មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

31/12/2025 - 08:37

សិប្ប​ករ​វ័យក្មេង​មាន​ចំណូល​ចិត្ត​ភ្លេង​ពិណ​ពាទ្យ​ 

ក្នុង​ជីវ​ភាព​សម័យ​ទំនើប​នេះ​ មាន​ទម្រង់​សិល្បៈប្រ​ជា​ប្រិយ​ជា​ច្រើន​កំ​ពុង​សា​បរ​លាប​បន្តិច​ម្តង​ៗ ប៉ុន្តែ​នៅ​តែ​មាន​អ្នក​រក្សា​នូវ​វប្ប​ធម៌​ប្រពៃណី​ដោយ​ស្ងៀម​ស្ងាត់​។ នោះ​គឺ​សិប្ប​ករ​ថា​ច់យ៉ឹង កើត​ឆ្នាំ​ ១៩៨៩ នៅ​សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ បាន​ច្នៃ​ឧប​ករណ៍​និង​បង្រៀន​ភ្លេង​ពិណ​ពាទ្យ​ រួម​ចំណែក​អភិ​រក្ស​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។

  វង់​ភ្លេង​របស់​បង​យ៉ឹង ប្រ​គំ​ក្នុង​ថ្ងៃ​បុណ្យ​។

កើតក្នុង​គ្រួ​សារ​ប្រ​កប​របរ​ជាង​ឈើ​ ពី​ជំនាន់​ឪ​ពុក​រហូត​មក​ដល់​បច្ចុប្បន្ន​ គ្រួ​សារ​គាត់​ នៅ​តែ​បន្ត​រោង​ជាង​ឈើ​ជំនាញ​ធ្វើ​តុ​ តាំង​ ទូ​ និង​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​។  តាំង​ពី​នៅ​តូច​ បង​ថា​ច់យ៉ឹង បាន​បង្ហាញ​ពី​ទេព​កោស​ល្យនិង​ចំណូល​ចិត្ត​ខាង​តន្ត្រី​ជន​ជាតិ​ទៅ​ហើយ​។ ផ្ដើម​ពី​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់​ និង​អំ​ណត់​ព្យាយាម​ គាត់​អាច​ច្នៃ​ធ្វើ​គ្រប់​ឧប​ករណ៍​ភ្លេង​ពិណ​ពាទ្យ​។

តាម​បង​យ៉ឹង  ដើម្បី​មាន​ឧប​ករណ៍​ភ្លេង​មាន​គុណ​ភាព​ខ្ពស់​ គាត់​បាន​ទៅ​កម្ពុជា​ទិញ​វត្ថុ​ធាតុ​ដើម​ សម្រាប់​ច្នៃ​ឧប​ករណ៍​ភ្លេង​។ ភ្លេង​ពិណ​ពាទ្យ​មាន​ឧប​ករណ៍​ជា​ច្រើន​ប្រ​ភេទ​ផលិតឡើង​ពី​វត្ថុ​ធាតុ​ដើម​ផ្សេង​ៗគ្នា​ ដូច​ជា​៖ ស្ពាន់​ដែក​ ឈើ​ និង​ស្បែក​ បង្កើត​បាន​ជា​សំឡេង​ពីរោះ​ដោយ​ឡែក​លាយ​បញ្ចូល​គ្នា​។ សំឡេង​ឧប​ករណ៍​ភ្លេង​នីមួយៗ​មាន​សំឡេង​ផ្សេង​ៗ ពេល​ប្រ​គំ​វា​បង្កើត​ជា​បទ​ភ្លេង​មាន​សំឡេង​គឹកកង​យ៉ាង​ពីរោះ​រណ្តំ​។

មិន​ត្រឹម​តែ​ច្នៃ​ឧប​ករណ៍​ភ្លេង​ប៉ុណ្ណោះ​ទេ​ បង​ថា​ច់យ៉ឹង នៅ​ទាំង​បើក​បង្រៀន​ភ្លេង​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្អូន​ៗជាង​ ២០ នាក់​នៅ​ភូមិ​ស្រុក​ផង​ដែរ​។ រៀង​រាល់​ចុង​សប្តា​ហ៍ ផ្ទះ​តូច​របស់​គាត់​តែង​បន្លឺ​សំឡេង​ភ្លេង​ស្គរ​យ៉ាង​លាន់​រំ​ពង​។ “រៀង​រាល់​រា​ត្រី​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ ប្អូន​តែង​ទៅ​ផ្ទះ​ពូ​យ៉ឹងដើម្បី​រៀន​ភ្លេង​។ ទន្ទឹម​នឹង​នោះ​ បាន​ទៅ​ប្រ​គំ​ក្នុង​ពិធី​បុណ្យ​ទាន​ ប្អូន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​” - ប្អូន​ថា​ច់ហ្វាង​ញ៉ឹង​ សិស្ស​ថ្នាក់​ទី​ ៥ សា​លា​បឋម​សិក្សា​ង្វៀង​ត្រាយ​ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​ បាន​ឱ្យ​ដឹង​ដូច្នេះ​។

ព្រះ​តេជ​ព្រះ​គុណ​ គឹមហ្វឹង​ គង់​វត្ត​សំ​រោង​ឯក​ មាន​ថេរ​ដី​កា​ ក្នុង​ឱ​កាស​បុណ្យ​ទាន​ ដូច​៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ សែន​ដូន​តា​ វត្ត​តែង​អញ្ជើញ​ក្រុម​ភ្លេង​របស់​បង​យ៉ឹងមក​សម្តែង​កំ​ដរ​ក្នុង​វត្ត​។ “សំឡេង​ពិណ​ពាទ្យ​ បន្លឺ​ឡើង​ក្នុង​វត្ត​ធ្វើ​ឱ្យ​បរិយាកាស​កាន់​តែ​អ៊ូ​អរ​។ អា​ស្រ័យ​មាន​អ្នក​ដូច​ជា​បង​យ៉ឹង ទើប​ភ្លេង​ប្រពៃណី​ជន​រួម​ជាតិ​ខ្មែរ​បាន​រក្សា​និង​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជីវ​ភាព​បច្ចុប្បន្ន​”។

ផ្ដើម​ពី​ឧប​ករណ៍​ភ្លេង​ដែល​គាត់​បាន​ថ្នៃ​ដោយ​ខ្លួន​ឯង​ បង​ថា​ច់យ៉ឹង បាន​និង​កំ​ពុង​រួម​ចំណែក​ក្នុង​ការ​អភិ​រក្ស​និង​លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​ប្រពៃណី​ខ្មែរ​ ហើយ​ឆ្លុះ​បញ្ចាំង​ពី​ជីវ​ភាព​សហ​គម​ន៍ក្នុង​ភូមិ​ស្រុក​នូវ​សូរ​សៀង​ពីរោះ​រណ្ដំ​នៃ​តន្ត្រី​បុរាណ​ ពោរ​ពេញ​ដោយ​មោទនភាព​ជន​ជាតិ​៕

                                                ទីទុយ​

ចែករំលែកអត្ថបទ