កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់តំបន់ជនជាតិភាគតិច បានបង្កការវិវឌ្ឍន៍យ៉ាងច្បាស់ នៅតំបន់ជនជាតិភាគតិចក្នុងខេត្តអាងយ៉ាង រួមចំណែកលើកកម្ពស់ជីវភាពរស់នៅនិងពង្រឹង ទំនុកចិត្តរបស់ប្រជាជន។

ប្រជាជនសប្បាយរីករាយពេលទទួលបានផ្ទះថ្មី។
ការផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៥ បាននាំមកនូវលទ្ធផលវិជ្ជមានជាច្រើន។ នៅឃុំទ្រីតូង ខេត្តអាងយ៉ាង គម្រោងឧបត្ថម្ភសាងសង់ផ្ទះ បានជួយឱ្យគ្រួសារក្រនិងក្បែរក្រជាច្រើនមានផ្ទះសម្បែងសមរម្យ។ ផ្ទះធានាលក្ខណៈ “៣ រឹង” ជំនួសឱ្យផ្ទះស្លឹកបណ្តោះអាសន្ន រួមចំណែកធានាសុខុមាលភាពសង្គម និងបង្កលក្ខណៈដើម្បីប្រជាជន ស្ងប់អារម្មណ៍ពលកម្មផលិត។
ក្នុងឆ្នាំ២០២៥ ភូមិភាគបានឧបត្ថម្ភសាងសង់ ផ្ទះជូនប្រជាជន ៨៥ គ្រួសារ បង្កលក្ខណៈឱ្យប្រជាជនមានផ្ទះសម្បែងនិងមុខរបរសមរម្យ ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព រួមចំណែកពង្រឹងទំនុកចិត្តរបស់ជនរួមជាតិចំពោះគោលការណ៍ និងគោលនយោបាយរបស់បក្ស និងរដ្ឋ។
លោកយ័ញអុន ជាអ្នកមានប្រិយភាពនៅឃុំទ្រីតូង ចែករំលែក៖ “មុននេះ មានគ្រួសារជាច្រើននៅជួបការលំបាកខាងលំនៅឋាន។ អាស្រ័យរដ្ឋឧបត្ថម្ភសាងសង់ផ្ទះ ទើបមានផ្ទះថ្មីយ៉ាងសមរម្យជាច្រើននៅក្នុងឃុំ។ មាមីងរំភើបខ្លាំងណាស់ ស្ងប់អារម្មណ៍ពលកម្មផលិត កូនចៅក៏មានឱកាសបានសិក្សារៀនសូត្រត្រឹមត្រូវ”។
ក្នុងពេលនោះ នៅឃុំចូវថាញ់ ផ្តើមពីប្រភពថវិកានៃកម្មវិធី ភូមិភាគបានជំនួយអភិវឌ្ឍការផលិតតាមខ្សែសង្វាក់តម្លៃ ធ្វើពិពិធកម្មមុខរបរ រកស៊ីសម្រាប់ប្រជាជន។ ដំណាក់កាលចាប់ពីឆ្នាំ ២០២១ -២០២៥ គម្រោងត្រូវបានផ្តល់ផ្ទេរថវិកាជាង ១៨៣ លានដុង រួមចំណែកបង្កការងារធ្វើ បង្កើនប្រាក់ចំណូលជូនគ្រួសារប្រជាជនជាច្រើន។
តួយ៉ាងដូចជាគ្រួសារលោកយ័ញយៀង នៅភូមិអាងខឿង ឃុំចូវថាញ់ បានឧបត្ថម្ភគោញី ២ ក្បាលសម្រាប់ចិញ្ចឹមបន្តពូជ ក្នុងឆ្នាំ ២០២៤។ លោកយៀង ចែករំលែក៖ “អាស្រ័យបានរដ្ឋជំនួយគោ គ្រួសារខ្ញុំមានលក្ខណៈបន្ថែមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ បានកម្មាភិបាលភូមិភាគ ចុះណែនាំពីបច្ចេកទេសថែទាំយ៉ាងហ្មត់ចត់ ទើបហ្វូងគោគ្រួសារខ្ញុំធំធាត់ល្អនិងកើតបានកូន ខ្ញុំរីករាយខ្លាំងណាស់”។
លោកយ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង ឱ្យដឹង៖ “កម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់តំបន់ជនជាតិភាគតិច បានបង្កជាកម្លាំងជំរុញដ៏សំខាន់ជួយដល់មាមីងជនជាតិភាគតិចអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ ខេត្តនឹងបន្តផ្តល់អាទិភាពប្រភពធនធានឧបត្ថម្ភសាងសង់ផ្ទះសម្បែង មុខរបររកស៊ីចិញ្ចឹមជីវិតនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន”។
អាចសង្កេតឃើញថា ផ្ដើមពីគោលនយោបាយជាក់ស្តែង សមស្របនឹងស្ថានភាពបច្ចុប្បន្ន កម្មវិធីនេះបន្តិចម្តងៗបាន “ផ្ដល់ទំនុកចិត្ត” នៅតាមភូមិស្រុក។ មិនត្រឹមតែដោះស្រាយការលំបាកចំពោះមុខប៉ុណ្ណោះទេ កម្មវិធីនេះថែមទាំងមានទិសដៅយូរអង្វែង គឺការអភិវឌ្ឍប្រកបដោយចីរភាព និងកាត់បន្ថយគម្លាតរវាងតំបន់នីមួយៗ៕
ហុងទើ - ពេជ្រសឿន