មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/01/2025 - 16:04

បាក​លីវ អភិវឌ្ឍ​ទម្រង់​ចិញ្ចឹម​សត្វ​សំ​ពោច​ក្រ​អូប 

ទម្រង់​ចិញ្ចឹម​សត្វ​សំ​ពោច​ក្រ​អូប​នៅ​ខេត្ត​បាក​លីវ បាន​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច ជួយ​ដល់​កសិ​ករ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង សម​ស្រប​នឹង​គ្រួ​សារ​ដែល​មាន​ដី​តិច​តួច។ ផ្តើម​ពី​នោះ ជួយ​ដល់​គ្រួ​សារ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​ឈាន​ឡើង​ធូរ​ធារ។

 ទម្រង់​ចិញ្ចឹម​សត្វ​សំ​ពោច​ក្រ​អូប​នៅ​ខេត្ត​បាក​លីវ កាន់​តែ​បង្ហាញ​ពី​តម្លៃ​សេដ្ឋ​កិច្ច​ជួយ​
ដល់គ្រួសារប្រជាជនបង្កើនប្រាក់ចំណូល។

លោក ង្វៀង​ថាញ​តុង ស្នាក់​នៅ​ទី​ប្រ​ជុំ​ជន​ភឿក​ឡុង ស្រុក​ភឿកឡុង បាន​ទិញ​សត្វ​សំ​ពោច​ក្រ​អូប ៤ ក្បាល​ក្នុង​តម្លៃ ២៨ លាន​ដុង។ លោក​តុង ឱ្យ​ដឹង៖ “សត្វ​សំ​ពោច​ក្រ​អូប​នេះ ងាយ​ស្រួល​ចិញ្ចឹម​ណាស់ មិន​ត្រូវ​ការ​ផ្ទៃ​ដី​ធំ​ទេ ឱ្យ​តែ​បរិវេណ​ទ្រុង​ស្រ​ឡះ​ស្រ​ឡំ ជ្រះ​ស្អាត មាន​ពន្លឺ ហើយ​មាន​ចំ​ណី​គ្រប់​គ្រាន់ នឹង​អាច​ធំ​ធាត់​យ៉ាង​ឆាប់។ ចិញ្ចឹម​បាន ១៨ ខែ សំ​ពោច​មាន​ទម្ងន់​ពី ៤​- ៦ គីឡូ​ក្រាម លក់​តម្លៃ​ពី ១,៥ - ១,៧ លាន​ដុង​ក្នុង ១ គី​ឡូ​ក្រាម។ ការ​ចិញ្ចឹម​សត្វ​សំ​ពោច​គឺ​សម​ស្រប​ជា​មួយ​គ្រួ​សារ​ក្រ​ខ្សត់ ព្រោះ​វា​មិន​ត្រូវ​ការ​ផ្ទៃ​ដី​ធំ មិន​ចំ​ណាយ​កម្លាំង​ថែ​ទាំ​ច្រើន និង​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។ បើ​តាម​លោក​តុង ដើម្បី​ការ​ចិញ្ចឹម​សត្វ​សំ​ពោច​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ក្រៅ​ពី​ពូជ​ល្អ សុខ​ភាព​មាំ​មួន និង​ផ្តល់​ចំ​ណី​គ្រប់​គ្រាន់ អ្នក​ចិញ្ចឹម​ត្រូវ​ផ្តល់​អង់​ស៊ីម​ជំ​នួយ​រំ​លាយ​អា​ហារ​ដើម្បី​កុំ​ឱ្យ​ពោះ​វៀន​សំ​ពោច​រលាក​ឬ​កើត​ជំងឺ។ ពិ​សេស ត្រូវ​សម្អាត​ទ្រុង​ឱ្យ​បាន​ទៀង​ទាត់។

បង​ស្រី ដាំង​គឹម​អាញ់ ស្នាក់​នៅ​ទី​ប្រ​ជុំ​ជន ភឿក​ឡុង ក៏​ជា​គ្រួ​សារ​មួយ​ដែល​មាន​ប្រាក់​ចំ​ណូល​បង្គួរ​ពី​ការ​ចិញ្ចឹម​សត្វ​សំ​ពោច​ក្រ​អូប​ផង​ដែរ។ បច្ចុប្បន្ន បង​ស្រី​គឹម​អាញ់ ក៏​ឆ្លៀត​ឱកាស​យក​ដី​ជុំ​វិញ​ផ្ទះ​ដាំ​ចេក និង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ក្រាញ់​សម្រាប់​ទុក​ធ្វើ​ជា​ចំ​ណី។ បង​ស្រី​គឹម​អាញ់ ចែក​រំ​លែក៖ “ខ្ញុំ​បាន​សមា​គម​កសិករ​ឱ្យ​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​សំ​ពោច និង​នាំ​ខ្ញុំ​ទៅ​ទស្សនា​ទម្រង់​ចិញ្ចឹម​សត្វ​សំ​ពោច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ដូច្នេះ ខ្ញុំ​មិន​រា​រែក​ក្នុង​ការ​វិ​និ​យោគ។ ដំ​បូង​ខ្ញុំ​ចិញ្ចឹម ៤ ក្បាល អា​ស្រ័យ​បាន​សមា​គម​ជំ​នួយ​ដោយ​ឃើញ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ ទើប​ខ្ញុំ​ពង្រីក​ចិញ្ចឹម​បន្ថែម​១០​ក្បាល ។ សត្វ​សំ​ពោច​ងាយ​ស្រួល​ចិញ្ចឹម​ណាស់ ចំ​ណី​សំ​ខាន់​គឺ​ត្រី​អណ្តែង ត្រី​ក្រាញ់​ស្រស់ និង​ចេក​ទុំ​ជា​ដើម នេះ​គឺ​ជា​ចំ​ណី​ពីរ​ប្រ​ភេទ​ដែល​សត្វ​សំ​ពោច​ចូល​ចិត្ត​និង​គ្រប់​ជីវ​ជាតិ ហើយ​មិន​ប៉ះ​ពាល់​ដល់​ផ្លូវ​រំលាយ​អា​ហារ។ ដើម្បី​កាត់​បន្ថយ​ការ​ចំ​ណាយ ជា​រៀង​រាល់​ថ្ងៃ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​បង់​សំ​ណាញ់ ចាប់​ត្រី ដើម្បី​ធ្វើ​ជា​ចំ​ណី​ឱ្យ​សត្វ​សំ​ពោច”។

តាម​ប្រ​សាសន៍​លោក ហ្វិញ​វ៉ាន់​តែវ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ប្រ​ជុំ​ជន​ភឿក​ឡុង ឱ្យ​ដឹង សត្វ​សំ​ពោច​ក្រ​អូប​ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម មិន​ចាំ​បាច់​មាន​ផ្ទៃ​ដី​ធំ ងាយ​ស្រួល​ថែ​ទាំ ហើយ​ប្រ​ភព​ចំ​ណី​ក៏​ងាយ​រក ម៉្លោះ​ហើយ ការ​ចិញ្ចឹម​សត្វ​សំ​ពោច​មាន​ពេល​ទំ​នេរ​អាច​ប្រ​កប​ការ​ងារ​ផ្សេងៗ​ទៀត​បាន។ ម៉្យាង​ទៀត សត្វ​សំ​ពោច​លក់​បាន​ថ្លៃ ប្រ​ភព​ចេញ​លំ​នឹង​ហើយ​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់ ហេតុ​នេះ​ទើប​មូល​ដ្ឋាន​ជ្រើស​ជា​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព ហើយ​កំ​ពុង​ពង្រីក​ដល់​គ្រួ​សារ​ផ្សេងៗ​ទៀត៕

                                  យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ