សំបកដប ប្រអប់ក្រដាស ចានក្លាំជ័រដែលបែក… ប្រសិនបើបោះចោលអាចកខ្វក់បរិស្ថាន បងប្អូននារីនៅភូមិភុងហ៊ីប ឃុំអាងនិញ ទីក្រុងកឹងធើ បែរជាប្រមូលនិងបែងប្រភេទយកទៅលក់ដើម្បីបង្កើតជាមូលនិធិ។ នេះជាទម្រង់ “ច្នៃសំរាមទៅជាប្រាក់” ក្រោយពីអនុវត្តអស់រយៈពេលជាង ២ ឆ្នាំ ក្រុមមិនត្រឹមតែរួមចំណែកបន្ថយកាកសំណល់ប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រភពថវិកាជួយដល់សមាជិកាក្រលំបាក រួមចំណែកកសាងបរិស្ថានបៃតង ជ្រះ ស្អាត។

បងប្អូននារីក្នុងក្រុម “ច្នៃសំរាមទៅជាប្រាក់”។
ជាទម្លាប់ ក្រោយពីប្រើប្រាស់ដបជ័ររួច អ្នកមីងចូវធីគឹមភុង នៅភូមិផុងហ៊ីប ឃុំអាងនិញ បានដាក់ក្នុងធុងសំរាមដោយឡែក។ អ្នកមីងភុង ឱ្យដឹង៖ “ជំនួសឱ្យការបោះចោល ប្រជាជននៅទីនេះប្រមូលទុកលក់ ទាំងរកបានប្រាក់ផង និងរក្សាបរិស្ថានស្អាតផង។ ប្រភេទដបជ័រ យើងដាក់ដោយឡែក ហើយលក់រាល់ពេលដែលទៅប្រជុំក្រុម”។
រយៈពេលប្រហែល២ឆ្នាំមកនេះ ចាប់តាំងពីបង្កើតចលនានេះឡើង បងប្អូននារីខ្មែរចំនួន ២៨ នាក់នៅភូមិភុងហ៊ីប ឃុំអាងនិញ បានចូលរួមយ៉ាងសកម្មក្នុងការប្រមូលសំរាមដែលអាចកែច្នៃឡើងវិញនៅផ្ទះ នាំមកកាន់ទីតាំងប្រមូលផ្តុំរបស់ក្រុម។ ការុងដែលផ្ទុកដបជ័រ ចានក្លាំ ធុងជ័រ បែកខូច។ល។ បានបែងប្រភេទយ៉ាងរៀបរយ។ ដល់ថ្ងៃទី ១៦ រៀងរាល់ខែ កាកសំណល់ដែលកែច្នៃឡើងវិញនេះបានប្រមូលផ្តុំ ហើយលក់ទៅឱ្យសមាជិកាណាម្នាក់ក្នុងក្រុម បន្ទាប់មកលក់បន្តទៅកន្លែងទិញអេតចាយ។ ប្រាក់ដែលប្រមូលបានទាំងអស់នឹងយកទៅដាក់ក្នុងកូនជ្រូករបស់បងប្អូននារីម្នាក់ៗ ហើយរៃអង្គាសជាមូលនិធិដើម្បីទិញអំណោយជូនសមាជិកាក្នុងឱកាសបុណ្យចូលឆ្នាំ និងជំនួយដើមទុនដល់បងប្អូននារី និងគ្រួសារដែលខ្វះខាតក្នុងក្រុម។ បងស្រីយ័ញធីគឹមភាព ប្រធានក្រុម ឱ្យដឹង៖ “ទម្រង់មិនត្រឹមតែជួយអ្នកដែលមានស្ថានភាពលំបាកទាន់ពេលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើតទម្លាប់នៃការបែងប្រភេទសំរាមនៅផ្ទះ លើកកម្ពស់ចំណេះដឹងការការពារបរិស្ថាន និងសុខភាពសម្រាប់គ្រួសារនិងសហគមន៍ផង។ ពីមុនខ្ញុំមិនមានទម្លាប់បែងប្រភេទសំរាម បំផុតគឺកាកសំណល់ជ័រ ឥឡូវនេះ គឺខ្ញុំបែងប្រភេទសំរាមទុកដល់ថ្ងៃទី១៦ ចន្ទគតិ រៀងរាល់ខែ ពេលមកប្រជុំក្រុមនឹងយកដបជ័រទាំងនោះមកលក់”។
ទម្រង់ “ច្នៃសំរាមទៅជាប្រាក់” របស់ក្រុមនារី នៅភូមិភុងហ៊ីប ឃុំអាងនិញ ក្រៅពីសារដ៏មានអត្ថន័យចំពោះការភ្ញាក់រលឹកការពារបរិស្ថាន ថែមទាំងសាយភាយស្មារតីជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។ អ្នកមីងង្វៀងធីគឹមត្រាង អនុប្រធានសមាគមនារីឃុំអាងនិញ ទីក្រុងកឹងធើ ឱ្យដឹង៖ “ចាប់តាំងពីបង្កើតទម្រង់ “ច្នៃសំរាមទៅជាប្រាក់” គឺការយល់ដឹងរបស់បងប្អូនក្នុងក្រុមនារីអនុវត្តបានល្អក្នុងការបែងប្រភេទកាកសំណល់ សម្អាតផ្ទះសម្បែង និងជុំវិញទីធ្លាស្អាតបាត នាំមកនូវលទ្ធផលជាក់ស្តែង។ តាំងពីនោះ សមាគមនឹងពង្រីកទៅភូមិជិតខាងការពារបរិស្ថានក៏ដូចជាការប្រឆាំងកាកសំណល់ជ័រ។ បងប្អូននារីក៏អាចខ្ចីដើមទុនពីមូលនិធិបង្វិលរបស់ក្រុមទៀតផង។ ទោះបីជាចំនួនមិនច្រើនក៏ដោយ ប៉ុន្តែអាចជួយបងប្អូននារីលក់ដូរតូចតាច បង្កើនប្រាក់ចំណូលគ្រួសារ”។
អាចបញ្ជាក់ឱ្យឃើញថា ផ្តើមពីសម្ភារៈតូចតាច ហាក់បីដូចជាគ្មានតម្លៃ ក្រុមនារីនៅភូមិភុងហ៊ីប ឃុំអាងនិញ បានច្នៃវាឱ្យទៅជាមូលនិធិនៃក្តីស្រឡាញ់ ជួយគ្នាក្នុងជីវភាព។ នេះគឺជាភស្តុតាងដ៏រស់រវើកនៃស្មារតីសាមគ្គីភាព ច្នៃប្រតិដ្ឋនិងការទទួលខុសត្រូវចំពោះបរិស្ថានរបស់ក្រុមនារីនៅភូមិភាគ៕
ដាលីន-មេងលី