ថ្ងៃឈប់សម្រាកវិស្សមកាល បរិវេណវត្តអង្គររាជបុរី (វត្តអង្គ) សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង សូរកងរំពងសំឡេងប្រកបអក្សរ អានមេរៀននៃប្អួនៗសិស្សានុសិស្សដែលកំពុងរៀនអក្សរខ្មែរ។ នេះគឺជាសកម្មភាពដែលបានវត្តរក្សាយូរឆ្នាំមកហើយ សំដៅបង្កលក្ខណៈដើម្បីកូនចៅជនរួមជាតិខ្មែរបានរៀនសូត្រ ហ្វឹកហាត់ និងអភិរក្សភាសា អក្សរសាស្ត្ររបស់ជនជាតិខ្លួន។
មិនត្រឹមតែជាកន្លែងគោរពជំនឿសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ វត្តអង្គរថែមទាំងជាអាសយដ្ឋានគំរូក្នុងការអភិរក្សវប្បធម៌ប្រពៃណីទៀតផង។ រាល់ពេលវិស្សមកាល វត្តបានសហការជាមួយសាលាបឋមសិក្សាង្វៀងត្រាយ រៀបចំបើកថ្នាក់បង្រៀនអក្សរដល់សិស្សពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៤ ដោយមានសិស្សរាប់រយនាក់ចូលមករៀន។ ក្រៅពីការរៀនអាន រៀនសរសេរ ប្អូនៗបានស្វែងយល់ពីទំនៀមទម្លាប់ ប្រពៃណី សីលធម៌ និងតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរផងដែរ។



ជ្រុងមួយនៃវត្តអង្គរ កន្លែងដែលច្រើនឆ្នាំមកហើយរក្សាថ្នាក់រៀនអក្សរខ្មែរ សម្រាប់សិស្សានុសិស្ស និងសមណសិស្ស រួមចំណែកអភិរក្សភាសា និងអក្សរសាស្ត្ររបស់ជនជាតិ។
ប្អូនគឹមហ្វីថា សិស្សថ្នាក់ទី ៥ សាលាបឋមសិក្សាង្វៀងត្រាយ ចែករំលែក៖ "រាល់ពេលវិស្សមកាល ប្អូនតែងមកវត្តដើម្បីរៀនអក្សរខ្មែរ។ ប្អូនសប្បាយចិត្តខ្លាំងណាស់ដែលចេះអាន ចេះសរសេរអក្សរខ្មែរ ហើយថែមទាំងបានព្រះសង្ឃបង្រៀនពីទំនៀមទម្លាប់ ប្រពៃណី និងសីលធម៌ទៀតផង។ ប្អូននឹងខិតខំរៀនឱ្យពូកែ ដើម្បីថ្ងៃក្រោយបានរួមចំណែកអភិរក្ស និងបង្រៀនបន្តអក្សរសាស្ត្ររបស់ជនជាតិដល់អ្នកជំនាន់ក្រោយ"។ រីឯបងស្រី ត្រឿង ធីឡែធ្វី ដែលជាម្តាយ ប្អូនត្រឿង ធីគីមថ័រ ឱ្យដឹង៖ ការដែលឱ្យកូនរៀនអក្សរខ្មែរនៅវត្ត មិនត្រឹមតែជួយឱ្យកូនចេះអាន ចេះសរសេរភាសាកំណើតទេ គឺបង្កមូលដ្ឋានគ្រឹះដើម្បីថ្ងៃក្រោយបន្តចូលរៀននៅសាលាមធ្យមសិក្សាខ្មែរ-បាលី វិញឡុងទៀត។ ក្នុងអំឡុងពេលវិស្សមកាល កូនបានរៀនសូត្រក្នុងបរិស្ថានល្អប្រសើរ ម្ល៉ោះហើយគ្រួសារក៏ស្ងប់ចិត្តពលកម្មផលិត។


សិស្សានុសិស្សកំពុងយកចិត្តទុកដាក់រៀនអក្សរខ្មែរនៅវត្តអង្គរក្នុងឱកាសវិស្សមកាល។
ព្រះតេជព្រះគុណ ឡឹមហូវ ទទួលបន្ទុកថ្នាក់រៀនអក្សរខ្មែរនៅវត្តមានថេរដីកា៖ ការបើកថ្នាក់បង្រៀនអក្សរខ្មែរមិនត្រឹមតែជួយឱ្យសិស្សចេះប្រើប្រាស់ភាសា និងអក្សរសាស្ត្ររបស់ជនជាតិបានស្ទាត់ជំនាញប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបណ្តុះស្មារតីអភិរក្សអត្តសញ្ញាណវប្បធម៌ប្រពៃណីផងដែរ។ វត្តតែងបង្កលក្ខណៈងាយស្រួលឱ្យប្អួនៗបានរៀនសូត្រ ព្រមទាំងលើកទឹកចិត្តឱ្យសិស្សបន្តការសិក្សានៅថ្នាក់ខ្ពស់ជាង។ "អាត្មាភាពសហការជាមួយសាលាបឋមសិក្សាង្វៀងត្រាយ ចាត់តាំងថ្នាក់រៀនរដូវវិស្សមកាលសម្រាប់សិស្ស។ បច្ចុប្បន្ន វត្តកំពុងបើកថ្នាក់អក្សរខ្មែរពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៤ ដែលមានសិស្សប្រមាណ ២៥០ នាក់។ ទន្ទឹមនឹងនោះ វត្តក៏បានសហការបើកថ្នាក់រៀនអក្សរខ្មែរនៅភូមិបត់ចេក និងចាត់តាំងបើកថ្នាក់មធ្យមសិក្សាខ្មែរ-បាលី ឆ្នាំទី ១ ដែលមានសិក្ខាកាម និងសមណសិស្សចំនួន ២៩ អង្គ/រូប។ ប៉ុន្មានឆ្នាំមកនេះ ថ្នាក់រៀនបានទាក់ទាញប្អូនៗ និងសមណសិស្សមកពីភូមិស្រុកជាច្រើនក្នុងតំបន់ដែលចូលរួមរៀនសូត្រ" ព្រះតេជព្រះគុណ ឡឹមហូវ មានថេរដីកាដូច្នេះ។
មិនត្រឹមតែបំពេញបានល្អតួនាទីអប់រំទេ វត្តអង្គរថែមទាំងជាគោលដៅទេសចរណ៍វប្បធម៌គួរជាទីចាប់អារម្មណ៍របស់ខេត្តវិញឡុងទៀតផង។ មកដល់ទីនេះ ភ្ញៀវទេសចរមិនត្រឹមតែបានទស្សនាស្ថាបត្យកម្មខ្មែរដ៏វិចិត្រទេ គឺមានឱកាសស្វែងយល់ពីជីវភាពវប្បធម៌ ជំនឿនិងប្រពៃណីរបស់ជនជាតិខ្មែរណាមបូផង។ ម្យ៉ាងវិញទៀត ការរក្សាថ្នាក់រៀនអក្សរខ្មែរនៅវត្តអង្គរ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សភាសា និងវប្បធម៌ជនជាតិខ្មែរ។ នេះមិនត្រឹមតែជាកន្លែងផ្ទេរចំណេះដឹងនោះទេ ថែមទាំងជាកន្លែងបណ្តុះក្តីស្រឡាញ់ចំពោះភាសាកំណើត បណ្តុះក្តីមោទនៈជាតិ រួមចំណែកអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីសម្រាប់មនុស្សជំនាន់ក្រោយៗទៀតផង៕
ទីទុយ - លីសៀ