កឹងធើផ្សព្វផ្សាយគំនូសសញ្ញាខ្វែងពណ៌លឿងនៅត្រង់ចំណុចផ្លូវប្រសព្វ ប្រជាជនភាគច្រើន គាំទ្រ ប៉ុន្តែមានមួយផ្នែកតូចនៅមានការភាន់ច្រឡំ មិនទាន់យល់ច្បាស់ពីបទប្បញ្ញាត្តិ។
ប៉ុន្មានថ្ងៃកន្លង ទីក្រុងកឹងធើបានផ្សព្វផ្សាយ ការគូសសញ្ញាខ្វែងពណ៌លឿងនៅត្រង់ ចំណុចផ្លូវបែកជាបី ជាបួននៅតាមដងផ្លូវមជ្ឈមណ្ឌលទីក្រុង ដើម្បីបន្ថយការស្ទះចរាចរណ៍ ធានាផ្លូវចរាចរណ៍សម្រាប់ទិសបត់ស្តាំនិងមធ្យោបាយអាទិភាព។

កងកម្លាំងអនុវត្ត ការងារគូសសញ្ញា ខ្វែងពណ៌លឿង នៅត្រង់ចំណុច
ផ្លូវប្រសព្វក្នុងទីក្រុងកឹងធើ។
ប៉ុន្តែ ដោយសារនៅថ្មី អ្នកចូលរួមចរាចរណ៍ជាច្រើនមានការភាន់ច្រឡំ មិនទាន់យល់ច្បាស់ពីអត្ថន័យនៃសញ្ញាចរាចរណ៍ប្រភេទនេះ នាំឱ្យប្រឈមនឹងការល្មើសច្បាប់និងរងការផាកពិន័យ។
តាមការកត់សម្គាល់ នៅត្រង់ចំណុចផ្លូវប្រសព្វ មួយចំនួន ដូចជា៖ ផ្លូវម៉ូវថឹងតភ្ជាប់ផ្លូវ ៣០ មេសា ផ្លូវ៣០មេសាតភ្ជាប់ផ្លូវត្រឹងហ្វាងណា ផ្លូវក្វាងទ្រុងតភ្ជាប់ផ្លូវលីថាយតោ។ល។ ទោះបីមាន គំនូសសញ្ញាខ្វែងពណ៌លឿង ក៏នៅមានយានយន្តមិនតិចចតរង់ចាំភ្លើងសញ្ញាចរាចរណ៍ជាន់លើគំនូសសញ្ញានេះ ទន្ទ្រានគន្លងផ្លូវសម្រាប់យានយន្តដែលអនុញ្ញាតឱ្យបត់ស្តាំ បង្កការរាំង ស្ទះចរាចរណ៍។
អ្នកមីងឡេថាញហា (ស្នាក់នៅសង្កាត់និញកេវ) ឱ្យដឹង៖ “ខ្ញុំឃើញគំនូសសញ្ញានេះប្លែក មិនធ្លាប់ប្រទះឃើញ ទើបមិនទាន់យល់អំពីបទប្បញ្ញត្តិ។ ពេលខ្លះចតយានយន្តក៏មិនដឹងថា អាចចតត្រង់កន្លែងនោះបានឬអត់”។
ខណៈពេលនោះ លោកត្រឹងង៉ុកភឿក (អ្នកបើកបររថយន្ត) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការគូសសញ្ញាខ្វែងពណ៌លឿង។ “ជាក់ស្តែងមានអ្នកមួយចំនួនឈប់យានយន្ត រង់ចាំភ្លើងសញ្ញាចរាចរណ៍ទន្ទ្រានគន្លងផ្លូវបត់ស្តាំ ធ្វើឱ្យយានយន្តនៅខាងក្រោយមិនអាចទៅមុខរួច។ ប្រសិនបើមានការគូសសញ្ញាច្បាស់លាស់និងមានការផាកពិន័យតឹងរ៉ឹង ដូច្នេះ ការធ្វើចរាចរណ៍នឹងមានភាពរលូនជាងមុន” លោក ភឿកបានឱ្យដឹងដូច្នេះ។
យោងតាមបទប្បញ្ញត្តិនៃច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២៥ និងអនុក្រឹត្យលេខ ១៦៨/ ២០២៤/NĐ-CP គំនូសសញ្ញាខ្វែងពណ៌លឿង គឺជាបរិវេណហាមយានយន្តគ្រប់ប្រភេទឈប់ចត លើកលែងតែមានសញ្ញាបញ្ជាពីអ្នកមានសមត្ថកិច្ច។ អ្នកចូលរួមចរាចរណ៍មិនត្រូវចតយានយន្ត ជាន់លើគំនូសសញ្ញានេះឡើយ សូម្បីតែពេលឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ ប្រសិនបើមិនមានការណែនាំអនុញ្ញាត។
កម្រិតផាកពិន័យចំពោះអំពើល្មើសច្បាប់ជាន់ លើគំនូសសញ្ញាខ្វែងពណ៌លឿង ត្រូវបានកំណត់ច្បាស់ដូចខាងក្រោម៖
ចំពោះរថយន្ត៖ ពិន័យជាទឹកប្រាក់ពី ៤០០.០០០ -៦០០.០០០ដុង ប្រសិនបើឈប់ចតខុសបទប្បញ្ញត្តិ។
ចំពោះម៉ូតូ៖ ពិន័យជាទឹកប្រាក់ពី ២០០.០០០ -៤០០.០០០ដុង។
ចំពោះកង់និងយានជំនិះសាមញ្ញ៖ ពិន័យជាទឹកប្រាក់ពី ១០០.០០០-២០០.០០០ ដុង។
ចំពោះអ្នកថ្មើរជើងដើរកាត់ទីគំនូសសញ្ញា មិនត្រូវតាមបទប្បញ្ញត្តិ៖ ពិន័យជាទឹកប្រាក់ពី ១៥០.០០០- ២៥០.០០០ដុង។
ប្រជាជនពេលធ្វើដំណើរជិតដល់ចំណុចផ្លូវប្រ សព្វដែលមានគំនូសសញ្ញាខ្វែងពណ៌លឿង ត្រូវយកចិត្តទុកដាក់ពិនិត្យមើលច្បាស់លាស់ ដាច់ខាតមិនត្រូវចតយានយន្តក្នុងបរិវេណគំនូសសញ្ញានេះ ដើម្បីជៀសវាងរងការផាកពិន័យ ទន្ទឹមនឹងនោះ រួមចំណែកក្នុងការធានាសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍លើភូមិឋាន៕
យោង៖ កាសែតច្បាប់-មុនី