ក្រោយពីជិត ៥ ឆ្នាំអនុវត្តសេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW របស់ការិយាល័យនយោបាយ នីតិកាលទី១២ ថ្ងៃ ៣០ ខែតុលា ឆ្នាំ២០១៩ ស្តីពីការបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៤-NQ/TW របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី៩ ស្តីពីការងារជនជាតិក្នុងស្ថានភាពថ្មី ការយល់ដឹងអំពីវិស័យកិច្ចការជនជាតិរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ មានការវិវឌ្ឍយ៉ាងខ្លាំងក្លា បង្កភាពទម្លុះទម្លាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចនៅណាមបូ។ នេះជាកម្លាំងចលករសម្រាប់ភូមិភាគនានានៅណាមបូ បន្តអនុវត្តមានប្រសិទ្ធភាពកម្មវិធី គម្រោង និងគោលនយោបាយជនជាតិ។ បង្កជាបុព្វបទដើម្បីជឿជាក់ឈានចូលយុគសម័យរីកចម្រើនរបស់ជនជាតិ។

ទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិចត្រូវបានអភិរក្ស និងអភិវឌ្ឍ។ រូបថត៖ ពិធីដង្ហែនាគទៅវត្តបំបួសដែលជាលក្ខណៈវប្បធម៌ដ៏ល្អរបស់ជនរួមជាតិខ្មែរណាមបូ។

សិស្សានុសិស្សនៅឃុំចូវឡាំ ស្រុកទ្រីតូង ខេត្តអាងយ៉ាងចេញពីសាលា។
យោងតាមនាយកដ្ឋានទទួលបន្ទុក កិច្ចការជនជាតិភូមិភាគ (បច្ចុប្បន្ន ជានាយកដ្ឋានផ្សព្វផ្សាយកិច្ចការជនជាតិ សាសនា ក្រសួងជនជាតិនិងសាសនា) ស្ថាប័នទទួលបន្ទុកកិច្ចការជនជាតិនៅភូមិភាគ បានសកម្មនិងម្ចាស់ការធ្វើសនាធិការជូនគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ រៀបចំបញ្ជ្រាប ផ្សព្វផ្សាយ អនុវត្តសេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW ។ អាស្រ័យហេតុនេះ ការអនុវត្តកិច្ចការជនជាតិ កម្មវិធី និងគោលនយោបាយជនជាតិមានការវិវឌ្ឍជាវិជ្ជមានជាច្រើន និងសម្រេចបានលទ្ធផលសំខាន់ៗលើវិស័យជាច្រើន។
តួយ៉ាងដូចនៅខេត្តកាម៉ាវ លោកង្វៀងថាញ់ណេម អនុប្រធានគណៈជនជាតិខេត្ត (ចាស់) បានឱ្យដឹង៖ គណៈជនជាតិត្រូវបានប្រគល់ភារកិច្ចជាស្ថាប័នប្រចាំការ បានដឹកនាំ សហការជាមួយមន្ទីរ ផ្នែកពាក់ព័ន្ធក្នុងខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយជ្រួតជ្រាបស៊ីជម្រៅនូវខ្លឹមសារ ភារកិច្ចបណ្តាឯកសារដែលពាក់ព័ន្ធនឹងសេចក្តីសន្និដ្ឋានលេខ ៦៥-TW ផ្សារភ្ជាប់នឹងភារកិច្ចរបស់អង្គភាព ថ្នាក់ដឹកនាំអង្គភាពនីមួយៗក្នុងការអនុវត្តកិច្ចការជនជាតិនិងគោលនយោបាយជនជាតិ។ អង្គភាពទាំងអស់ ក៏បានរៀបចំអនុវត្តភារកិច្ចដែលបានប្រគល់ជូន ស្របនឹងភាពជាក់ស្តែងរបស់ផ្នែកនិងភូមិភាគនីមួយៗ។ ទន្ទឹមនឹងនោះ គណៈជនជាតិខេត្តកាម៉ាវ បានស្នើនូវខ្លឹមសារសំខាន់ៗ សម្រាប់ការកសាង វិសោធនកម្ម ធ្វើឱ្យសុក្រឹត យន្តការគោលនយោបាយ កម្មវិធី និងគម្រោងដែលពាក់ព័ន្ធ ឋិតក្រោមការគ្រប់គ្រងរបស់ផ្នែក និងភូមិភាគ ដើម្បីអភិវឌ្ឍគ្រប់ជ្រុងជ្រោយ រហ័សនិងចីរភាពសេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិចដល់ឆ្នាំ ២០២៥។ អស់រយៈកាល ៥ ឆ្នាំអនុវត្តមកដល់សព្វថ្ងៃ កាម៉ាវ ជាសារវន្តសម្រេចបាន ១១/១៥ ភាគកម្រិត ខ្លឹមសារភារកិច្ចយុទ្ធសាស្ត្រកិច្ចការជនជាតិលើភូមិសាស្រ្តខេត្ត ត្រូវតាមផែនការដាក់ចេញ មានដូចជា៖ អត្រាឃុំមានផ្លូវក្រាលកៅស៊ូ ឬបេតុងចូលដល់មជ្ឈមណ្ឌល។ អត្រារៀបគម្រោងប្លង់ រៀបចំរុះរើ រៀបកន្លែងស្នាក់នៅជូនគ្រួសារជនជាតិភាគតិច ដែលកំពុងរស់នៅរាយប៉ាយនៅក្នុងព្រៃប្រើប្រាស់ពិសេស តំបន់ដាច់ស្រយាល កន្លែងដែលមានហានិភ័យនៃទឹកជំនន់បុកទម្លុះកួច និងដោះស្រាយ បញ្ហាកង្វះដីសង់ផ្ទះ ដីផលិតកម្មជូនជនរួមជាតិភាគតិច។ល។

តំបន់ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។
កាលពីឆ្នាំ ២០២២ ក្រុងកឹងធើ មានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ១១៣ គ្រួសារ ស្មើនឹង ១,១៤% នៃចំនួនគ្រួសារជនជាតិភាគតិចសរុប។ ដល់ចុងឆ្នាំ ២០២៤ ចំនួនគ្រួសារជនជាតិភាគតិចក្រីក្របានថយចុះនៅប្រមាណ ២៩ គ្រួសារ ស្មើនឹង ០,២៩% នៃចំនួនគ្រួសារជនជាតិភាគតិចសរុប។ តំបន់ជនជាតិភាគ តិចនៅក្រុងកឹងធើ ច្រើនឆ្នាំកន្លង គឺបណ្តាភាគកម្រិតតែងបានធានា៖ ភូមិនិងមណ្ឌលទាំងអស់ សុទ្ធតែមានផ្លូវបេតុងទៅដល់មជ្ឈមណ្ឌលឃុំ។ ឃុំ សង្កាត់ និងទីប្រជុំជនទាំង ៨៣/៨៣ សុទ្ធតែមានដំណាក់សុខាភិបាល។ គ្រួសារជនជាតិភាគតិចទាំង ១០០% បានប្រើប្រាស់អគ្គិសនីជាតិ។ គ្រួសារជនជាតិភាគតិច ៩៩% បានប្រើប្រាស់ទឹកស្អាតស្របអនាម័យ។ បច្ចុប្បន្ន ក្រុងមានឃុំ សង្កាត់ និងទីប្រជុំជនចំនួន ៦ នៅតំបន់ជនរួមជាតិភាគតិច គ្មាននៅភូមិសាស្រ្តលំបាក ឬលំបាកខ្លាំងទៀត។ “គណៈកម្មាធិការបក្ស រដ្ឋអំណាច និងអង្គការនយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់ បានផ្សព្វផ្សាយអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍និងគោលនយោបាយរបស់បក្សនិងរដ្ឋ អំពីជនជាតិនិងកិច្ចការជនជាតិ ផ្តើមពីនោះ បានរួមចំណែកលើកកម្ពស់ការយល់ដឹង កំណត់ច្បាស់កិច្ចការជនជាតិ និងគោលនយោបាយជនជាតិដែលមានតួនាទីដ៏សំខាន់។ ជាពិសេស ជនរួមជាតិភាគតិចយល់កាន់តែច្បាស់អំពីគោលនយោបាយរបស់បក្សនិងរដ្ឋ បង្កការឯកភាព យល់ស្របសាមគ្គី ផ្សារភ្ជាប់ជាមួយជនរួមជាតិបណ្ដាជនជាតិ ដើម្បីបុព្វហេតុរួមរបស់ប្រទេសជាតិ” លោកឡេទ្រុងកៀង នាយកមន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ បានគូសបញ្ជាក់ដូច្នេះ ។
លោកតាវវៀតថាំង អនុប្រធាននាយកដ្ឋានកិច្ចការជនជាតិភូមិភាគ (បច្ចុប្បន្នជាអនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកិច្ចការជនជាតិ សាសនា ក្រសួងជនជាតិនិងសាសនា) មានប្រសាសន៍៖ ក្រោយពីជិត ៥ ឆ្នាំ អនុវត្តសេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW បណ្តាកម្មវិធីនិងគោលនយោបាយជនជាតិទាំងអស់ បានរួមចំណែកដោះស្រាយជាសារវន្តនូវស្ថានភាពខ្វះដីផលិត ដីសង់ផ្ទះ លំនៅឋាន និងទឹកស្អាតប្រើប្រាស់។ បានជំនួយស្ថិរវប្បកម្ម ស្ថិរនិវេសន៍ ផ្សារភ្ជាប់នឹងការរៀបគម្រោងប្លង់ លំនឹងប្រជានិវេសន៍ជូនជនជាតិភាគតិច។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមត្រូវបានផ្តល់អាទិភាពវិនិយោគអភិវឌ្ឍជាសារវន្តឆ្លើយតបតាមលក្ខខណ្ឌចាំបាច់សម្រាប់ការផលិតនិងជីវភាពរបស់ប្រជាជន រួមចំណែកញុាំងឱ្យជនបទតំបន់ជនរួមជាតិភាគតិចមានភាពស្រស់បំព្រង លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន ពិសេសគឺនៅតំបន់ដាច់ស្រយាលនិងព្រំដែន។ល។ ក្រៅពីនោះ ការកសាងកងជួរកម្មាភិបាលក្នុងប្រព័ន្ធនយោបាយ ការពង្រីកបក្ខជន សម្ព័ន្ធយុវជន សមាជិកសមាគមជាជនជាតិភាគតិច ត្រូវបានផ្តោតការយកចិត្តទុកដាក់ពីមួយថ្ងៃទៅមួយថ្ងៃ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ជនជាតិភាគតិច និងព្រំដែន បន្តមានស្ថិរភាព។ អង្គការចាត់តាំងក្បាលម៉ាស៊ីនកិច្ចការជនជាតិនៅភូមិភាគនានាតែងបានពង្រឹងនិងធ្វើឱ្យប្រសើរឡើង រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពក្នុងស្ថានភាពថ្មី; ធ្លុងមហាសាមគ្គីទូទាំងជនជាតិត្រូវបានពង្រីកជាបន្ត។ល។ ជនរួមជាតិបណ្តាជនជាតិភាគតិច បានគោរពតាមគោលការណ៍ គោលនយោបាយ និងច្បាប់របស់បក្សនិងរដ្ឋ ខ្នះខ្នែងពលកម្មផលិត ចូលរួមគាំទ្ររាល់ការចលនា សកម្មភាពប្រឡងប្រណាំងស្នេហាជាតិ ព្រមទាំងរួមចំណែកជាមួយគ្រប់ថ្នាក់ និងគ្រប់ផ្នែក អនុវត្តជោគជ័យគោលការណ៍ ទស្សនៈ និងភារកិច្ចតាមសេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW។ នេះជាកម្លាំងចលករសម្រាប់ភូមិភាគនានានៅណាមបូ បន្តអនុវត្តមានប្រសិទ្ធភាពកម្មវិធី គម្រោងនិងគោលនយោបាយជនជាតិ។ បង្កជាបុព្វបទដើម្បីជឿជាក់ឈានចូលយុគសម័យរីកចម្រើនរបស់ជនជាតិ៕