កុមារីឡឹមត្រាងហ្វាយអាង សិស្សថ្នាក់ទី៣A នៃសាលាបឋមសិក្សាលីវទូ C ឃុំលីវទូ ទីក្រុងកឹងធើ ទើបតែដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រឡង "កុមារវៀតណាម - ឈានឆ្ពោះទៅកាន់ពិភពលោក" ឆ្នាំសិក្សា ២០២៥-២០២៦។ នេះមិនមែនជាលើកទីមួយ ដែលហ្វាយអាង ទទួលបានលទ្ធផលល្អក្នុងការប្រឡងដែលទាមទារជំនាញអនុវត្តភាសាបរទេស (ភាសាអង់គ្លេស) នោះឡើយ មុននោះ កុមារីរូបនេះក៏ធ្លាប់ទទួលបានពិន្ទុយ៉ាងខ្ពស់ក្នុងការប្រឡង TOEFL Primary ប្រចាំតំបន់ភាគខាងត្បូងផងដែរ។
កម្មវិធីប្រឡង "កុមារវៀតណាម - ឈានឆ្ពោះទៅកាន់ពិភពលោក" ឆ្នាំសិក្សា ២០២៥-២០២៦ ស្ថិតក្នុងក្របខ័ណ្ឌនៃមហោស្រពកុមារទូទាំងប្រទេសលើកទី១ ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាកងមជ្ឈិមមជ្ឈមណ្ឌលគាំទ្រនិងអភិវឌ្ឍន៍កុមារវៀតណាម សហការជាមួយក្រុមហ៊ុនភាគហ៊ុនសារគមនាគមន៍អនឡាញ VTC ចាត់តាំងឡើង។ កម្មវិធីប្រឡងបានទាក់ទាញបេក្ខជនជាកុមារជាង ៣៨.២០០ នាក់មកពីគ្រប់ទិសទីនៃទូទាំងប្រទេសចូលរួម។ ក្នុងការប្រឡងនេះ បេក្ខជនទាំងអស់បានបង្ហាញសមត្ថភាពភាសាបរទេសរបស់ខ្លួនតាមរយៈការសម្តែងលើឆាកនូវសាច់រឿងអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងមនុស្សវៀតណាម ការធ្វើបទបង្ហាញ និងការសួរឆ្លើយជាភាសាអង់គ្លេសជាមួយគណៈកម្មការ។

កុមារីឡឹមត្រាងហ្វាយអាង សិស្សថ្នាក់ទី៣A នៃសាលាបឋមសិក្សាលីវទូ C ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រឡង "កុមារវៀតណាម - ឈានឆ្ពោះទៅកាន់ពិភពលោក" ឆ្នាំសិក្សា ២០២៥-២០២៦។
លោកគ្រូ ចូវតេន ចាងហ្វាងសាលាបឋមសិក្សា លីវទូ C ដែលរួមដំណើរជាមួយហ្វាយអាង ក្នុងការប្រឡងបានមានប្រសាសន៍៖ "យកឈ្នះលើបេក្ខជនរាប់ពាន់នាក់ ហ្វាយអាង គឺជាសិស្សបឋមសិក្សាម្នាក់ក្នុងចំណោម ៣ នាក់របស់ទីក្រុងកឹងធើ ដែលបានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ និងដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងពិធីប្រឡងនេះ។ លទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍របស់ហ្វាយអាង មិនត្រឹមតែជាមោទនភាពរបស់សាលាប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចិត្តជម្រុញឱ្យសិស្សានុសិស្សខិតខំរៀនសូត្រភាសាបរទេសឱ្យបានល្អ រួមចំណែកផ្សព្វផ្សាយរូបភាពកុមារកឹងធើដែលមានភាពសកម្ម ជឿជាក់ និងត្រៀមខ្លួនជាស្រេចក្នុងការធ្វើសមាហរណកម្មជាមួយមិត្តភក្តិអន្តរជាតិ"។
តាមលោកគ្រូ យឺអញត្រង ប្រធានក្រុមមុខវិជ្ជាភាសាអង់គ្លេសនៃសាលាបឋមសិក្សាលីវទូ C បានឱ្យដឹងថា ចាប់តាំងពីចូលរៀនថ្នាក់ទី១ ហ្វាយអាង បានបង្ហាញនូវទេពកោសល្យពីកំណើត និងតែងតែទទួលបានលទ្ធផលល្អបំផុតក្នុងវិញ្ញាសាភាសាអង់គ្លេស។ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ សាលាបានស្វែងយល់អំពីការប្រឡងផ្សេងៗ និងបានលើកទឹកចិត្តឱ្យហ្វាយអាងចូលរួម។ នៅក្នុងការប្រឡង TOEFL Primary កម្រិតតំបន់ភាគខាងត្បូង ហ្វាយអាង បានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយទទួលបានពិន្ទុ ២១៨/២៣០។ ផ្អែកលើលទ្ធផលដ៏ឆ្នើម រួមផ្សំនឹងសមត្ថភាពស្តាប់និងនិយាយបានល្អ សាលាបានចុះឈ្មោះឱ្យហ្វាយអាង ចូលរួមប្រឡង "កុមារវៀតណាម - ឈានឆ្ពោះទៅកាន់ពិភពលោក" ឆ្នាំសិក្សា ២០២៥-២០២៦។
"ហ្វាយអាង មិនដែលបានចូលរៀននៅក្នុងថ្នាក់រៀនភាសាអង់គ្លេសណាមួយឡើយ គឺប្អូនស្វ័យសិក្សានៅផ្ទះដោយខ្លួនឯង។ ដោយសារចេះអាន ចេះសរសេរ និងសន្ទនាបានយ៉ាងស្ទាត់ជំនាញ ដូច្នេះក្នុងម៉ោងរៀនភាសាបរទេស ហ្វាយអាងនិងគ្រូបង្រៀនគឺជជែកប្ដូរយោបល់គ្នាជាភាសាអង់គ្លេសទាំងស្រុង" - លោកគ្រូ យឺអញត្រង បានផ្តល់ព័ត៌មានបន្ថែមដូចេ្នះ។
លោកឡឹមហ្វាវ៉ាំង ឪពុករបស់ហ្វាយអាង បានឱ្យដឹងថា កូនស្រីមានទេពកោសល្យភាសាបរទេសតាំងពីតូច។ កាលពីអាយុ ២ ឆ្នាំ នៅពេលបានទស្សនាកម្មវិធីកុមារដែលមានខ្លឹមសារជាភាសាអង់គ្លេស ហ្វាយអាងតែងតែផ្ដោតអារម្មណ៍ស្ដាប់ដោយក្តីរីករាយ និងរៀននិយាយតាម។ ជាមួយនឹងបំណិន និងសមត្ថភាពប្រាស្រ័យទាក់ទងភាសាបរទេសបានល្អ លោកហ្វាវ៉ាំង ក៏បានចាប់ផ្តើមរួមដំណើរជាមួយកូនស្រី ដោយបង្រៀនកូនឱ្យនិយាយភាសាអង់គ្លេស។ ដើម្បីឱ្យហ្វាយអាងបញ្ចេញសំឡេងបានត្រឹមត្រូវ លោកហ្វាវ៉ាំងបង្រៀនកូននិយាយផង ឱ្យកូនមើលនិងស្តាប់កម្មវិធីកុមារដែលនិយាយជាភាសាអង់គ្លេសផង។ ហ្វាយអាងចាប់យកបានលឿនណាស់ លុះដល់អាយុ ៦ ឆ្នាំ ក៏អាចស្តាប់និងជជែកលេងជាភាសាអង់គ្លេសបានយ៉ាងរលូន។
"ក្នុងយុគសម័យបច្ចេកវិទ្យាព័ត៌មានមានការរីកចម្រើន ដូច្នេះទោះបីជានៅជនបទក៏ដោយ កុមារនៅតែអាចរៀនភាសាអង់គ្លេសតាមរយៈសៀវភៅ កាសែត ភាពយន្ត និងកម្មវិធីទូរទស្សន៍បានដែរ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានចំណេះដឹងហើយ គឺត្រូវតែហ្វឹកហាត់និងប្រើប្រាស់ជាប្រចាំ ហើយត្រូវការបរិយាកាសដើម្បីអនុវត្តភាសាអង់គ្លេស ទើបអាចស្ទាត់ជំនាញបាន។ ខ្ញុំសង្ឃឹម ហ្វាយអាងនឹងមានឱកាសកាន់តែច្រើនក្នុងការសិក្សា ផ្លាស់ប្តូរបទពិសោធន៍និងពង្រឹងសមត្ថភាពភាសាបរទេសដើម្បីឱ្យកាន់តែរីកចម្រើនថែមទៀត" - លោកឡឹមហ្វាវ៉ាំង បានចែករំលែកដូច្នេះ។
គួររំលឹកផងដែរថា ឪពុកម្តាយរបស់ហ្វាយអាង គឺជាគ្រូបង្រៀនមុខវិជ្ជាព័ត៌មានវិទ្យា និងវិចិត្រសិល្បៈ នៅសាលាបឋមសិក្សាមួយក្នុងឃុំលីវទូ។ ក្នុងបណ្តាឆ្នាំសិក្សាកន្លង ហ្វាយអាងតែងតែទទួលបានកិត្តិនាមជាសិស្សឆ្នើមរបស់សាលា។
នៅពេលនិយាយអំពីដំណើរការរៀនភាសាបរទេស ហ្វាយអាង បានប្រាប់៖ "រាល់ថ្ងៃ ប្អូនតែងចំណាយពេលមើលកម្មវិធីកុមារនិយាយភាសាអង់គ្លេស រៀនភាសាអង់គ្លេសជាមួយ ChatGPT និងនិយាយជាភាសាអង់គ្លេសជាមួយប៉ាម៉ាក់។ ឆ្នាំនេះ បានចូលរួមប្រឡងភាសាអង់គ្លេស ព្រមទាំងបានជួបជុំជជែកលេងជាមួយមិត្តភក្តិ បងៗ និងលោកគ្រូអ្នកគ្រូមកពីគ្រប់ទិសទី បានជួយឱ្យប្អូនរៀនសូត្របាននូវរឿងរ៉ាវល្អៗជាច្រើន។ ការរៀនភាសាអង់គ្លេសពិតជាមានប្រយោជន៍ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់"៕
ស្វឹងង្វៀង - សុផន