កីឡា - ទេសចរណ៍ ទេសចរណ៍

02/07/2026 - 20:49

ដាស់​ភ្ងោក​សក្តា​នុពល​ទេស​ចរណ៍​ពី​វត្ត​អា​រាម​ខ្មែរ​ 

នៅ​តាម​វត្ត​អា​រាម​ខ្មែរ​មិន​ត្រឹម​តែ​ជា​កន្លែង​គោរព​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ បច្ចុប្បន្ន​បាន​ក្លាយ​ជា​ចំ​ណុច​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ចូល​មក​កាន់​ភូមិ​ស្រុក​។ ចំ​ពោះ​មុខ​និន្នាការ​នេះ វត្ត​នីមួយៗ​បាន​រៀប​ចំ​ទៅ​តាម​ទិស​ដៅ​រៀង​ៗខ្លួន មាន​វត្ត​ខ្លះ​បាន​ម្ចាស់​ការ​កែ​ទម្រង់​ដើម្បី​អភិវឌ្ឍ ចំ​ណែក​វត្ត​ខ្លះ​ទៀត​បន្ត​រក្សា​វិន័យ​ធម៌​អាថ៌​យ៉ាង​ស្ងៀម​ស្ងាត់។ ភាព​ចម្រុះ​គ្នា​នៃ​ទស្សនៈ​ទាំង​នេះ បាន​ដាក់​ចេញ​នូវ​ចំ​ណោទ​បញ្ហា​ដែល​មា​នល​ក្ខណៈ​ទាន់​ហេ​តុ​ការណ៍ គឺ​ធ្វើ​ដូច​ម្តេចដើម្បី​ទាញ​យក​ផល​ពី​វិស័យ​ទេស​ចរណ៍ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​បាត់​បង់​នូវ​ព្រលឹង​វប្ប​ធម៌​សាស​នា។

ម្ចាស់​ការ​អភិវឌ្ឍ​ទេស​ចរណ៍​ផ្លូវ​ចិត្ត​

ទេស​ភាព​នៅ​វត្ត​បទុម​វង្សា​សំ​រោង។

ជា​មួយ​នឹង​ប្រ​វត្តិ​កសាង​តាំង​ពី​ឆ្នាំ ១៧២៥ វត្ត​បទុម​វង្សា​សំ​រោង ស្ថិត​នៅ​សង្កាត់​សុក​ត្រាំង ទី​ក្រុង​កឹង​ធើ គឺ​ជា​ភស្តុ​តាង​នៃ​និន្នា​ការ​អភិវឌ្ឍ​នេះ។ គណៈ​កម្ម​ការ​វត្ត​បាន​ម្ចាស់​ការ​បើក​ទូ​លាយ​ចន្លោះ​វប្ប​ធម៌ តាម​រយៈ​ការក​សាង​សំ​ណង់​ស្ថា​បត្យ​កម្ម​ដ៏​ស្កឹមស្កៃ ជំ​នួស​ឱ្យ​ការ​បិទ​ជិត​តាម​ទម្លាប់​ចាស់។ ការវិ​និយោគ​នេះ មិន​ត្រឹម​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​ក្លាយ​ជា​កម្លាំង​ចលករ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ និង​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​ទៅ​កាន់​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​ទៀត​ផង។ ស្មារតី​បើក​ចំ​ហ​នោះ ស្ដែង​ឡើង​យ៉ាង​ច្បាស់​តាម​រយៈ​សំ​ណង់​ស្ថា​បត្យ​កម្ម​ធំៗ​ជា​ច្រើន។ ក្នុង​នោះ សំ​ណង់​លេច​ធ្លោ​បំ​ផុត​គឺ​ព្រះ​ពុទ្ធ​បដិ​មា​ចូលប​រិនិ​ព្វាន​ដ៏​ធំ​សម្បើម ដែល​មាន​ប្រ​វែង​ ៧២ ម៉ែត្រ និង​កម្ពស់ ២៩ ម៉ែត្រ ហើយ​ត្រូវ​បាន​ចាត់​ទុក​ជា​ព្រះ​ពុទ្ធ​បដិ​មា​ទ្រង់​និព្វាន​ធំ​បំ​ផុត​ក្នុង​ប្រ​ទេស​វៀត​ណាម។ ផ្សារ​ភ្ជាប់​នឹង​សម្រស់​ដ៏​ប្រ​ណីត​នៃ​ព្រះ​វិហារ និង​ព្រះ​ចេតិយ វត្ត​បទុម​វង្សា​សំ​រោង​បាន​ក្លាយ​ជា​ទី​សក្ការ​បូ​ជា និង​ជា​ចំ​ណុច​ទស្សនា​ដ៏​លេច​ធ្លោ​របស់​ភូមិ​ភាគ។

យោង​តាម​ព្រះ​តេជ​ព្រះ​គុណ លី​ឌឹក ព្រះ​ចៅ​អធិការ​វត្ត​បទុម​វង្សា​សំ​រោង មាន​ថេរ​ដី​កា៖ "អា​ស្រ័យ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បង្ក​លក្ខ​ណៈងាយ​ស្រួល​និង​អនុញ្ញាត​ច្បាប់​ជួស​ជុល កសាង​សំ​ណង់​នា​នា​ក្នុង​វត្ត​ឱ្យ​កាន់​តែ​សម​រម្យ​និង​ល្អ​ស្អាត។ ហេ​ដ្ឋារចនា​សម្ព័ន្ធ​របស់​វត្ត ត្រូវ​បាន​ជួស​ជុល និង​កសាង​ថ្មី​យ៉ាង​សម​រម្យ។ ដើម្បី​ឆ្លើយ​តប​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​នោះ ព្រះ​សង្ឃ​និង​មា​មីង​ពុទ្ធ​បរិស័ទ​បាន​រួម​គ្នា​បរិច្ចាគ​ធន​ធាន​ដើម្បី​កែ​លម្អ​ទី​អា​រាម។ បច្ចុប្បន្ន ទី​នេះ​មិន​ត្រឹម​តែ​ជា​ទី​សក្ការ​បូ​ជា​ដ៏​ថ្លៃ​ថ្នូរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ចំ​ណុច​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ទៀត​ផង"។

ផ្ដើម​ចេញ​ពី​ការ​ម្ចាស់​ការ​បង្កើត​លំ​ហ​វប្ប​ធម៌​នេះ​ហើយ ទើប​វត្ត​សំ​រោង​បាន​ក្លាយ​ជា​ចំ​ណុច​ទេស​ចរណ៍​ដ៏​គួរ​ឱ្យ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ។ បច្ចុប្បន្ន នៅ​ពេល​គេ​រំលឹក​ដល់​វត្ត​សំ​រោង គឺ​មិន​ត្រឹម​តែ​ភ្ញៀវ​ទេស​ចរ​ក្នុង​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ មាន​ភ្ញៀវ​ទេស​ចរ​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ជិត​ខាង​នា​នា​ក៏​ស្គាល់​យ៉ាង​ច្បាស់​ផង​ដែរ។

រក្សា​ភាព​ស្ងប់​ស្ងាត់​នៃ​ការ​បួស​រៀន​

ស្ថា​បត្យ​កម្ម​ព្រះ​វិហារ​វត្ត​សិរី​តេជោមហា​ទប់។

វត្ត​វត្ត​សិរី​តេជោមហា​ទប់​(ឬ​ហៅ​ថា វត្ត​មហា​ទប់) គឺ​ជា​វត្ត​បុរាណ​ដ៏​ល្បី​ល្បាញ​មួយ​ក្នុង​ចំ​ណោម​វត្ត​បុរាណ​នា​នា​នៃ​ខេត្ត​សុក​ត្រាំង​ចាស់។ ដូច​គ្នា​នឹង​បណ្តា​វត្ត​អា​រាម​ខ្មែរ​ដទៃ​ទៀត​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ដែរ វត្ត​មហា​ទប់​មាន​រចនា​បថ​ស្ថា​បត្យ​កម្ម​ដិត​ដាម​ដោយ​វប្ប​ធម៌​ខ្មែរ​ណាម​បូ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វត្ត​មាន​លក្ខណៈ​ពិ​សេស​ដាច់​ដោយ​ឡែក រួម​ជា​មួយ​នឹង​រឿង​រ៉ាវ​រៀប​រាប់​អំ​ពី​ហ្វូង​ជ្រឹង​ដែល​រស់​នៅ​ក្នុង​វត្ត​ដ៏​អាថ៌​កំ​បាំង​និង​ជក់​ចិត្ត។ ក្នុង​សម័យ​កាល​ដ៏​រុង​រឿង កេរ​ដំ​ណែល​ថ្នាក់​ជាតិ​នេះ ធ្លាប់​ជា "ម៉ាក​សញ្ញា"  ទេស​ចរណ៍​ដ៏​ល្បី​ល្បាញ​ប្រ​ចាំ​តំ​បន់ ដោយ​ទាក់​ទាញ​មនុស្ស​ម្នា​យ៉ាង​កុះ​ករ​មក​ធ្វើ​សក្ការ​បូ​ជា និង​ទស្សនា​ផ្ទាល់​ភ្នែក​នូវ​ហ្វូង​ជ្រឹង​ដ៏​ធំ​សម្បើម​ដែល​មាន​ខ្លួន​តោង​ជាប់​នឹង​មែក​ឈើ​នា​នា​ក្នុង​វត្ត។

ប៉ុន្តែ ដោយ​ការ​ប្រែ​ប្រួល​ពី​បរិស្ថាន​ធម្ម​ជាតិ​និង​ទេស​ភាព​តាម​ពេល​វេលា បាន​ធ្វើ​ឱ្យ​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ក្នុង​ស្រុក​ថយ​ចុះ​យ៉ាង​ខ្លាំង។ ទោះ​បី​ជា​មិន​មាន​សភាព​អ៊ូ​អរ​ដូច​ដំ​ណាក់​កាល​អភិ​វឌ្ឍន៍​ដ៏​រុង​រឿង​ក្តី ប៉ុន្តែ​ភាព​ស្ងប់​ស្ងាត់​និង​ធម្ម​ជាតិ​ដើម​នៃ​វត្ត​មហា​ទប់​នៅ​តែ​រក្សា​បាន​នូវ​ភាព​ទាក់​ទាញ​ដោយ​ឡែក។ បច្ចុប្បន្ន វត្ត​នៅ​តែ​រក្សា​បាន​នូវ​ចំ​នួន​ភ្ញៀវ​ទេស​ចរ​ស្ថិរ​ភាព ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ ដែល​មាន​បំ​ណង​ចង់​ស្វែង​យល់​អំ​ពី​ជម្រៅ​វប្ប​ធម៌ និង​ជំនឿ​សាសនា​របស់​ប្រ​ជា​ជន​អ្នក​ស្រុក។

ចែក​រំលែក​អំ​ពី​បញ្ហា​នេះ ព្រះ​តេជ​ព្រះ​គុណ ឡឹម​ទូ​លិន ព្រះ​ពហុស្សូត​វត្ត​មហា​ទប់ មាន​ថេរ​ដីកា​៖ “វត្ត​អា​រាម​មិន​មាន​ទិស​ដៅ​អ្វី​ទាក់​ទង​នឹង​ការ​អភិ​វឌ្ឍ​វិស័យ​ទេស​ចរណ៍​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​ផ្តោត​លើ​ការ​ប្រតិ​បត្តិ​ធម៌​វិន័យ ដើម្បី​កសាង​ជីវិត​ល្អ​ទាំង​ផ្លូវ​ធម៌ និង​ផ្លូវ​លោក។ វត្ត​អា​រាម​នៅ​តែ​បន្ត​រក្សា​ការ​រៀប​ចំ​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ផ្សេងៗ និង​មាន​វង់​ភ្លេង​ដើម្បី​ប្រ​គំ​កំ​ដរ​ភ្ញៀវ​ទេស​ចរ ក្នុង​បំ​ណង​ថែ​រក្សា​ប្រ​ពៃ​ណី​វប្ប​ធម៌​របស់​ជន​ជាតិ។ ចំ​ពោះ​លំ​ហូរ​ភ្ញៀវ​ទេស​ចរ​មក​កាន់​វត្ត​អា​រាម គឺ​អាត្មា​ភាព​និង​ព្រះ​សង្ឃ​គ្រប់​ព្រះ​អង្គ​តែង​តែ​ទទួល​ស្វា​គមន៍​ដោយ​ចិត្ត​ជ្រះ​ថ្លា​និង​មេត្តា​ធម៌​ជា​និច្ច”។

ទោះ​បី​ជា​គ្មាន​បំ​ណង​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ក្តី ប៉ុន្តែ​វត្ត​មហា​ទប់​មិន​ដែល​បិទ​ជិត​ឬ​ផ្ដាច់​ចេញ​ពី​សហ​គមន៍​ឡើយ។ បេតិក​ភណ្ឌ​អរូ​បី​នៅ​តែ​បាន​វត្ត​អា​រាម​ផ្សព្វ​ផ្សាយ​យ៉ាង​ប៉ិន​ប្រ​សប់ តាម​រយៈ​ការ​រក្សា​លំ​ហស​ម្តែង​វង់​ភ្លេង​ខ្សែ​ប្រ​ពៃ​ណី​នៅ​ចំ​បរិ​វេណ​វត្ត​ដើម្បី​កំ​ដរ​ភ្ញៀវ​ទេស​ចរ ព្រម​ទាំង​រៀប​ចំ​ថ្នាក់​បង្រៀន​សិល្បៈ​របាំ ថ្នាក់​រៀន​អក្សរ​ខ្មែរ និង​ភ្លេង​ពិ​ណ​ពាទ្យ​ ដែល​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ។

ការ​អភិវឌ្ឍ​វិស័យ​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​បណ្តា​វត្ត​អា​រាម​ខ្មែរ តម្រូវ​ឱ្យ​មាន​វិធី​សាស្ត្រ​ខិត​ជិត​ប្រ​កប​ដោយ​ភាព​បត់​បែន និង​សម្បូរ​បែប។ ទោះ​បី​ជា​ម្ចាស់​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ ឬ​រក្សា​នូវ​តម្លៃ​ប្រ​ពៃ​ណី​ស្ងប់​ស្ងាត់​ក៏​ដោយ ក៏​បេតិកភណ្ឌ​ទាំង​នេះ​សុទ្ធ​សឹង​តែ​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ជីវ​ភាព​រស់​នៅ និង​មុខ​របរ​ចិញ្ចឹម​ជីវិត​របស់​មា​មីង​នៅ​ក្នុង​ភូមិ​ស្រុក។ តាម​រយៈ​នោះ ការ​ក្តាប់​ច្បាស់​ទស្សនៈ​ពី​បណ្តា​វត្ត​អា​រាម ត្រូវ​បាន​ចាត់​ទុក​ថា​ជា "កូន​សោរ"  ដ៏​សំ​ខាន់ ជួយ​ឱ្យ​វិស័យ​ទេស​ចរណ៍​របស់​ភូមិ​ភាគ​រៀប​ចំ​នូវ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍ​ន៍ដ៏​ល្អិត​ល្អន់ ប្រ​កប​ដោយ​ចីរ​ភាព និង​បង្កប់​ទៅ​ដោយ​តម្លៃ​មនុស្ស​សាស្ត្រ​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ពេល​ខាង​មុខ៕

ថាញ​ហ៊ុង - ថា​ច់ធី​

ចែករំលែកអត្ថបទ