មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/01/2025 - 16:04

តាយ​វ៉ាន់​ថ្ងៃ​ថ្មី 

អស់​រយៈ​ពេល​ជាង ១៤ ឆ្នាំ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី ឃុំ​តាយ​វ៉ាន់ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង បាន​ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​មាន​ភាព​រីក​ចម្រើន។

ផ្លូវ​ជន​បទ​នៅ​ឃុំ​តាយ​វ៉ាន់​ឧស្សាហ៍​បាន​អនា​ម័យ​ជ្រះ​ស្អាត។

ជា​ឃុំ​លំ​បាក​ខ្លាំង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ ម្ល៉ោះ​ហើយ​ឃុំ​តាយ​វ៉ាន់​ត្រូវ​បាន​រដ្ឋ​វិនិយោគ​ជា​ច្រើន​គោល​នយោ​បាយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម។ ព្រោះ​ហេតុ​នោះ ពេល​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី ឃុំ​បាន​ម្ចាស់​ការ​រវៀស​រវៃ​គួប​ផ្សំ​ប្រ​ភព​ទុន​ជា​ច្រើន​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំបន់​ជន​ជាតិ​ភាគ​តិច និង​កម្ម​វិធី គម្រោង​ផ្សេងៗ​ទៀត។ អា​ស្រ័យ​ហេតុ​នោះ មក​ទល់​បច្ចុប្បន្ន ផ្លូវ​គមនា​គមន៍​ជន​បទ ប្រ​ព័ន្ធ​ធា​រា​សាស្រ្ត​លើ​ភូមិ​សាស្រ្ដ​ជា​សារ​វន្ត​ឆ្លើយ​តប​តម្រូវ​ការ​ផលិត​កម្ម និង​ប្រ​ជុំ​ជីវ​ភាព​របស់​ប្រ​ជា​ជន។ ផ្ដើម​ពី​នោះ ប្រ​ជា​ជន​មិន​រា​រែក​ផ្លាស់​ប្ដូរ​ផលិត​កម្ម ប្រើ​ប្រាស់​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ ចិញ្ចឹម​សត្វ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ឆ្នាំ ២០២៤ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​ជាង ៥៩ លាន​ដុង​/ឆ្នាំ; អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​ត្រឹម​១,៨%។

សា​លា​រៀន​បាន​វិនិ​យោគ​កសាង​សម​រម្យ កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​បាន​ទៅ​រៀន​គ្រប់​គ្នា។

ក្រោយ​រយៈ​ពេល ១៤ ឆ្នាំ​កសាង​ជន​បទ​ថ្មី ឃុំ​បាន​កៀរ​គរ​ប្រ​ភព​ទុន​ជាង ១២៨ ពាន់​លាន​ដុង សម្រាប់​វិនិ​យោគ​កសាង​សំ​ណង់​ជា​ច្រើន មាន​ដូច៖ ស្ពាន​បេ​តុង​ជន​បទ ផ្លូវ​ជន​បទ សា​លា​រៀន ដំ​ណាក់​សុខា​ភិ​បាល អគ្គិ​សនី ទឹក​ប្រើ​ប្រាស់។ល។ ចំ​ណាប់​អា​រម្មណ៍​នឹង​តំបន់​ជន​បទ​រីក​ចម្រើន លោក គឹម​ងើុ នៅ​ភូមិ​ហា​បូ ឱ្យ​ដឹង៖ “ពី​មុន ដង​ផ្លូវ​នេះ តូច​ចង្អៀត​និង​រង​ការ​ខូច​ខាត​ច្រើន ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​លំ​បាក​ខ្លាំង​ណាស់។ ពេល​កសាង​ជន​បទ​ថ្មី រដ្ឋ​អំ​ណាច​បាន​កៀរ​គរ​ប្រ​ជា​ជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​បរិច្ចាគ​ដី ពង្រីក​ផ្លូវ​បេ​តុង​៣​ម៉ែត្រ និង​ដាំ​ផ្កា​តាម​ដង​ផ្លូវ។ ជា​ពិសេស មា​មីង​រួម​វិភាគ​ទាន​ដំ​ឡើង​បង្គោល​ភ្លើង​បំ​ភ្លឺ​ផ្លូវ កសាង​បង្គោល​ទង់ បាន​ជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឬ​ថ្ងៃ​បុណ្យ​ជាតិ តែង​មាន​ទង់​ក្រ​ហម​ផ្កាយ​លឿង​បក់​រវិច​ញុាំង​ឱ្យ​តំបន់​ជន​បទ​ភ្លឺ បៃ​តង ជ្រះ ស្អាត”។ ចំ​ណែក​បង​ឡឹម​វ៉ាន់​យ៉ាង នៅ​ភូមិ​ត្រា​ដក ឱ្យ​ដឹង៖ “បច្ចុប្បន្ន ផ្លូវ​ក៏​បាន​ពង្រីក​ធំ ផ្លូវ​លំ​ចូល​មក​កាន់​តំ​បន់​តាំង​ទី​លំ​នៅ​ក៏​បាន​មា​មីង​រួម​គ្នា​ចាក់​បេ​តុង ម្ល៉ោះ​ហើយ​ការ​ដឹក​បន្លែ​បង្ការ ទឹក​ដោះ​គោ​ចេញ​ទៅ​លក់​នៅ​មជ្ឈមណ្ឌលឃុំ​ក៏​ងាយ​ស្រួល។ ជា​ពិ​សេស រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន ឱ្យ​ទុន​បុល ផ្តល់​គោ។ល។ ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​អភិវឌ្ឍ​សេដ្ឋ​កិច្ច ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​ប្រឹង​ប្រែង​រក​ស៊ី​ដើម្បី​ធ្វើ​មាន​ដែរ។ បច្ចុប្បន្ន ​នៅ​តាម​ជន​បទ​គ្មាន​នៅ​ផ្ទះ​ស្លឹក​នោះ​ទេ ជំ​នួស​វិញ​នោះ​គឺ ផ្ទះ​ឥដ្ឋ​រឹង​មាំ បាន​ជា​ភូមិ​ស្រុក​នៅ​តាយ​វ៉ាន់ ពិត​ជា​មាន​ភាព​រីក​ចម្រើន​មែន”។

លោក ថាច់​ក្វឹក​ថាយ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តាយ​វ៉ាន់ អះ​អាង៖ “បច្ចុប្បន្ន ឃុំ​បាន​អនុវត្ត​សម្រេច ១៩/​១៩ លក្ខ​ឋាន​ស្ដី​ពី​កសាង​ជន​បទ​ថ្មី និង​សម្រេច​សំ​ណុំ​បែប​បទ​លើក​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត ពិនិត្យ​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន។ លទ្ធ​ផល​នោះ ក្រៅ​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​វិនិ​យោគ គឺ​អា​ស្រ័យ​កម្លាំង​សាមគ្គី​របស់​ប្រ​ជា​ជន​ដែល​រួម​កម្លាំង​នឹង​រដ្ឋ​អំ​ណាច​កសាង​ជន​បទ​ថ្មី​ផង​ដែរ។ បច្ចុប្បន្ន តំ​បន់​ជន​បទ​នៃ​ឃុំ​តាយ​វ៉ាន់​បាន​គ្រប​ដណ្ដប់​ដោយ​មុខ​មាត់​នៃ​ជន​បទ​ថ្មី”៕

                                   យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ