ដោយដឹងថាគ្រួសារខ្វះខាត ទើបប្អូនដាំងធីហ្វៀងត្រាង ចូលរៀនមុខរបរជំនាញផ្នែកការពាររុក្ខជាតិនៅអនុមហាវិទ្យាល័យវិជ្ជាជីវៈសុកត្រាំង។ ដោយការប្តេជ្ញាចិត្តក្នុងការរៀនសូត្រ រយៈពេលពីរឆ្នាំបន្តបន្ទាប់ ហ្វៀងត្រាង សម្រេចបានលទ្ធផលល្អនិងជាប់ចំណាត់ថ្នាក់និទ្ទេសពូកែ។

ដាំងធីហ្វៀងត្រាង នៅក្នុងកសិដ្ឋានដាំដំណាំ។
តាមប្អូនហ្វៀងត្រាង ដោយស្ថានភាពគ្រួសារជួបការលំបាក ម៉្លោះហើយក្រោយពីរៀនថ្នាក់ទី ៩ ឪពុកម្តាយក៏ឱ្យប្អូនឈប់រៀនដើម្បីជួយគ្រួសារ។ នៅពេលដឹងថា និស្សិតឋិតក្នុងមុខសញ្ញាគ្រួសារក្រីក្រ ជនជាតិភាគតិចដែលចូលរៀននៅអនុមហាវិទ្យាល័យវិជ្ជាជីវៈសុកត្រាំង នឹងទទួលបានការលើកលែងបង់ថ្លៃសិក្សា និងបានស្នាក់នៅអន្តេវាសិកដ្ឋាន ហ្វៀងត្រាង ក៏សុំឪពុកម្តាយរៀនមុខរបរដោយសង្ឃឹមថាថ្ងៃក្រោយនឹងមានអនាគតល្អប្រសើរ។ បន្ទាប់ពីឈប់រៀនអស់ ៣ ឆ្នាំដើម្បីជួយគ្រួសារ ហ្វៀងត្រាង ខិតខំព្យាយាមបន្តដំណើរការរៀនសូត្រនៅអនុមហាវិទ្យាល័យវិជ្ជាជីវៈសុកត្រាំង។ ហ្វៀងត្រាង ឱ្យដឹង៖ “មករៀននៅទីនេះ ប្អូនទទួលបានការលើកលែងបង់ថ្លៃសិក្សា ហើយតែងបានលោកគ្រូអ្នកគ្រូ លើកទឹកចិត្តដើម្បីរៀនសូត្របានល្អ។ ពិសេស នៅពេលស្នាក់នៅអន្តេវាសិកដ្ឋាន ប្អូនមានពេលច្រើនចូលទៅកសិដ្ឋានហាត់ការ និងធ្វើការស្រាវជ្រាវជាមួយ លោកគ្រូអ្នកគ្រូ ដូច្នេះខ្ញុំបានយល់ច្បាស់អំពីទ្រឹស្តី និងការអនុវត្តទើបប្អូនយល់មេរៀនបានឆាប់រហ័ស និងចងចាំបានល្អ”។
មិនត្រឹមតែឧស្សាហ៍ព្យាយាមក្នុងការរៀនសូត្រប៉ុណ្ណោះទេ ហ្វៀងត្រាង នៅទាំងឆ្លៀតឱកាសពីការងារក្រៅម៉ោងរៀន ដូចជា៖ ធ្វើទីផ្សារឱ្យក្រុមហ៊ុនស្រាបៀរ ទឹកភេសជ្ជៈ និងហាងលក់ស៊ីមកាត ទូរស័ព្ទជាដើម ដើម្បីរកប្រាក់ផ្គត់ផ្គង់ការរៀនសូត្រ។ ដូច្នេះ ក្នុងការរៀនសូត្រ ហ្វៀងត្រាង បានម្ចាស់ការរៀបចំពេលវេលាច្បាស់លាស់ ត្រឹមត្រូវ ដើម្បីរៀនសូត្របានល្អ ធានាពេលវេលាទៅធ្វើការនិងចូលរួមសកម្មភាពចលនាសម្ព័ន្ធយុវជន និងចលនាកីឡាអប់រំកាយរបស់សាលា។ ហ្វៀងត្រាង ឱ្យដឹង៖ “រៀនបណ្តើរធ្វើការបណ្តើរពិតជាពិបាកណាស់ ប៉ុន្តែប្អូនតែងព្យាយាមជម្នះលំបាកគ្រប់បែបយ៉ាង។ ដោយសារគ្រួសារខ្វះខាត ឪពុកម្តាយទៅធ្វើការឈ្នួល បានត្រឹមគិតគូរជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ដូច្នេះពេលបានទៅរៀន ខ្ញុំសប្បាយចិត្តណាស់ ហើយប្តេជ្ញាចិត្តខំរកប្រាក់ដោយផ្ទាល់ខ្លួនដើម្បីរៀនសូត្របន្តនិងខំរៀនឱ្យបានល្អ ដើម្បីមានអាជីពច្បាស់លាស់។ ជាមួយការតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រ ពីរឆ្នាំបន្តបន្ទាប់ ហ្វៀងត្រាង សម្រេចបានពិន្ទុសិក្សា ៣,៣៥ ជាប់ចំណាត់និទ្ទេសពូកែ និងពិន្ទុលត់ដំ ៨៩ ជាប់ចំណាត់និទ្ទេសល្អ។ ទន្ទឹមនឹងនោះ ហ្វៀងត្រាង ក៏បានឈ្នះរង្វាន់លើកទឹកចិត្តក្នុងការប្រឡង “គំនិតច្នៃប្រតិដ្ឋផ្តើមអាជីពរបស់សិស្សនិស្សិត” អាស្រ័យសាលាបានរៀបចំឡើង; ទទួលបានប័ណ្ណស្ងើចសរសើររបស់សាលា ទទួលស្គាល់ជាកិត្តិនាមយុវជនសុខភាពល្អ យុវជនឆ្នើមក្នុងការចលនាសម័្ពន្ធយុវជននិងចលនាយុវជន...។
ដោយការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការរៀនសូត្រ ប្អូនហ្វៀងត្រាង បានទទួលកិត្តិនាម “សិស្សលត់ដំ ៣ យ៉ាង” បានមជ្ឈិមសម្ព័ន្ធយុវជនស្ងើចសរសើរក្នុងឆ្នាំ២០២៤។ ប្អូនហ្វៀងត្រាង ឱ្យដឹង៖ “នៅពេលដឹងថាប្អូនបានទៅទីក្រុងហាណូយដើម្បីទទួលកិត្តិនាម “សិស្សលត់ដំ ៣ យ៉ាង” គឺឪពុកម្តាយគាត់សប្បាយចិត្តណាស់ មោទនភាពនិងជំរុញទឹកចិត្តឱ្យខ្ញុំខំប្រឹងរៀនបានល្អជាងទៀត។ នេះពិតជាកម្លាំងស្មារតី ជំរុញឱ្យប្អូនកាន់តែមានទំនុកចិត្តក្នុងការរៀនសូត្រ និងអនុវត្តក្តីស្រមៃបានបន្តរៀនមហាវិទ្យាល័យឯកទេសផ្នែកជីវបច្ចេកវិទ្យា”៕
យ្វីអាញ-ត្រឹងរ៉ូន