06/03/2026 - 06:09

អភិ​វឌ្ឍ​កីឡា​អុក​ចត្រង្គ​ក្នុង​សហ​គមន៍ 

មិន​ត្រឹម​តែ​ជា​ប្រ​ភេទ​កី​ឡា​បញ្ញា ដែល​ជួយ​លត់​ដំ​ការ​គិត​ពី​យុទ្ធ​សាស្ត្រ​និង​ភាព​អត់​ធ្មត់​ប៉ុណ្ណោះ ទេ អុក​ចត្រង្គ​នៅ​ថែម​ទាំង​ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ដ៏​វិសេស​វិ​សាល​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ទៀត​ផង។ បច្ចុប្បន្ន កីឡា​មួយ​នេះ​តែង​បាន​សហ​គមន៍​ថែ​រក្សា​និង​អភិ​វឌ្ឍ​យ៉ាង​ខ្លាំង​ក្លា។

ការ​ប្រ​កួត​អុក​ចត្រង្គ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ធ្វឹង​ហ្វា ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ឡើង​ដើម្បី​អំ​ណរ​ថ្ងៃ​បុណ្យ​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ។

ធ្លាប់​ចូល​រួម​និង​ឈ្នះ​រង្វាន់​ជា​ច្រើន​ក្នុង​ការ​ប្រ​កួត​តាម​ភូមិ​ភាគ ពូ​ទ្រីវ​អាញ់​ទុង​ នៅ ភូមិ​ភឿក​ធ្វឹង ឃុំ​ធ្វឹង​ហ្វា បាន​លេង​អុក​ចត្រង្គ​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ។ ចំ​ពោះ​ពូ អុក​ចត្រង្គ​មិន​ត្រឹម​តែ​ជា​ល្បែង​កម្សាន្ត បន្ទាប់​ពី​ពេល​ធ្វើ​ស្រែ​ចម្ការ​ប៉ុណ្ណោះ​ទេ វា​នៅ​ទាំង​មាន​លក្ខណៈ​ល្អ​ប្រ​ពៃ​និង​ជា​តម្លៃ​ប្រ​ពៃ​ណី​ដ៏​យូរ​លង់​របស់​ជន​រួម​ជាតិ​ខ្មែរ។ ពូ​ទុង​ ឱ្យ​ដឹង៖ “កាល​ពី​តូច ខ្ញុំ​តែង​អង្គុយ​មើល​ឪពុក​និង​ពូៗ​ក្នុង​ភូមិ​លេង​អុក មើល​យូរៗ​ទៅ​ក៏​ចេះ​លេង​តិច​តួច​ដោយ​ខ្លួន​ឯង។ អុក​ចត្រង្គ​មើល​ទៅ​ហាក់​ដូច​ជា​សា​មញ្ញ ប៉ុន្តែ​ដើម្បី​ជ្រើស​រើស​ដើរ​ក្រ​ឡា​ឱ្យ​បាន​ល្អ ទាម​ទារ​ឱ្យ​អ្នក​លេង​ត្រូវ​មាន​យុទ្ធ​សាស្ត្រ គិត​គូរ​ឱ្យ​បាន​ម៉ត់​ចត់​និង​គិត​សញ្ជឹង​ឱ្យ​បាន​ល្អិត​ល្អន់...”។

ល្បែង​អុក​ចត្រង្គ​របស់​ជន​រួម​ជាតិ​ខ្មែរ មាន​វិធី​សាស្រ្ត​លេង​មិន​សូវ​ស្មុគ​ស្មាញ​ប៉ុន្មាន​ទេ ក្តារ​អុក​ចត្រង្គ​មាន ៦៤ ក្រ​ឡា ហើយ​ម្ខាងៗ​មាន​គ្រាប់​អុក ១៦ គ្រាប់ ដែល​ស្រ​ដៀង​នឹង​អុក​អន្តរ​ជាតិ រួម​មាន៖ ត្រី (កូន) ទូក សេះ គោ (ត្មាត) នាង (អគ្គី) និង​អង្គ (ស្តេច)។ ការ​រៀប​ចំ​គ្រាប់​អុក​ក៏ មាន​លក្ខណៈ​ប្រ​ហាក់​ប្រ​ហែល​នឹង​អុក​អន្តរ​ជាតិ ដែរ៖ ជួរ​ក្រោម​រួម​មាន ទូក សេះ គោ នាង​និង អង្គ ចំ​ណែក​ជួរ​ខាង​លើ​មាន​គ្រាប់​ត្រី ៨ គ្រាប់ ប៉ុន្តែ ត្រូវ​បាន​ដាក់​ឃ្លាត​គ្នា​មួយ​ជួរ។ ចំ​ណុច​ខុស​គ្នា ត្រង់​ច្បាប់​នៃ​ការ​ដើរ៖ គ្រាប់​នាង​និង​គ្រាប់​គោ អាច​ដើរ​បាន​ត្រឹម​តែ​មួយ​ក្រ​ឡា​ម្តងៗ​ប៉ុណ្ណោះ។ បើ​ប្រៀប​ធៀប​ជា​មួយ​អុក​អន្តរ​ជាតិ អុក​ចត្រង្គ​មិន​មាន​ភាព​ខុស​គ្នា​ច្រើន​ទេ ទាំង​ការ​រៀប​ចំ​និង​ច្បាប់​លេង ចំ​ណុច​ខុស​គ្នា​ដែល​សំ​ខាន់​បំ​ផុត​គឺ​ស្ថិត​នៅ​លើ​រូប​រាង​នៃ​គ្រាប់​អុក។

បច្ចុប្បន្ន ដើម្បី​បម្រើ​ចំ​ណូល​ចិត្ត​របស់​កី​ឡាករ និង​អ្នក​ស្រ​ឡាញ់​កី​ឡា​នេះ ល្បែង​អុក​ចត្រង្គ​តែង បាន​ភូមិ​ភាគ​ចាត់​តាំង​ប្រ​កួត​នៅ​បណ្តា​ពិធី​បុណ្យ​ទាន​នា​នា ដូច​ជា៖ បុណ្យ​អក​អំ​បុក ថ្ងៃ​បុណ្យ មហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ​និង​បណ្តា​សម​យុទ្ធ​កី​ឡា​នា​ឱកាស​បុណ្យ​ទាន បុណ្យ​ចូល​ឆ្នាំ។ បង​លី​ដាយ​ឡុក នៅ​ភូមិ​ដៃ​ដូន​អ៊ុយ ឃុំ​មី​ហឿង ឱ្យ​ដឹង៖ “ខ្ញុំ​លេង​អុក​ចត្រង្គ​ជិត ៣០ ឆ្នាំ​ហើយ ធ្លាប់​ចូល​រួម​និង​ទទួល​បាន​រង្វាន់​មួយ​ចំ​នួន​ដែល​ភូមិ​ភាគ​ចាត់​តាំង​ដូច​ជា៖ រង្វាន់​លេខ ២ ថ្នាក់​ស្រុក ចំ​នួន ១ រង្វាន់​លេខ ១ ប្រ​កួត​ក្រុម​ចំ​នួន ១ និង​រង្វាន់​លេខ ៣ ប្រ​កួត​ទោល​ថ្នាក់​ខេត្ត​ចំ​នួន ១។ ជា​ធម្ម​តា ពេល​ទំ​នេរ​យើង​ខ្ញុំ​តែង​ជួប​ជុំ​គ្នា​លេង​ពីរ​បី​ក្តារ​ដើម្បី​កម្សាន្ត ប៉ុន្តែ​នៅ​ពេល​ចូល​រួម​ការ​ប្រ​កួត ទើប​យើង​ខ្ញុំ​ហ្វឹក​ហាត់​រាល់​ថ្ងៃ​ដើម្បី​ទទួល​បាន​លទ្ធ​ផល​ល្អ​បំ​ផុត”។

ដើម្បី​ថែ​រក្សា​និង​ពង្រីក​ប្រ​ភេទ​កីឡា​បញ្ញា​ប្រ​ពៃ​ណី​នេះ មាន​ក្រុម​អ្នក​លេង​អុក​ចត្រង្គ​ជា​ច្រើន នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​បង្កើត​ឡើង​និង​រក្សា​សកម្ម​ភាព ដោយ​មាន​កី​ឡា​ករ​រាប់​សិប​នាក់​ចូល​រួម។ ការ​អភិ​វឌ្ឍ​ល្បែង​អុក​ចត្រង្គ ក៏​មាន​ន័យ ​នឹង​ការ​រក្សា​នូវ​លក្ខណៈ​ប្រ​ពៃ​របស់​សហ​គមន៍ ជា​ខ្សែ​ចំ​ណង​តភ្ជាប់​វប្ប​ធម៌​និង​បង្ហាញ​ពី​អត្ត ​សញ្ញាណ​ដ៏​វិ​សេស​វិសាល​ក្នុង​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង​ដែរ៕

          ថាញ​វ៉ាង-ដា​លីន

ចែករំលែកអត្ថបទ