នៅមិនដល់មួយសប្តាហ៍ទៀតទេ ថ្ងៃទី ១៥ ខែមីនា អ្នកបោះឆ្នោតទូទាំងប្រទេសនឹងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦ - ២០៣១។ នៅតាមភូមិស្រុកតំបន់ដែលមានជនរួមជាតិខ្មែរនៅទីក្រុងកឹងធើ បរិយាកាសនៃការត្រៀមលក្ខណៈកំពុងប្រព្រឹត្តទៅយ៉ាងមមាញឹក ដោយបង្ហាញពីការត្រៀមលក្ខណៈសម្រាប់ថ្ងៃបុណ្យដ៏ធំរបស់ប្រជាជនទូទាំងប្រទេស។

ទង់ជាតិ និងពាក្យស្លោកយ៉ាងស្រស់ស្អាតនៅតាមដងផ្លូវ។
បរិយាកាសត្រៀមសម្រាប់ការបោះឆ្នោត កំពុងប្រព្រឹត្តទៅយ៉ាងមមាញឹកនៅលើភូមិឋានទីក្រុងកឹងធើ។ នៅឃុំនានា ដូចជា៖ លិតហោយធឿង លីវទូនិងតាយវ៉ាំង យើងអាចប្រទះឃើញរូបភាពនៅតាមដងផ្លូវដែលសម្អាតស្អាតបាត មានទង់ជាតិ បដានិងពាក្យស្លោកបានតុបតែងយ៉ាងសមរម្យ។ ចាប់ពីទីស្នាក់ការឃុំ ភូមិ អគារវប្បធម៌ រហូតដល់ទីកន្លែងប្រជុំជីវភាពសហគមន៍ សុទ្ធតែត្រូវបានកែលម្អឱ្យមានសោភណភាព រួមចំណែកបង្កនូវទិដ្ឋភាពស្រស់ស្អាត បង្ហាញពីភាពជឿជាក់និងការត្រៀមលក្ខណៈរបស់ម្ចាស់ឆ្នោតឆ្ពោះ ទៅកាន់ថ្ងៃបុណ្យដ៏ធំនៃទូទាំងប្រជាជន។
ទន្ទឹមនឹងនោះ ការងារឃោសនាត្រូវបានអនុវត្តយ៉ាងទូលំទូលាយនិងសាយភាយដល់ប្រជាជនគ្រប់ជាន់ថ្នាក់។ បណ្តាញសង្គមផ្លូវការនិងប្រព័ន្ធផ្សាយសំឡេងបានចាក់ផ្សាយជាប្រចាំនូវខ្លឹមសារ ស្តីពីសិទ្ធិនិងភារកិច្ចរបស់ម្ចាស់ឆ្នោត រាល់កិច្ចប្រជុំជួបម្ចាស់ឆ្នោតនិងប្រជុំជីវភាពអង្គការមហាជន ក៏បានបញ្ចូលនូវការងារឃោសនា ដើម្បីឱ្យប្រជាជនយល់ច្បាស់ពីអត្ថន័យនៃថ្ងៃបោះឆ្នោត។
លោកថាច់សយ អ្នកមានប្រិយភាពនៅភូមិហោយទ្រុង ឃុំលិតហោយធឿង ឱ្យដឹង៖ “អាស្រ័យការឃោសនានិងការណែនាំដោយអស់ពីចិត្តពីសំណាក់កម្មាភិបាលភូមិភាគ យើងខ្ញុំយល់ច្បាស់នូវបទប្បញ្ញត្តិនិងលំដាប់លំដោយនៃការចូលរួមបោះឆ្នោត។ ម្ចាស់ឆ្នោតនៅភូមិហោយទ្រុង បានត្រៀមលក្ខណៈសម្រាប់ថ្ងៃបុណ្យដ៏ធំទូទាំងប្រជាជន”។

លោកឡឹមវ៉ាំងម៉ឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា និងជាសមាជិកក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិនិងថ្នាក់ដឹកនាំទីក្រុង ពិនិត្យការងារត្រៀមលក្ខណៈបោះឆ្នោតនៅឃំុលីវទូ។
ក្រៅពីការត្រៀមខ្លួនរបស់ម្ចាស់ឆ្នោត ការងារត្រៀមលក្ខណៈនៅភូមិភាគក៏ត្រូវបានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់និងចង្អុលការយ៉ាងជិតដិត។ មជ្ឈិមនិងទីក្រុង ក៏បានបង្កើតក្រុមប្រតិភូចុះទៅតាមឃុំ ដើម្បីពិនិត្យការងារត្រៀមបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ នៅតាមតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ។ ក្រុមប្រតិភូបានចុះពិនិត្យផ្ទាល់នូវមូលដ្ឋានសម្ភារៈនៅតាមទីកន្លែងបោះឆ្នោត ការងារបិទផ្សាយបញ្ជីឈ្មោះ អ្នកបោះឆ្នោត ការតុបតែងមណ្ឌលបោះឆ្នោតនិងផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់។
តាមរយៈការចុះពិនិត្យជាក់ស្តែង លោកឡឹម វ៉ាំងម៉ឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភានិងជាសមាជិក ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការនិងការទទួលខុសត្រូវរបស់ភូមិភាគ ក្នុងការអនុវត្តខ្លឹមសារនានា ដែលទាក់ទងនឹងការងារបោះឆ្នោត ជាពិសេសគឺការជំរុញការឃោសនាផ្សព្វផ្សាយតាមរូបភាពជាច្រើន ដែលសមស្របទៅនឹងលក្ខណៈពិសេសនៃតំបន់ជនជាតិភាគតិច។ ទន្ទឹមនឹងនោះ លោកក៏បានស្នើឱ្យភូមិភាគ បន្តត្រួតពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីធានាមិនមានការបាត់ឈ្មោះ ឬក៏ស្ទួនគ្នា និងបង្កើនការឃោសនាជាពីរភាសានៅពេលចាំបាច់..៕
ហុងទើ-ដាលីន