អស់រយៈពេល ១០ ឆ្នាំផ្សារភ្ជាប់នឹងការបង្ហាត់បង្រៀនអក្សរខ្មែរ – បាលីតាមវត្តអារាមខ្មែរ នៅខេត្តវិញឡុង ដោយគ្មានប្រាក់ខែ មិនទាមទារប្រាក់ឧបត្ថម្ភ អាស្រ័យដោយអស់ពីចិត្តពីថ្លើម អ្នកគ្រូផនសំណាង បានរួមចំណែកក្នុងការអភិរក្សភាសា អក្សរសាស្រ្តជាតិ។

អ្នកគ្រូផនសំណាង ធ្វើអនុរក្សនៅវត្តសំរោងឯក។
កើតឆ្នាំ ១៩៩២ ក្នុងគ្រួសារខ្មែរមួយនៅភូមិពោធិ៍ធំ ឃុំកូវកែ ខេត្តវិញឡុង អ្នកគ្រូ ផនសំណាង ឱ្យដឹង៖ “តាំងពីកុមារ ដោយឃើញព្រះសង្ឃនិងលោកគ្រូ អ្នកគ្រូ បង្រៀនអក្សរខ្មែរដល់ក្មួយៗនៅក្នុងវត្ត ខ្ញុំនឹកស្រមៃចង់ធ្វើជាគ្រូបង្រៀនអក្សរខ្មែរ រួមចំណែកថែរក្សាភាសា អក្សរសាស្រ្តជាតិ”។ ផ្ដើមពីនោះ សំណាងបានសិក្សាទាំងកម្មវិធីសកលនិងអក្សរខ្មែរ-បាលី ដើម្បីបង្កើនចំណេះដឹងផ្ទាល់ខ្លួន។ ឆ្នាំ២០១២ សំណាង ជាប់ជម្រើសចូលសាកលវិទ្យាល័យត្រាវិញ ជំនាញផ្នែកច្បាប់ដល់ឆ្នាំ ២០១៣ អ្នកគ្រូក៏បានបញ្ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ។
ឆ្នាំ២០១៦ បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យ អ្នកគ្រូផនសំណាង ផ្តើមចូលបង្រៀនអក្សរខ្មែរ-បាលី នៅតាមវត្តអារាមក្នុងតំបន់។ ដោយមានចំណេះដឹងទូលំទូលាយនិងស្មារតីទទួលខុសត្រូវខ្ពស់ អ្នកគ្រូ បានអញ្ជើញឱ្យបង្រៀននៅតាមវត្តអារាមជាច្រើន ដូចជា៖ វត្តខ្ទឹង វត្តកំពង់ វត្តពោធិ៍ធំនិងសំរោងឯក។ល។ ថ្នាក់រៀនរបស់អ្នកគ្រូ ភាគច្រើនកូនចៅជនរួមជាតិខ្មែរនិងព្រះសង្ឃ។ ទោះបីលក្ខណៈបង្រៀននៅជួបលំបាកច្រើនក៏ដោយ អ្នកគ្រូតែងគ្រោងមេរៀនយ៉ាងហ្មត់ចត់ អនុវត្តវិធីសាស្រ្តបង្រៀនងាយយល់សមស្រប នឹងសិស្សម្នាក់ៗ បង្កបរិយាកាសសិក្សារៀនសូត្រ មុឺងម៉ាត់ប៉ុន្តែមានភាពស្និទ្ធស្នាល។ ព្រះតេជគុណ ថាច់ហុង សមណសិស្សថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី៣ វត្តសំរោងឯក មានថេរដីកា៖ “អ្នកគ្រូផនសំណាង គឺជាគ្រូបង្រៀនដែលមានសមត្ថភាពនិងបទពិសោធន៍ ពិសេសមុខវិជ្ជាអក្សរសាស្ត្រខ្មែរនិងកំណាព្យ។ អ្នកគ្រូពន្យល់មេរៀនបានច្បាស់លាស់ ងាយយល់ជួយដល់សមណសិស្សក្រេបជញ្ជក់មេរៀនបានយ៉ាងល្អ”។
ព្រះតេជគុណ គឹមហ្វឹង (ហៅបា) ព្រះពហុស្សូត ស្ដាំវត្តសំរោងឯក មានថេរដីកា៖ “អ្នកគ្រូផនសំណាង គឺជាអ្នកគ្រូបង្រៀនវ័យក្មេងម្នាក់ដែលស្រឡាញ់អាជីពនិងប្តេជ្ញាចិត្តនឹងការងារ តែងបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ។ អ្នកគ្រូមិនទាមទារប្រាក់ឧបត្ថម្ភអំពីវត្តទេ បង្ហាត់បង្រៀនដោយគ្មានប្រាក់ខែអ្វីទាំងអស់។ គាត់ជាគំរូដ៏ភ្លឺស្វាងក្នុងសហគមន៍ជនរួមជាតិខ្មែរនិយាយរួមនិងវត្តសំរោងឯក និយាយដោយឡែក”។
ដោយអស់ពីចិត្តពីថ្លើមនិងស្រឡាញ់អាជីព អ្នកគ្រូផនសំណាង មិនត្រឹមតែបង្ហាត់បង្រៀនអក្សរសាស្រ្តប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការថែរក្សានិងផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ រូបភាពអ្នកគ្រូបង្រៀនវ័យក្មេង រូបនេះ បានលះបង់ដោយស្ងៀមស្ងាត់ចំពោះការងារវត្តអារាម ហើយបានក្លាយជាគំរូដ៏ភ្លឺស្វាងនៅក្នុងជីវភាពសហគមន៍ គួរឱ្យកោតសរសើរ។ ចំពោះការរួមចំណែកទាំងនេះ អ្នកគ្រូបានទទួលបណ្ណសរសើរជាច្រើនអំពីវត្តអារាមនិងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត៕
អត្ថបទនិងរូប៖ ទីទុយ