ក្នុងជីវភាពសម័យទំនើប រដូវវិស្សមកាលរបស់កុមារខ្មែរនៅតាមភូមិស្រុកនៃតំបន់ភាគខាងលិច បែរជាមានភាពអ៊ូអរប្រកបដោយលក្ខណៈដោយឡែក។ នៅទីនោះ គ្មានទូរស័ព្ទឬក៏ល្បែងកម្សាន្តទំនើបអ្វីឡើយ ប៉ុន្តែមានថ្នាក់រៀនដ៏ពិសេសបានបង្កើតឡើងដោយការប្តេជ្ញាចិត្តរបស់លោកតាលោកយាយនិងព្រះសង្ឃគ្រប់ព្រះអង្គ ធ្វើឱ្យរដូវវិស្សមកាលរបស់កុមារនៅតំបន់ជនបទក្លាយជាដំណើរឆ្លងបទពិសោធន៍ សម្របខ្លួនទៅក្នុងលំហូរវប្បធម៌ដែលដូនតាបន្សល់ទុកមក។


ថ្នាក់រៀនភ្លេងប្រពៃណីនៅផ្ទះលោកត្រឹងសុខ។
នៅតំបន់ជនបទភូមិណាំចាញ់ ឃុំលិតហូយធឿង ទីក្រុងកឹងធើ មានថ្នាក់រៀនភ្លេងប្រពៃណីខ្មែរ បានបង្កើតឡើងនៅផ្ទះគ្រូបង្រៀនភ្លេង សិស្សរៀនភ្លេងគឺយុវជននៅក្នុងភូមិណាំចាញ់។ ថ្នាក់រៀនមានភាពសាមញ្ញ ប៉ុន្តែបាននាំមកនូវភាពសប្បាយរីករាយដល់ប្អូនៗនៅរដូវវិស្សមកាល រួមចំណែកក្នុងការថែរក្សាភ្លេងប្រពៃណីខ្មែរ។
ជារៀងរាល់ថ្ងៃ នៅវេលាម៉ោង៨ព្រឹក ប្អូនៗស្រែកហៅគ្នា ដៃកាន់ស្គរ ខ្លុយ ទ្រ នាំគ្នាដើរទៅផ្ទះលោកត្រឹងសុខ នៅភូមិណាំចាញ់ ឃុំលិតហូយធឿង ទីក្រុងកឹងធើ ដើម្បីរៀនភ្លេង។ យើងខ្ញុំទៅចំពេលប្អូនៗកំពុងរៀនភ្លេង ទើបយល់កាន់តែច្បាស់ពីសន្តានចិត្តរបស់គ្រូបង្រៀន និងការប្តេជ្ញាចិត្តរបស់ប្អូនៗនៃថ្នាក់រៀនដ៏ពិសេសនេះ។ លោកត្រឹងសុខ នៅឃុំលិតហូយធឿង ទីក្រុងកឹងធើ ចែករំលែក៖ "ដូចបានដឹង តាំងពីដើមមកខ្ញុំធ្លាប់បានឃើញភ្លេងប្រពៃណីខ្មែរ ពីដើមនៅក្នុងពិធីមង្គលការនៅទីណាក៏មានភ្លេង ហេតុដូច្នេះ ខ្ញុំបារម្ភខ្លាចអនាគតនឹងសាបរលាប ទើបខ្ញុំស្វែងរកវិធីដើម្បីថែរក្សា។ កាលនោះ ខ្ញុំបានប្តេជ្ញាចិត្តថា ទោះបីមានការលំបាកយ៉ាងណាក៏ដោយ ត្រូវតែធ្វើឱ្យបាន"។
មិនធ្វើខកបំណងនៃការហ្វឹកហាត់របស់លោកគ្រូ ប្អូនៗបានបណ្តុះចិត្តស្រឡាញ់ភ្លេងប្រពៃណីខ្មែរ ថ្ងៃណាទំនេរបបួលគ្នាពីរបីនាក់ កាន់ស្គរ ខ្លុយ ទ្រ នាំគ្នាទៅអង្គុយក្រោមគល់ពោធិ៍ក្នុងវត្តដើម្បីប្រគំភ្លេងពីរោះរណ្តំ ពិតជាមានភាពទាក់ទាញ។ លុះបានឃើញទិដ្ឋភាពបែបនេះ ទើបយើងយល់ច្បាស់ពីការស្រឡាញ់ចូលចិត្តវិស័យសិស្បៈរបស់ប្អូនៗដល់កម្រិតណា។ ចែករំលែកជាមួយយើងខ្ញុំ ប្អូនឡឹមទៀងតឹម នៅឃុំលិតហូយធឿង ទីក្រុងកឹងធើ ឱ្យដឹង៖"ដំបូងប្អូនរៀនកូតទ្រ ទម្រាំចេះលំបាកខ្លាំងណាស់ ឥឡូវនេះប្អូនកូតបានច្រើនបទ ប្អូនពិតជាសប្បាយចិត្តនឹងខិតខំរៀនបន្ថែមទៀត។ នៅរដូវវិស្សមកាល ថ្ងៃណាទំនេរប្អូនតែងបបួលមិត្តភក្តិមួយចំនួនជួបជុំប្រគំតន្ត្រី ដើម្បីឱ្យស្ទាត់"។


ថ្នាក់រៀនអក្សរខ្មែរនៅវត្តសាលាពោធិ(វត្តថ្មី) សង្កាត់វិញចូវ ទីក្រុងកឹងធើ។
ឃ្លាតចេញពីថ្នាក់រៀនភ្លេងនៅផ្ទះលោកត្រឹងសុខ យើងខ្ញុំធ្វើដំណើរតាមផ្លូវជាតិណាមស៊ុងហូវទៅកាន់វត្តសាលាពោធិ(វត្តថ្មី) នៅសង្កាត់វិញចូវ ទីក្រុងកឹងធើ ដើម្បីឆៀងចូលមើលថ្នាក់រៀនអក្សរខ្មែរក្នុងវត្ត។ ឆ្នាំនេះ វត្តមានសិស្សចូលរៀនជិត៣០០នាក់ បើកពីថ្នាក់ទី១ដល់ថ្នាក់ទី៣ មាន៨បន្ទប់។ មកដល់វត្តនៅពេលរសៀល យើងខ្ញុំបានឮសំឡេងព្រះសង្ឃណែនាំសិស្សអានមេរៀន បានឃើញប្អូនៗកំពង់សរសេរអក្សដោយផ្ចិតផ្ចង់ រូបភាពនេះ បង្ហាញ់ឱ្យឃើញពីភាពរស់វើកនៃអក្សរខ្មែរកំពង់ដុះពន្លកនៅថ្នាក់រៀនក្នុងវត្ត។ ក្រៅពីនោះ វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់រៀនអក្សរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ប្អូនៗលេងកម្សាន្តទៀតផង។ នៅក្រោមម្លប់ឈើធំៗក្នុងទីធ្លារវត្ត ជាកន្លែងរត់លេងកម្សាន្តដ៏ចំណាប់អារម្មណ៍របស់ប្អូនៗក្រោយពីចេញសម្រាក។ ប្អូនតាំងសុវណ្ណបូរី នៅសង្កាត់វិញចូវ ទីក្រុងកឹងធើ ចែករំលែកជាមួយយើងខ្ញុំ៖"រដូវវិស្សមកាលម្តងៗ ប្អូនតែងមករៀនអក្សរខ្មែរក្នុងវត្ត ឆ្នាំនេះ ប្អូនរៀនថ្នាក់ទី២។ មកវត្ត ក្រៅពីរៀនអក្សរ ប្អូនៗក៏បបួលគ្នាលេងបាល់ទាត់ បាល់ទះនិងល្បែងប្រជាប្រិយជាច្រើនយ៉ាងសប្បាយ"។
ស្ថិតក្នុងជីវភាពដ៏មមាញឹកនាបច្ចុប្បន្ន ថ្នាក់រៀនពិសេសនៅតាមភូមិស្រុក បានលេចឡើងដូចជាផ្ទាំងគំនូរជនបទដ៏សុខសាន្តនិងពោពេញដោយអត្ថន័យ។ ចាប់តាំងពីថ្នាក់រៀនភ្លេងរបស់លោកត្រឹងសុខរហូតដល់ការរៀនអក្សរខ្មែរក្នុងវត្ត ជីវិតកុមារភាពរបស់ប្អូនៗកំពុងបានបណ្ដុះដោយតម្លៃវប្បធម៌ប្រពៃណី។ រដូវវិស្សមកាលគ្មានធូលី គ្មានល្បែងអេឡិចត្រូនិក ប៉ុន្តែពោពេញដោយសំឡេងសើចក្អាកក្អាយ នោះគឺជាវិធីដែលកុមារនៅជនបទកំពុងវឌ្ឍនាការជារៀងរាល់ថ្ងៃ ចូលរួមថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិឱ្យគង់វង្ស៕
ថាញហ៊ុង-មុនី