-ដើម្បីជួយដល់ប្រជាជននៅតាមតំបន់ជាប់មាត់សមុទ្រ និងតំបន់ដែលរងឥទ្ធិពលដោយសាររាំងស្ងួតនិងជ្រាបទឹកប្រៃ ធានាមានប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទ ចំណុះមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ (ហៅកាត់ថា មជ្ឈមណ្ឌលទឹកស្អាត) បានដំណើរការបើកទីតាំងផ្គត់ផ្គង់ទឹកស្អាតឥតគិតថ្លៃជូនប្រជាជននៅ ៣៧ កន្លែង ។

ប្រជាជនមកយកទឹកស្អាតឥតគិតថ្លៃនៅស្ថានីយផ្គត់ផ្គង់ទឹកស្អាតឡាកហ្វា
សង្កាត់វិញចូវ ទីក្រុងកឹងធើ។
នៅតាមទីតាំងផ្គត់ផ្គង់ទឹកស្អាតឥតគិតថ្លៃខាងលើ បានរៀបចំឡើងដើម្បីបម្រើជូនមាមីងនៅតាមឃុំជាប់មាត់សមុទ្រ តំបន់ដាច់ស្រយាល និងគ្រួសារដែលរស់នៅរាយប៉ាយ មិនទាន់បានភ្ជាប់ទុយោទឹកស្អាតពីស្ថានីយផ្គត់ផ្គង់ទឹក។ តាមរយៈនោះ រួមចំណែកធានាប្រភពទឹកស្អាតសម្រាប់ប្រជាជនប្រើប្រាស់ក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងរដូវប្រាំងឆ្នាំ២០២៦ ដោយមិនទុកឱ្យប្រជាជនខ្វះទឹកប្រើប្រាស់ ដោយសារឥទ្ធិពលនៃការរាំងស្ងួត និងជ្រាបទឹកប្រៃឡើយ។
យោងតាមមជ្ឈមណ្ឌលទឹកស្អាត អនុវត្តតាមឯកសារនិងកិច្ចចង្អុលការរបស់ថ្នាក់ដឹកនាំមន្ទីរកសិកម្មនិងបរិស្ថាន និងគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ស្តីពីការដាក់ពង្រាយទីតាំងផ្គត់ផ្គង់ទឹកស្អាតឥតគិតថ្លៃជូនប្រជាជននៅកន្លែងដែលមិនទាន់មានប្រព័ន្ធបំពង់ទុយោទឹកស្អាតអូសដល់ គិតមកដល់ពេលនេះ អង្គភាពក៏បើកទីតាំងផ្គត់ផ្គង់ទឹកស្អាតឥតគិតថ្លៃបានចំនួន១៨កន្លែង នៅតាមឃុំនិងសង្កាត់ជាច្រើនជាប់មាត់សមុទ្រ។ ជាក់ស្តែងដូចជា៖ ឃុំគូឡាវយុង, ឃុំអាងថាញ, ឃុំឡាយហ្វា, សង្កាត់ខាញ់ហ្វា, សង្កាត់វិញចូវ, សង្កាត់វិញភឿក...។
ទីតាំងផ្គត់ផ្គង់ទឹកស្អាតឥតគិតថ្លៃនីមួយៗ ត្រូវបានរៀបចំនិងដំឡើងបាសាំងទឹកចំណុះ ១០.០០០លីត្រ និងបានតភ្ជាប់ជាមួយបណ្តាញបំពង់ទុយោផ្គត់ផ្គង់ទឹករបស់ស្ថានីយទឹកស្អាត ដើម្បីធានានូវប្រភពទឹកជាប់ជានិច្ចសម្រាប់បម្រើប្រជាជន។ មជ្ឈមណ្ឌលទឹកស្អាត ក៏បានផ្ញើសេចក្តីជូនដំណឹងទៅកាន់គណៈកម្មាធិការប្រជាជនបណ្តាឃុំ សង្កាត់ អំពីអាសយដ្ឋានជាក់លាក់នៃកន្លែងផ្គត់ផ្គង់ទឹកឥតគិតថ្លៃ ដើម្បីសហការជូនដំណឹងឱ្យបានទូលំទូលាយដល់ប្រជាជន។ ទន្ទឹមនឹងនោះ ស្នើឱ្យគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ចង្អុលការផ្នែកជំនាញ តាមមណ្ឌលនិងភូមិនានា ជូនដំណឹងជាសាធារណៈឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាជនបានជ្រាបអំពីគោលការណ៍ផ្គត់ផ្គង់ទឹកឥតគិតថ្លៃនិងទីតាំងនីមួយៗ ដើម្បីឱ្យប្រជាជនដែលមានតម្រូវការ អាចមកយកទឹកនៅតាមទីតាំងផ្គត់ផ្គង់ទឹកទាំងនោះ។
មជ្ឈមណ្ឌលទឹកស្អាត កំពុងបន្តខិតខំបើកបន្ថែមទីតាំងផ្គត់ផ្គង់ទឹកឥតគិតថ្លៃដែលនៅសេសសល់តាមផែនការ ដើម្បីធ្វើឱ្យទីតាំងផ្គត់ផ្គង់ទឹកឥតគិតថ្លៃទាំង ៣៧ កន្លែង បានដំណើរការមុនឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម ឆ្នាំ២០២៦ ព្រមទាំងសហការជាមួយរដ្ឋអំណាចភូមិភាគ ធ្វើការត្រួតពិនិត្យនិងក្តាប់ច្បាស់ពីតម្រូវការ ដើម្បីបើកបន្ថែមទីតាំងផ្គត់ផ្គង់ទឹកឥតគិតថ្លៃ ប្រសិនបើឃើញថាចាំបាច់៕
ប្រភព៖ baocantho.com.vn - ថាច់ធី