ខេត្តកាម៉ាវ មានផ្ទៃដីរុក្ខកម្មសរុបចំនួន ១៤៨.១៩៦ ហិកតា ក្នុងនោះ ផ្ទៃដីព្រៃដែលមានហានិភ័យឆេះខ្ពស់ចំនួន ៤៥.៨០៤ ហិកតា។ ដើម្បីម្ចាស់ការបង្ការនិងទប់ស្កាត់ឆេះព្រៃ គណៈកម្មាធិការបក្សនិងរដ្ឋអំណាចភូមិភាគបានពង្រឹងកម្លាំងប្រចាំការ និងរៀបចំមធ្យោបាយ ត្រៀមលក្ខណៈជាស្រេចនូវរាល់ផែនការបង្ការនិងពន្លត់អគ្គិភ័យព្រៃឈើ រួមចំណែកការពារ “សួតបៃតង” របស់ភូមិភាគបានល្អប្រសើរ។

ខេត្តកាម៉ាវ ម្ចាស់ការបង្ការនិងទប់ស្កាត់ភ្លើងឆេះព្រៃ។
នៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតសមាជិកមួយរុក្ខកម្មអ៊ូមិញហា ប្រព័ន្ធគមនាគមន៍បានវិនិយោគសាងសង់ផ្លូវកៅស៊ូ និងបេតុងសរសៃដែក មានប្រវែងជាង ១០៧ គីឡូម៉ែត្រ អនុញ្ញាតឱ្យរថយន្តទម្ងន់ ៥ តោនចរាចរណ៍បានយ៉ាងងាយស្រួល។ ដងផ្លូវនានាតភ្ជាប់ពីមជ្ឈមណ្ឌលឃុំទៅកាន់អនុតំបន់នានាដូចជា៖ អ៊ូមិញ I, អ៊ូមិញ II, ទន្លេត្រែម, ៣០មេសា និងត្រឹងវ៉ាំងថើយ ជួយឱ្យកម្លាំងសមត្ថកិច្ចងាយស្រួលចូលទៅដល់ទីតាំងនៅពេលមានអាសន្នកើតឡើង។ បច្ចុប្បន្ន ទូទាំងតំបន់បានរៀបចំប៉មយាមចំនួន ៧៤ កន្លែង ក្នុងនោះ មានប៉មរឹងមាំចំនួន ៦៥ និងប៉មបណ្តោះអាសន្នចំនួន ៩ ដោយរក្សាការយាមល្បាត ២៤/២៤ ម៉ោងក្នុងរដូវប្រាំង។ កម្លាំងបង្ការនិងពន្លត់អគ្គិភ័យឆេះព្រៃបានចាត់តាំងជា ៧៥ ក្រុម ដោយមានចំនួន ៥១៦ នាក់ ត្រៀមលក្ខណៈតាមទិសស្លោក “៤នៅនឹងកន្លែង”។
នៅគណៈគ្រប់គ្រងព្រៃពិសេស - ព្រៃបង្ការបាកលីវ ការងារបង្ការនិងពន្លត់អគ្គិភ័យព្រៃឈើបានផ្សព្វផ្សាយ ដើម្បីការពារសុវត្ថិភាពតំបន់ព្រៃពិសេស ក្នុងនោះ មានតំបន់សួនបក្សីបាកលីវ។ តាមប្រសាសន៍លោក ត្រឹងប៊ិញឡុក នាយកគណៈគ្រប់គ្រងព្រៃពិសេស - ព្រៃបង្ការបាកលីវ បានឱ្យដឹង៖ អង្គភាពបច្ចុប្បន្នបានបែងចែកកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ ព្រៃឈើចំនួន ១៨ នាក់ រួមទាំងឧបករណ៍ជាច្រើនដូច៖ ម៉ាស៊ីនជំនាញពន្លត់អគ្គិភ័យ ប្រព័ន្ធទុយោបាញ់ទឹកប្រវែងប្រមាណ ១.៤០០ ម៉ែត្រ ម៉ាស៊ីនបូមទឹក ឧបករណ៍ពន្លត់អគ្គិភ័យផ្សេងៗទៀត។ ក្រៅពីនេះ នៅក្នុងព្រៃក៏មានធ្វើអាងស្តុកទឹក និងបង្គោលផ្តល់ទឹកសម្រាប់បម្រើការងារពន្លត់អគ្គិភ័យផងដែរ។
តំបន់អភិរក្សប្រភេទសត្វព្រៃ និងទីជម្រកសួនបក្សីបាកលីវ ខេត្តកាម៉ាវ មានផ្ទៃដី ១២៥,៨ ហិកតា (តំបន់ស្នូល) ក្នុងនោះផ្ទៃដីព្រៃមាន ១២០,៦ ហិកតា និងដីសម្រាប់ដាំព្រៃ ៥,២ ហិកតា កម្រិតគ្របដណ្តប់សម្រេច ៩៦,៤៦% នៃផ្ទៃដីតំបន់ស្នូល។ ទីនេះមានបក្សីជាង ១០០ ប្រភេទក្នុងនោះ មានបក្សីកម្រជាច្រើនប្រភេទបានកត់ត្រាក្នុងសៀវភៅក្រហមពិភពលោក មានសត្វចតុប្បាទជិត ១៥០ ប្រភេទ និងរុក្ខជាតិជាង ១០០ ប្រភេទ បង្កបានជាសហគមន៍ជីវចម្រុះដ៏វិសេស។ លោក ត្រឹងប៊ិញឡុក បានឱ្យដឹង៖ តំបន់អភិរក្សប្រភេទសត្វ និងទីជម្រកសួនបក្សីបាកលីវ បានចាត់ទុកថាជា “សួតបៃតង” របស់ភូមិភាគ និងជាទីតាំងទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងនិងក្រៅខេត្ត។ បច្ចុប្បន្ន អង្គភាពកំពុងកាប់ឆ្ការគុម្ពោតឈើដើម្បីកាត់បន្ថយឆាបឆេះ។ ចំណែកឯតំបន់មាត់ទំនប់សួនបក្សីដែលជាប់ព្រំប្រទល់នឹងគ្រួសារចិញ្ចឹមបង្កងឧស្សាហកម្ម មានប្រវែងប្រមាណ ៤.៦០០ ម៉ែត្រ ក៏បានកាប់ឆ្ការស្មៅដើម្បីទប់ស្កាត់ហានិភ័យឆេះរាលដាលចូលក្នុងព្រៃ។ អំឡុងពេលអាកាសធាតុក្តៅខ្លាំងអូសបន្លាយ អង្គភាពក៏បានដំណើរការប្រព័ន្ធផ្តល់ទឹកដើម្បីបន្ថែមទឹកចូលទៅក្នុងតំបន់ព្រៃ និងប្រឡាយទឹកសំដៅរក្សាសំណើមនិងបន្ថយហានិភ័យនៃអគ្គិភ័យ៕
យ្វីអាញ - មេងលី