សមាគមកសិករឃុំទ្រឿងខាញ់ និងសមាគមកសិករឃុំតឹងថាញ់ (ទីក្រុងកឹងធើ) បានអនុវត្តទម្រង់ឃោសនា ផ្សព្វផ្សាយច្បាប់ជាច្រើន។ តាមនោះ ជួយឱ្យសមាជិកសមាគមកសិករបង្កើនការយល់ដឹង និងយល់ច្បាស់អំពីបទប្បញ្ញត្តិច្បាប់ ដើម្បីប្រតិបត្តិនិងអនុវត្តឱ្យបានត្រឹមត្រូវក្នុងជីវភាពប្រចាំថ្ងៃ។

សមាគមកសិករឃុំតឹងថាញ់ បានបង្ហាញមុខទម្រង់ក្លឹប "កសិករជាមួយច្បាប់" បង្កើតទីលានកម្សាន្តដ៏មានប្រយោជន៍សម្រាប់សមាជិកនិងកសិករ។
ពីដើមឆ្នាំមកនេះ សមាគមកសិករឃុំទ្រឿងខាញ់បានចាត់តាំងផ្សព្វផ្សាយច្បាប់ចំនួន ១៦លើក នៅ១៦ភូមិ ដោយទាក់ទាញបានសមាជិកនិងកសិករប្រមាណ ៨០០ នាក់ចូលរួម។ ខ្លឹមសារផ្សព្វផ្សាយផ្តោតលើបទប្បញ្ញត្តិច្បាប់ដែលពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃ និងការផលិត ដូចជា ច្បាប់ដីធ្លី ច្បាប់ស្តីពីការសម្របសម្រួលនៅមូលដ្ឋាន ច្បាប់ស្តីពីការបង្ការ និងការគ្រប់គ្រងអំពើហិង្សាក្នុងគ្រួសារ ច្បាប់ស្តីពីសណ្តាប់ធ្នាប់និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីការការពារបរិស្ថាន។ ទន្ទឹមនឹងនោះ បានរួមបញ្ចូលផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារ បង្ការ បង្រ្កាប់បទល្មើសនិងបាបគ្រោះសង្គម បង្ការ បង្រ្កាប់ការបោកប្រាស់តាមបណ្តាញអ៊ីនធឺណិត និងគោលនយោបាយថ្មីៗ អំពីការអភិវឌ្ឍកសិកម្មនិងជនបទ។
ទន្ទឹមនឹងនោះ សមាគមបានសហការជាមួយបណ្តាផ្នែកសមត្ថកិច្ច រណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយ-សង្គម ចាត់តាំងឃោសនា ផ្សព្វផ្សាយច្បាប់ចំនួន ១២លើក តាមរយៈការប្រជុំសាខា ក្រុម សមាគម ការប្រជុំប្រជាជន និងបណ្តាចលនាប្រឡងប្រណាំង។ សមាគមនៅទាំងឆ្លៀតផ្សព្វផ្សាយតាមប្រព័ន្ធឧគ្ឃោសនសព្ទ មានរយៈពេល ១០នាទីក្នុងមួយសប្តាហ៍ រក្សាបណ្តាក្រុម Zalo របស់សាខាសមាគម និងបណ្តាគេហទំព័រព័ត៌មានអេឡិចត្រូនិក ដើម្បីធ្វើបច្ចុប្បន្នភាពឱ្យបានទាន់ពេលបណ្តាឯកសារច្បាប់ថ្មីៗ ព្រមានអំពីវិធី ល្បិចកលសកម្មភាពរបស់ពួកជនទុច្ចរិត ជាពិសេសគឺសកម្មភាពបោកប្រាស់តាមបណ្តាញអ៊ីនធឺណិត ជួយឱ្យសមាជិកមានការប្រុងប្រយ័ត្ន ម្ចាស់ការការពារទ្រព្យសម្បត្តិ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួននិងគ្រួសារ។
លោកង្វៀងវ៉ាំងហុង សមាជិកសមាគមកសិករភូមិទ្រឿងថ ឃុំទ្រឿងខាញ់ បានឱ្យដឹង៖ "អាស្រ័យបានចូលរួមបណ្តាវគ្គឃោសនា ខ្ញុំយល់ច្បាស់ជាងអំពីបណ្តាបទប្បញ្ញត្តិស្តីពីដីធ្លី នីតិវិធីរដ្ឋបាល និងគោលនយោបាយឧបត្ថម្ភការផលិតកសិកម្ម ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ បន្ថយការខុសឆ្គងក្នុងការផលិតនិងលក់ដូរ"។
តាមលោកត្រឹងវ៉ាំងក្វឹក អនុប្រធានប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ប្រធានសមាគមកសិករឃុំទ្រឿងខាញ់ អាស្រ័យការអនុវត្តព្រមៗគ្នានូវទម្រង់ឃោសនាជាច្រើន ការយល់ដឹងនិងស្មារតីគោរពច្បាប់របស់សមាជិកមានការផ្លាស់ប្តូរជាវិជ្ជមាន សមាជិកកាន់តែម្ចាស់ការស្វែងយល់ អនុវត្តបានត្រឹមត្រូវតាមបណ្តាបទប្បញ្ញត្តិនៃច្បាប់ និងចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។ សមាគមនឹងបន្តផ្លាស់ថ្មីខ្លឹមសារ វិធីសាស្ត្រឃោសនា ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាឌីជីថល និងកសាងកងជួរឃោសនិកនៅមូលដ្ឋាន សំដៅលើកកម្ពស់ប្រសិទ្ធភាពផ្សព្វផ្សាយ អប់រំច្បាប់ក្នុងសមាជិកសមាគមកសិករ។
សមាគមកសិករឃុំតឹងថាញ់ បាននាំយកច្បាប់ដល់កសិករតាមរយៈទម្រង់ក្លិប "កសិករជាមួយច្បាប់"។ ក្នុងពេលប្រជុំតាមកាលកំណត់ កម្មាភិបាល សមាជិកបានដោះដូរ រៀនសូត្រ និងបានដោះស្រាយទាន់ពេលនូវបណ្តាបញ្ហាពាក់ព័ន្ធដល់ជីវភាពនិងការផលិត។
លោកង្វៀងវ៉ាំងហូវ រស់នៅភូមិ១ ឃុំតឹងថាញ់ បាននិយាយ៖ "ក្លិប "កសិករជាមួយច្បាប់" បានបង្កទីលានកម្សាន្តដ៏មានប្រយោជន៍សម្រាប់សមាជិកនិងកសិករ។ យើងខ្ញុំមានលក្ខណៈជួបជុំ ដោះដូរបទពិសោធន៍ យល់ច្បាស់ជាងអំពីបណ្តាបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធដល់ដីធ្លី ការផលិត និងជីវភាពរស់នៅប្រចាំថ្ងៃ។ តាមរយៈការប្រជុំ រាល់ការលំបាក ជំពាក់ជំពិនដែលកើតឡើងក៏បានដោះស្រាយទាន់ពេល រួមចំណែកកាត់បន្ថយការវិវាទ និងលើកកម្ពស់ស្មារតីគោរពច្បាប់ក្នុងសហគមន៍"។
តាមលោកស្រី ទ្រីវធីគីមហ្វា អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ប្រធានសមាគមកសិករឃុំតឹងថាញ់ ក្លិប "កសិករជាមួយច្បាប់" គឺជាទម្រង់ជាក់ស្តែង ទោះបីទើបតែសកម្មភាព ប៉ុន្តែបានរួមចំណែកនាំយកច្បាប់មកខិតជិតនឹងប្រជាជន។ តាមរយៈការប្រជុំតាមកាលកំណត់ សមាជិកបានធ្វើបច្ចុប្បន្នភាពបណ្តាបទប្បញ្ញត្តិថ្មីៗ បានពិគ្រោះយោបល់ ឧបត្ថម្ភដោះស្រាយរាល់ការជំពាក់ជំពិនដែលកើតឡើងក្នុងជីវភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួលនៅមូលដ្ឋាន រួមចំណែករក្សាខ្ជាប់សន្តិសុខសណ្តាប់ធ្នាប់និងកសាងជីវភាពវប្បធម៌នៅមូលដ្ឋាន។
បណ្តារបៀបធ្វើរបស់សមាគមកសិករឃុំទ្រឿងខាញ់ និងសមាគមកសិករឃុំតឹងថាញ់ ជាជំហានៗនាំយកច្បាប់ "ជ្រួតជ្រាប" ចូលក្នុងជីវភាពរស់នៅ និងសន្សឹមៗជួយឱ្យកសិករបង្កបានស្មារតី ទម្លាប់រស់នៅនិងធ្វើការតាមរដ្ឋធម្មនុញ្ញនិងច្បាប់៕
គីមង៉ុក-ត្រឹងរ៉ូន