នៅថ្ងៃដំបូងតភ្ជាប់ដងផ្លូវល្បឿនលឿន កឹងធើ - កាម៉ាវ បាននាំមកនូវអារម្មណ៍ "ធូរស្រាល" យ៉ាងខ្លាំងសម្រាប់អ្នកបើកបរ។ ផ្លូវរាបរលូន ស្រឡះល្អ បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន និងបន្ថយសម្ពាធនៅតាមផ្លូវជាតិដែលធ្លាប់តែមានភាពកកស្ទះ។
កំណាត់ផ្លូវល្បឿនលឿន ហូវយ៉ាង - កាម៉ាវ មានប្រវែងជាង ៧៣ គីឡូម៉ែត្រ បានដាក់ឱ្យដំណើរការជាផ្លូវការ តាមរយៈនោះបានតភ្ជាប់ផ្លូវល្បឿនលឿន កឹងធើ - កាម៉ាវ ដែលជាដងផ្លូវស្ថិតក្នុងគម្រោងផ្លូវល្បឿនលឿនភាគខាងជើង - ភាគខាងត្បូងនៃទិសខាងកើត។ ពេលបើកឱ្យចរាចរណ៍ បរិមាណយានយន្តចរាចរណ៍មានចំនួនច្រើន ប៉ុន្តែចរាចរណ៍នៅតែប្រព្រឹត្តទៅដោយរលូន ផ្ទៃផ្លូវធំទូលាយនិងស្រឡះ។

ចំណុចប្រសព្វជាមួយផ្លូវស្វៀងអា ដែលជាចំណុចចុងបំផុតនៃផ្លូវល្បឿនលឿនហូវយ៉ាង - កាម៉ាវ។
កងកម្លាំងនគរបាលចរាចរណ៍មានវត្តមាននៅតាមចំណុចប្រសព្វ ដើម្បីណែនាំយានយន្តក្នុងការធ្វើដំណើរចេញចូលផ្លូវ ធានាសុវត្ថិភាពនិងសណ្តាប់ធ្នាប់។ តាមការកត់ត្រាដំបូង ក្នុងមួយម៉ោងមានយានយន្តប្រមាណ ៥០ គ្រឿងធ្វើដំណើរពីកឹងធើទៅកាម៉ាវ និងទិសដៅផ្ទុយក៏មានចំនួនប្រហាក់ប្រហែលគ្នាដែរ បង្កើតជាចង្វាក់ចរាចរណ៍ទៀងទាត់ក្នុងថ្ងៃដំបូងបើកឱ្យដំណើរការ។
ការធ្វើចរាចរណ៍នោះលើដងផ្លូវថ្មីនេះ អ្នកបើកបរជាច្រើនមិនអាចលាក់បាំងបាននូវក្តីរំភើបរីករាយ នៅពេលលើកដំបូងបានធ្វើបទពិសោធន៍នៅលើផ្លូវល្បឿនលឿន។ អ្នកបើកបរ ឡេវ៉ាំងយឿង បើករថយន្តដឹកទំនិញសារពើភ័ណ្ឌពីកឹងធើទៅកាម៉ាវ បានឱ្យដឹង ផ្លូវថ្មីស្អាតរាបរលូន ស្រឡះល្អហើយអ្វីដែលសំខាន់ជាងទៀតនោះគឺ បន្ថយពេលវេលាបានច្រើនបើធៀបនឹងការធ្វើដំណើរតាមផ្លូវភុងហេប ឬផ្លូវជាតិលេខ១។ "មានផ្លូវល្បឿនលឿន បន្ថយបានការកកស្ទះ ម៉្លោះហើយការដឹកជញ្ជូនក៏មានភាពម្ចាស់ការ និងបន្ថយសម្ពាធជាងមុន" បង យឿង បានចែករំលែកដូច្នេះ។
មានអារម្មណ៍ដូចគ្នានោះដែរ អ្នកបើកបរ លីវ៉ាំងវិញ នៅខេត្តកាម៉ាវ បានឱ្យដឹង គ្រួសារខ្ញុំបានជួលរថយន្តបើកសាកល្បងភ្លាមនៅពេលទទួលបានដំណឹងថាផ្លូវតភ្ជាប់រួចរាល់។ "លើកដំបូងបានបើកបរលើផ្លូវល្បឿនលឿនថ្មី ខ្ញុំមានអារម្មណ៍ថាផ្ទៃផ្លូវរលោងល្អ រថយន្តបើកស្រួល។ នៅមានកំណាត់ផ្លូវឆ្លងកាត់ភូមិសាស្ត្រខេត្តកាម៉ាវមួយចំនួន នៅមានចំណុចខ្លះមិនទាន់ដំឡើងបង្កាន់ដៃផ្លូវរួចរាល់ ប៉ុន្តែវាមិនប៉ះពាល់ដល់ការធ្វើចរាចរណ៍នោះឡើយ" បងវិញ បានឱ្យដឹងដូច្នេះ។
បង ង៉ោក្វឹកស៊ឺ ស្រុកកំណើតនៅឃុំង៉ុកហៀង ធ្វើបទពិសោធន៍លើផ្លូវល្បឿនលឿន នាំមកនូវអារម្មណ៍សុវត្ថិភាពយ៉ាងច្បាស់ក្រឡែត។ តាមសម្តីរបស់បងស៊ឺ ផ្តើមពីកាម៉ាវទៅកឹងធើ ឥឡូវនេះចំណាយពេលត្រឹមតែជិត ២ ម៉ោងប៉ុណ្ណោះ។ "អាស្រ័យមានដងផ្លូវនេះ ការធ្វើដំណើររបស់ប្រជាជន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំតេត នឹងមានភាពងាយស្រួលជាងមុនខ្លាំងណាស់" បងស៊ឺ បានឱ្យដឹងដូច្នេះ។
អ្នកបើកបរជាច្រើនបានឱ្យដឹង កាលពីមុន រាល់លើកធ្វើដំណើរពីកាម៉ាវទៅកឹងធើ តែងចំណាយពេលពី ៣ ទៅ ៤,៥ ម៉ោង អាស្រ័យលើស្ថានភាពចរាចរណ៍។ ដងផ្លូវចាស់ធ្វើដំណើរឆ្លងកាត់ជាច្រើនតំបន់ទីប្រជុំជន មានម៉ូតូ និងរថយន្តដឹកទំនិញធ្វើចរាចរណ៍លាយឡំគ្នា ធ្វើឱ្យការបើកបរទាំងខាតពេល ទាំងមានភាពតានតឹង។ ផ្លូវល្បឿនលឿនថ្មីមិនត្រឹមតែបន្ថយរយៈពេលធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់អារម្មណ៍សុវត្ថិភាពសម្រាប់អ្នកកាន់ចង្កូតទៀតផង។

មធ្យោបាយធ្វើដំណើរពីកឹងធើទៅកាម៉ាវ កំណាត់ផ្លូវឆ្លងកាត់ឃុំហូធីគី (ខេត្តកាម៉ាវ)។
យោងតាមគណៈគ្រប់គ្រងគម្រោងមីធ្វឹង ផ្លូវល្បឿនលឿនកឹងធើ - កាម៉ាវ មានប្រវែងខ្សែផ្លូវសរុប ១១០,៨៥ គីឡូម៉ែត្រ បានវិនិយោគក្នុងទំហំផ្លូវ ៤ គន្លងឡាន សរុបទុនវិនិយោគជាង ២៧.៥២៣ ពាន់លានដុង។ គម្រោងនេះរួមមានសមាសភាគពីរផ្នែកគឺ៖ កឹងធើ - ហូវយ៉ាង និង ហូវយ៉ាង - កាម៉ាវ; ក្នុងនោះកំណាត់ផ្លូវ កឹងធើ - ហូវយ៉ាង បានដាក់ឱ្យដំណើរការតាំងពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥។
អំពីទិសចរាចរណ៍ ផ្តើមពីទីក្រុងកឹងធើ យានយន្តធ្វើដំណើរតាមផ្លូវជាតិលេខ ៩១B (ផ្លូវណាមស៊ុងហូវ) រហូតដល់ចំណុចប្រសព្វជាមួយផ្លូវតភ្ជាប់ផ្លូវល្បឿនលឿន ស្ថិតនៅសង្កាត់កៃរ៉ាំងដើម្បីចូលទៅកាន់ខ្សែផ្លូវមេ។ រីឯទិសចរាចរណ៍ផ្ទុយ ចេញពីខេត្តកាម៉ាវ រថយន្តធ្វើដំណើរតាមផ្លូវរបៀងមាត់សមុទ្រខាងត្បូង (ផ្លូវស្វៀងអា) រហូតដល់ចំណុចប្រសព្វ IC១២ ឃុំហូធីគី ដើម្បីចូលទៅកាន់ផ្លូវល្បឿនលឿន។
គណៈគ្រប់គ្រងគម្រោងមីធ្វឹង បានឱ្យដឹង នៅពេលដែលខ្សែផ្លូវល្បឿនលឿនកឹងធើ - កាម៉ាវ ដំណើរការមានស្ថិរភាព រយៈពេលធ្វើដំណើររវាងតំបន់ទាំងពីរនឹងបានកាត់បន្ថយនៅត្រឹមប្រមាណ ១,៥ ម៉ោងប៉ុណ្ណោះ ជំនួសឱ្យរយៈពេលប្រមាណ ៣ ម៉ោងដូចពីមុន។ ល្បឿនធ្វើចរាចរណ៍អតិបរមានៅលើខ្សែផ្លូវនេះ បានកំណត់ ៨០ គីឡូម៉ែត្រ/ម៉ោង និងអប្បបរមា ៦០ គីឡូម៉ែត្រ/ម៉ោង បើកនូវសង្វាក់ចរាចរណ៍ថ្មីសម្រាប់គមនាគមន៍នៅតំបន់ចុងខាងត្បូងបំផុតនៃប្រទេស។
យោងតាម thanhnien.vn