ជាច្រើនឆ្នាំមកនេះ អាស្រ័យប្រភពទុនដែលចលនាក្នុងសង្គម ខេត្តកាម៉ាវបានឧបត្ថម្ភថវិកាបោះទូកងថ្មី និងចាត់ក្រុមទូក ង ចូលរួមការប្រកួតប្រណាំងក្នុងខេត្ត និងតំបន់វាលរាបទន្លេគឺវឡុង។ តាមរយៈនោះ ចលនាប្រណាំងទូក ង របស់ខេត្តកាន់តែរីកចម្រើន រួមចំណែកថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។

បណ្តាទូក ង នៅតាមវត្តអារាម ចូលរួមការប្រឡងប្រណាំង នៅឃុំភឿកឡុង ខេត្តកាម៉ាវ។
ជារៀងរាល់ឆ្នាំ ក្រុមកីឡាករទូក ង វត្តសិរីមានជ័យវង្សស្រង់ នៅឃុំតឹងឡុក តែងតំណាងឱ្យខេត្តកាម៉ាវ ទៅចូលរួមអុំប្រណាំងក្នុងពិធីបុណ្យអកអំបុកនៅខេត្តសុកត្រាំង បច្ចុប្បន្នជាទីក្រុងកឹងធើ ហើយទទួលបានជ័យលាភីខ្ពស់ជាច្រើន។ រាល់លើកទៅចូលរួម ខេត្តកាម៉ាវតែងយក ចិត្តទុកដាក់ឧបត្ថម្ភថវិកាដល់ក្រុមទូក ង ហាត់សម និងប្រណាំង ម្ល៉ោះហើយបានបង្កជាកម្លាំងចលករ និងលើកកម្ពស់ស្មារតីស្រឡាញ់វិស័យកីឡារបស់មាមីងខ្មែរ។ លោកឡឹមធូ ប្រធានក្រុមកីឡាករទូក ង វត្តសិរីមានជ័យវង្សស្រង់ បានឱ្យដឹង៖ “ខេត្តកាម៉ាវ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចលនាប្រណាំងទូក ង របស់វត្ត ដោយបង្កលក្ខណៈល្អបំផុតសម្រាប់ទូក ង របស់វត្តចូលរួមការអុំប្រណាំងនៅក្នុងខេត្ត នៅទីក្រុងកឹងធើនិងតំបន់វាលរាបទន្លេគឺវឡុង។ ក្នុងឆ្នាំ២០២៥ ខេត្តបានឧបត្ថម្ភថវិកាចំនួន ៥០ លានដុងដល់ក្រុមកីឡាករទូក ង ដើម្បីចូលរួមការប្រណាំងនៅទីក្រុងកឹងធើ។ បច្ចុប្បន្ន ខេត្តបន្តឧបត្ថម្ភថវិកា ៦៥០ លានដុង សម្រាប់វត្តបោះទូកងថ្មីចូលរួមការប្រណាំងក្នុងឆ្នាំ២០២៦។ នេះពិតជាក្តីរីករាយ និងជាកម្លាំងចិត្តដ៏ធំធេង ដើម្បីវត្តបន្តរក្សាក្រុមកីឡាករទូក ង និងព្រួតដៃគ្នាថែរក្សាវិញ្ញាសាកីឡាប្រពៃណីរបស់ជនជាតិ”។
មិនត្រឹមតែឧបត្ថម្ភថវិកាហាត់សម និងបោះទូក ង ថ្មីប៉ុណ្ណោះទេ រដ្ឋអំណាចគ្រប់ថ្នាក់ និងគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ នៅទាំងចាត់តាំងការប្រណាំងទូក ង ប្រពៃណី ក្នុងឱកាសបុណ្យទានធំៗរបស់ជនជាតិនិងរបស់ប្រទេសទៀតផង។ តាមរយៈនោះ រួមចំណែកធ្វើឱ្យចលនាប្រណាំងទូក ង ក្នុងជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ កាន់តែរីកចម្រើន។ ព្រះតេជព្រះគុណ លីក្វាងឡុង ព្រះចៅអធិការវត្តសុរិយារាម ឃុំហឹងហោយ មានថេរដីកា៖ “ជារៀងរាល់ឆ្នាំ ឱ្យតែដល់ឱកាសបុណ្យចូលឆ្នាំថ្មី វត្តតែងរៀបចំការប្រណាំងទូក ង ខ្នាតតូច ដោយទាក់ទាញ ក្រុមកីឡាករទូក ង ទាំងក្នុងនិងក្រៅខេត្តមកចូលរួម។ តាមរយៈនោះ មិនត្រឹមតែបង្កបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យទានប៉ុណ្ណោះទេ នៅទាំងជំរុញវិស័យកីឡាប្រណាំងទូក ង ប្រពៃណី កាន់តែរីកចម្រើន និងរួមចំណែករឹតចំណងសាមគ្គី ភាពរវាងបណ្ដាជនជាតិទៀតផង។ ការប្រកួតនេះ តែងទទួលបានការយកចិត្តទុកដាក់ គាំទ្រ និងជួយឧបត្ថម្ភពីសំណាក់រដ្ឋអំណាចគ្រប់ថ្នាក់ និងជនរួមជាតិខ្មែរ”។
តាមប្រសាសន៍លោក ង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ តាមរយៈប្រភពចលនាក្នុងសង្គម ខេត្តតែងឧបត្ថម្ភថវិកាដល់ក្រុមទូក ង តាមបណ្ដាវត្ត ដើម្បីចូលរួមការប្រណាំងនៅទីក្រុងកឹងធើ។ ចំពោះវត្តដែលមានទូក ង ចាស់ទ្រុឌទ្រោម ខេត្តនឹងឧបត្ថម្ភថវិកាមួយផ្នែកដើម្បីជួយវត្តបោះទូក ង ថ្មី និងរៀបចំការប្រកួតក្នុងឱកាសបុណ្យទានផ្សេងៗ រួមចំណែកលើកតម្កើងតម្លៃវប្បធម៌ខ្មែរ។ ការប្រណាំងទូក ង ក៏ជាឱកាសមួយដើម្បីខេត្តផ្សព្វផ្សាយ ពីរូបភាពទេសចរណ៍និងលក្ខណៈពិសេសនៃវប្បធម៌- កីឡារបស់ជនជាតិខ្មែរ ជូនដល់ភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្តផងដែរ៕
យ្វីអាញ - ថាច់ធី