13/05/2026 - 19:15

ពង្រីក​ប្រ​សិទ្ធ​ភាព​និង​លើក​កម្ពស់​តម្លៃ​ផលិត​ស្រូវ 

ការ​ផលិត​កសិ​កម្ម​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​រួម​ចំ​ណែក​ធា​នា​សន្តិ​សុខ​ស្បៀង ក៏​ដូច​ជា​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​របស់​តំ​បន់​និង​ទូ​ទាំង​ប្រ​ទេស។ រដូវ​ស្រូវ​ប្រាំង​ឆ្នាំ ២០២៥​-២០២៦ មាន​ភាព​ងាយ​ស្រួល​និង​បញ្ហា​ប្រ​ឈម​លាយ​ឡំ​គ្នា​ជា​ច្រើន ប៉ុន្តែ​បណ្តា​ភូមិ​ភាគ​ក្នុង​តំ​បន់​បាន​ជម្នះ​រាល់​ការ​លំ​បាក ដើម្បី​បន្ត​ជំ​រុញ​ផ្នែក​កសិ​កម្ម​ឱ្យ​រីក​ចម្រើន។

លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ផលិត

លោក​ត្រឹង​វ៉ាំង​ថាញ នៅ​ឃុំ​វិញ​ទ្រិញ ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង៖ "ស្រូវ​រដូវ​ប្រាំង​កន្លង​ទទួល​បាន​ទិន្ន​ផល​ខ្ពស់ ប៉ុន្តែ​តម្លៃ​ស្រូវ​មិន​សូវ​ខ្ពស់​បើ​ធៀប​នឹង​ឆ្នាំ​មុន ទើប​ប្រាក់​ចំ​ណេញ​មាន​កម្រិត​ទាប។ ទោះ​ជា​យ៉ាង​នេះ​ក្តី យើង​ខ្ញុំ​នៅ​តែ​បន្ត​វិនិ​យោគ​លើ​ការ​ផលិត​រដូវ​ដើម​ឆ្នាំ ដោយ​អនុ​វត្ត​តាម​ការ​ណែ​នាំ​របស់​ផ្នែក​កសិ​កម្ម​ទី​ក្រុង ដើម្បី​ទទួល​បាន​ទិន្ន​ផល​ខ្ពស់"។

ទម្រង់​គ្រប់​គ្រង​ចម្រុះ​លើ​ស្រូវ បាន​អនុ​វត្ត​និង​ពង្រីក​វិ​សាល​ភាព​ក្នុង​រដូវ​ស្រូវ​ដើម​ឆ្នាំ ២០២៦ នៅ​ទី​ក្រុង​កឹង​ធើ។

រដូវ​ស្រូវ​ប្រាំង​ឆ្នាំ ២០២៥​-២០២៦ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​បាន​សាប​ព្រោះ​លើ​ផ្ទៃ​ដី​សរុប​ជាង ១,២៣៨ លាន​ហិក​តា ថយ​ចុះ ២៧.​៤៦០ ហិក​តា បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន។ ទិន្ន​ផល​ត្រូវ​ប៉ាន់​ស្មាន​សម្រេច​បាន​ជាង ៧.៤០០ គី​ឡូ​ក្រាម​/ហិក​តា កើន​ឡើង ១១៧ គី​ឡូ​ក្រាម​/ហិក​តា ចំ​ណែក​ទិន្ន​ផល​សរុប​សម្រេច​បាន​ជាង ៩,១៧៦ លាន​តោន។ រហូត​មក​ដល់​ពេល​នេះ ការ​ប្រ​មូល​ផល​បាន​បញ្ចប់​ជា​ស្ថា​ពរ នៅ​សល់​ផ្ទៃ​ដី​មួយ​ចំ​នួន​តូច​នៅ​ខេត្ត​វិញ​ឡុង​  អាង​យ៉ាង និង​កា​ម៉ាវ គ្រោង​នឹង​បញ្ចប់​ការ​ប្រ​មូល​ផល​ក្នុង​ខែ​ឧស​ភា​នេះ។

លោក​ង្វៀង​ក្វឹក​ម៉ាញ់ អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ (ក្រ​សួង​កសិ​កម្ម​និង​បរិ​ស្ថាន) បាន​ឱ្យ​ដឹង៖ "រដូវ​ស្រូវ​ប្រាំង​នៅ​បណ្តា​ខេត្ត ទី​ក្រុង​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន។ ការ​ជ្រាប​ទឹក​ប្រៃ​កើត​មាន​ឡើង​ក្នុង​រដូវ​ប្រាំង ប៉ុន្តែ​មិន​សូវ​ធ្ងន់​ធ្ងរ​និង​ក្នុង​រយៈ​ពេល​ខ្លី មិន​បង្ក​ផល​ប៉ះ​ពាល់​គួរ​ឱ្យ​កត់​សម្គាល់​ដល់​ការ​ផលិត​ស្រូវ។ ស្ថាន​ភាព​ចង​សម្ព័ន្ធ​ផលិត​និង​ការ​ប្រើ​ប្រាស់​អង្ករ​នៅ​វៀត​ណាម ជា​ពិ​សេស​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង កំ​ពុង​មាន​ការ​បង្វែរ​យ៉ាង​ខ្លាំង​ក្លា​ឆ្ពោះ​ទៅ​រក​ទម្រង់​ចីរ​ភាព ផ្សារ​ភ្ជាប់​ជា​មួយ​គម្រោង "អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​និរន្តរ​ភាព​ផ្ទៃ​ដី​មួយ​លាន​ហិក​តា​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ និង​បំ​ភាយ​ឧស្ម័ន​ទាប ផ្សារ​ភ្ជាប់​ជា​មួយ​កំ​ណើន​បៃ​តង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ដល់​ឆ្នាំ ២០៣០" (គម្រោង​ស្រូវ​មួយ​លាន​ហិក​តា)។ បណ្តា​សហ​ករណ៍​ដើរ​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល ជួយ​តភ្ជាប់​កសិ​ករ​ជា​មួយ​អា​ជីវ​កម្ម ស្ថិរ​ភាព​ទី​ផ្សារ​លក់​ចេញ​ បង្កើន​តម្លៃ និង​កាត់​បន្ថយ​ហា​និភ័យ​នៃ​តម្លៃ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជាក់​ស្តែង​បច្ចុប្បន្ន​នៅ​មាន​ភាព​អន់​ថយ​អំ​ពី​លក្ខណៈ​ចីរ​ភាព ស្ថាន​ភាព "បំ​ពាន​កិច្ច​សន្យា" នៅ​ពេល​តម្លៃ​ទី​ផ្សារ​ប្រែ​ប្រួល​នៅ​តែ​កើត​មាន​ឡើង ដែល​ចាំ​បាច់​ត្រូវ​កែ​សម្រួល​ក្នុង​ពេល​ខាង​មុខ"។

រចនា​សម្ព័ន្ធ​រដូវ​កាល​សម​ស្រប

តាម​ផែន​ការ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដាច់​ឆ្នាំ ២០២៦ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​នឹង​ផលិត​ស្រូវ​៣​រដូវ (រដូវ​ដើម​ឆ្នាំ រដូវ​សម្រក និង​រដូវ​ប្រាំង) លើ​ផ្ទៃ​ដី​សរុប​ប្រ​ហែល ២ លាន​ហិក​តា ថយ​ចុះ ៦៦.៨៥០ ហិក​តា បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០២៥។ ទិន្ន​ផល​រំ​ពឹង​ថា​នឹង​សម្រេច​បាន ៥.៩៣៧ គី​ឡូ​ក្រាម/ហិក​តា និង​ទិន្ន​ផល​សរុប​ជាង ១១,៨ លាន​តោន។ បណ្តា​ខេត្ត​ទី​ក្រុង ក្នុង​តំ​បន់​បន្ត​អនុ​វត្ត​គម្រោង​ស្រូវ​មួយ​លាន​ហិក​តា ព្រម​ទាំង​ធ្វើ​បច្ចុប្បន្ន​ភាព និង​កែ​សម្រួល​ការ​ផលិត​ឱ្យ​ស្រប​តាម​លក្ខណៈ​ធម្ម​ជាតិ ហេដ្ឋា​មូល​ដ្ឋាន រចនា​សម្ព័ន្ធ​ពូជ កម្រិត​វប្ប​កម្ម​និង​តម្រូវ​ការ​នាំ​ចេញ។ ភូមិ​ភាគ​នា​នា​គ្រោង​នឹង​ដាក់​ដំ​ណើរ​ការ​បង្ហាញ​ទម្រង់​អនុ​វត្ត​បច្ចេក​វិ​ទ្យា​ខ្ពស់ និង​បច្ចេក​ទេស​ទំ​នើប​ចំ​នួន ៨៨ លើ​ផ្ទៃ​ដី ៣៨.៥៦០ ហិក​តា និង​បន្ត​ពង្រឹង​តំ​បន់​ទ្រ​នាប់​ដែល​មាន​ផ្ទៃ​ដី ៤០០.​៨៤៤,៥ ហិក​តា។

នា​យក​ដ្ឋាន​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​បាន​ផ្តល់​អនុ​សាសន៍៖ រដូវ​កាល និង​កាល​វិភាគ​សាប​ព្រោះ​ត្រូវ​តែ​សម​ស្រប ដើម្បី​ជៀស​វាង​ភាព​រាំង​ស្ងួត និង​ការ​ជ្រៀត​ទឹក​ប្រៃ​នៅ​ដើម​រដូវ​ដើម​ឆ្នាំ (ពិ​សេស​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ) និង​ភ្លៀង​ព្យុះ​នៅ​ចុង​រដូវ​ស្រូវ​សម្រក។ ផ្អែក​លើ​លក្ខណៈ​ប្រ​ភព​ទឹក ដី​ធ្លី និង​ទម្លាប់​វប្ប​កម្ម ចាំ​បាច់​ត្រូវ​កសាង​កាល​វិភាគ​រដូវ​កាល​ឱ្យ​បាន​ហ្មត់​ចត់​តាម​តំ​បន់​នី​មួយៗ និង​អនុ​តំ​បន់​អេ​កូ​ឡូ​ស៊ី ផ្សារ​ភ្ជាប់​ជា​មួយ​គោល​ការណ៍ "បញ្ជៀស​សត្វ​ល្អិត" និង​ការ​វិវត្ត​នៃ​ជល​សាស្ត្រ។

រដូវ​ដើម​ឆ្នាំ​តាម​ការ​គ្រោង​ទុក​នឹង​ចុះ​ពូជ​លើ​ផ្ទៃ​ដី​ ១,២០៤ លាន​ហិក​តា ចាប់​ផ្តើម​សាប​ព្រោះ​ពី​ខែ​មី​នា​ដល់​ខែ​មិ​ថុនា។ ក្នុង​នោះ ខែ​មី​នា និង​មេ​សា សាប​ព្រោះ​ប្រ​មូល​ផ្តុំ​នៅ​តំ​បន់​ដី​ល្បាប់​ទឹក​សាប​ទន្លេ​តៀង ទន្លេ​ហូវ ដុង​ថាប​ម៉ើយ និង​ផ្នែក​ខ្លះ​នៃ​តំ​បន់​ចតុ​កោណ​ឡុង​ស្វៀង ដែល​មាន​ប្រ​ហែល ៦៥០.​០០០ ហិក​តា។ ក្នុង​ខែ​ឧស​ភា សាប​ព្រោះ​នៅ​តំ​បន់​ភាគ​ខាង​ត្បូង​ផ្លូវ​ជាតិ​លេខ​១ (ចម្ងាយ​ពី​សមុទ្រ​ជាង​ ៧០ គី​ឡូ​ម៉ែត្រ) ប្រ​ហែល ៤៥០​.០០០ ហិក​តា។ ពាក់​កណ្តាល​ខែ​មិ​ថុ​នា នៅ​តំ​បន់​ឆ្នេរ​សមុទ្រ (ចម្ងាយ​ពី​សមុទ្រ ៥០ គី​ឡូ​ម៉ែត្រ) សាប​ព្រោះ​នៅ​ពេល​មាន​ភ្លៀង ប្រ​ហែល ១០៤.​០០០ ហិក​តា។

រដូវ​ស្រូវ​សម្រក គ្រោង​ចុះ​ពូជ​លើ​ផ្ទៃ​ដី ៦៣៩.​០០០ ហិក​តា សាប​ព្រោះ​ពី​ខែ​មិ​ថុ​នា​ដល់​ខែ​សី​ហា។ តាម​នោះ តំ​បន់​ទឹក​ជំ​នន់​ជ្រៅ​ដុង​ថាប​ម៉ើយ​និង​ផ្នែក​ខ្លះ​នៃ​ចតុ​កោណ​ឡុង​ស្វៀង រួម​មាន​ខេត្ត​អាង​យ៉ាង (២៤៧​.៧០០ ហិក​តា), ខេត្ត​ដុង​ថាប (១៤៩​.៥០០ ហិក​តា) រដូវ​កាល​សាប​ព្រោះ​ចាប់​ពី​ខែ​មិ​ថុ​នា ដល់​ពាក់​កណ្តាល​ខែ​កក្ក​ដា និង​ខែ​សី​ហា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី ២០ ខែ​សី​ហា។ ចំ​ពោះ​តំ​បន់​ទឹក​ជំ​នន់​រាក់ តំ​បន់​ដី​ល្បាប់​ទឹក​សាប​ទន្លេ​តៀង និង​ទន្លេ​ហូវ ដែល​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ផលិត ៣ រដូវ មិន​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំ​នន់ ដូច្នេះ​ផ្តុំ​កម្លាំង​ចង្អុល​ការ​ចុះ​ពូជ​ឱ្យ​ចំ​រដូវ​កាល​និង​តាម​ដាន​កម្ពស់​ទឹក​ជំ​នន់ ទឹក​ជោរ ទឹក​នាច ដោយ​ចាប់​ផ្តើម​សាប​ព្រោះ​នៅ​ដើម​ខែ​កក្កដា និង​បញ្ចប់​នៅ​ថ្ងៃ​ទី ១០ ខែ​សី​ហា លើ​ផ្ទៃ​ដី​ជាង ១១១​.៨០០ ហិក​តា។ តំ​បន់​ឆ្នេរ​សមុទ្រ​រួម​មាន​ខេត្ត​វិញ​ឡុង ខេត្ត​កា​ម៉ាវ និង​ទី​ក្រុង​កឹង​ធើ រដូវ​កាល​សាប​ព្រោះ​គឺ​នៅ​ចុង​ខែ​កក្កដា ដើម​ខែ​សី​ហា និង​បញ្ចប់​នៅ​ថ្ងៃ​ទី ៣០ ខែ​សី​ហា សរុប​ផ្ទៃ​ដី​ប្រ​ហែល ១៣០​.០០០ ហិក​តា។

រដូវ​ស្រូវ​ឆ្នាំ ២០២៦ គ្រោង​នឹង​ចុះ​ពូជ​លើ​ផ្ទៃ​ដី ១៧៣​.២០០ ហិក​តា។ ចាប់​ផ្តើម​សាប​ព្រោះ​ពី​ខែ​សី​ហា និង​បញ្ចប់​នៅ​ចុង​ខែ​កញ្ញា ប្រ​មូល​ផ្តុំ​នៅ​ខេត្ត​អាង​យ៉ាង (៨១.​៩០០ ហិក​តា) និង​ខេត្ត​កា​ម៉ាវ (៩១​.៣០០ ហិក​តា)។ ចំ​ពោះ​រដូវ​ស្រូវ​និង​ស្រូវ - បង្កង គឺ​ជា​តំ​បន់​ផលិត ១ រដូវ ឬ ២ រដូវ (ពូជ​រយៈ​ពេល​ខ្លី) ត្រូវ​រង់​ចាំ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ដើម្បី​លាង​ជម្រះ​ជាតិ​ប្រៃ និង​មាន​ទឹក​ស្រោច​ស្រព​គ្រប់​គ្រាន់​ទើប​ចាប់​ផ្តើម​សាប​ព្រោះ​ដើម្បី​ធា​នា​សុ​វត្ថិ​ភាព។ ស្រូវ ១ រដូវ សាប​ព្រោះ​នៅ​ខែ​កញ្ញា ចំ​ណែក​រដូវ​ស្រូវ​លើ​ផ្ទៃ​ដី​បង្កង - ស្រូវ សាប​ព្រោះ​ក្នុង​ខែ​កក្កដា និង​សី​ហា។

លោក​ង្វៀង​ក្វឹក​ម៉ាញ់ មាន​ប្រ​សាសន៍៖ "ទន្ទឹម​នឹង​ការ​រៀប​ចំ​រដូវ​កាល និង​រចនា​សម្ព័ន្ធ​ពូជ បណ្តា​ភូមិ​ភាគ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង គប្បី​ផ្តុំ​កម្លាំង​ចង្អុល​ការ​អនុ​វត្ត​ផ្នែក​បច្ចេក​ទេស​ឱ្យ​បាន​ព្រមៗ​គ្នា ស្រប​តាម​លក្ខណៈ​វប្ប​កម្ម ផ្អែក​លើ​មូល​ដ្ឋាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សង្វាក់​ផលិត​ទាំង​ពីរ​ដែល​បាន​ដាក់​ចេញ ដូច​ជា​សង្វាក់​បច្ចេក​ទេស​ផលិត​ស្រូវ​កាត់​បន្ថយ​ចំ​ណាយ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ព្រម​ទាំង​សង្វាក់​បច្ចេក​ទេស​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ និង​បំ​ភាយ​ឧស្ម័ន​ទាប​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ផ្នែក​កសិ​កម្ម​ភូមិ​ភាគ​នា​នា​ត្រូវ​បង្កើន​ការ​គ្រប់​គ្រង​ប្រ​ភព​ទឹក​ឱ្យ​បាន​ល្អ ប្រើ​ប្រាស់​ទឹក​ដោយ​សន្សំ​សំ​ចៃ និង​មាន​ប្រ​សិទ្ធ​ភាព ព្រម​ទាំង​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​មុខ​ដំ​ណាំ​នៅ​លើ​ដី​ផលិត​ស្រូវ​ដែល​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​រដូវ​ដើម​ឆ្នាំ និង​រដូវ​សម្រក..."។

ហា​វ៉ាំង - សុ​ផន

ចែករំលែកអត្ថបទ