ដោយអស់ពីចិត្តនិងមានឆន្ទៈប្តូរផ្តាច់ជាមួយអាជីព តែងស្វែងរកវិធីសាស្រ្តបង្រៀនមានភាពច្នៃប្រតិដ្ឋ ជួយឱ្យសិស្សឆាប់យល់មេរៀន និងរៀនសូត្រមានភាពជឿនលឿន។ ទាំងនេះគឺជាការបញ្ជាក់របស់គណៈនាយកមិត្តរួមអាជីព ពេលនិយាយដល់លោកគ្រូ ត្រឹងមិញឌឹក គ្រូបង្រៀននៅអនុវិទ្យាល័យថាមដូង ឃុំង៉ុកតូ ទីក្រុងកឹងធើ។

លោកត្រឹងមិញឌឹក (ខាងស្តាំ) គ្រូបង្រៀនអស់ពីចិត្តនឹងអាជីព។
ក្នុងនាមជាកូនខ្មែរ កាលពីកុមារភាព លោកគ្រូ ត្រឹងមិញឌឹក មានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនអក្សរខ្មែរ ដោយមានបំណងរួមចំណែកអភិរក្សភាសានិងអក្សរសាស្រ្តជាតិ និងផ្សព្វផ្សាយនូវតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរដល់ជំនានក្រោយ។ ដើម្បីញ៉ាំងក្តីស្រមៃនោះឱ្យក្លាយជាការពិត គាត់បានខិតខំរៀនសូត្រដោយឥតឈប់ឈរ។ ក្រោយពីខិតខំព្យាយាមរៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំ នៅឆ្នាំ ១៩៩៨ គាត់បានបញ្ចប់ការសិក្សាផ្នែកគរុកោសល្យ៩+៣ ពីរភាសាវៀត - ខ្មែរ នៅអនុមហាវិទ្យាល័យគរុកោសល្យសុកត្រាំង (ចាស់) រួចបានចាត់ធ្វើជាគ្រូបង្រៀនទទួលបន្ទុករួមនៅអនុវិទ្យាល័យថាមដូង លុះដល់ឆ្នាំ ២០១១ គាត់បានប្តូរមកបង្រៀន អក្សរខ្មែររហូតដល់សព្វថ្ងៃ។ ដោយខិតខំប្រឹងប្រែង រៀនសូត្រ លើកកម្ពស់មុខជំនាញ និងរវៀសរវៃផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន សមស្របនឹងសិស្សម្នាក់ៗ ហេតុនោះ បានឆ្លើយតបនឹងតម្រូវការរបស់ផ្នែកអប់រំ នាបច្ចុប្បន្ន។ ចែករំលែកអំពីមុខជំនាញ លោកគ្រូឌឹក ឱ្យដឹង៖ “ដើម្បីបង្កចំណាប់អារម្មណ៍ដល់សិស្សចំពោះវិញ្ញាសាអក្សរខ្មែរ ក្នុងម៉ោងបង្រៀនខ្ញុំតែងប្រើវិធីសាស្រ្តពន្យល់ច្បាស់ៗ ចែកជាក្រុមដើម្បីប្អូនៗពិភាក្សា លត់ដំបំណិនស្តាប់ និយាយ អានសរសេរ និងឱ្យប្រែវាក្យស័ព្ទ ប្រយោគពីភាសាវៀតមកភាសាខ្មែរ និងផ្ទុយមកវិញ”។ ក្រៅពីការស្រាវជ្រាវ និងអនុវត្តវិធីសាស្រ្តបង្រៀនថ្មី លោកគ្រូនៅទាំងមានគំនិតច្នៃប្រតិដ្ឋជាច្រើនដែលមានប្រសិទ្ធភាពក្នុងមុខជំនាញ ដូចជា៖ គំនិតច្នៃប្រតិដ្ឋ “វិធានការពង្រីកវាក្យស័ព្ទ បញ្ចេញមនោសញ្ចេតនាដល់សិស្សរៀនភាសាខ្មែរថ្នាក់ទី៨ នៅអនុវិទ្យាល័យថាមដូង” តាមរយៈការអនុវត្ត បានជួយឱ្យសិស្សមានទំនុកចិត្តក្នុងការសន្ទនា និងចូលចិត្តរៀនអក្សរខ្មែរជាងទៀត ផ្តើមពីនោះ លទ្ធផលរៀនសូត្ររបស់ប្អូនៗបានលើកកម្ពស់។ ក្នុងចំណោមសិស្សដែលលោកគ្រូចូលរួម បំពាក់បំប៉ន បានទទួលរង្វាន់ជាច្រើននៅក្នុងសម័យប្រឡងសិស្សពូកែ រួមមាន៖ រង្វាន់លេខ ៣ ថ្នាក់ស្រុកចំនួន ១; រង្វាន់លេខ ២ និងរង្វាន់លេខ ៣ ថ្នាក់ខេត្តចំនួន១។
“លោកគ្រូឌឹក មានមុខជំនាញល្អ សកម្មក្នុងការបង្ហាត់បង្រៀន តែងរៀនសូត្រដើម្បីលើកកម្ពស់សមត្ថភាពមុខជំនាញ ឆ្លើយតបនឹងតម្រូវការអប់រំនាបច្ចុប្បន្ន។ នៅក្នុងសាលា លោកគ្រូជាអ្នកបំផុស គំនិតឱ្យសិស្សស្រឡាញ់ចូលចិត្តរៀនអក្សរខ្មែរ ជួយឱ្យប្អូនៗចេះដឹងនិងយល់ច្បាស់ជាងទៀតអំពីអត្តសញ្ញាណវប្បធម៌ជាតិ” លោកគ្រូឡឹមអាញបាំង នាយកសាលាបានឱ្យដឹងដូច្នេះ។
ការខិតខំប្រឹងប្រែងរបស់លោកគ្រូឌឹក បានតបស្នងយ៉ាងសក្តិសមក្នុងអំឡុងពេលជាច្រើនឆ្នាំមកនេះ លោកគ្រូតែងបានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ ជូនប័ណ្ណសរសើរ កិត្តិនាមនិងជូនរង្វាន់ជាច្រើន រង្វាន់ខាងលើគឺជាកម្លាំងចលករ ដើម្បីលោកគ្រូនិងកម្មាភិបាលគ្រូបង្រៀនរបស់សាលាបន្តខិតខំប្រឹងប្រែង ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស រក្សាចំណង់ ចំណូលចិត្តបណ្តុះក្តីស្រមៃអំពីចំណេះដឹង រួមចំណែកបណ្តុះបណ្តាលសិស្សសកម្ម ម្ចាស់ការនិងមានគំនិតច្នៃប្រតិដ្ឋ ឆ្លើយតបនឹងតម្រូវការរបស់សង្គមក្នុងយុគសម័យថ្មី៕
ថាញវ៉ាង - វិមាន