ដើម្បីកែលម្អស្ថានភាពអាហារូបត្ថម្ភកុមារ ទីក្រុងកឹងធើ អនុវត្តព្រមគ្នានូវវិធានការនានា ចាប់ពីការថ្លឹងទម្ងន់ វាស់កម្ពស់តាមកាលកំណត់ ផ្តល់បន្ថែមមីក្រូសារជាតិ រហូតដល់ការបញ្ចុះព្រូន និងអន្តរាគមន៍ស្តារស្ថានភាពកង្វះ អាហារូបត្ថម្ភ សំដៅលើកកម្ពស់កាយសម្បទារបស់កុមារតាំងពីដំបូង។

កម្មាភិបាលដំណាក់សុខាភិបាលឃុំថើយអាងហូយ ចាក់វ៉ាក់សាំងបង្ការជំងឺដល់កុមារ ផ្សារភ្ជាប់ជាមួយការផ្សព្វផ្សាយនូវវិធានការបង្ការទប់ស្កាត់ជំងឺឆ្លងក្នុងរដូវក្តៅជូនប្រជាជន។
តាមនោះ ផ្នែកសុខាភិបាលទីក្រុងកឹងធើ រក្សាសកម្មភាពថ្លឹង វាស់កម្ពស់ វាយតម្លៃ និងតាមដានស្ថានភាពអាហារូបត្ថម្ភកុមារអាយុក្រោម ៥ ឆ្នាំតាមកាលកំណត់នៅថ្នាក់ឃុំ សង្កាត់។ តាមរយៈការតាមដានក្រាហ្វិកនៃការធំធាត់ ករណីកុមារកង្វះអាហារូបត្ថម្ភបានរកឃើញទាន់ពេលនិងធ្វើអន្តរាគមន៍ស្តារឡើងវិញយ៉ាងឆាប់រហ័ស កាត់បន្ថយស្ថានភាពកង្វះអាហារូបត្ថម្ភអូសបន្លាយ ដែលជះឥទ្ធិពលដល់ការធំធាត់របស់កុមារ។
ទន្ទឹមនឹងនោះ នៅតាមដំណាក់សុខាភិបាលឃុំ សង្កាត់ បង្កើនការណែនាំនិងចលនាឳពុកម្ដាយ ព្រមទាំងអ្នកថែទាំកុមារ ឱ្យម្ចាស់ការបញ្ចុះព្រូនតាមកាលកំណត់សម្រាប់កុមារអាយុពី ២ ដល់ ៥ ឆ្នាំ ក្នុង ៦ ខែម្តង។ សកម្មភាពនេះ បានបញ្ចូលក្នុងពេលថ្លឹងទម្ងន់កុមារនៅក្នុងសហគមន៍ និងអនុវត្តនៅតាមសាលាមត្តេយ្យ ជួយលើកកម្ពស់ប្រសិទ្ធភាពបង្ការជំងឺបង្កឡើងដោយប៉ារ៉ាស៊ីត និងកែលម្អសមត្ថភាពស្រូបយកអាហារូបត្ថម្ភរបស់កុមារ។
ចំពោះឃុំដែលមានអត្រាកុមារកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ចាប់ពី ១៧,១% ឡើងទៅមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺទីក្រុងកឹងធើ គ្រោងកញ្ចប់ថវិកា ចាត់តាំងការទិញនិងផ្តល់ថ្នាំបញ្ចុះព្រូនឥតគិតថ្លៃសម្រាប់កុមារកង្វះអាហារូបត្ថម្ភ អាយុពី ២ ដល់ ៥ ឆ្នាំគ្រប់ ១០០% ចំនួន ២ ដងក្នុងមួយឆ្នាំ។ ការងារនេះអនុវត្តផ្គួបជាមួយយុទ្ធនាការផ្តល់បន្ថែមវីតាមីនអាកម្រិតខ្ពស់នៅក្នុងខែមិថុនា និងខែធ្នូ រួមនឹងការថ្លឹងវាស់កម្ពស់វាយតម្លៃស្ថានភាពអាហារូបត្ថម្ភនៅថ្នាក់មូលដ្ឋាន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអន្តរាគមន៍។
តាមរបាយការណ៍របស់ដំណាក់សុខាភិបាលឃុំត្រឹងដេ បង្ហាញថា ការងារថែទាំសុខភាពដំបូងសម្រាប់កុមារតែងរក្សាបានប្រសិទ្ធភាពខ្ពស់។ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ដំណាក់សុខាភិបាលបានចាត់តាំងការចាក់ថ្នាំបង្ការទៀងទាត់ចំនួន ៩ លើក ធានាឱ្យកុមារលើភូមិឋានទទួលបានការចាក់វ៉ាក់សាំងបង្ការគ្រប់សព្វ និងត្រឹមត្រូវតាមកាលវិភាគ។
បងស្រីផាមង៉ុកប៊ិច នាយិកាដំណាក់សុខាភិបាលឃុំត្រឹងដេ បានឱ្យដឹងថា ក្រៅពីការងារចាក់ថ្នាំបង្ការ ដំណាក់សុខាភិបាលនៅទាំងយកចិត្តទុកដាក់ពិសេសក្នុងការតាមដានស្ថានភាពអាហារូបត្ថម្ភដល់កុមារ។ នៅខែមីនា ឆ្នាំ២០២៦ កន្លង ដំណាក់សុខាភិបាលបានចាត់តាំងការថ្លឹងវាស់កម្ពស់វាយតម្លៃស្ថានភាពអាហារូបត្ថម្ភដល់កុមារអាយុក្រោម ២ ឆ្នាំ តាមរយៈនោះ តាមដានយ៉ាងដិតដល់នូវការធំធាត់ និងអន្តរាគមន៍ទាន់ពេលចំពោះករណីមានហានិភ័យប្រឈមនឹងការកង្វះអាហារូបត្ថម្ភ។
ជាក់ស្តែងបង្ហាញថា អាស្រ័យការអនុវត្តព្រមៗគ្នានូវរាល់វិធានការ ការយល់ដឹងរបស់ប្រជាជនអំពីការថែទាំអាហារូបត្ថម្ភ និងសុខភាពសម្រាប់កុមារបានលើកកម្ពស់ជាជំហានៗ។ មានឪពុកម្ដាយជាច្រើនមានភាពម្ចាស់ការជាងក្នុងការនាំកុមារទៅចាក់ថ្នាំបង្ការ ថ្លឹងទម្ងន់ វាស់កម្ពស់តាមកាលកំណត់ និងអនុវត្តរាល់វិធានការបង្ការជំងឺ រួមចំណែកកាត់បន្ថយអត្រាកង្វះអាហារូបត្ថម្ភ ព្រមទាំងលើកកម្ពស់កាយសម្បទាកុមារតាំងពីដំបូង៕
ហុងទើ - ថាច់ធី