នោះគឺអ្នកកាសែតថាច់ផាត់ (នាមនិពន្ធ ភក្តី) អតីតអគ្គនិពន្ធនាយករង ទទួលបន្ទុកកាសែតកឹងធើភាសាខ្មែរ។ អស់រយៈពេលជាង ៣០ ឆ្នាំផ្សារភ្ជាប់ជាមួយនឹងរបរអ្នកកាសែតថាច់ភក្តី ជានិច្ចកាលនៅតែជក់ចិត្តនិងជាទ្រោលបំភ្លឺសម្រាប់អាជីពសារព័ត៌មាន។

អ្នកកាសែតថាច់ភក្តី ចំណាយពេលវេលាច្រើនដើម្បីបន្ត “បំប៉ន”
ដល់កាសែតកឹងធើភាសាខ្មែរ។
កាសែតកឹងធើភាសាខ្មែរ គឺជាស្នាដៃផ្នែកស្មារតីមួយដែលអ្នកកាសែតថាច់ភក្តី បានរួមចំណែកផ្តួចផ្តើមបង្កើតឡើង។ អ្នកកាសែត ថាច់ភក្តី ឱ្យដឹង៖ “កាលនោះ ខ្ញុំនៅជាអគ្គនិពន្ធ នាយករងកាសែតត្រាវិញ រួចបានបញ្ជូនមកដើម្បីផ្តួចផ្តើមបង្កើតកាសែតកឹងធើភាសាខ្មែរ។ បន្ទាប់ពីត្រៀមបម្រុងអស់រយៈពេល៨ខែ ក្រោមការដឹកនាំយ៉ាងដិតដល់របស់គណៈកម្មាធិការបក្សក្រុង គណៈកម្មាធិការប្រជាជនក្រុង ព្រមជាមួយនឹងការប្តេជ្ញាចិត្តរបស់គណៈរៀបរៀងកាសែតកឹងធើ នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០០៧ កាសែតកឹងធើ ភាសាខ្មែរបានបង្កើតឡើងជាផ្លូវការដោយបោះពុម្ពផ្សាយនៅគ្រប់ខេត្ត ក្រុងដែលមានជនរួមជាតិខ្មែររស់នៅកុះករនៅវាលរាបទន្លេគឺវឡុង”។
មុនពេលក្លាយជាអ្នកកាសែត លោកថាច់ភក្តី ធ្លាប់ជាគ្រូបង្រៀន ម្ល៉ោះហើយ គាត់តែងខ្វល់ខ្វាយ រិះរកវិធីដើម្បីជួយជនរួមជាតិខ្មែរឱ្យចេះអានចេះ សរសេរអក្សរខ្មែរ។ ព្រោះហេតុនោះ ទើបវចនានុក្រមវៀត - ខ្មែរ ដែលមានវាក្យស័ព្ទជិត ៨.០០០ ពាក្យ អាស្រ័យអ្នកកាសែតថាច់ភក្តីនិងកងជួរសហការី ដាក់ឱ្យប្រើប្រាស់លើប្រព័ន្ធអនឡាញ។ នេះពិតជា “ត្រីវិស័យ” សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកសិក្សាភាសាខ្មែរសព្វថ្ងៃ។ បងថាច់សុវណ្ណមុនី អ្នកបកប្រែកាសែតកឹងធើភាសាខ្មែរ ឱ្យដឹង៖ “លោកគ្រូថាច់ភក្តី ជាអ្នកដឹកនាំយើងខ្ញុំចូលប្រឡូកក្នុងវិជ្ជាជីវៈជាអ្នកកាសែត។ ការប្តេជ្ញាចិត្តរបស់គាត់ ជាមួយនឹងរបរ ហើយជាមួយនឹងការអភិរក្សអក្សរសាស្រ្តខ្មែរ គឺជាប្រភពបំផុសគំនិតឱ្យយើងខ្ញុំស្រឡាញ់របរ។ បច្ចុប្បន្ន វចនានុក្រមវៀត - ខ្មែរ មិនត្រឹមតែបងប្អូននៅកាសែតកឹងធើភាសាខ្មែរប្រើប្រាស់សម្រាប់បកប្រែប៉ុណ្ណោះទេ នៅទាំងមានស្ថាប័ន សាលារៀនជាច្រើនទៀតចូលឆែករកពាក្យផងដែរ “។
ក្នុងប្រវត្តិបដិវត្តន៍របស់កងទ័ពនិងប្រជាជនឃុំដាឡុក បានកត់ត្រា នៅឆ្នាំ ១៩៦៨ យុវជនថាច់ភក្តី នៅឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ បានឪពុកម្តាយបញ្ជូនចូលបួសរៀននៅវត្តកំពង់និគ្រោធ (កំពង់ជ្រៃ)។ នៅទីនេះ ព្រះតេជព្រះគុណ ថាច់ភក្តី បានសិក្សាធម៌វិន័យ អក្សរសាស្រ្តខ្មែរ និងចូលរួមចលនាបដិវត្តន៍ជាមួយព្រះសង្ឃដទៃទៀតក្នុងវត្ត។ ក្នុងយុទ្ធនាការហូជីមិញ កាលនោះ ក្នុងតួនាទីជាព្រះចៅអធិការរង ព្រះតេជព្រះគុណថាច់ភក្តី បានសហការជាមួយកម្មាភិបាលរណសិរ្ស និងប្រជាចលនា អំពាវនាវប្រជាជនចូលកាន់កាប់ប៉ុស្តិ៍បាត្វឹង A។ រយៈពេលធ្លាប់បួសរៀននៅវត្ត រួមជាមួយនឹងបទពិសោធន៍ធ្វើកាសែតរបស់ខ្លួន បានជួយឱ្យអ្នកកាសែតថាច់ភក្តី យល់ពីតួនាទីរបស់កាសែតភាសាខ្មែរក្នុងការផ្សព្វផ្សាយនៅតំបន់ជនជាតិ។ អ្នកកាសែតថាច់ភក្តី បង្ហើបឱ្យដឹង៖ “ពីមុន កាសែតភាសាខ្មែរភាគច្រើនមានតែព្រះសង្ឃ អាចារ្យ និងមនុស្សមួយចំនួនចេះអានប៉ុណ្ណោះ ពីព្រោះប្រជាជនភាគច្រើនគ្រាន់តែចេះនិយាយ ប៉ុន្តែមិនចេះអក្សរ។ ដោយសារបានរដ្ឋយកចិត្តទុកដាក់វិនិយោគ កសាងកម្មវិធី បញ្ចូលភាសាខ្មែរចូលបង្រៀននៅសាលាសាកល និងបើកវគ្គបំពាក់បំប៉ន ។ល។ ហេតុនោះ មិត្តអ្នកអានកាសែតខ្មែរកាន់តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីមិត្តអ្នកអានដែលធ្លាប់អានជាព្រះសង្ឃ អាចារ្យ នៅមានគ្រូបង្រៀនសិស្សសាលាជនជាតិអន្តេវាសិក សាលារៀនដែលមានបង្រៀនអក្សរខ្មែរ កងជួរកម្មាភិបាលជនជាតិខ្មែរ និងមានទាំងសិស្សានុសិស្សរៀនក្នុងរដូវវិស្សមកាលនៅតាមវត្តខ្មែរទៀតផង។ តាមគំនិតខ្ញុំ ជាមួយនឹងបរិមាណអ្នកអានកាន់តែច្រើននិងសម្បូរបែបដូច្នេះ តួនាទីផ្សព្វផ្សាយរបស់កាសែតភាសាខ្មែរអំពីគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋដល់ប្រជាជនកាន់តែធំឡើង ពីព្រោះប្រកបដោយលក្ខណៈជាក់ស្តែង។ មានន័យថា ពេលជនរួមជាតិបានស្តាប់អំពីគោលនយោបាយ ច្បាប់ជាធរមាន ហើយឃើញផ្ទាល់ភ្នែកនូវអក្សរដែលបង្ហាញពីខ្លឹមសារទាំងនេះនៅលើផ្ទៃកាសែត។ “ភ្នែកឃើញ ត្រចៀកឮ” គឺប្រសិទ្ធភាពនៃការផ្សព្វផ្សាយកាន់តែសម្រេចបានឆាប់រហ័សជាងទៀត”៕
ហាថាញ-វិមាន