កីឡា - ទេសចរណ៍ ទេសចរណ៍

23/04/2026 - 15:36

សំ​ណើ​ជា​ច្រើន​ដើម្បី​អភិ​វឌ្ឍន៍​វិស័យ​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ 

មន្ទីរ​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ ទើប​ចាត់​តាំង​កម្ម​វិធី​ជួប​ជុំ​កា​ហ្វេ​អា​ជីវ​កម្ម​លើក​ទី ៥ ក្នុង​គោល​បំ​ណង​ដោះ​ដូរ​ព័ត៌​មាន និង​ចែក​រំ​លែក​ដំ​ណោះ​ស្រាយ ដើម្បី​ជួយ​ឱ្យ​វិស័យ​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ បន្ត​រីក​ចម្រើន។

ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌ កី​ឡា ទេស​ចរណ៍​និង​មជ្ឈ​មណ្ឌល​ជំ​រុញ​ការ​វិនិ​យោគ - ពា​ណិជ្ជ​កម្ម​និង​ទេស​ចរណ៍​ទី​ក្រុង​រួម​នឹង​បណ្តា​អា​ជីវ​កម្ម​បាន​ជួប​គ្នា​ក្នុង​ពិធី​ជួប​ជុំ។

នៅ​ក្នុង​ជំ​នួប​នោះ ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌ កី​ឡា ទេស​ចរណ៍​និង​មជ្ឈ​មណ្ឌល​ជំ​រុញ​ការ​វិនិ​យោគ- ពា​ណិជ្ជ​កម្ម​និង​ទេស​ចរណ៍​ទី​ក្រុង បាន​ផ្តល់​ព័ត៌​មាន​ដល់​អា​ជីវ​កម្ម​អំ​ពី​ព្រឹត្តិ​ការណ៍​នា​នា រួម​មាន៖ ពិ​ធី​បុណ្យ​សែន​ស្តេច​ហ៊ុង ឆ្នាំ ២០២៦ និង​ពិ​ធី​បុណ្យ​នំ​ប្រ​ពៃ​ណី​ណាម​បូ​លើក​ទី ១៣ ឆ្នាំ ២០២៦ ដែល​គ្រោង​នឹង​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ២៦ ខែ​មេ​សា ដល់​ថ្ងៃ​ទី ១ ខែ​ឧស​ភា ខាង​មុខ​នេះ។

បណ្តា​អា​ជីវ​កម្ម​មាន​សំ​ណើ​ជា​ច្រើន ដើម្បី​ឱ្យ​ទេស​ចរណ៍​ទី​ក្រុង​បង្កើត​បាន​នូវ​យី​ហោ​ផ្ទាល់​ខ្លួន។ នោះ​គឺ​ការ​ចាត់​តាំង​សម្តែង​វប្ប​ធម៌ និង​សិល្បៈ​ជា​ប្រ​ចាំ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ បន្លាយ​រយៈ​ពេល​ស្នាក់​នៅ បង្កើន​ការ​ចំ​ណាយ និង​ជំ​រុញ​សេដ្ឋ​កិច្ច​ពេល​រាត្រី​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍។ ទន្ទឹម​នឹង​នោះ ត្រូវ​ប្រ​ញាប់​បង្កើត​ប្រ​ព័ន្ធ​ស្តង់​ដារ​ស្លាក​សញ្ញា​បៃ​តង; យក​ចិត្ត​ទុក​ដាក់​លើ​ផ្លាក​សញ្ញា​ចរា​ចរណ៍ និង​ខ្សែ​ផ្លូវ​នា​នា ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​រថ​យន្ត​ដឹក​ជញ្ជូន​ភ្ញៀវ​ទេស​ចរ; បើក​វគ្គ​បណ្តុះ​បណ្តាល​មគ្គុ​ទ្ទេសក៍​ទេស​ចរណ៍; កសាង​កម្ម​វិធី​ជំ​រុញ​តម្រូវ​ការ​រួម​សម្រាប់​ទេស​ចរណ៍​រដូវ​ក្តៅ និង​ដោះ​ស្រាយ​បញ្ហា​បរិ​ស្ថាន​ជា​ដើម។

លោក​សឹម​ឡុង​យ៉ាង នា​យក​រង​មន្ទីរ​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍​ទី​ក្រុង មាន​ប្រ​សាសន៍៖ ការ​អភិ​វឌ្ឍ​វិស័យ​ទេស​ចរណ៍ តែង​ត្រូវ​ការ​ការ​រួម​ដំ​ណើរ​ពី​សំ​ណាក់​បណ្តា​អា​ជីវ​កម្ម។ តាម​រយៈ​កម្ម​វិធី​ជំ​នួប​នេះ រាល់​សំ​ណូម​ពរ និង​សំ​ណើ​របស់​អា​ជីវ​កម្ម​នឹង​បាន​កត់​សម្គាល់​និង​មាន​ទិស​ដៅ​ដោះ​ស្រាយ ដើម្បី​រួម​ចំ​ណែក​ជំ​រុញ​វិស័យ​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ ឱ្យ​កាន់​តែ​រីក​ចម្រើន។

តាម​បាន​ដឹង​មក មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ទី​ក្រុង ក៏​បាន​ធ្វើ​សេ​នា​ធិ​ការ​ក្នុង​ការ​កសាង​សេចក្តី​សម្រេច​ចិត្ត​ថ្មី​សម្រាប់​វិស័យ​ទេស​ចរណ៍ ដើម្បី​មាន​គោល​នយោ​បាយ និង​កម្ម​វិធី​សកម្ម​ភាព​នា​នា ក្នុង​បរិ​ការណ៍​ក្រោយ​ពី​ការ​រួម​បញ្ចូល៕

ប្រភព÷ baocantho.com.vn - សុផន

ចែករំលែកអត្ថបទ