25/06/2026 - 21:48

វត្ត​តា​សែន កន្លែង​បណ្តុះ​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ពុទ្ធ​បរិស័ទ​ 

ទោះ​បី​ស្ថិត​ក្នុង​រដូវវិស្សម​កាល​ បរិវេណ​វត្ត​សិរី​សទ្ធា​រាម ​(តា​សែន​ និង​សា​លា​ទាន​បទុម​កេសរ​តា​សែន​គោក (ខេត្ត​វិញ​ឡុង​) នៅ​តែ​លាន់​ឮ​រំ​ពង​ដោយស​ម្លេង​អាន​មេ​រៀន​របស់​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​ជាង ១០០ នាក់។ ថ្នាក់​រៀន​អក្សរ​ខ្មែរ​ទី​នេះ​មិន​ត្រឹម​តែ​បង្រៀន​អក្សរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​បណ្តុះ​សីល​ធម៌ និង​ថែ​រក្សា​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ផូរផង់​សម្រាប់​ជំនាន់​ក្រោយ​ទៀត​ផង។

 

ក្បូរ​ក្បាច់​ដ៏​ស្រស់​ស្អាត​នៃ​ខ្លោង​ទ្វារ​សា​លា​ទាន​បទុម​កេសរ​តា​សែន​គោក ស្ថិត​នៅ​ក្បែរ​ផ្លូវ​ជាតិ​លេខ ៥៤ ដែល​ជា​ទី​កន្លែង​បើក​បង្រៀន​អក្សរ​ខ្មែរ​នា​ពេល​រសៀល​។

ស្ថិត​នៅ​អនុ​សង្កាត់​ហ្វា​ថា​ញ់ ១ សង្កាត់​ដុង​ថា​ញ់ ខេត្ត​វិញ​ឡុង វត្ត​តា​សែន​ជា​មជ្ឈ​មណ្ឌល​វប្ប​ធម៌​និង​អប់​រំ​ដ៏​រឹង​មាំ​របស់​មា​មីង​ខ្មែរ​ក្នុង​តំ​បន់​ជា​យូរ​លង់​មក​ហើយ។ ឆ្នាំ​នេះ វត្ត​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្សា​នុសិស្ស ១០០ នាក់ ចាប់​ពី​ថ្នាក់​ទី​ ១ ដល់​ថ្នាក់​ទី ៣ ហើយ​ក្នុង​មួយ​ថ្នាក់​ៗចែក​ជា ២ បន្ទប់។ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​រៀន​សូ​ត្រ​របស់​កូន​ចៅ​ពុទ្ធ​បរិស័ទ និង​ងាយ​ស្រួល​រៀប​ចំ​កន្លែង​បង្រៀន​នៅ​ទី​តាំង​ទាំង​ពីរ​ផង។

ពេល​ព្រឹក​ ចាប់​តាំង​ពី​ម៉ោង ៧ ដល់​ម៉ោង ៩ ថ្នាក់​រៀន​ទាំង ៣ ដំណើរ​ការ​នៅ​ក្នុង​បរិវេណ​វត្ត​តា​សែន។ ពេល​រសៀល ចាប់​តាំង​ពី​ម៉ោង​១៤ ដល់​ម៉ោង ១៦ ថ្នាក់​រៀន​ដំណើរ​ការ​នៅ​សា​លា​ទាន​បទុម​កេសរ​តា​សែន​គោក ស្ថិត​នៅ​ក្បែរ​ផ្លូវ​ជាតិ​លេខ ៥៤ ចម្ងាយ​ពី​វត្ត​តា​សែន​ប្រហែល ២ គី​ឡូ​ម៉ែ​ត្រ​។ ការ​រៀប​ចំ​ដ៏​សម​ស្រប​នេះ​ជួយ​សម្រាល​ការ​ធ្វើ​ដំ​ណើរ​របស់​កុមារ​ដែល​នៅ​ឆ្ងាយ ព្រម​ទាំង​បង្ក​លក្ខ​ណៈងាយ​ស្រួល​ដល់​អា​ណា​ព្យា​បាល​សិស្ស​ក្នុង​ការ​ជូន​និង​ទទួល​កូន​ចៅ​ទៅ​មក​រៀន​សូត្រ។

លោក​គ្រូ​ថា​ច់ហាយ បង្រៀន​សិស្ស​ថ្នាក់​ទី​១ នៅ​វត្ត​តា​សែន។

ទទួល​បន្ទុក​បង្ហាត់​បង្រៀន​នៅ​ទី​នេះ មិន​មែន​ជា​គ្រូ​បង្រៀន​ក្រប​ខ័ណ្ឌ​នោះ​ទេ គឺ​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ដែល​មាន​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ការ​ជួយ​សង្គម។ លោក​គ្រូ ថាច់​ហាយ បង្រៀន​ថ្នាក់​ទី ១ បាន​ឱ្យ​ដឹង​៖ "ដោយ​សារ​ទឹក​ចិត្ត​ជ្រះ​ថ្លា​និង​អា​ណិត​ស្រ​ឡាញ់​កុមារ ទើប​ខ្ញុំ​មក​ជួយ​វត្ត។ ខ្ញុំ​ចង់​ផ្ទេរ​ចំ​ណេះ​ដឹង​មូល​ដ្ឋាន ជួយ​ឱ្យ​កុមារ​ចេះ​អាន​ចេះ​សរ​សេរ​អក្សរ​ខ្មែរ។ ទៅ​ថ្ងៃ​មុខ បើ​កូន​ចៅ​ណា​ម្នាក់​មាន​និស្ស័យ​សាង​ផ្នួស ក៏​ងាយ​ស្រួល​អាន​ទន្ទេញ​ធម៌​អាថ៌​វិន័យ​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ"។

ដើម្បី​រក្សា​ចំ​នួន​សិស្សា​នុសិស្ស​ជាង ១០០នាក់​ចូល​រៀន​ទៀង​ទាត់ គឺ​ជា​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ទឹក​ចិត្ត​លះ​បង់​ដ៏​ខ្ពង់​ខ្ពស់​របស់​គណៈ​កម្ម​ការ​វត្ត ក្នុង​នោះ​មាន​ព្រះ​តេជ​គុណ ថាច់​បឿក អនុ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ខេត្ត​វិញ​ឡុង និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​តា​សែន ជា​ប្រ​មុខ​ផង​ដែរ។ ព្រះ​តេជ​ព្រះ​គុណ ថាច់​បឿក មាន​ថេរ​ដីកា​បញ្ជាក់៖ "វត្ត​អា​រាម​ជា​កន្លែង​ថែ​រក្សា​ភាសា​និង​អក្សរ​សាស្ត្រ​ខ្មែរ។ ក្មួយ​ៗកុមារ​ត្រូវ​ការ​សិក្សា​ដើម្បី​យល់​ច្បាស់​ពី​វប្ប​ធម៌ ប្រ​ពៃ​ណី​និង​ទំនៀម​ទម្លាប់។ ជា​ពិ​សេស​គឺ​ការ​ថែ​រក្សា​ប្រ​ពៃ​ណី​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ឱ្យ​បាន​យូរ​អង្វែង។ ហេ​តុ​នេះ​ហើយ មុន​វិស្សម​កាល​ម្តងៗ អាត្មា​ភាព​តែង​ប្រ​កាស​តាម​ឧគ្ឃោសន​សព្ទ និង​រំលឹក​យាយ​តា​មា​មីង​ក្នុង​ឱ​កាស​បុណ្យ​ទាន​និង​ថ្ងៃ​សីល ដើម្បី​បរិស័ទ​ម្ចាស់​ការ​នាំ​កូន​ចៅ​មក​វត្ត​រៀន​អក្សរ​ខ្មែរ​ក្នុង​រយៈ​ពេល ៣ ខែ​នេះ​ឱ្យ​បាន​ទៀង​ទាត់"។

មិន​ត្រឹម​តែ​បាន​សិក្សា​លេខន​ព្វន្ត​និង​អក្សរ​ប៉ុណ្ណោះ​ទេ ប្អូន​ៗកុមារ​ថែម​ទាំង​បាន​អប់​រំ​ពី​សីល​ធម៌​រស់​នៅ​យ៉ាង​ស៊ី​ជម្រៅ​ទៀត​ផង។ ព្រះ​សង្ឃ​និង​លោក​គ្រូ​តែង​តែ​គួប​ផ្សំ​បង្រៀន​មេ​រៀន​សុជីវ​ធម៌ តាំង​ពី​ការ​ឱន​សំ​ពះ​គោរព​ព្រះ​សង្ឃ​គោ​រព​ចាស់​ទុំ រហូត​ដល់​ការ​ស្រ​ឡាញ់​រាប់​អាន​មិត្ត​ភក្តិ។ ជាក់​ស្តែង​ក្នុង​មួ​យស​ប្តាហ៍​ម្តង វត្ត​តែង​រៀប​ចំ​ការ​ហាត់​សម​ថ្វាយ​បង្គំ​និង​ចម្រើន​កម្ម​ដ្ឋាន​រយៈ​ពេល ១៥ នា​ទី​នៅ​ក្នុង​ព្រះ​វិហារ​ ដើម្បី​ជួយ​ឱ្យ​កុមារ​បង្កើន​ការ​ផ្ចង់​អា​រម្មណ៍​និង​បណ្តុះ​ផ្លូវ​ចិត្ត​ស្ងប់​ល្អ។

ជួប​សំ​ណេះ​សំ​ណា​លក្នុង​ឱ​កាស​ជូន​ចៅ​ស្រី​មក​រៀន ឈ្មោះ​ថាច់​ធី​សា​មៀ រៀន​ថ្នាក់​ទី ១ នៅ​វត្ត ពូ​ថាច់​រ៉ី​ សម្តែង​នូវ​ក្តី​រំភើប​៖ "ខ្ញុំ​មាន​សេច​ក្ដី​ជ្រះ​ថ្លា​និង​ត្រេក​អរ​យ៉ាង​ក្រៃ​លែង​ចំ​ពោះ​វត្ត​អា​រាម​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បើក​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​ឱ​កាស​វិស្សម​កាល​បែប​នេះ។ អា​ស្រ័យ​ដោយ​បាន​ចូល​វត្ត​រៀន​អក្សរ​និង​ធម៌​អាថ៌ ចៅ​ខ្ញុំ​ឥ​ឡូវ​មាន​ការ​ផ្លាស់​ប្ដូរ​ឥរិ​យា​បថ និង​សុភាព​រាប​សារ​ល្អ​ណាស់។ សង្ឃឹម​ថា ទៅ​ថ្ងៃ​អនាគត​ចៅ​ខ្ញុំ​នឹង​ក្លាយ​ជា​ទំ​ពាំង​ស្នង​ឫស្សី​ដ៏​ល្អ ដើម្បី​ថែ​រក្សា​និង​លើក​កម្ពស់​វប្ប​ធម៌​ដូន​តា​ឱ្យ​កាន់​តែ​ចម្រើន​រុង​រឿង​និង​ឋិត​ថេរ​ចីរ​កាល”។

ក្ដី​រីក​រាយ​នោះ​ក៏​បាន​ស្ដែង​ឡើង​ក្នុង​កែវ​ភ្នែក​ប្អូន គឹមថាញ​ញឹង សិស្ស​ថ្នាក់​ទី​៣ ៖ “មក​រៀន​នៅ​វត្ត​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ បាន​ជួប​ជុំ​មិត្ត​ភក្តិមក​រៀន​យ៉ាង​កុះ​ករ និង​បាន​លេង​ល្បែង​កម្សាន្ត​នា​នា។ អ្វី​ដែល​ចាប់​អា​រម្មណ៍​បំ​ផុត​នោះ​គឺ​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ដល់​ថ្ងៃ​វត្ត​ចាត់​តាំង​ការ​ប្រ​ឡង បើ​ទទួល​បាន​លទ្ធ​ផល​ល្អ ពួក​ខ្ញុំ​នឹង​បាន​រង្វាន់​ជា​ថវិកា​ សៀវ​ភៅ និង​ប៊ិច ទុក​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ហេតុ​នេះ​ខ្ញុំ​ខិត​ខំ​រៀន​សូ​ត្រ​ខ្លាំង​ណាស់"។

សៀវ​ភៅ​ ប៊ិច ឬ​រង្វាន់​លើក​ទឹក​ចិត្ត ទោះ​បី​មាន​តម្លៃ​តិច​តួច​ក្តី ប៉ុន្តែ​ជា​ប្រ​ភព​លើក​ទឹក​ចិត្ត​យ៉ាង​ធំ​ធេង ជួយ​ឱ្យ​សិស្សា​នុសិស្ស​មាន​កម្លាំង​ចិត្ត​បន្ថែម​ទៅ​កាន់​សា​លា​រៀន។ ពេល​សូរ​ជួង​វត្ត​បន្លឺ​ឡើង​ លាយឡំ​នឹង​សំឡេង​សើច​ក្អាក​ក្អាយ​នៅ​លើ​ដង​ផ្លូវ​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ ក៏​ជា​ពេល​ដែល​ក្តី​រីក​រាយ​ក្នុង​ការ​រៀន​សូ​ត្រ​និង​ពន្លឺ​នៃ​ចំ​ណេះ​ដឹង​បាន​បំ​ភ្លឺ​ដល់​ប្អូន​ៗផង​ដែរ។ ទី​វត្ត​អា​រាម រហូត​ដល់​សា​លា​ទាន​បទុម​កេសរ​តា​សែន​គោក ស្ថិត​នៅ​ក្បែរ​ផ្លូវ​ជាតិ​លេខ​៥៤ គឺ​ជា​ថ្នា​លប​ណ្តុះ​អក្សរ​ខ្មែរ​និង​ជា​កន្លែង​ថែ​រក្សា​វប្ប​ធម៌​ប្រ​ពៃ​ណី ទំនៀម​ទម្លាប់​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ឱ្យ​បាន​ឋិត​ថេរ​ចីកាល​ជា​យូរ​អង្វែង៕

ថា​ច់ធី​

ចែករំលែកអត្ថបទ