ឆ្នាំ ១៩៩៨ បន្ទាប់ពីបញ្ចប់ការសិក្សាគរុកោសល្យភាសាខ្មែរខេត្តសុកត្រាំង អ្នកគ្រូដាវធីសារ៉ង បានមកបំពេញការងារនៅសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ។ នៅពេលនោះ គាត់ជាអ្នកគ្រូបង្រៀនអក្សរខ្មែរ ដំបូងបង្អស់នៅភូមិភាគ។ បច្ចុប្បន្ន អ្នកគ្រូជានាយិការរងរបស់សាលានិងជាអ្នកបង្កើតពិធីប្រឡងវោហារកោសល្យភាសាខ្មែរ តំបន់វាលរាបទន្លេគឺវឡុង។

អ្នកគ្រូដាវធីសារ៉ង ទទួលប័ណ្ណសរសើររបស់រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ។ (រូបថត៖ បុគ្គលផ្ដល់ជូន)
ដើម្បីក្លាយជាគ្រូបង្រៀនភាសាខ្មែរឆ្លងកាត់សាលាគរុកោសល្យ អ្នកគ្រូសារ៉ង ជួបលំបាកមិនតិចតួចឡើយ។ អ្នកគ្រូសារ៉ង រ៉ាយរ៉ាប់៖ “ផ្ទះខ្ញុំនៅភូមិឌិញអៀង ឃុំឌិញម៉ូង ស្រុកថើយឡាយ ក្រុងកឹងធើ។ កាលខ្ញុំនៅរៀនបឋមសិក្សា មាមីងក្នុងភូមិភាគច្រើន ធ្វើដំណើរទៅមកតាមផ្លូវទឹក ចំណែកផ្លូវគោក បានត្រឹមធ្វើដំណើរតាមផ្លូវលំបណ្តោយតាមមាត់ប្រឡាយ។ សាលាដែលខ្ញុំរៀនគឺឋិតនៅក្នុងភូមិ មានបើកបង្រៀនតែភាសាវៀត ហើយនៅក្បែរនោះមានវត្តបើកបង្រៀនអក្សរខ្មែរសម្រាប់ព្រះសង្ឃរៀនសូត្រ។ ដោយសារជីវភាពមានការលំបាក មិត្តភ័ក្ដិអាយុស្រករខ្ញុំភាគច្រើនឈប់រៀន។ ប៉ុន្តែខ្ញុំមិនដែលមានបំណងឈប់រៀនទេ ពិសេសគឺការរៀនអក្សរខ្មែរ! ខ្ញុំតែងទន្ទឹងរង់ចាំដល់ពេលរសៀលដើម្បីចូលវត្តរៀនអក្សរខ្មែរ”។
ទឹកចិត្តស្រឡាញ់អក្សរសាស្រ្តខ្មែររបស់អ្នកគ្រូសារ៉ងគឺធំធេងណាស់ សូម្បីតែមិត្ដស្រីម្នាក់ដែលធ្លាប់រៀនអក្សរខ្មែរជាមួយគ្នាឈប់រៀនចោលក្ដី ក៏គាត់ឥតងាកតាមឡើយ។ អាស្រ័យចេះភាសាខ្មែរទើបក្រោយពីប្រឡងបញ្ចប់អនុវិទ្យាល័យ អ្នកគ្រូសារ៉ង បានផ្នែកអប់រំស្រុកអូរម៉ូង (ចាស់) ជ្រើសចូលធ្វើការនិងបញ្ជូនទៅរៀនគរុកោសល្យភាសាខ្មែរនៅខេត្តសុកត្រាំង។ កាលរៀននៅខេត្តសុកត្រាំង គាត់កាន់តែមានឱកាសច្រើនក្នុងការសិក្សាស្រាវជ្រាវឯកសាររបស់សាលារៀន និងតែងចុះទៅតាមវត្តនានាដើម្បីស្ដាប់ព្រះសង្ឃពន្យល់ប្រាប់អំពីវប្បធម៌ខ្មែរ។ រាល់អត្ថបទមេរៀនដែលរៀនសូត្រពីសាលានិងនៅតាមវត្តខ្មែរ បានជួយឱ្យគាត់យល់កាន់តែច្បាស់ពីតម្លៃវប្បធម៌ខ្មែរ។ រាល់ចំណេះដឹងទាំងនេះ ត្រូវបានអ្នកគ្រូរួមបញ្ចូលក្នុងការបង្ហាត់បង្រៀន ម្ល៉ោះហើយ សិស្សានុសិស្សមានការចូលចិត្តខ្លាំងណាស់។ អាស្រ័យការស្រឡាញ់ចូលចិត្តអក្សរសាស្រ្តខ្មែរ បានជំរុញឱ្យអ្នកគ្រូសារ៉ង បន្តឆ្លងកាត់ការលំបាក។ អ្នកគ្រូសារ៉ង រំលឹកឡើងវិញ៖ “កាលនោះ ប្រាក់ខែមានតែបន្តិចបន្តួច ប៉ុន្តែខ្ញុំត្រូវជិះកង់ទៅមករាប់សិបគីឡូម៉ែត្រ។ ជួនមានថ្ងៃខ្លះភ្លៀងរអិលដួលប្រឡាក់ទៀតផង។ គណៈនាយកសាលាឃើញដូច្នោះ ក៏រៀបចំឱ្យខ្ញុំមានបន្ទប់ឯកជនមួយសម្រាប់ស្នាក់នៅក្នុងសាលា។ មានមិត្តរួមការងារជាច្រើនឃើញខ្ញុំស្គាំងស្គមពេក ក៏នឹកឃើញទិញម្ហូបអាហារមកជូនទៀតផង។ ក្ដីស្រឡាញ់ចំពោះសិស្សនិងមនោសញ្ចេតនាចំពោះមិត្តរួមការងារ បានធ្វើឱ្យនាងខ្ញុំកាន់តែស្រឡាញ់មុខរបរ និងប្ដេជ្ញាចិត្តផ្សារភ្ជាប់នឹងអាជីព”។

អ្នកគ្រូដាវធីសារ៉ង ទទួលលិខិតសរសើររបស់រណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ។ (រូបថត៖ បុគ្គលផ្ដល់ជូន)

អ្នកគ្រូដាវធីសារ៉ង ចូលរួមឱ្យពិន្ទុក្នុងពិធីប្រឡងវោហារកោសល្យភាសាខ្មែរ។ (រូបថត៖ បុគ្គលផ្ដល់ជូន)
បង្រៀនភាសាខ្មែរ កាន់តែធ្វើឱ្យអ្នកគ្រូសារ៉ង ជក់ចិត្តនឹងវិញ្ញាសាភាសាខ្មែរ។ ពេលក្រសួងអប់រំនិងបណ្ដុះបណ្ដាល មិនទាន់បង្កើតបានសៀវភៅពុម្ពភាសាខ្មែរនិងកម្មវិធីសិក្សាសម្រាប់បង្រៀនភាសាខ្មែរ អ្នកគ្រូសារ៉ង បានបង្កើតកម្មវិធីសិក្សាខ្លួនឯងពីចំណេះដឹងដែលបានរៀននៅសាលាគរុកោសល្យនិងនៅតាមវត្តខ្មែរ។ មិនឈប់ត្រឹមចំណេះដឹងដែលខ្លួនមានប៉ុណ្ណោះទេ នៅពេលមានលក្ខណសម្បត្តិ ត្រូវការរៀនសូត្រ ឬវាយតម្លៃចំណេះដឹងរបស់ខ្លួនឯងឡើងវិញ អ្នកគ្រូសារ៉ង តែងត្រៀមខ្លួនជាស្រេចទៅកាន់ខេត្តសុកត្រាំង ត្រាវិញ ដើម្បីសិក្សាបទពិសោធន៍ពីសំណាក់គ្រូបង្រៀន ដែលមានចំណេះដឹងខាងភាសាខ្មែរ។
តាមប្រសាសន៍អ្នកគ្រូដាវធីវីហា គ្រូបង្រៀនភាសាខ្មែរសាលាបឋមសិក្សាឌិញម៉ូង ២ ស្រុកថើយឡាយ ក្រុងកឹងធើ ពេលរៀនផ្នែកគរុកោសល្យភាសាខ្មែរ នាងខ្ញុំទើបឃើញភាសាខ្មែរជាមុខវិជ្ជាមួយពិបាករៀន ថែមទាំងមិនបានបញ្ចូលក្នុងកម្មវិធីប្រឡង ម្ល៉ោះហើយគ្មានការទាក់ទាញសិស្សានុសិស្ស។ ដូច្នោះហើយ នៅពេលអ្នកគ្រូហា រៀនពីអ្នកគ្រូសារ៉ង គាត់តែងបានអ្នកគ្រូសារ៉ង រំលឹកឱ្យមានចិត្តអំណត់ ដើម្បីអភិវឌ្ឍស្មារតីទទួលខុសត្រូវនិងស្រឡាញ់មុខវិជ្ជានេះ។ អ្នកគ្រូសារ៉ង តែងជិះកង់ទៅតាមផ្ទះដើម្បីចលនាប្អូនៗទៅកាន់សាលា និងលើកទឹកចិត្តប្អូនៗឱ្យបន្តរៀនអក្សរខ្មែរ។ល។ ជាមួយនឹងគោលបំណងថែរក្សាវប្បធម៌ជនជាតិ ម្ល៉ោះហើយ អ្នកគ្រូសារ៉ង មិនត្រឹមតែបង្រៀនអក្សរប៉ុណ្ណោះទេ ថែមទាំងបង្រៀនសិស្សអំពីទំនៀមទម្លាប់របាំ ចម្រៀង និងមុខម្ហូបរបស់ជនជាតិខ្លួនទៀតផង៕
ហាថាញ - ថាច់ធី