កីឡា - ទេសចរណ៍ ទេសចរណ៍

24/02/2026 - 14:30

តំ​បន់​ចុង​ប៉ូល​ខាង​ត្បូង ជា​ទី​តាំង​ដែល​ភ្ញៀវ​ទេស​ចរ​ដើរ​កំ​សាន្ត​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ 

ក្នុង​បរិ​យា​កាស​រីក​រាយ​នៃ​ប៉ុន្មាន​ថ្ងៃ​ដើម​ឆ្នាំ​ប៊ិញ​ង៉ ២០២៦ តំ​បន់​ចុង​ប៉ូល​ខាង​ត្បូង​នៃ​មាតុ​ភូមិ បាន​កត់​សម្គាល់​នូវ​សញ្ញា​រីក​ចម្រើន​ខ្លាំង​ក្លា​នៃ​ផែន​ទី​​ទេស​ចរណ៍​ទូ​ទាំង​ប្រ​ទេស ដោយ​ទិដ្ឋ​ភាព​ថ្មី​រស់​រវើក។ ជា​មួយ​នឹង​ការ​ឈប់​សម្រាក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​វៀត​ណាម រយៈ​ពេល ៩ ថ្ងៃ ខេត្ត​កា​ម៉ាវ មិន​ត្រឹម​តែ​ជា​ទី​តាំង​ដ៏​ល្អ​សម្រាប់​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​សម្រស់​ធម្ម​ជាតិ​ដ៏​ស្រស់​បំ​ព្រង​នៃ​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ី​មាន​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​នោះ​ទេ ថែម​ទាំង​ជា​កន្លែង​ប្រ​មូល​ផ្តុំ​នៃ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សេច​ក្តី​ប្រាថ្នា​នៃ​ការ​ផ្លាស់​ថ្មី និង​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព។

យោង​តាម​ការ​វាយ​តម្លៃ​របស់​លោក លី​វី​ទ្រេវ​យឿង នា​យក​រង​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ រដូវទេស​ចរណ៍​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ ខេត្ត​បាន​ទទួល​ភ្ញៀវ​រាប់​សែន​នាក់ ដែល​ជា​ភស្តុ​តាង​បញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​ទាក់​ទាញ​ដ៏​ខ្លាំង​ក្លា​នៃ "កា​ម៉ាវ​រីក​ចម្រើន​ទៅ​មុខ" ក្នុង​យុគ​សម័យ​ថ្មី។

បណ្តា​ទី​តាំង​សំ​ខាន់ៗ​របស់​ភ្ញៀវ​ទេស​ចរ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ដូច៖ តំ​បន់​ទេស​ចរណ៍​ចុង​ប៉ូល​ខាង​ត្បូង ឧទ្យាន​ជាតិ​អ៊ូ​មិញ​ហា... តែង​តែ​មាន​ភាព​អ៊ូ​អរ​ដោយ​ភ្ញៀវ​ទេស​ចរ​ដើរ​កម្សាន្ត​បុណ្យ​ចូល​ឆ្នាំ។ ជា​ពិ​សេស និន្នា​ការ​ទេស​ចរណ៍​ឆ្លង​កាត់​បទ​ពិ​សោធន៍​កំ​ពុង​តែ​ពេញ​និ​យម បាន​បង្ក​លក្ខណៈ​ឱ្យ​បណ្តា​អា​ជីវ​កម្ម​ទេស​ចរណ៍ ម្ចាស់​ការ​ក្នុង​ការ​កសាង​ផលិត​ផល​ទេស​ចរណ៍​មាន​លក្ខណៈ​ពិ​សេស។ ដំ​ណើរ​ទេស​ចរណ៍ "ឆ្លង​កាត់​វៀត​ណាម" តភ្ជាប់​ពី​រដ្ឋ​ធា​នី​ហា​ណូយ បណ្តា​ខេត្ត​នៃ​ភូមិ​ភាគ​កណ្តាល ឆ្លង​កាត់​ទី​ក្រុង​ហូ​ជី​មិញ​និង​កឹង​ធើ​មក​ដល់​ចុង​ប៉ូល​ខាង​ត្បូង​កា​ម៉ាវ​បាន​ក្លាយ​ជា​ជម្រើស​អា​ទិ​ភាព​របស់​គ្រួ​សារ​ជា​ច្រើន​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ។

ភ្ញៀវ​ទេស​ចរ​ថត​រូប​ជា​មួយ​បង្គោល​តម្រុយ​និយាម​កា​ជាតិ។

នៅ​ទី​នេះ ភ្ញៀវ​ទេស​ចរ​មិន​ត្រឹម​តែ​បាន​ថត​រូប​ជា​មួយ​បង្គោល​តម្រុយ​និយាម​កា​ជាតិ​ដ៏​ពិ​សិដ្ឋ ឬ​សម្រប​ខ្លួន​ក្នុង​លំ​ហ​ដង​ព្រៃ​ដ៏​ធំ​ល្វឹង​ល្វើយ​នៃ​អ៊ូ​មិញ​ហា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ទៅ​ទស្សនា​ទី​លាន​ផាង​ង៉ុក​ហៀង គោ​រព​បូ​ជា​នៅ​ទី​សក្ការៈ​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ីម វត្ត​គម្ភីរ​សា​គរ​ព្រែក​ជ្រៅ ក៏​ដូច​ជា​ទស្សនា​វិមាន​កម្លោះ​សង្ហារ​បាក​លីវ ... ក្នុង​កម្ម​វិធី​ទេស​ចរណ៍​តភ្ជាប់​តំ​បន់​ឧប​ទ្វីប​កា​ម៉ាវ។ ការ​តភ្ជាប់​នេះ​ជួយ​ឱ្យ​ភ្ញៀវ​ទេស​ចរ​បាន​ទស្ស​នា​ទិដ្ឋ​ភាព​ទាំង​ស្រុង​នៃ​សម្រស់​បេតិ​កភណ្ឌ និង​ធម្ម​ជាតិ​នៃ​តំ​បន់​នេះ។ អ្នក​ស្រី​ ទ្រឿង​កឹមទ្រុក ភ្ញៀវ​ទេស​ចរ​មក​ពី​ទី​ក្រុង​កឹង​ធើ បាន​រៀប​រាប់៖ “លើក​ដំ​បូង​បាន​មក​ដល់​កា​ម៉ាវ ដែល​ជា​ទឹក​ដី​ចុង​ប៉ូល​ខាង​ត្បូង​មាតុ​ភូមិ ខ្ញុំ​មាន​អា​រម្មណ៍​ថា​ពិ​សិដ្ឋ និង​កក់​ក្តៅ​ខ្លាំង​ណាស់។ នៅ​ពេល​ឈាន​ជើង​ចូល​តំ​បន់​ទេស​ចរណ៍​ចុង​ប៉ូល​ខាង​ត្បូង បរិ​យា​កាស​ធម្ម​ជាតិ​ស្រស់​ស្រាយ រហោ​ស្ថាន ប៉ុន្តែ​រាល់​តម្រូវ​ការ​របស់​ភ្ញៀវ​ទេស​ចរ​ត្រូវ​បាន​ឆ្លើយ​តប​យ៉ាង​ដិត​ដល់​និង​ប្រ​កប​ដោយ​វិជ្ជា​ជីវៈ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​មោទ​នភាព និង​កាន់​តែ​ស្រ​ឡាញ់​មាតុ​ភូមិ​របស់​យើង​ថែម​ទៀត”។

ចំ​នួន​ភ្ញៀវ​យ៉ាង​ច្រើន​កុះ​ករ​មក​បន់​ស្រន់​សុំ​សេច​ក្តី​សុខ​នៅ​ទី​សក្ការ​បូ​ជា​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ីម​ណាម​ហាយ ខេត្ត​កា​ម៉ាវ។

តំបន់​ទេស​ចរណ៍​វា​យោ​អគ្គិ​សនី​ហ្វា​ប៊ិញ ១ ក៏​ជា​កន្លែង​មួយ​ក្នុង​ចំ​ណោម​កន្លែង​ដែល​ទាក់​ទាញ​ភ្ញៀវ​មិន​តិច​ជាង ៥.០០០ នាក់​ក្នុង​មួយ​ថ្ងៃ ទី​នេះ​បាន​នាំ​មក​នូវ​បទ​ពិ​សោធន៍​ថ្មីៗ​ដូច​ជា អុំ​ទូក​ទស្ស​នា​ព្រៃ​លិច​ទឹក​ក្រោម​ម្លប់​នៃ​ទួរ​ប៊ីន​ខ្យល់​ដ៏​ធំ​សម្បើម ស្ទូច​ត្រី និង​ជិះ​កង់​កាត់​ព្រៃ។ ទម្រង់​នេះ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ផលិត​ផល​ទេស​ចរណ៍​មាន​ភាព​សម្បូរ​បែប​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្សព្វ​ផ្សាយ​នូវ​សារ​អំ​ពី​ការ​អភិ​វឌ្ឍ​សម​ស្រប​រវាង​សេដ្ឋ​កិច្ច​និង​ធម្ម​ជាតិ។

ទន្ទឹម​នឹង​នោះ ភាព​ទាក់​ទាញ​របស់​កា​ម៉ាវ ក៏​ស្ថិត​ទៅ​លើ​ប្រ​ព័ន្ធ​មូល​ដ្ឋាន​ជំ​នឿ​សាស​នា​ដ៏​ល្បី​ល្បាញ​ដូច​ជា ទី​សក្ការៈ​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ីម វត្ត​យាក​ហ្វា វត្ត​ហឹង​ថៀង ឬ​ព្រះ​វិហារ​តាក់​សៃ។ ចរន្ត​មនុស្ស​នាំ​គ្នា​ទៅ​វត្ត​ដើម្បី​បួង​សួង​សុំ​សេច​ក្តី​សុខ សំ​ណាង​ល្អ​ក្នុង​ថ្ងៃ​ដើម​ឆ្នាំ បាន​បង្កើត​នូវ​បរិ​យា​កាស​អ៊ូ​អរ។ រួម​ជា​មួយ​នោះ លំ​ហ​បរិ​យា​កាស​ដូច​ជា​ទី​លាន​ហ៊ុង​វឿង ជា​មួយ​នឹង​និមិត្ត​រូប​ចា​ប៉ី​ព្រះ​ខែ និង​ទី​លាន​ផាង​ង៉ុក​ហៀង ជា​មួយ​នឹង​និមិត្ត​រូប​បង្កង​ធំ​បំ​ផុត​នៅ​វៀត​ណាម បាន​តុប​តែង​យ៉ាង​ស្អាត​ប្រ​ណីត​ ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​ផ្សព្វ​ផ្សាយ​សារ​អំ​ពី​ភូមិ​ភាគ​មួយ​ដែល​កំ​ពុង​អនុ​វត្ត​សេចក្តី​ប្រាថ្នា​នៃ​ការ​ឈាន​ឡើង។

នៅ​តាម​បណ្តា​ទី​តាំង​ទេស​ចរណ៍​សហ​គមន៍​ដូច​ជា៖ ហ្វាង​ហោង ឬ​តំ​បន់​អេកូ​ឡូ​ស៊ី​ហឿង​ត្រាម ហ្វា​រឹង​អ៊ូ​មិញ ម្ហូប​អា​ហារ​ដែល​មាន​រស​ជាតិ​ព្រៃ​និង​សមុទ្រ​ដូច​ជា៖ ក្តាម​ចំ​ហុយ ត្រី​រ៉ស់​អាំង សម្ល​ម្ជូរ​គ្រឿង ... តែង​តែ​ទទួល​បាន​ការ​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ភាព​ស្រស់ និង​របៀប​ចម្អិន​យ៉ាង​ផ្ចិត​ផ្ចង់។ ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​បាន​សម្តែង​ការ​ចាប់​អា​រម្មណ៍​ជា​ពិ​សេស​នៅ​ពេល​ដែល​មិន​មាន​ស្ថាន​ភាព "កាប់​តម្លៃ" ឬ​បង្ខំ​ភ្ញៀវ​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​ជា​ការ​បម្រើ​ដោយ​អស់​ពី​ចិត្ត និង​តម្លៃ​សម​រម្យ បង្ករ​បាន​ជា​រូប​ភាព​កា​ម៉ាវ​ដ៏​មាន​សុ​វត្ថិ​ភាព និង​រួស​រាយ​រាក់​ទាក់។

លោក​ង្វៀង​វ៉ាំង​សឺ​ នា​យក​គណៈ​គ្រប់​គ្រង​តំ​បន់​ទេស​ចរណ៍​ចុង​ប៉ូល​កា​ម៉ាវ បាន​ចែក​រំលែក​ដោយ​ក្តី​រំភើប៖ “ក្នុង​រយៈ​ពេល​តែ​ពីរ​ថ្ងៃ​ គឺ​ថ្ងៃ​ទី ៤ និង​ទី ៥ នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ទី​តាំង​នេះ​បាន​ទទួល​ភ្ញៀវ​ទេស​ចរ​ជាតិ និង​អន្តរ​ជាតិ​ជាង ១០​.០០០ នាក់ សរុប​មក​ដល់​ពេល​នេះ​បាន​ទទួល​ភ្ញៀវ​ជាង ២២.​៥០០ នាក់​មក​ដើរ​កម្សាន្ត​បុណ្យ​ចូល​ឆ្នាំ។ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ យើង​ខ្ញុំ​បាន​អនុ​វត្ត​សំ​ណង់​ជា​ច្រើន​សម្រាប់​បម្រើ​ភ្ញៀវ​ទេស​ចរ ក្នុង​នោះ​និមិត្ត​រូប​លក្ខណៈ​ពិ​សេស​នៃ​ឆ្នាំ​ប៊ិញ​ង៉ បាន​ដាក់​តាំង​នៅ​ខាង​មុខ​ខ្លោង​ទ្វារ។ ចំ​ពោះ​តម្លៃ​សម្រាប់​ភ្ញៀវ​ដែល​មក​ទី​នេះ ត្រូវ​បាន​ត្រួត​ពិ​និត្យ​យ៉ាង​តឹង​រ៉ឹង តម្លៃ​មិន​កើន​បើ​ធៀប​នឹង​ឆ្នាំ ២០២៥ ”។

ជា​មួយ​នឹង​ចំ​នួន​ភ្ញៀវ​មក​កាន់​កា​ម៉ាវ ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប៊ិញ​ង៉ ២០២៦ នេះ កំ​ពុង​នាំ​មក​នូវ​សញ្ញា​វិជ្ជ​មាន​សម្រាប់​វិស័យ "សេដ្ឋ​កិច្ច​បៃ​តង" របស់​ខេត្ត​កា​ម៉ាវ។ ទន្ទឹម​នឹង​នោះ បាន​បញ្ជាក់​ពី​ទី​តាំង​ជា​មជ្ឈ​មណ្ឌល​ទេស​ចរណ៍​អេកូ​ឡូ​ស៊ី វប្ប​ធម៌​ជំ​នឿ​សាស​នា​ដ៏​សំ​ខាន់​នៃ​តំ​បន់​វាល​ទំ​នាប​ទន្លេ​គឺវ​ឡុង សម​នឹង​ជំ​នឿ​ទុក​ចិត្ត​របស់​ភ្ញៀវ​ទេស​ចរ​សម្រាប់​ទឹក​ដី​ដ៏​ពិសិដ្ឋ - តំ​បន់​ចុង​បូល​ខាង​ត្បូង​នៃ​មាតុ​ភូមិ៕

យ្វី​អាញ - សុផន​

ចែករំលែកអត្ថបទ