មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/04/2026 - 22:37

ត្រឹង​ខែន – "អ្នក​ក្លា​ហាន​ប្រ​ល័យ​អា​មេ​រិក" នៅ​តំ​បន់​អ៊ូ​មិញ 

ស្នង​បន្ត​ប្រ​វេ​ណី​វីរ​ភាព​របស់​កង​វរសេ​នា​តូច​លេខ ៣០៧ ដែល​ជា​អង្គ​ភាព​បាន​និ​ពន្ធ​ក្នុង​បទ​កំ​ណាព្យ បទ​ចម្រៀង ដោយ​មាន​ស្នា​ដៃ​ប្រ​យុទ្ធ​ដ៏​ល្បី​ល្បាញ អ្នក​ក្លា​ហាន​ ត្រឹង​ខែន កូន​ប្រុស​ដ៏​ឆ្នើម​ម្នាក់​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​កា​ម៉ាវ (បច្ចុ​ប្បន្ន រស់​នៅ​ភូមិ​កិញ​ឌឹង B ឃុំ​ខាញ់​ហ៊ឹង ខេត្ត​កា​ម៉ាវ) បាន​បង្កើត​នូវ​ទំ​ព័រ​ប្រ​វត្តិ​សាស្ត្រ​ដ៏​ត្រ​ចះ​ត្រចង់។ ជា​មួយ​នឹង​ស្មា​រតី​អង់​អាច​ក្លា​ហាន លោក​បាន​ប្រ​ទាន​កិត្តិ​នាម​ដ៏​ខ្ពង់​ខ្ពស់​ជា​បន្ត​បន្ទាប់​រួម​មាន៖ អ្នក​ក្លា​ហាន​ប្រ​ល័យ​អា​មេរិក អ្នក​ក្លា​ហាន​ប្រ​ល័យ​អា​យ៉ង និង​អ្ន​កក្លា​ហាន​កម្ទេច​យាន​យន្ត​សឹក។

ក្រោយ​កិច្ច​ព្រម​ព្រៀង Genève ឆ្នាំ ១៩៥៤ ភាគ​ច្រើន​កង​កម្លាំង​នៃ​កង​វរ​សេ​នា​តូច​លេខ ៣០៧ បាន​ចល័ត​ទ័ព​ទៅ​ភាគ​ខាង​ជើង។ ទោះ​បី​ដូច្នោះ​ក្តី កម្លាំង​ប្រ​យុទ្ធ​របស់​អង្គ​ភាព​មិន​ដែល​រលត់​នៅ​លើ​ទឹក​ដី​ភាគ​ខាង​ត្បូង​ឡើយ។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បន្ទាន់​នៃ​សមរ​ភូមិ នៅ​ថ្ងៃ​ទី ៣០ ខែ​កក្ក​ដា ឆ្នាំ ១៩៦៧ នៅ​ស្រុក​ត្រឹង​វ៉ាំង​ថើយ ខេត្ត​កា​ម៉ៅ កង​វរ​សេ​នា​តូច​លេខ ៣០៧ ត្រូវ​បាន​បង្កើត​ឡើង​វិញ ចំ​ណុះ​កង​វរសេ​នា​ធំ​លេខ ១ អ៊ូ​មិញ យោធ​ភូមិ​ភាគ ៩។

ក្នុង​បរិ​យា​កាស​ដ៏​អង់​អាច​នោះ លោក​ត្រឹង​ខែន (ធ្លាប់​ហៅ​ថា បា​ខែន កើត​ឆ្នាំ ១៩៥០) ពេល​នោះ​ជា​យុទ្ធ​ជន​នៃ​កង​កម្លាំង​ភូមិ​ភាគ​ស្រុក​ត្រឹង​វ៉ាំង​ថើយ បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កង​វរ​សេ​នា​តូច​លេខ ៣០៧។ ដោយ​មាន​ភាព​រហ័ស​រហួន និង​សេច​ក្តី​ក្លា​ហាន លោក​បាន​ថ្នាក់​លើ​ទំ​នុក​ចិត្ត​ប្រ​គល់​ភារ​កិច្ច​ជា​យុទ្ធ​ជន​ស៊ើប​ការណ៍​ពិ​សេស (កម្មង់​ដូ)។

លោក​ត្រឹង​ខែន បាន​រំ​លឹក​ឡើង​វិញ​នូវ​ដំ​ណើរ​ការ​ហ្វឹក​ហ្វឺន​បច្ចេក​ទេស និង​យុទ្ធ​សាស្ត្រ​របស់ “កង​ទ័ព​បំ​ពេញ​ភារ​កិច្ច​ពិ​សេស” ៖ “កាល​នោះ យើង​ខ្ញុំ​ត្រូវ​បាន​ហ្វឹក​ហ្វឺន​ឱ្យ​ដើរ​លើ​ខ្សែ​ដែល​ចង​ឆ្លង​ព្រែក។ ដំ​បូង​ឡើយ​គឺ​ដើរ​លើ​ខ្សែ​ពី​រស្រប​គ្នា ធ្វើ​យ៉ាង​ណា​ដើរ​មិន​ឱ្យ​ធ្លាក់​ចុះ​ទឹក។ នៅ​ពេល​ស្ទាត់​ជំ​នាញ បងៗ​មេ​បញ្ជា​ការ​ក៏​បាន​ទាញ​ខ្សែ​ទាំង​ពីរ​ឱ្យ​នៅ​ជិត​គ្នា ក្លាយ​ជា​ខ្សែ​តែ​មួយ អ្នក​ណា​ដើរ​បាន​រឹង​មាំ​លើ​ខ្សែ​តែ​មួយ​នោះ ទើប​ចាត់​ទុក​ថា​សម្រេច​ការ​ហ្វឹក​ហ្វឺន។ មិន​តែ​ប៉ុណ្ណោះ យើង​ខ្ញុំ​នៅ​ទាំង​ហ្វឹក​ហ្វឺន​ដើរ​លើ​ខ្សែ​ដែល​ចង​មាន​កម្ពស់​ខុស​គ្នា​ទៀត​ផង”។

 ទោះ​បី​មាន​វ័យ​ចាស់ ប៉ុន្តែ​លោក​ត្រឹង​ខែន​នៅ​តែ​សកម្ម​ពល​កម្ម​ផលិត។

ចំ​ពោះ​បច្ចេក​ទេស​ហែល​ឆ្លង​ព្រែក យើង​ខ្ញុំ​បាន​ហ្វឹក​ហ្វឺន​ហែល​ទឹក​ដោយ​បង្វិច​សម្លៀក​បំ​ពាក់​ត្រូវ​បាន​បត់​បង្រួម​តូច​បំ​ផុត ចំ​ណែក​កាំ​ភ្លើង​ត្រូវ​ព្រ​នាក់​ផ្ដេក​នៅ​លើ​ក្បាល។ រាល់​ពេល​ហែល​ឆ្លង​ទៅ​ឆ្លង​មក សុទ្ធ​តែ​ត្រូវ​ធា​នា​ពេល​វេ​លា​ដែល​បាន​កំ​ណត់។ ចុង​ក្រោយ​គឺ​ការ​ប្រ​ឡង​បាញ់​កាំ​ភ្លើង បាញ់​គ្រាប់​ណា​ត្រូវ​គ្រាប់​នោះ តម្រូវ​ការ​ឱ្យ​បាញ់​ចំ ១០០%”។

ក្រៅ​ពី​ជំ​នាញ​ផ្លាស់​ទី លោក​និង​សម​មិត្ត​ត្រូវ​បាន​ហ្វឹក​ហ្វឺន​យ៉ាង​ស្ទាត់​ជំ​នាញ​ពី​វិធី​បន្លំ​ខ្លួន​សម្ងាត់​ចូល​ទី​តាំង​សត្រូវ គ្រប់​គ្រង និង​កម្ទេច​គោល​ដៅ​ឱ្យ​បាន​រហ័ស ​និង​ប្រ​សិទ្ធ​ភាព។ ជ័យ​ជម្នះ​ដ៏​ត្រ​ចះ​ត្រ​ចង់​ក្នុង​ការ​វាយ​បន្ទាយ​កៃ​សើង( នៅ​កឹង​ធើ) ត្រូវ​បាន​ចាត់​ទុក​ជា "មេ​រៀន​អនុវ​ត្តប​ញ្ចប់​ការ​សិក្សា" ដ៏​ឆ្នើម​នៃ​វគ្គ​ហ្វឹក​ហ្វឺន​កម្មង់​ដូនា​ឆ្នាំ​នោះ។ ដោយ​ទទួល​បាន​ជោគ​ជ័យ​នេះ លោក​និង​អង្គ​ភាព​បាន​បន្ត​វាយ​កម្ទេច​បន្ទាយ​សត្រូវ​ជា​បន្ត​បន្ទាប់​ដូច​ជា បន្ទាយ​រ៉ៅ​រ៉ាំ និង​បន្ទាយ​តំ​បន់​ប្រ​សព្វ​មុខ​បី​ទឹក​ត្រ​ជាក់។

ការ​ចង​ចាំ​ដ៏​ជ្រាល​ជ្រៅ​បំ​ផុត​ក្នុង​ជី​វិត​ជា​កង​ទ័ព​របស់​លោក គឺ​ការ​វាយ​បន្ទាយ​តំ​បន់​ប្រ​សព្វ​មុខ​បី​ទឹក​ត្រ​ជាក់ នៅ​ខេត្ត​កឹង​ធើ​ពី​មុន។ ក្នុង​ពេល​យាម​ប្រ​យុទ្ធ យុទ្ធ​ជន បា​ខែន បាន​ឃើញ​ទា​ហាន​អា​មេ​រិក ៣ នាក់ កំ​ពុង​ឆ្លង​ព្រែក។ ដោយ​ភាព​វៃ​ឆ្លាត លោក​បាន​អត់​ធ្មត់​រង់​ចាំ​សត្រូវ​ចូល​ក្នុង​ចម្ងាយ​បាញ់​ដ៏​ល្អ​បំ​ផុត រួច​ក៏​គ្រ​វែង​គ្រាប់​បែក​ដៃ ២ គ្រាប់​ទៅ​ចំ​កម្ទេច​សត្រូវ​ទាំង ៣ នាក់​ភ្លាមៗ។ ផ្តើម​ពី​ការ​ប្រ​យុទ្ធ​ដ៏​អស្ចារ្យ​នេះ​ហើយ សម​មិត្ត​ត្រឹង​ខែន មាន​កិត្តិ​យស​បាន​ប្រ​ទាន​កិត្តិ​នាម "យុទ្ធ​ជន​សម្លាប់​អា​មេ​រិក"។

ឆ្នាំ ២០០៦ លោក​វរសេ​នីយ៍​ទោ ត្រឹង​កុង​បាំង វីរៈ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន អតីត​ប្រ​ធាន​កង​វរសេ​នា​តូច និង​ជា​ស្នង​ការ​នយោ​បាយ​នៃ​កង​វរសេ​នា​តូច​លេខ ៣០៧ បាន​បញ្ជាក់​ពី​ការ​រួម​ចំ​ណែក​របស់​អ្នក​ក្រោម​បង្គាប់​កាល​ពី​មុន៖ ពល​បាល​ទោ ត្រឹង​ខែន ប្រ​ធាន​កង​អនុ​សេនា​លេខ ១ កង​អនុ​សេ​នា​ធំ​លេខ ១ (កម្មង់​ដូ) គឺ​ជា "អ្នក​បាញ់​កាំ​ភ្លើង" ដ៏​ពូ​កែ​ម្នាក់។ ជា​ពិ​សេស​នៅ​ក្នុង​យុទ្ធ​នា​ការ​ម៉ូវ​ថឹង ឆ្នាំ ១៩៦៨ លោក​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​សមរ​ភូមិ​ធំ​តូច​ចំ​នួន ២១ លើក ត្រូវ​បាន​ផ្តល់​កិត្តិ​យស​ជា​អ្នក​ក្លា​ហាន​ប្រ​ល័យ​អា​មេរិក ១ លើក អ្នក​ក្លា​ហាន​ប្រ​ល័យ​អា​យ៉ង ២ លើក និង​អ្នក​ក្លា​ហាន​កម្ទេច​យាន​យន្ត​សឹក ១ លើក។

ក្រោយ​ថ្ងៃ​ប្រ​ទេស​ជាតិ​ឯក​ភាព (ឆ្នាំ ១៩៧៥) ជា​មួយ​នឹង​របួស​ជាប់​នឹង​ខ្លួន លោក ត្រឹង​ខែន បាន​ត្រ​ឡប់​មក​ភូមិ​ភាគ​ដើម្បី​សម្រាក​ព្យា​បាល។ ទោះ​ជា​យ៉ាង​នេះ តែ​ដោយ​ចរិត​លក្ខណៈ "កង​ទ័ព​អ៊ំ​ហូ" មិន​អនុញ្ញាត​ឱ្យ​លោក​ឈប់​សម្រាក​ឡើយ។ បច្ចុ​ប្បន្ន ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​សា​ខា​សមា​គម​អតីត​យុទ្ធ​ជន​ភូមិ​កិញ​ឌឹង B ឃុំ​ខាញ់​ហ៊ឹង ខេត្ត​កា​ម៉ៅ លោក​នៅ​តែ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​សកម្ម​ភាព​សង្គម។ តាម​រយៈ​ភា​សា​វៀត​ណាម និង​ភា​សា​ខ្មែរ លោក​តែង​ឃោស​នា​និង​បំ​ផុស​ចល​នា​មា​មីង​នៅ​ភូមិ​ស្រុក​ឱ្យ​អនុ​វត្ត​តាម​គោល​ការណ៍រ​បស់​បក្ស​និង​រដ្ឋ និង​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​ផលិត។

កង​វរសេ​នា​តូច​លេខ ៣០៧ មិន​ត្រឹម​ប្រៀប​ដូច​ជា​រឿង​ព្រេង​ក្នុង​កម្រង​បទ​ចម្រៀង​ប៉ុណ្ណោះ​ទេ នៅ​ទាំង​រស់​រាន​មាន​ជី​វិត​ដោយ​យុទ្ធ​ជន​កំ​ពុង​រស់​នៅ​ពិតៗ​ដូច​ជា ពល​បាល​ទោ ត្រឹង​ខែន។ លោក​គឺ​ជា​ស្ពាន​ចម្លង​តភ្ជាប់​ប្រ​វេ​ណី​វីរ​ភាព​របស់​អ្នក​ជំ​នាន់​មុន​និង​ជំ​នាន់​យុវ​ជន​នា​បច្ចុប្បន្ន ជា​សក្ខី​ភាព​រស់​នៃ​ស្មារតី​សាមគ្គី​ភាព​រវាង​ជន​ជាតិ​កិញ-ខ្មែរ-ហ្វា និង​ជន​ជាតិ​ភាគ​តិច​ដទៃ​ទៀត ក្នុង​បុព្វ​ហេតុ​ការ​ពារ និង​កសាង​មាតុ​ភូមិ​កា​ម៉ាវ​ដោយ​ទឹក​ចិត្ត​ស្មោះ​សរ៕

យ្វី​អាញ- ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ