ដោយសារមានភាពម្ចាស់ការជាមុន ទើបស្ថានភាពរាំងស្ងួតនិងជ្រាបជាតិប្រៃលើភូមិសាស្រ្តខេត្តបាកលីវ ត្រូវបានគ្រប់គ្រងយ៉ាងល្អ ជួយប្រជាជនស្ងប់អារម្មណ៍ក្នុងការផលិត។

អាស្រ័យម្ចាស់ការក្នុងការគ្រប់គ្រងទឹកទើបខេត្តបាកលីវធានាបានទឹកសាបបម្រើការផលិតស្រូវ។
ខេត្តបាកលីវ មាន៣តំបន់ផលិតកម្មផ្សេងគ្នា រួមមាន៖ តំបន់ទឹកប្រៃ តំបន់ទឹកសាប និងតំបន់ទឹកភ្លាវ។ ក្នុងអំឡុងពេលរដូវប្រាំង តំបន់ទឹកសាបគឺផលិតស្រូវ រីឯតំបន់ទឹកប្រៃ ទឹកភ្លាវគឺចិញ្ចឹមបង្កង។ ហេតុដូច្នេះ ខេត្តបាកលីវ បានសាងសង់ប្រព័ន្ធធារាសាស្រ្តចំនួន ២ គឺប្រព័ន្ធធារាសាស្រ្តភាគខាងត្បូងផ្លូវជាតិលេខ ១A មានលូចំនួន ២៤ នៅតាមផ្លូវទំនប់ និងប្រព័ន្ធប្រឡាយចំនួន៧; សំខាន់គឺទប់ទឹកនៅថ្ងៃដែលមានជំនោរសមុទ្រខាងកើតឡើងខ្ពស់ ទប់ស្កាត់ទឹកជំនន់និងបម្រើវារីវប្បកម្មនៅក្រុងបាកលីវនិងភូមិភាគនានា តំបន់ឆ្នេរសមុទ្រ។ ប្រព័ន្ធធារាសាស្រ្តតំបន់ភាគខាងជើងផ្លូវជាតិលេខ ១A មានលូចំនួន ១០៤ និងប្រព័ន្ធប្រឡាយចំនួន ១១ សំខាន់គឺទប់ស្កាត់ទឹកប្រៃ រក្សាទឹកសាបបម្រើការផលិតស្រូវសម្រាប់អនុតំបន់រក្សាទឹកសាបលំនឹងរបស់ខេត្ត ទន្ទឹមនឹងនោះ ធ្វើនិយតកម្មទឹកប្រកបដោយភាពឈ្លាសវៃ ដើម្បីផ្គត់ផ្គង់ទឹកប្រៃសម្រាប់ការចិញ្ចឹមបង្កង នៅអនុតំបន់បង្វែរផលិតកម្មរបស់ខេត្ត។

ប្រព័ន្ធលូត្រូវបានកសាងដើម្បីនាំទឹកបម្រើការផលិតបានល្អជូនប្រជាជន។
ជាមួយនឹងប្រព័ន្ធធារាសាស្រ្តទាំងពីរនេះ ក្នុងអំឡុងពេលរដូវប្រាំង ដែលជាចំណុចខ្ពស់នៃគ្រោះរាំងស្ងួត ជ្រាបទឹកប្រៃ ផ្នែកកសិកម្មបានបង្កើតកាលបរិច្ឆេទគ្រប់គ្រងទឹកតាមខែនិងតាមរដូវដោយផ្អែកលើភាពជាក់ស្ដែង ដើម្បីបម្រើព្រមៗគ្នានៅតំបន់ផលិតទាំងពីរ។ លោកពូដងហ្វាងអែម នៅឃុំនិញក្វើយ A ស្រុកហុងយ៉ឹង ឱ្យដឹង៖ “ទោះបីឋិតក្នុងចំណុចខ្ពស់នៃរដូវប្រាំងក៏ដោយ ប៉ុន្តែទឹកសាបសម្រាប់បម្រើការផលិតត្រូវបានធានា។ រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់តែងត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ និងផ្ដល់ព័ត៌មានជាបន្តបន្ទាប់អំពីកម្រិតប្រៃ ដើម្បីឱ្យប្រជាជនជ្រាប និងម្ចាស់ការក្នុងផលិតកម្ម។ អាស្រ័យហេតុដូច្នោះ រដូវប្រាំងកន្លងហើយ ការផលិតពូជស្រូវដាយថើម ១,៥ ហិកតា ផ្ដល់ទិន្នផលបង្គួរ ហើយមិនរងផលប៉ះពាល់ដោយសារជ្រាបទឹកប្រៃ”។ លោក ង្វៀងវ៉ាន់ថើយ ប្រធានគណៈកម្មាធិការប្រជាជនស្រុកហុងយ៉ឹង ឱ្យដឹង៖ “អាស្រ័យភាពម្ចាស់ការនិងបទពិសោធន៍ក្នុងការងារគ្រប់គ្រងទឹក ម្ល៉ោះហើយស្រូវរដូវប្រាំងលើភូមិសាស្រ្តត្រូវបានធានា មិនរងផលប៉ះពាល់ដោយសារជ្រាបទឹកប្រៃ។ បច្ចុប្បន្ន ស្រុកបន្តដំណើរការមានប្រសិទ្ធភាព លូបែងចែកទឹកប្រៃ - ទឹកសាបបម្រើជូនប្រជាជននៅតំបន់ទឹកប្រៃ - ទឹកសាបទាំងពីរ”។
តាមប្រសាសន៍លោក លឺវហ្វាងលី នាយកមន្ទីរកសិកម្មនិងបរិស្ថានខេត្តបាកលីវ បានឱ្យដឹង បច្ចុប្បន្ន ស្ថានភាពជ្រាបទឹកប្រៃកើតឡើងជាប្រចាំនិងបន្តបន្ទាប់។ ព្រោះហេតុដូច្នោះ ផ្នែកបានម្ចាស់ការសហការជាមួយនឹងភូមិភាគនានាក្នុងការកសាងអនុតំបន់ផលិត ដើម្បីម្ចាស់ការជាងទៀតក្នុងផែនការបង្ការគ្រោះរាំងស្ងួតនិងទឹកប្រៃ ធានាផលិតកម្មជូនប្រជាជន។ អាស្រ័យភាពម្ចាស់ការក្នុងការអនុវត្តល្អកាលបរិច្ឆេទរដូវកាល និងការគិតគូរយ៉ាងសមស្របនៃការផលិតសម្រាប់តំបន់ទឹកប្រៃ ទឹកសាប ទើបប្រជាជនលំនឹងចិត្តក្នុងផលិតកម្ម លំនឹងជីវភាព៕
យ្វីអាញ - ថាច់ធី