ប៉ុន្មានឆ្នាំជិតៗនេះ ទម្រង់សេដ្ឋកិច្ចសមូហភាពនៅឃុំហ្វាមី ស្រុកកាយណឿក ខេត្តកាម៉ាវ បានពង្រីកតួនាទីជាស្ពានតភ្ជាប់ដើម្បីចងសម្ព័ន្ធផលិតកម្ម ប្រើប្រាស់ផលិតផលរវាងកសិកម្មនិងអាជីវកម្ម ព្រមជាមួយនោះ ជួយដល់សមាជិកផ្លាស់ប្ដូររូបភាពផលិតកម្ម រួមសាមគ្គីដើម្បីអភិវឌ្ឍន៍និងរួមចំណែកបង្កើនប្រាក់ចំណូល។

សហករណ៍កៃបាត ជួយពលករនៅជនបទបង្កើនប្រាក់ចំណូល។
កើតចេញពីតម្រូវការជាក់ស្ដែងនៅតំបន់វារីវប្បកម្ម គ្រួសារទាំងឡាយបានចងសម្ព័ន្ធជាមួយគ្នាដើម្បីបង្កើតក្រុមសហករណ៍ចិញ្ចឹមបង្គា ក្ដាមជ្រះនៅភូមិកិញទឺ ដោយមានសមាជិក១៧ នាក់ លើផ្ទៃដីជាង ៤០ ហិកតា។ នៅទីនេះ សមាជិកក្នុងក្រុមមិនត្រឹមតែបានឧបត្ថម្ភក្នុងដំណើរការផលិតកម្មនិងប្រើប្រាស់ផលិតផលប៉ុណ្ណោះទេ ថែមទាំងមានឱកាសរៀនសូត្របច្ចេកទេស ដោះដូរបទពិសោធន៍ទៅវិញទៅមក លើកកម្ពស់ចំណេះដឹង ធ្វើបច្ចុប្បន្នភាពព័ត៌មានទីផ្សារ ឧបត្ថម្ភទុនផលិតកម្ម ពូជជី ថ្នាំការពាររុក្ខជាតិក្នុងតម្លៃសមរម្យ។
លោកង្វៀងហ្វាងចេវ ប្រធានក្រុមសហករណ៍ ឱ្យដឹង៖ “ចាប់តាំងពីចូលរួមសហករណ៍ ខ្ញុំរួមនឹងសមាជិកក្នុងក្រុមចូលរួមវគ្គហ្វឹកហាត់អំពីដំណើរការចិញ្ចឹមបង្គា ក្ដាម ចាប់តាំងពីដំណាក់កាលភ្ញាស់កូន ថែទាំរហូតដល់ប្រមូលផល។ គិតជាមធ្យមភាគ ក្នុងមួយឆ្នាំៗសហករណ៍ចិញ្ចឹមបង្គា ក្ដាម លក់ពី២០០តោនទៅ៣០០តោន។ ទន្ទឹមនឹងនោះ សហករណ៍ផលិតក្នុងបរិមាណច្រើន តាមបទដ្ឋានជ្រះ ចុះកិច្ចសន្យាម៉ៅទិញផលិតផលជាមួយនឹងអាជីវកម្ម លក់ក្នុងតម្លៃខ្ពស់ មិនទទួលរងឈ្មួញបញ្ចុះតម្លៃ”។ លោកង្វៀងហ្វាងណាម នៅភូមិកិញទឺ ជាសមាជិកសហករណ៍ ចែករំលែក៖ “ពីមុន ខ្ញុំផលិតកម្មខ្នាតតូច ជួបលំបាកយ៉ាងច្រើន ក្នុងការរកប្រភពទុនសម្រាប់វិនិយោគផលិតកម្ម។ ការបុលទុនធនាគារធ្វើបែបបទស្មុគស្មាញ ចំណែកបុលទុនខាងក្រៅការប្រាក់ខ្ពស់ ប្រឈមនឹងហានិភ័យយ៉ាងខ្លាំង។ ចាប់តាំងពីបុល ៥ លានដុង អំពីមូលនិធិបង្វិលជុំ ការប្រាក់ទាប ខ្ញុំអាចលៃលកសម្រាប់រដូវផលិត។ រៀងរាល់ឆ្នាំ ក្រោយពីទូទាត់ចំណូលចំណាយ គ្រួសារខ្ញុំរកបានប្រហែល ៨០ លានដុង អាស្រ័យហេតុនោះ ទើបសេដ្ឋកិច្ចគ្រួសារខ្ញុំកាន់តែមានភាពលំនឹង ហើយមានសេសសល់ខ្លះសម្រាប់វិនិយោគឡើងវិញ”។
ចំពោះសហករណ៍កៃបាត ឆ្លងកាត់ដំណើរការសកម្មភាពនិងអភិវឌ្ឍន៍តាំងពីការងារជួយប្រជាជនផ្លាស់ប្ដូរវិធីសាស្រ្តផលិតកម្មរាយប៉ាយ ខ្នាតតូច អនុវត្តបច្ចេកទេសផលិតកម្មជឿនលឿនតាមដំណើរការបង្កើតសង្វាក់ផលិតផលសុវត្ថិភាពតាមបទដ្ឋាន VietGAP និងASC។ ទន្ទឹមនឹងនោះ សហករណ៍ថែមទាំងធ្វើពិពិធកម្មមុខរបរសេវាកម្ម មានដូចទិញផលិត កសាងផ្លាកពាណិជ្ជកម្ម ផ្សារភ្ជាប់ជាមួយនឹងផលិតផលចម្បងៗនៃកសិកម្មភូមិភាគ សម្រេចបានវិញ្ញាបនបត្រ OCOP លំដាប់ផ្កាយ៣ រួមមានបង្គាក្រៀម នំបង្គាស្រួយ ប្រហិត ត្រីភីឡាព្យា ក្ដាមស្រស់; ដោយឡែកបង្គានាគ កម្រិតបង្កកសម្រេចបាន OCOP លំដាប់ផ្កាយ៤។ ផលិតផលត្រូវបានផលិតតាមដំណើរការជ្រះ និងមានលេខកូដស្វែងរកប្រភពច្បាស់លាស់។ ជាមួយនឹងលក្ខណៈពិសេសដោយឡែកនៃផលិតកម្ម រួមមានដំណាក់ការនិងដំណើរការជាច្រើន សហករណ៍បានបង្កើតការងារប្រចាំជូនពលករជិត ១០ នាក់ ដោយមានប្រាក់ខែគិតជាមធ្យមភាគ ម្នាក់ប្រហែល ៤-៥ លានដុង/ខែ។ មីងផាមធីដេវ នៅភូមិកៃបាត រីករាយឱ្យដឹង៖ “ធ្វើការងារក្នុងសហការណ៍ជួយឱ្យខ្ញុំរកបានប្រាក់ចំណូលលំនឹងទៀងទាត់រាល់ខែ ជីវភាពបានកែលម្អនិងលំនឹងចិត្តគិតគូរឱ្យគ្រួសារ”។
លោកផាមវ៉ាន់បាវ បុគ្គលិករដ្ឋការទទួលបន្ទុកកសិកម្ម - រុក្ខាប្រមាញ់ - នេសាទ - ធារាសាស្រ្ត - សេដ្ឋកិច្ចសមូហភាពឃុំហ្វាមី ឱ្យដឹង៖ “រយៈពេលកន្លង កិច្ចការផ្លាស់ប្ដូរវិធីសាស្រ្តផលិតកម្មខ្នាតតូច រាយប៉ាយ មកជាទម្រង់សហករណ៍ សហករណ៍បានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងភូមិសាស្រ្តឃុំ។ ដំណើរការនេះ គឺសំដៅលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម គុណភាពផលិតផល បង្កើនលក្ខណៈ ចងសម្ព័ន្ធរវាងគ្រួសារ ព្រមជាមួយនោះ ធ្វើឱ្យផ្លាស់ប្ដូរគំនិតផលិតកម្មតាមទិសដៅសមូហភាព រួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋអំណាចភូមិភាគក្នុងការដោះស្រាយការងារធ្វើ បង្កើនប្រាក់ចំណូលជូនប្រជាជន ព្រួតដៃកសាងជនបទថ្មីប្រកបដោយចីរភាពនិងអភិវឌ្ឍន៍”៕
យោង៖ កាសែតកាម៉ាវ - ថាច់ធី