អនុវត្តគោលនយោបាយឧបត្ថម្ភសង់ផ្ទះដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារជួបលំបាក និងប្ដេជ្ញាលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ឃុំឡុងហ៊ីប ខេត្តវិញឡុង បានផ្ដោតការយកចិត្តទុកដាក់ ពិនិត្យឡើងវិញគ្រួសារដែលមានផ្ទះបណ្ដោះអាសន្ននៅលើភូមិសាស្រ្តនិងគ្រួសារបានឧបត្ថម្ភសង់ផ្ទះកាលពីមុន តែឥឡូវនេះទ្រុឌទ្រោម ដើម្បីបន្តបានឧបត្ថម្ភសាងសង់ថ្មីនិងជួសជុល។ ប្រជាជនមានការរំភើបជាមួយនឹងផ្ទះថ្មី លំនឹងចិត្តអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងក្នុងជីវភាព។

បងស្រីថាច់ធីហុងម៉ាយ សប្បាយរីករាយពេលបានរដ្ឋឧបត្ថម្ភសង់ផ្ទះថ្មី។
លោកង្វៀងខាញហ្វា ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប ឱ្យដឹង៖ “អនុវត្តទិសដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន នាំមកក្ដីរីករាយជូនប្រជាជន ពិសេស គឺនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ ដើមឆ្នាំ ២០២៥ ឃុំបានចង្អុលការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ចំពោះគ្រួសារដែលកំពុងរស់នៅក្នុងផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិសាស្រ្ត ជាពិសេសគឺគ្រួសារក្រីក្រ គ្រួសារក្បែរក្រ គ្រួសារមានសគុណចំពោះបដិវត្តន៍និងគ្រួសារដែលជួបការលំបាក។ ការត្រួតពិនិត្យឡើងវិញធានាលក្ខណៈបើកចំហ តម្លាភាពចំមុខសញ្ញា ជៀសវាងជាន់គ្នាឬចោលរំលង។ តាមរយៈការត្រួតពិនិត្យឡើងវិញ ឃុំមាន៥៤គ្រួសារឋិតក្នុងក្របខណ្ឌត្រូវបានឧបត្ថម្ភសង់ផ្ទះ”។
ដើម្បីអនុវត្តមានប្រសិទ្ធភាព ឃុំឡុងហ៊ីប បានបង្កើតគណៈចង្អុលការផ្សព្វផ្សាយលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម។ គណៈចង្អុលការទទួលខុសត្រូវរៀបចំផែនការ សម្របសម្រួលនិងត្រួតពិនិត្យដំណើរការទាំងស្រុង។ គណៈចង្អុលការអំពាវនាវដល់កម្មាភិបាល បក្ខជន បុគ្គលិក កម្មករនិយោជិត យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធនិងប្រជាជនក្នុងឃុំព្រួតដៃចូលរួម។ ចលនាស្ថាប័ន អង្គការ អង្គភាពសហគមន៍អាជីវកម្ម សប្បុរសជនក្នុងនិងក្រៅខេត្តចូលរួមគាំទ្រ។ ពង្រីកស្មារតី “ជួយគ្នាក្នុងគ្រាក្រ” លើកទឹកចិត្តគ្រួសារដែលមានលក្ខណៈល្អប្រសើរ ជួយដល់គ្រួសារដែលមានស្ថានភាពលំបាក គិតជាមធ្យមផ្ទះមួយខ្នងទទួលបានប្រាក់ឧបត្ថម្ភ ៥០ លានដុង។
បងស្រីថាច់ធីហុងម៉ាយ នៅភូមិផ្នោអំពូង ឃុំឡុងហ៊ីប ខេត្តវិញឡុង ឱ្យដឹង៖ “គ្រួសារខ្ញុំ ជាគ្រួសារក្រីក្រ គ្មានដីបង្កបង្កើនផល បានរដ្ឋឧបត្ថម្ភ ៥០ លានដុង រួមនឹងប្រាក់សន្សែសន្សំ ក៏សង់បានផ្ទះថ្មី។ គ្រួសារខ្ញុំមានសេចក្ដីរីករាយយ៉ាងក្រៃលែង រីករាយបំផុតគឺកូនៗបានគេងលក់ស្កប់ស្កល់។ ការមានផ្ទះថ្មីបានបង្កលក្ខណៈសម្រាប់ប្ដីប្រពន្ធខ្ញុំឈានឡើងក្នុងជីវភាព ខិតខំធ្វើការរកស៊ី ដើម្បីគិតគូរឱ្យកូនៗរៀនសូត្របានត្រឹមត្រូវ”។
អ្នកមីងថាច់ធីថាន នៅភូមិកំពង់សាលា រីករាយឱ្យដឹង៖ “រដ្ឋបានឧបត្ថប្រាក់សង់ផ្ទះតម្លៃ ៥០ លានដុង ដោយសារស្ថានភាពគ្រួសារលំបាក ខ្ញុំគ្មានប្រាក់បន្ថែមដើម្បីសង់ផ្ទះឱ្យបានល្អជាងនេះ ប៉ុន្តែសម្រាប់ខ្ញុំ រដ្ឋបានឧបត្ថម្ភសង់ផ្ទះរឹងមាំសម្រាប់រស់នៅ គឺសុភមង្គលណាស់ទៅហើយ។ មានផ្ទះរស់នៅសមរម្យ គ្រួសារខ្ញុំមានកម្លាំងចិត្តពលកម្ម ដើម្បីរកប្រាក់ចំណូលបន្ថែម”។
ការលុបបំបាត់ផ្ទះបណ្ដោះអាសន្នរបស់ឃុំឡុងហ៊ីប មិនត្រឹមតែផ្ដល់ទ្រនំសុខជូនប្រជាជនប៉ុណ្ណោះទេ ថែមទាំងពីបង្ហាញការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ពង្រឹងនិងពង្រីកផែនមហាសាមគ្គីទូទាំងប្រជាជន រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងកសាងជនបទថ្មីទៀតផង៕
សើុងម៉ាល័យ - ថាច់ធី