នាព្រឹកថ្ងៃទី២ ខែមេសា គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯកបម្រុង ង្វៀងក្វាងង៉ុក សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញមកធ្វើការជាមួយគណៈគ្រប់គ្រងគម្រោង ១៦៦ អំពីស្ថានភាពអនុវត្តបណ្តាគម្រោងសំខាន់នៅលើភូមិឋានខេត្តកាម៉ាវ។
តាមបណ្តាអង្គភាពសាងសង់ សំណង់សំខាន់នានាដែលកំពុងអនុវត្តនៅខេត្តកាម៉ាវ រួមមាន៖ ខ្សែផ្លូវល្បឿនលឿនកាម៉ាវ – កៃណឿក; កៃណឿក - ដឹកម៉ូយ, ខ្សែផ្លូវគមនាគមន៍ទៅកាន់កោះហងខ្វាយ និងស្ពានឆ្លងសមុទ្រតភ្ជាប់ដីគោកជាមួយកោះហងខ្វាយ។ គម្រោងទាំង ៣ នេះ អាស្រ័យគណៈគ្រប់គ្រងគម្រោង ១៦៦ ជាម្ចាស់វិនិយោគ។ ដោយឡែក ចំពោះកំពង់ផែចម្រុះហងខ្វាយ អាស្រ័យគណៈបញ្ជាការកងទ័ពជើងទឹកជាម្ចាស់វិនិយោគ។ បណ្តាគម្រោងទាំងនេះ ជាមូលដ្ឋានបានបណ្តាអង្គភាពអនុវត្តសាងសង់ធានាបានត្រូវតាមផែនការដែលដាក់ចេញ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងដំណើរការអនុវត្តនៅតែជួបការលំបាកមួយចំនួនដូចជា៖ ខ្វះប្រភពផ្គត់ផ្គង់វត្ថុធាតុដើម តម្លៃសម្ភារៈមួយចំនួនមានការប្រែប្រួល លក្ខខណ្ឌភូមិសាស្ត្រដីខ្សោយ និងអាកាសធាតុប្រែប្រួលមិនប្រក្រតី ដូច្នេះបានជះឥទ្ធិពលមួយផ្នែកដល់ល្បឿនដំណើរការសំណង់។
នៅក្នុងអង្គប្រជុំ បណ្តាអង្គភាពសាងសង់ ជាពិសេសគឺកងពលតូចលេខ ១២ បានស្នើឱ្យក្រសួងការពារជាតិ ចង្អុលការបណ្តាអង្គភាពពាក់ព័ន្ធសហការឱ្យបានជិតស្និទ្ធក្នុងដំណើរការអនុវត្ត ដើម្បីធានាល្បឿនដំណើរការសាងសង់សំណង់នានាឱ្យត្រូវតាមផែនការដែលបានកំណត់។

ឧត្តមសេនីយ៍ឯកបម្រុង ង្វៀងក្វាងង៉ុក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ពិនិត្យល្បឿនដំណើរការសាងសង់ខ្សែផ្លូវល្បឿនលឿនកៃណឿក – ដឹកម៉ូយ។
ថ្លែងការណ៍ក្នុងអង្គប្រជុំ លោកឡឹមវ៉ាំងប៊ី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានសង្កត់ធ្ងន់៖ បណ្តាគម្រោងសំខាន់ៗនៅកាម៉ាវ មិនត្រឹមតែមានអត្ថន័យសំខាន់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយុទ្ធសាស្ត្រក្នុងការធានាការពារជាតិ និងសន្តិសុខតំបន់ច្រកទ្វារសមុទ្រតីណាមបូទៀតផង។ ការសម្រេចសំណង់ទាំងនេះ នឹងរួមចំណែកអនុវត្តសម្រេចទិសដៅធ្វើឱ្យកាម៉ាវ ក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្ម (Logistics) ដ៏សំខាន់នៃតំបន់វាលរាបទន្លេគឺវឡុង។
ថ្លែងការណ៍បញ្ចប់កិច្ចប្រជុំ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀងក្វាងង៉ុក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្ងើចសរសើរនូវស្មារតីម្ចាស់ការ និងការទទួលខុសត្រូវរបស់បណ្តាអង្គភាព ជាពិសេសគឺអង្គភាពសាងសង់ដែលបានខិតខំជម្នះការលំបាក ជំរុញល្បឿនអនុវត្តបណ្តាគម្រោងនៅកាម៉ាវ។ សមមិត្តអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់៖ បណ្តាអង្គភាពសាងសង់ត្រូវតែអនុវត្តតាមស្មារតីដឹកនាំរបស់នាយករដ្ឋមន្ត្រីគឺ "មានតែពិភាក្សាគ្នាធ្វើ មិនពិភាក្សាគ្នាថយក្រោយ ជម្នះកម្តៅថ្ងៃ ជម្នះភ្លៀង" ដោយការប្តេជ្ញាចិត្តខ្ពស់បំផុត ផ្ដោតលើការស្វែងរកដំណោះស្រាយអនុវត្តដើម្បីជំរុញល្បឿនសំណង់នានាឱ្យឈានដល់គោលដៅទាន់ពេលវេលា និងធានាបាននូវគុណភាព។
ចំពោះសំណើរបស់អង្គភាពសាងសង់ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បានសំណូមពរឱ្យបណ្តាអង្គភាពបន្តផ្ដោតលើការដោះស្រាយបញ្ហាវត្ថុធាតុដើម ម្ចាស់ការសហការជិតស្និទ្ធជាមួយភូមិភាគ ដើម្បីដោះស្រាយការលំបាកនានាដែលកើតឡើងឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ បន្តពិនិត្យឡើងវិញ និងបំពេញបន្ថែមការងារស្ទង់មតិ ប្រឹក្សាយោបល់រចនា និងជ្រើសរើសដំណោះស្រាយដែលសមស្របទៅនឹងភូមិសាស្រ្តដី និងលក្ខណៈអាកាសធាតុតំបន់តីណាមបូ។ កៀរគរកម្លាំងពលកម្ម មធ្យោបាយ និងបរិក្ខារទំនើបៗបំផុត ដើម្បីចាត់ការសាងសង់តាមបែបវិទ្យាសាស្ត្រ និងបត់បែន សំដៅកាត់បន្ថយពេលវេលាអនុវត្ត។
ឧត្តមសេនីយ៍ឯកបម្រុង ង្វៀងក្វាងង៉ុក បានសង្កត់ធ្ងន់៖ ក្នុងដំណើរការសាងសង់ ត្រូវតែធានាសុវត្ថិភាពដាច់ខាត គោរពតាមបទប្បញ្ញត្តិនៃច្បាប់ឱ្យបានម៉ឺងម៉ាត់ រក្សារបៀបរៀបរយជាផ្លូវការ វិន័យកងទ័ព និងស្តង់ដារបច្ចេកទេសសំណង់។ បណ្តាអង្គភាពសាងសង់ ចាំបាច់ត្រូវដាក់ទិសដៅសម្រេចឱ្យបានឆាប់ ធានាគុណភាព រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ផ្សារភ្ជាប់ជាមួយនឹងការពង្រឹងការពារជាតិ និងសន្តិសុខ នៅតំបន់ចុងប៉ូចខាងត្បូងនៃមាតុភូមិ។
យ្វីអាញ- វ៉ាំងដុង÷ សុផន