ក្រសួងអប់រំនិងបណ្តុះបណ្តាល ទើបចេញសារាចរលេខ ៣៣ អំពីក្របខ័ណ្ឌសមត្ថភាពភាសាបរទេសរបស់វៀតណាម
យោងតាមក្រសួងអប់រំនិងបណ្តុះបណ្តាល នេះគឺជាជំហានធ្វើឱ្យសុក្រឹតដ៏សំខាន់ ក្នុងការកសាងប្រព័ន្ធបទដ្ឋានវាយតម្លៃសមត្ថភាព ភាសាបរទេសឱ្យឯកភាព ឆ្លើយតបទៅនឹងតម្រូវការផ្លាស់ថ្មីជាមូលដ្ឋាន គ្រប់ជ្រុងជ្រោយសម្រាប់ការអប់រំនិងបណ្តុះបណ្តាល ព្រមទាំងបម្រើដល់ដំណើរការសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅរបស់វៀតណាម។
សារាចរនេះ ដាក់ចេញក្នុងគោលបំណងបង្កើតបទដ្ឋានរួមមួយ អំពីសមត្ថភាពភាសាបរទេសក្នុងទូទាំងប្រព័ន្ធអប់រំ បង្កើតជាមូលដ្ឋានសម្រាប់ការកសាងកម្មវិធីបណ្តុះបណ្តាល ចាត់តាំងការបង្រៀន ការពិនិត្យ វាយតម្លៃនិងការទទួលស្គាល់លទ្ធផលនៃការសិក្សា។ តាមរយៈនោះ ជួយឱ្យអ្នកសិក្សាកំណត់ទិសដៅច្បាស់លាស់សម្រាប់ដំណើរការអភិវឌ្ឍសមត្ថភាពភាសាបរទេស ព្រមទាំងជួយដល់គ្រឹះស្ថានអប់រំទាំងឡាយលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងពង្រឹងការតភ្ជាប់រវាងកម្រិតសិក្សានិងកម្រិតវិជ្ជាបណ្តុះបណ្តាល។
ចំណុចលេចធ្លោនៃសារាចរនេះ គឺការធ្វើសមទិនក្របខ័ណ្ឌសមត្ថភាពភាសាបរទេសរបស់វៀតណាម យោងតាមក្របខ័ណ្ឌប្រៀបធៀបរួមរបស់អឺរ៉ុប (CEFR) កំណែថ្មី (២០២០-២០២១) ធានាលក្ខណៈស្របនឹងបទដ្ឋានវាយតម្លៃអន្តរជាតិ បង្កលក្ខណៈងាយស្រួលសម្រាប់ការទទួលស្គាល់សញ្ញាបត្រ វិញ្ញាបនបត្រ រវាងវៀតណាមនិងប្រទេសផ្សេងៗ។
ក្របខ័ណ្ឌសមត្ថភាពភាសាបរទេសសម្រាប់ប្រើប្រាស់នៅវៀតណាម ត្រូវបានបែងចែកជា ៣ កម្រិត (កម្រិតបឋម កម្រិតមធ្យម និងកម្រិតខ្ពស់)។ ជាក់ស្តែងដូចខាងក្រោម៖
ទន្ទឹមនឹងនោះ សារាចរក៏បានបំពេញបន្ថែមកម្រិត “មុនកម្រិត១” (Pre - A១) រួមចំណែកធ្វើឱ្យសុក្រឹតប្រព័ន្ធវាយតម្លៃចំពោះអ្នកចាប់ផ្តើមរៀនភាសាបរទេស ពិសេសសមស្របទៅនឹងនិន្នាការនៃការបង្រៀននិងរៀនភាសាបរទេស តាំងពីវ័យកុមារនៅវៀតណាម។ ការបំពេញបន្ថែមទាំងនេះ ជួយពង្រីកវិសាលភាពកម្រិតបណ្តុះបណ្តាល ធានាលក្ខណៈតភ្ជាប់និងគ្រប់ជ្រុងជ្រោយនៃក្របខ័ណ្ឌសមត្ថភាព។

សារាចរបានផ្តោតទៅលើការធ្វើឱ្យច្បាស់លាស់ និងលម្អិតនៃការពិពណ៌នាអំពីសមត្ថភាពលើបំណិននីមួយៗ ដូចជា ស្តាប់ និយាយ អាន សរសេរ តាមរយៈនោះ ជួយឱ្យគ្រូបង្រៀននិងអ្នកសិក្សានៅតាមគ្រឹះស្ថានអប់រំ ងាយស្រួលអនុវត្តទៅក្នុងភាពជាក់ស្តែងនៃការបង្រៀននិងវាយតម្លៃ។
ចំពោះភាសាមួយចំនួនដែលមានលក្ខណៈពិសេសដោយឡែក ដូចជា ភាសាចិន ភាសាជប៉ុន និងភាសាកូរ៉េ សារាចរបានចែងច្បាស់អំពីការប្រើប្រាស់ក្របខ័ណ្ឌសមត្ថភាពដែលចេញដោយប្រទេសនោះ ដើម្បីធានាសមស្របនឹងលក្ខណៈភាសា និងទម្លាប់អន្តរជាតិ។
សារាចរនេះមានសុពលភាព ចាប់ពីថ្ងៃទី ៣១/៥/២០២៦ ជំនួសសារាចរលេខ ០១/២០១៤/TT-BGDĐT ប្រកាសឱ្យប្រើក្របខ័ណ្ឌសមត្ថភាព ភាសាបរទេស ៦ កម្រិតសម្រាប់ប្រើនៅវៀតណាម៕
ប្រភព៖ vietnamnet.vn -មុនី