16/05/2026 - 06:02

ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​ក្នុង​ការ​ផលិត - ជា​គំ​នាស់​ទំ​នើប​កម្ម​សេដ្ឋ​កិច្ច​ជន​បទ 

កសិ​ករ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ បាន​ផ្លាស់​ប្តូរ​ពី​ផ្នត់​គំ​និត​ផលិត​កសិ​កម្ម ដោយ​ផ្តោត​សំ​ខាន់​លើ​ទិន្ន​ផល មក​ផ្នត់​គំ​និត​សេដ្ឋ​កិច្ច​កសិ​កម្ម ដោយ​ផ្តោត​សំ​ខាន់​លើ​តម្លៃ គុណ​ភាព និង​ទី​ផ្សារ។ របៀប​ធ្វើ​ច្នៃ​ប្រ​តិដ្ឋ ដោយ​គួប​ផ្សំ​រវាង​សេវា​កម្ម និង​ទេស​ចរណ៍​ឆ្លង​បទ​ពិ​សោធន៍​ទៅ​ក្នុង​ការ​ផលិត កសិ​ករ​មិន​ត្រឹម​តែ​កសាង​បាន​នូវ​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ី​ប្រ​កប​ដោយ​និរន្តរ​ភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើន​តម្លៃ​កសិ​ផលយ៉ាង​ច្រើន ក្លាយ​ជា​គំ​នាស់​ទំ​នើប​កម្ម​សម្រាប់​សេដ្ឋ​កិច្ច​ជន​បទ។

បង​ស្រី ង្វៀង​ធី​ង៉ឹង (ឈរ​ខាង​ឆ្វេង) នៅ​សង្កាត់​ដាយ​ថាញ់ កំ​ពុង​ឧទ្ទេស​នាម​ពីចម្ការ​ដូង​ខ្ទិះ​ដល់​ភ្ញៀវ​ទេស​ចរ។

បង្កើត​តម្លៃ​ទ្វេ​ដង​ពី​ការ​ចិញ្ចឹម​ពពែ

នៅ​ចុង​សប្តាហ៍ កសិដ្ឋាន​ទឹក​ដោះ​ព​ពែ​ង៉ុក​ដាវ របស់​គ្រួ​សារ​បង​ស្រី ដាំង​ធី​ង៉ុក​ដាវ និង​បង​ង្វៀង​វ៉ាន់​ឌួ នៅ​ភូមិ ២B ឃុំ​តឹង​ហ្វា មាន​ភាព​អ៊ូ​អរ​យ៉ាង​ខ្លាំង​ដោយ​មាន​ភ្ញៀវ​មក​ទស្ស​នា។ បង​ស្រី​ដាវ បាន​ចែក​រំ​លែក៖ "នៅ​ឆ្នាំ ២០១២ គ្រួ​សារ​ខ្ញុំ​បាន​ផ្តើម​អា​ជីព​ដោយ​ទម្រង់​ចិញ្ចឹម​ព​ពែ​យក​សាច់​ជា​លក្ខណៈ​គ្រួ​សារ។ ពេល​នោះ ឃើញ​តម្រូវ​ការ​ទី​ផ្សារ​ចំ​ពោះ​ទឹក​ដោះ​ពពែ​ស្អាត​មាន​ការ​កើន​ឡើង​ខ្ពស់ នៅ​ឆ្នាំ ២០១៧ គ្រួ​សារ​ខ្ញុំ​ក៏​បាន​វិនិ​យោគ​លើ​ផ្ទៃ​ដី​ជិត ២ ហិក​តា ដើម្បី​អភិ​វឌ្ឍ​ទម្រង់​ចិញ្ចឹម​ព​ពែ​យក​ទឹក​ដោះ​តាម​បែប​វិល​ជុំ"។ 

ដោយ​បាន​សមា​គម​កសិ​ករ​ឃុំ​បង្ក​លក្ខណៈ​ងាយ​ស្រួល គ្រួ​សារ​បង​ស្រី​ដាវ បាន​ទៅ​ទស្សនា និង​រៀន​សូត្រ​ទម្រង់​ចិញ្ចឹម​ព​ពែ​យក​ទឹក​ដោះ​ដែល​មាន​ប្រ​សិទ្ធ​ភាព​នៅ​ក្នុង​និង​ក្រៅ​ទី​ក្រុង។ ដោយ​ការ​ខិត​ខំ​ស្រាវ​ជ្រាវ និង​អនុ​វត្ត​បច្ចេក​វិទ្យា​ទៅ​ក្នុង​ការ​ផលិត ហ្វូង​ព​ពែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន។ បច្ចុប្បន្ន កសិ​ដ្ឋាន​របស់​គ្រួ​សារ​បង​ស្រី​ដាវ មាន​ពពែ​ទឹក​ដោះ​ពូជ Saanen គុណ​ភាព​ខ្ពស់​ជិត ៣០០ ក្បាល។

តាម​បង​ស្រី​ដាវ ចំ​ណី​សម្រាប់​ពពែ​ជា​ចម្បង​គឺ​ស្មៅ​ដែល​ដាំ​ក្នុង​ចម្ការ​ផ្ទះ រួម​ផ្សំ​នឹង​អនុ​ផល​ពី​កសិ​កម្ម៖ កាក​សណ្តែក​សៀង ពោត​បា​រាំង​ខ្ចី និង​ចំ​បើង​ផ្អាប់​មេដំ​បែ​តាម​រដូវ​ស្រូវ។ ការ​ប្រើ​ប្រាស់​អនុ​ផល​កសិ​កម្ម មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ចំ​ណាយ​ក្នុង​ការ​ចិញ្ចឹម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​កាត់​បន្ថយ​សំ​ណល់​ក្នុង​បរិ​ស្ថាន បង្កើ​បាន​ជា​ទម្រង់​ផលិត​វិល​ជុំ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ពស់​ទៀត​ផង។ ជា​រៀង​រាល់​ថ្ងៃ កសិដ្ឋាន​ផ្គត់​ផ្គង់​ទឹក​ដោះ​ពពែ​ស្រស់​ពី ៤០ ដល់ ៦០ លីត្រ ដើម្បី​កែ​ច្នៃ​ជា​ផលិត​ផល​ជា​ច្រើន​មុខ ដូច​ជា៖ ទឹក​ដោះ​រម្ងាប់​មេ​រោគ យ៉ា​អួ ហ្វ្រូ​ម៉ង់ និង​យ៉ា​អួស​ម្ងួត។ ផលិត​ផល​ទាំង ៤ មុខ​នេះ សុទ្ធ​តែ​សម្រេច​ស្តង់​ដារ OCOP ផ្កាយ​៤។

ប្រ​មាណ​ជិត ៥ ឆ្នាំ​មក​នេះ គ្រួ​សារ​បង​ស្រី​ដាវ បាន​រួម​បញ្ចូល​ទម្រង់​ចិញ្ចឹម​ព​ពែ​ជា​មួយ​ទេស​ចរណ៍​ឆ្លង​បទ​ពិ​សោធន៍។ ភ្ញៀវ​ទេស​ចរ​មក​កាន់​កសិ​ដ្ឋាន អាច​ចូល​ទៅ​ឱ្យ​ចំ​ណី​ពពែ ច្រ​បាច់​ទឹក​ដោះ ស្វែង​យល់​ពី​សង្វាក់​កែ​ច្នៃ​ទឹក​ដោះ​ដោយ​ផ្ទាល់​ខ្លួន បាន​ឆ្លង​បទ​ពិ​សោធន៍​ការ​ងារ​កសិ​ករ និង​ភ្លក្ស​រស​ជាតិ​ផលិត​ផល​នៅ​នឹង​កន្លែង។ លោក​ង្វៀង​វ៉ាន់​ឌួ បាន​រៀប​រាប់៖ "ការ​រួម​បញ្ចូល​ទេស​ចរណ៍​ឆ្លង​បទ​ពិ​សោធន៍​ក្នុង​ទម្រង់​ចិញ្ចឹម​ព​ពែ ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​យល់​ច្បាស់​អំ​ពី​សង្វាក់​ផលិត​​ស្អាត។ នៅ​ពេល​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​សង្វាក់​ចិញ្ចឹម​ព​ពែ និង​ការ​កែ​ច្នៃ​ផលិត​ផល​ពី​ទឹក​ដោះ​ពពែ អតិ​ថិ​ជន​កាន់​តែ​មាន​ទំ​នុក​ចិត្ត​ខ្ពស់​ចំ​ពោះ​គុណ​ភាព​ផលិត​ផល"។ 

ការ​គួប​ផ្សំ​រវាង​ការ​ចិញ្ចឹម​សត្វ ការ​កែ​ច្នៃ និង​ទេស​ចរណ៍​ឆ្លង​បទ​ពិ​សោធន៍ បាន​ជួយ​ឱ្យ​កសិ​ដ្ឋាន​បង្កើន​ប្រ​ភព​ចំ​ណូល។ ផ្តើម​ពី​ទម្រង់​ចិញ្ចឹម​ព​ពែ​ជា​លក្ខណៈ​គ្រួ​សារ បច្ចុប្បន្ន កសិ​ដ្ឋាន​ទឹក​ដោះ​ព​ពែ ង៉ុក​ដាវ មាន​ចំ​ណូល​ប្រ​ចាំ​ឆ្នាំ​ជាង ៣០០ លាន​ដុង ក្លាយ​ជា​ទម្រង់​កសិ​កម្ម​ពហុ​តម្លៃ​ដ៏​លេច​ធ្លោ​នៅ​ភូមិ​ភាគ។

ផ្តើម​ពី​ចម្ការ​ដូង​ខ្ទិះ ទៅ​ជា​តំ​បន់​ទេស​ចរណ៍​ធម្ម​ជាតិ

ទម្រង់​ដាំ​ដូង​ខ្ទិះ​របស់​គ្រួ​សារ​បង​ស្រី ង្វៀង​ធី​ង៉ឹង នៅ​ភូមិ​សើង​ភូ សង្កាត់​ដាយ​ថាញ់ គឺ​ជា​ភស្តុ​តាង​ជាក់​ស្តែង​សម្រាប់​ទិស​ដៅ​ថ្មី​ក្នុង​ការ​ទាញ​យក​ផល​ពី​ផលិត​ផល​ពិ​សេស​របស់​ភូមិ​ភាគ ផ្សារ​ភ្ជាប់​នឹង​ទេស​ចរណ៍​ធម្ម​ជាតិ។

តាម​​បង​ស្រី​ង៉ឹង ពី​មុន​គ្រួ​សារ​បង​ស្រី​ធ្វើ​ស្រែ​និង​ដាំ​ដូង​សៀម។ នៅ​ឆ្នាំ ២០២០ ប្តី​ប្រ​ពន្ធ​បង​ស្រី​បាន​ធ្វើ​ដំ​ណើរ​ទៅ​ខេត្ត​ត្រា​វីញ ដើម្បី​ទិញ​កូន​ដូង​ខ្ទិះ​ចំ​នួន ២០០ ដើម មក​ដាំ​លើ​ផ្ទៃ​ដី ១,៥ ហិក​តា។ ក្រោយ​ពេល​ខិត​ខំ​ថែ​ទាំ មក​ដល់​ឆ្នាំ ២០២៣ អត្រា​ដូង​មាន​ខ្ទិះ​សម្រេច​ស្តង់​ដារ​បាន​កើន​ឡើង​យ៉ាង​ច្បាស់។ សង្កេត​ឃើញ​មាន​សក្តា​នុភាព​សេដ្ឋ​កិច្ច​ខ្ពស់ គ្រួ​សារ​បង​ស្រី​បាន​បន្ត​ពង្រីក​ទម្រង់​នេះឡើង​ជិត ១២ ហិក​តា គួប​ផ្សំ​នឹង​ការ​ដាំ​ក្រូច​ឃ្វិច ខ្នុរ​សាច់​ក្រ​ហ​ម ចិញ្ចឹម​ត្រី និង​អភិ​វឌ្ឍ​ទេស​ចរណ៍​ធម្ម​ជាតិ។

លោក​ង្វៀង​វ៉ាំង​សើុង ​ប្តី​បង​ស្រី​ង៉ឹង បាន​ចែក​រំលែក៖ "ធ្វើ​កសិ​កម្ម​តាម​បែប​ប្រ​ពៃ​ណី ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​មិន​ខ្ពស់​នោះ​ទេ។ ហេតុ​ដូច្នេះ ប្តី​ប្រ​ពន្ធ​ខ្ញុំ​បាន​គួប​ផ្សំ​អភិ​វឌ្ឍ​ទេស​ចរណ៍​ធម្ម​ជាតិ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម។ យើង​ខ្ញុំ​បាន​កសាង​បរិ​ស្ថាន​បៃ​តង ស្រស់​បំ​ព្រង​តាម​រចនា​បថ​តំ​បន់​ចម្ការ​ព្រែក​ទន្លេ ដើម្បី​ឱ្យ​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​ទេស​ភាព​ធម្ម​ជាតិ និង​ភ្លក្ស​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់ ផ្អែម​ត្រ​ជាក់ និង​ខាប់​ប្លែក​ពី​ដូង​ខ្ទិះ​នៅ​នឹង​ចម្ការ​ផ្ទាល់។ ដោយ​គួប​ផ្សំ​ការ​ផលិត​ជា​មួយ​ទេស​ចរណ៍​ឆ្លង​បទ​ពិ​សោធន៍ បាន​ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​លើក​កម្ពស់​តម្លៃ​សេដ្ឋ​កិច្ច​នៅ​លើ​ផ្ទៃ​ដី​ដាំ​ដុះ​តែ​មួយ"។ 

លោក​ផាម​ថាញ់​ហ្វាយ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ បាន​វាយ​តម្លៃ៖ "ចំ​ណុច​លេច​ធ្លោ​របស់​កសិ​ករ​នា​ពេល​បច្ចុប្បន្ន គឺ​មិន​ត្រឹម​តែ​ផលិត​ជា​លក្ខណៈ​ទោល​នោះ​ទេ នៅ​ទាំង​ចេះ​ទាញ​យក​តម្លៃ​ពី​ផលិត​ផល​កសិ​កម្ម​ដដែល​នោះ​ផង។ ផ្តើម​ពី​គំ​និត​ផលិត​កសិ​កម្ម​តាម​បែប​ប្រ​ពៃ​ណី កសិ​ករ​ទី​ក្រុង​បាន​ក្លា​ហាន​ប្តូរ​មក​ការ​ផលិត​បៃ​តង កែ​ច្នៃ​ស៊ី​ជម្រៅ គួប​ផ្សំ​នឹង​ធ្វើ​ទេស​ចរណ៍​ឆ្លង​បទ​ពិ​សោធន៍ និង​កសាង​ម៉ាក​យី​ហោ​ពិ​សេស​ប្រ​ចាំ​ភូមិ​ភាគ។ របៀប​ធ្វើ​ប្រ​កប​ដោយ​គំនិត​ច្នៃ​ប្រតិដ្ឋ​នោះ បាន​បង្កើត​ជា​អា​ជីព​ចិញ្ចឹម​ជីវិត​ប្រ​កប​ដោយ​ចីរ​ភាព និង​បង្កើន​ប្រាក់ចំ​ណូល​ដល់​កសិ​ករ ថែម​ទាំង​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​នូវ​គំ​និត​ផ្លាស់​ថ្មី​ទៀត​ផង។ នេះ​ជា​បុព្វ​បទ​ដ៏​សំ​ខាន់​ដើម្បី​កសាង​វិស័យ​កសិ​កម្ម​ទំ​នើប ប្រ​កប​ដោយ​ចីរ​ភាព ព្រម​ទាំង​រក្សា​បាន​នូវ​អត្ត​សញ្ញាណ​ពិ​សេស​នៃ​តំ​បន់​ព្រែក​ទន្លេ"។ 

កៅ​ហ្វាញ - ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ