22/06/2026 - 20:52

ប្ដូរ​ផ្ដាច់​ដោះ​ស្រាយ​ឯក​សារ​តាម​សេច​ក្តីសម្រេច​ចិត្ត​លេខ ១៩០​/២០២៥​/QH១៥ ដើម្បី​ធានា​ឱ្យ​ប្រ​ព័ន្ធ​រដ្ឋ​បាល​ដំ​ណើរ​ការ​រលូន​ 

(អ.ឡ​) - នៅ​ថ្ងៃ​ទី ២២ ខែ​មិថុ​នា លោក​ហូ​ក្វាង​ហ្វី ប្រ​ធាន​នា​យក​ដ្ឋាន​ត្រួត​ពិ​និត្យ​ឯក​សារ​និង​ចាត់​តាំង​អនុ​វត្ត​ច្បាប់​នៃ​ក្រ​សួង​យុត្តិ​ធម៌​បាន​ដឹក​នាំ​អង្គ​សិក្ខា​សា​លា​ផ្តល់​មតិ​យោ​បល់​លើ​សេច​ក្តី​ព្រាង​របាយ​ការណ៍ ស្តី​ពី​ស្ថាន​ភាព​ដោះ​ស្រាយ​លទ្ធ​ផល​នៃ​ការ​ពិ​និត្យ​ឡើង​វិញ​ឯក​សារ​គតិ​យុត្តិ​ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​អង្គ​ភាព​រដ្ឋ​បាល តាម​ការ​កំ​ណត់​ក្នុង​សេច​ក្តី​សម្រេច​ចិត្ត​លេខ ១៩០/២០២៥​/QH១៥ របស់​រដ្ឋ​សភា។

អ្នក​តំណាង​ចូល​រួម​សិក្ខា​សា​លា​នៅ​ទី​តាំង​តភ្ជាប់​បណ្ដាញ​ទី​ក្រុង​កឹង​ធើ។

សិក្ខា​សា​លា​នេះ​បាន​ចាត់​តាំង​ឡើង​តាម​ប្រ​ព័ន្ធ​អន​ឡាញ ដោយ​ភ្ជាប់​ជា​មួយ​បណ្តា​ខេត្ត ក្រុង​នា​នា​ក្នុង​ទូ​ទាំង​ប្រ​ទេស។ អញ្ជើញ​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​បណ្ដាញ​ទី​ក្រុង​កឹង​ធើ មាន​លោក​ស្រី ត្រឹង​ពឿង​ក្វៀង​អនុ​ប្រ​ធាន​មន្ទីរ​យុត្តិ​ធម៌ រួម​ជា​មួយ​អ្នក​តំ​ណាង​នៃ​មន្ទីរ គណៈ ផ្នែក​នា​នា​របស់​ទី​ក្រុង។

យោង​តា​មរ​បាយ​ការណ៍​របស់​ក្រ​សួង​យុត្តិ​ធម៌ រហូត​មក​ដល់​ពេល​នេះ បណ្តា​ក្រ​សួង ស្ថា​ប័ន​ស្មើ​ក្រ​សួង​និង​អង្គ​ភាព​ពាក់​ព័ន្ធ បាន​បញ្ចប់​ការ​ពិ​និត្យ​ឡើង​វិញ និង​កំ​ណត់​យ៉ាង​ច្បាស់​នូវ​វិធាន​ការ​និង​ដំ​ណើរ​ការ​ដោះ​ស្រាយ​ចំ​ពោះ​ឯក​សារ​គតិ​យុត្តិ ៨៩៥ ច្បាប់។ ក្នុង​នោះ ឯក​សារ​ដែល​បាន​ដោះ​ស្រាយ​រួច​រាល់ ៥៦០ ច្បាប់ ស្រូប​អត្រា ៦២,៥៧% ។

នៅ​ថ្នាក់​ភូមិ​ភាគ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ទី​ក្រុង​ចំ​ណុះ​មជ្ឈិម បាន​បញ្ចប់​ការ​ពិនិត្យ​ឡើង​វិញ​និង​កំ​ណត់​ច្បាស់​វិធាន​ការ​និង​ដំ​ណើរ​ការ​ដោះ​ស្រាយ​ចំ​ពោះ​ឯក​សារ​គតិ​យុត្តិ ៥.២១២ ច្បាប់។ រហូត​មក​ដល់​ពេល​នេះ ភូមិ​ភាគ​ទាំង​អស់​បាន​ដោះ​ស្រាយ​រួច​រាល់ ៤.០៤១ ច្បាប់ ស្រូប​អត្រា ៧៧,៥%។

ដោយ​ឡែក​នៅ​ទី​ក្រុង​កឹង​ធើ មាន​ឯក​សារ​គតិ​យុត្តិ​ថ្នាក់​ខេត្ត ២២០ ច្បាប់ មាន​តម្រូវ​ការ​ដោះ​ស្រាយ​ដោយ​រង​ឥទ្ធិ​ពល​នៃ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​អង្គ​ភាព​រដ្ឋ​បាល​។ ដោយ​ស្មារតី​ម្ចាស់​ការ​និង​ប្រ​ញាប់​ប្រ​ញាល់ ទី​ក្រុង​ដោះ​ស្រាយ​រួច​រាល់​បាន​ចំ​នួន ១៨០ ច្បាប់។ បច្ចុប្បន្ន​នៅ​សល់ ៤០ ច្បាប់ ដែល​ស្ថា​ប័ន​ជំ​នាញ​ពាក់​ព័ន្ធ​កំ​ពុង​បន្ត​ពិនិត្យ​ឡើង​វិញ​និង​ដោះ​ស្រាយ​ស្រប​តាម​សេចក្ដី​កំ​ណត់​។

លោក​ហូ​ក្វាង​ហ្វី ប្រ​ធាន​នា​យក​ដ្ឋាន​ត្រួត​ពិនិត្យ​ឯក​សារ​និង​ចាត់​តាំង​អនុ​វត្ត​ច្បាប់​នៃ​ក្រ​សួង​យុត្តិ​ធម៌ ថ្លែង​ការណ៍​នៅ​ក្នុង​សិក្ខា​សា​លា។

ថ្លែង​ក្នុង​អង្គ​សិក្ខា​សា​លា លោក​ហូ​ក្វាង​ហ្វី បាន​រំលឹក រយៈ​ពេល​កំ​ណត់​ដែល​ស្ថា​ប័ន​នា​នា​បញ្ចប់​ការ​ដោះ​ស្រាយ​ឯក​សារ គឺ​មុន​ថ្ងៃ​ទី ១ ខែ​មី​នា ឆ្នាំ ២០២៧។ ទន្ទឹម​នឹង​នោះ សេច​ក្តី​សម្រេច​ចិត្ត​លេខ ១៩០​/២០២៥​/QH១៥ នឹង​អស់​សុពល​ភាព​នៅ​ថ្ងៃ​ទី​ ២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៧។

ដើម្បី​ជៀស​វាង​ហា​និភ័យ​កើត​មាន "ចន្លោះ​ប្រ​ហោង​ផ្នែក​ច្បាប់" នៅ​ពេល​សេច​ក្តី​សម្រេច​ចិត្ត​អស់​សុ​ពល​ភាព លោក​ហូ​ក្វាង​ហ្វី បាន​សំ​ណូម​ពរ​ដល់​ក្រ​សួង ផ្នែក​និង​ភូមិ​ភាគ​នា​នា​ ត្រូវ​រៀប​ចំ​ផែន​ការ​ដោយ​មាន​ដំ​ណោះ​ស្រាយ​ជាក់​លាក់​និង​ច្បាស់​លាស់។ ក្នុង​នោះ ផ្តោ​តលើ​ការ​ពិ​និត្យ​ឡើង​ម៉ត់​ចត់​នូវ​ខ្លឹម​សារ បញ្ហា​ប្រ​ឈម​និង​ការ​លំ​បាក​នា​នា​ ព្រម​ទាំង​សំ​ណើ​ដោះ​ស្រាយ​ដោយ​ផ្អែក​លើ​ស្ថាន​ភាព​ជាក់​ស្តែង។ ជា​មួយ​គ្នា​នេះ ផ្តល់​យោ​បល់​ឱ្យ​បាន​ច្បាស់​លាស់​ចំ​ពោះ​បញ្ហា គួរ​បន្ត​សុពល​ភាព​ទាំង​ស្រុង ឬ​ត្រឹម​តែ​បន្ត​សុពល​ភាព​សេចក្ដី​កំ​ណត់​មួយ​ចំ​នួន​នៃ​សេ​ចក្តី​សម្រេច​ចិត្ត​លេខ ១៩០​/២០២៥​/QH១៥ ដើម្បី​ធានា​សុពល​ភាព​នៃ​ច្បាប់​មិន​ដាច់​រយៈ។ ក្រ​សួង​យុត្តិ​ធម៌​នឹង​ទទួល​យក​គ្រប់​មតិ​យោ​បល់​ទាំង​អស់ ដើម្បី​បំ​ពេញ​បន្ថែម​និង​សម្រេច​របាយ​ការណ៍​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ អម​ជា​មួយ​នឹង​សំ​ណើ​និង​ដំ​ណោះ​ស្រាយ​ដែល​មាន​ភាព​ត្រឹម​ត្រូវ​ ដាក់​ជូន​រដ្ឋា​ភិបាល​ដើម្បី​របាយ​ការណ៍​ជូន​រដ្ឋ​សភា​នៅ​ក្នុង​សម័យ​ប្រ​ជុំ​ចុង​ឆ្នាំ។

ក្នុង​អង្គ​សិក្ខា​សា​លា​ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​ផ្តោ​តការ​ពិភាក្សា​លើ​បញ្ហា​ប្រ​ឈម​ និង​ការ​លំ​បាក​ដែល​កើត​មាន​ក្នុង​ដំ​ណើរ​ការ​អនុ​វត្ត ពិ​សេស​គឺ​ការ​ដោះ​ស្រាយ​ឯក​សារ​មួយ​ចំ​នួន​ធំ​ដែល​មិន​ទាន់​បាន​បញ្ចប់។ ទន្ទឹម​នឹង​នេះ ក៏​បាន​ពិ​ភាក្សា​អំ​ពី​ហា​និភ័យ​នៃ "ចន្លោះ​ប្រ​ហោង​ផ្នែក​ច្បាប់" ដែល​អាច​កើត​មាន​ឡើង នៅ​ពេល​សេច​ក្តី​សម្រេច​ចិត្ត​លេខ ១៩០​/២០២៥/​QH១៥ អស់​សុពល​ភាព។

ភូមិ​ភាគ​ទាំង​ឡាយ​បាន​ស្នើ​ឱ្យ​ពង្រឹង​យន្ត​ការ​នៃ​កិច្ច​សហ​ការ​ជិត​ស្និទ្ធ​និង​រលូន​រវាង​បណ្តា​ក្រ​សួង​ ស្ថា​ប័ន​ថ្នាក់​មជ្ឈិម​និង​ភូមិ​ភាគ ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​ពេល​នូវ​បញ្ហា​ជាប់​គាំង​អំ​ពី​សមត្ថ​កិច្ច។ ទន្ទឹម​នឹង​នោះ ស្នើ​ឱ្យ​ក្រ​សួង​យុត្តិ​ធម៌ ប្រ​មូល​យក​មតិ​យោ​បល់​និង​ធ្វើ​សេ​នា​ធិ​ការ​ជូន​រដ្ឋា​ភិបាល​ដើម្បី​ពិនិត្យ​និង​ដាក់​សំ​ណើ​ជូន​រដ្ឋ​សភា អនុញ្ញាត​ឱ្យ​បន្ត​សុពល​ភាព​នៃ​សេច​ក្តី​សម្រេច​ចិត្ត​លេខ ១៩០/២០២៥​/QH១៥ សំ​ដៅ​ធានា​លក្ខណៈនិរន្តរ​ភាព​នៃ​ប្រ​ព័ន្ធ​ច្បាប់​ ដំ​ណើរ​ការ​រលូន​នៃ​រចនា​សម្ព័ន្ធ​រដ្ឋ​បាល​និង​រក្សា​ស្ថិរ​ភាព​ប្រ​ព័ន្ធ​រដ្ឋ​អំ​ណាច៕

អត្ថ​បទ​និង​រូប​ថត​៖ P.Y- ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ