ដោយឆន្ទៈនិងចរិតឧស្សាហ៍ ប្រឹងប្រែងស៊ូលំបាកក្នុងការពលកម្មផលិត បងស្រីគឹមធីសូវឿន នៅភូមិភុងហៀប ឃុំអាងនិញ ទីក្រុងកឹងធើ ជាសន្សឹមៗឈានឡើងចាកភាពក្រីក្រ លំនឹងជីវភាព។

បងស្រី គឹមធីសូវឿន (ខាងស្តាំ) កំពុងហាលឆៃប៉ូវរបស់គ្រួសារ។
កើតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ក្រោយពីរៀបការរួច ជីវភាពសំខាន់គឺពឹងលើដីស្រែតិចតួចដែលឪពុកម្តាយចែកឱ្យ ឆ្នាំដំបូង គ្រួសាររបស់បងស្រីសូវឿន ប្រឈមមុខនឹងការលំបាកមិនតិច ដោយសារការបរាជ័យទៅលើដំណាំដាំដុះ និងតម្លៃមិនថេរ។ ដោយមិនរាថយ បងស្រីតែងរិះរកវិធីធ្វើឱ្យមានប្រសិទ្ធភាពឡើងវិញ។ ក្រៅពីការធ្វើស្រែ បងស្រីបង្វែរផ្ទៃដីមួយចំនួនមកដាំដំណាំ គួបផ្សំជាមួយនឹងការចិញ្ចឹមមាន់ និងទា ដើម្បីបង្កើនប្រាក់ចំណូលផង។
អាស្រ័យការព្យាយាមខិតខំក្នុងការផលិត ទោះជាមានទុននិងដីតិចតួចក៏ដោយ ប៉ុន្តែ ចំពោះការខិតខំសន្សំសំចៃ បងស្រីទិញដីបន្ថែមជារៀងរាល់ឆ្នាំ សព្វថ្ងៃគ្រួសារបងស្រីមានដីស្រែចំនួន ៣០ កុង សម្រាប់ផលិត។ ក្រៅពីនោះ បងទិញបានដីចំការ ២ កុងបន្ថែម ដើម្បីដាំបន្លែឆ្លាស់គ្នា។ ឆ្នាំនេះ បងដាំស្ពៃមើមដើម្បីធ្វើឆៃប៉ូវ ដោយការប៉ាន់ទុកដាំស្ពៃមើម២កុង និងផ្តល់ទិន្នផលជិត ៥ តោន បងសូវឿន ឱ្យដឹង៖ “យើងនៅជនបទ ត្រូវតែមានដីស្រែសម្រាប់បង្កបង្កើនផល ទើបខ្ញុំប្រឹងប្រែងសន្សំសំចៃ ដើម្បីទិញដីបន្ថែមសម្រាប់ធ្វើស្រែ។ ដំបូងដើមទុនតិច ការអនុវត្តវិទ្យាសាស្ត្រក្នុងការផលិតនៅមានកម្រិត។ អាស្រ័យបានផ្នែកកសិកម្មឃុំអញ្ជើញចូលរួមហ្វឹកហាត់បច្ចេកទេសដាំដុះ ទើបគ្រួសារខ្ញុំអនុវត្តសន្សឹមៗមានប្រសិទ្ធភាពខ្ពស់ បង្កើនបានទុនផលិត ហើយជីវភាពគ្រួសារធូរធារឡើងបន្តិចម្តងៗ។ ជារៀងរាល់ឆ្នាំ ខ្ញុំរកបានប្រាក់ចំណូលជាងមួយរយលានដុង”។
ជារៀងរាល់ថ្ងៃ មុនពេលថ្ងៃរះ បងស្រីសូវឿន តែងចេញទៅមើលស្រែនិងថែទាំដំណាំរបស់គ្រួសារ។ មិនថាក្តៅ ឬភ្លៀងទេ គាត់តែងតែសង្វាត់និងការងារ ហើយមិនដែលគិតថានឿយហត់និងលំបាកឡើយ។ ដោយការឧស្សាហ៍ប្រឹងប្រែង និងអនុវត្តបច្ចេកទេសថ្មី ស្រូវនិងដំណាំផ្សេងៗបានលុតលាស់ល្អ ទិន្នផលមួយថ្ងៃកាន់តែកើនខ្ពស់។ ផ្តើមពីនោះ សេដ្ឋកិច្ចគ្រួសារមានភាពលំនឹង មានមធ្យោបាយជួសជុលផ្ទះថ្មីរឹងមាំ និងផ្តល់ឱ្យកូនៗរៀនសូត្របានល្អ។
លោកថាច់ស៊ាង ប្រធានសាខាសមាគមកសិករនៅភូមិភុងហៀប មានប្រសាសន៍៖ “បងស្រីគឹមធីសូវឿន មិនត្រឹមតែធ្វើសេដ្ឋកិច្ចពូកែប៉ុណ្ណោះទេ ព្រមទាំងចូលរួមសកម្មចលនានៅមូលដ្ឋាន និងត្រៀមលក្ខណៈចែករំលែកបទពិសោធន៍ផលិតដល់មាមីងក្នុងភូមិស្រុក។ ការអស់ពីចិត្តរបស់បងស្រី ធ្វើឱ្យមាមីងជំជឿទុកចិត្ត និងស្រឡាញ់រាប់អាន”។
គំរូរបស់បងស្រី បានបង្ហាញច្បាស់អំពីឆន្ទៈឈានឡើងដោយកម្លាំងពលកម្មនិងការខិតខំប្រឹងប្រែង។ ផ្តើមពីការលំបាកដំបូងមក បងស្រីមិនត្រឹមតែលំនឹងសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងបានកែលម្អជីវភាពប្រសើរឡើងបន្តិចម្តងៗ ហើយក្លាយជាគំរូក្នុងការអភិវឌ្ឍផលិតនៅមូលដ្ឋាន។ ការខិតខំប្រឹងប្រែងទាំងនេះ មិនត្រឹមតែនាំមកនូវភាពសប្បូរសប្បាយដល់គ្រួសារថែមទាំងបានសាយភាយស្មារតីជម្នះលំបាក រួមចំណែកកសាងមាតុភូមិកាន់តែរីកចម្រើន៕
ដាលីន-ត្រឹងរ៉ូន