រៀងរាល់រដូវវិស្សមកាល នៅក្នុងបរិវេណវត្តអារាមនានានៃព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ នៅលើភូមិឋានទីក្រុងកឹងធើ តែងតែមានភាពអ៊ូអរទៅដោយសំឡេងប្រកបនិងអានមេរៀនរបស់សិស្សានុសិស្សដែលចូលរួមក្នុងថ្នាក់រៀនអក្សរខ្មែរ។ ថ្នាក់រៀនទាំងនេះ មិនត្រឹមតែបំពាក់បំប៉នចំណេះដឹងអំពីភាសាកំណើតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីជនជាតិ ព្រមទាំងបណ្តុះបណ្តាលសីលធម៌ និងរបៀបរស់នៅដ៏ល្អប្រពៃសម្រាប់ប្អូនៗជនរួមជាតិខ្មែរជំនាន់ក្រោយទៀតផង។

ពិធីបើកថ្នាក់បង្រៀនអក្សរខ្មែរ នៅវត្តឈូងធំ ឃុំឡាយហ្វា។
វត្តតាដើក ស្ថិតនៅសង្កាត់វិញចូវ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភាពអ៊ូអរជាងថ្ងៃធម្មតា។ សិស្សានុសិស្សក្នុងសម្លៀកបំពាក់សមរម្យរៀបរយ បានមកជួបជុំគ្នាយ៉ាងកុះករនៅក្នុងថ្នាក់រៀន។ ប្អូនៗបានយកចិត្តទុកដាក់សម្លឹងមើលទៅក្ដារខៀន រួមគ្នាប្រកបអក្សរម្តងមួយតួៗ ទៅតាមការណែនាំបង្រៀនយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ។
ប្អូន ថាច់ង៉ុកហ៊ឹង សិស្សថ្នាក់ទី ២ នៅក្នុងវត្ត បានចែករំលែកទាំងក្តីញញឹមថា៖ "ប្អូនមករៀនក្នុងវត្ត គឺមិនត្រឹមតែបានជួបជុំមិត្តភក្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចេះអក្សរខ្មែរថែមទៀតផង។ ក្រៅពីរៀនអក្សរលោកគ្រូនៅទាំងបង្រៀនដល់ខ្ញុំអំពីសីលធម៌ និងរបៀបរស់នៅ ការទំនាក់ទំនងរាប់អានចំពោះលោកតា លោកយាយ ឪពុកម្តាយ និងអ្នកជុំវិញខ្លួនផងដែរ"។

សិស្សានុសិស្សយកចិត្តទុកដាក់រៀនអក្សរខ្មែរនៅវត្តតាដើក សង្កាត់វិញចូវ។
ឆ្នាំនេះ វត្តតាដើក បើកថ្នាក់បង្រៀនអក្សរខ្មែរ ៣ ថ្នាក់ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៣ ដោយទាក់ទាញសិស្សានុសិស្សចូលរួមជិត ១០០ នាក់។ ក្នុងនាមជាអ្នកឈរថ្នាក់បង្រៀនផ្ទាល់ ព្រះតេជព្រះគុណថាច់ហា មានសង្ឃដីកា៖ "ឆ្នាំនេះ បរិយាកាសសិក្សារបស់ប្អូនៗមានភាពអ៊ូអរខ្លាំងណាស់។ ឪពុកម្តាយសិស្សជាច្រើនបានឆ្លៀតពេល ដើម្បីជូននិងទទួលប្អូនៗមករៀន។ មានប្អូនៗខ្លះទោះបីផ្ទះនៅឆ្ងាយ ក៏នៅតែបបួលគ្នាដើរ ឬជិះកង់មករៀនដែរ។ ជំនួសឱ្យការទុកឱ្យប្អូនៗនៅផ្ទះចំណាយពេលច្រើនទៅលើទូរស័ព្ទ ឬហ្គេមអនឡាញ ការមកវត្តដើម្បីរៀនអក្សរនិងរៀនសីលធម៌ គឺជួយឱ្យប្អូនៗមានការរីកចម្រើនគ្រប់ជ្រុងជ្រោយ និងមានសុខភាពល្អ"។
នៅវត្តឈូងធំ ឃុំឡាយហ្វា ថ្នាក់រៀនអក្សរសាស្ត្រខ្មែរនារដូវវិស្សមកាល បានបង្រៀនយ៉ាងទៀងទាត់ជាច្រើនឆ្នាំមកហើយ។ ក្នុងរដូវវិស្សមកាលឆ្នាំនេះ វត្តបានរៀបចំថ្នាក់រៀនចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៣ ដោយទាក់ទាញសិស្សានុសិស្សជាង ៣០០ នាក់ ដែលកំពុងសិក្សានៅតាមបណ្តាសាលាសកលចំណេះទូទៅក្នុងភូមិសាស្រ្តមកចូលរួម។ នៅក្នុងបន្ទប់រៀនដ៏សាមញ្ញ ប៉ុន្តែពោរពេញទៅដោយស្នាមញញឹម ប្អូនៗបានខិតខំហ្វឹកហាត់សរសេរអក្សរម្តងមួយតួ និងហាត់អានម្តងមួយព្យាង្គ ដោយការណែនាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកគ្រូបង្រៀន។ ចំពោះប្អូនដែលទើបតែចាប់ផ្តើមស្វែងយល់ពីភាសាជនជាតិ ការរៀនគឺចាប់ផ្តើមពីការចំណាំតួអក្សរព្យញ្ជនៈនិងស្រះពេញតួ ស្រះនិស្ស័យ បន្ទាប់មកគឺការហាត់អាន ហាត់សរសេរ រួចទើបឈានទៅដល់ការផ្សំប្រកបព្យញ្ជនៈនិងស្រះពេញតួ ស្រះនិស្ស័យ ។
ព្រះគ្រូចៅអធិការវត្តឈូងធំ ព្រះតេជព្រះគុណគីមធឿងមានថេរដីកា៖ «វិស្សមកាលគឺជាពេលវេលាដ៏សមស្របសម្រាប់ប្អូនៗមកវត្តដើម្បីរៀនអក្សរខ្មែរ។ នេះក៏ជាបំណងប្រាថ្នារួមរបស់ជនរួមជាតិខ្មែរ ក្នុងការថែរក្សានិងផ្ទេរជូននូវភាសា និងអក្សរសាស្ត្រជនជាតិដល់ប្អូនៗជំនាន់ក្រោយ។ ក្រៅពីនេះ ប្អូនៗក៏បានអប់រំអំពីសីលធម៌ វប្បធម៌នៃការទំនាក់ទំនងរាប់អាននិងការរស់នៅផងដែរ»។

លោកគ្រូណែនាំសិស្សអាននិងប្រកបអក្សរខ្មែរក្នុងថ្នាក់រៀនរដូវវិស្សមកាល។
មិនត្រឹមតែបង្រៀនអក្សរខ្មែរប៉ុណ្ណោះទេ វត្តជាច្រើនថែមទាំងបានបើកថ្នាក់រៀនបាលីពុទ្ធិកបឋមសិក្សា ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស និងសមណសិស្សក្នុងការលើកកម្ពស់ចំណេះដឹងវប្បធម៌ និងសាសនា។ នៅវត្តព្រែកអណ្តើក ឃុំញូយ៉ា រដូវវិស្សមកាលឆ្នាំនេះ មានសិស្សានុសិស្ស និងសមណសិស្សជាង១០០អង្គ/រូប បានចូលរួមថ្នាក់រៀនអក្សរខ្មែរនិងភាសាបាលី។ ព្រះតេជព្រះគុណឡឹមចន្ទសំណាង ព្រះពហុស្សូតវត្តព្រែកអណ្តើកមានសង្ឃដីកា៖ "វត្តតែងតែយកចិត្តទុកដាក់ចំពោះការងារអប់រំ និងបណ្តុះបណ្តាលដល់កូនចៅពុទ្ធបរិស័ទ។ ការបើកថ្នាក់រៀនអក្សរខ្មែរ និងភាសាបាលី មិនត្រឹមតែជួយឱ្យប្អូនៗយល់ដឹងពីភាសាជនជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការថែរក្សានូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិខ្មែរទៀតផង"។
ការចលនាបើកថ្នាក់បង្រៀនអក្សរខ្មែររដូវវិស្សមកាលមួយថ្ងៃកាន់តែរីកសាយភាយយ៉ាងខ្លាំង នៅតាមវត្តអារាមខ្មែរជាច្រើនក្នុងទីក្រុង ដូចជា៖ វត្តដើមអំពិល វត្តសិរីកណ្ដាល (សង្កាត់វិញភឿក) វត្តសាលាពោធិសិរីសាគរ វត្តសិរីក្រសាំង (សង្កាត់វិញចូវ) វត្តកំពង់ទ្រព្យ វត្តទំនប់ វត្តពាងសំរិទ្ធិ៍ (ឃុំអាងនិញ) វត្តព្រែកតាកួន (ឃុំយ៉ាហ្វា)...។ វត្តនីមួយៗទាក់ទាញសិស្សានុសិស្ស និងសមណសិស្សចាប់ពី សិបអង្គ/រូប រហូតដល់ជាង៤០០អង្គ/រូប ចូលរៀនចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៤ ព្រមទាំងថ្នាក់បាលីពុទ្ធិកបឋមសិក្សាផងដែរ។
ថ្នាក់រៀនទាំងនោះ កំពុងតែ "បណ្ដុះពន្លក"ចំណេះដឹងយ៉ាងស្ងៀមស្ងាត់ ចិញ្ចឹមនូវក្តីស្រឡាញ់ភាសាកំណើតនិងរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ សម្រាប់ប្អូនៗជំនាន់ក្រោយ៕
ថាច់ ពេជ្រ-ដាលីន