​ទី​ ១២ ភា​សា​ខ្មែរ​”។ ជា​មួយ​នឹង​ភារ​កិច្ច​នោះ​ រាល់​ម៉ោង​រៀន​ លោក​គ្រូ​ តែង​រិះ​រក​វិធី​សាស្រ្ត​ផ្លាស់​ថ្មី​ និង​បែង​ចែក​ក្រុម​សិស្ស​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​បង្រៀន​។ ចំ​ពោះ​សិស្ស​ដែល​មិន​ទាន់​ចេះ​អក្សរ​ខ្មែរ​ គឺ​បង្កើត​ក្រុម​បង្រៀន​ដោយ​ឡែក​ ចំ​ណែក​សិស្ស​ដែល​ចេះ​អក្សរ​ហើយ​ គឺ​បង្រៀន​ដោយ​ឡែក​។ ក្នុង​ការ​បង្រៀន​ លោក​គ្រូ​ហៀង​ តែង​ភ្ជាប់​មេ​រៀន​ទៅ​នឹង​សភាព​ការណ៍​ជាក់​ស្តែង​ ប្រើ​ប្រាស់​រូប​ភាព​ឧទាហរណ៍​រស់​រវើក​ និង​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​បង្រៀន​ ម្ល៉ោះហើយ​ជួយ​ឱ្យ​សិស្ស​ងាយ​ចង​ចាំ​។ ប្អូន​លី​ គឹមអៀង​ សិស្ស​ថ្នាក់​ទី​ ១១ ឱ្យ​ដឹង៖ “ពេល​ទើប​ចូល​រៀន​ថ្នាក់​ទី​ ១០ ប្អូន​មិន​ទាន់​ចេះ​អក្សរ​ខ្មែរ​ច្រើន​ទេ​ ដូច្នេះ​លោក​គ្រូ​បាន​បង្រៀន​ចាប់​ពី​មូល​ដ្ឋាន​ក្នុង​ការ​រស់​នៅ​រៀន​សូ​ត្រ​ និង​បង្រៀន​ពី​ព្យញ្ជនៈ​ប្រ​កប​អក្សរ​និង​អាន​ ។ល។ ប្អូន​ៗចូល​ចិត្ត​លោក​គ្រូ​បង្រៀន​ ពី​ព្រោះ​មាន​វិធី​សាស្រ្ត​បង្រៀន​ងាយ​យល់​ និង​មាន​ចំ​ណេះ​ដឹង​ទូ​លំ​ទូ​លាយ​។ ឥ​ឡូវ​នេះ​ នៅ​ពេល​ប្អូន​ៗចេះ​អក្សរ​ហើយ​ លោក​គ្រូ​បាន​បង្រៀន​វេយ្យាករណ៍​ខ្មែរ​ បង្រៀន​ពី​របៀប​បែង​ចែក​កិរិយា​សព្ទ​ គុណ​នាម​ នាម​សព្ទ​ ។ល។ និង​ណែ​នាំ​ពី​របៀប​តែង​សេច​ក្តី​ ដូច្នេះ​ប្អូន​ចូល​ចិត្ត​ខ្លាំង​ណាស់​”។

អ្នក​គ្រូ​ ដាវ​ធី​សា​រ៉​ន នា​យិការង​អនុ​វិទ្យា​ល័យ​ និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “រយៈ​ពេល​ជាង​ ១៦ ឆ្នាំ​បង្រៀន​ភា​សា​ខ្មែរ​ លោក​គ្រូ​ លី​ហៀង​ តែង​អស់​ពី​ចិត្ត​បង្ហាត់​បង្រៀន​ ម្ល៉ោះហើយ​បន្ទាប់​ពី​ប្រឡង​បញ្ចប់​វិទ្យា​ល័យ​ សិស្ស​ចេះ​អាន​ ចេះ​សរ​សេរ​បាន​ត្រឹម​ត្រូវ​១០០%។ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ជា​មួយ​នឹង​វិធី​សាស្រ្ត​បង្រៀន​ល្អ​ មាន​ប្រ​សិទ្ធ​ភាព​ លោក​គ្រូ​បាន​ជួយ​ឱ្យ​សិស្ស​ជា​ច្រើន​មាន​ទំនុក​ចិត្ត​ចូល​រួម​ប្រឡង​សិស្ស​ពូ​កែ​ថ្នាក់​ទី​ក្រុង​ និង​ប្រឡង​វោ​ហារ​កោស​ល្យភា​សា​ខ្មែរ​ ដណ្តើ​មបាន​រង្វាន់​ខ្ពស់​ជា​ច្រើន​ជូន​សា​លា​”៕

យ្វី​អាញ​ - លី​សៀ​

ចែករំលែកអត្ថបទ